រដ្ឋរបស់អាមេរិកយ៉ាងហោចណាស់ចំនួនបី បានធ្វើការបដិសេធទៅលើសំណើរបស់រុស្ស៊ីក្នុងការឃ្លាំមើលការបោះឆ្នោតនៅឯមណ្ឌលបោះឆ្នោត នៅថ្ងៃបោះឆ្នោតជាតិជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី៨ ខែវិច្ឆិកាខាងមុខនេះ។
រុស្ស៊ីមិនដែលបានចូលរួមក្នុងកម្មវិធីអង្កេតការបោះឆ្នោតនៅសហរដ្ឋអាមេរិកកាលពីលើកមុនៗនោះទេ ហើយសំណើក្នុងការឃ្លាំមើលការបោះឆ្នោតនេះគឺគ្មានអ្វីក្រៅតែពីចង់ទាក់ទាញចំណាប់អារម្មណ៍តែប៉ុណ្ណោះ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Mark Toner។
មានដំណើរការផ្លូវការមួយដែលអនុញ្ញាតឲ្យរដ្ឋាភិបាលបរទេសចុះអង្កេតការបោះឆ្នោតនៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែរដ្ឋនីមួយៗមានដែនសមត្ថកិច្ចក្នុងការយល់ស្របឬបដិសេធទៅលើសំណើនោះ។
នៅឯសេតវិមាន អ្នកនាំពាក្យប្រធានាធិបតីលោក Josh Earnest បានថ្លែងថា វាមិនមានភាពច្បាស់លាស់ណាមួយជុំវិញអ្វីដែលជុំរុញឲ្យរុស្ស៊ីស្នើសុំបែបនេះទេ ប៉ុន្តែនេះបានធ្វើឲ្យភាពមន្ទិលសង្ស័យរបស់ក្រុមមន្ត្រីរបស់រដ្ឋមានភាពសមស្រប ដោយសារតែរដ្ឋាភិបាលអាមេរិកបានសន្មតថា រុស្ស៊ីគឺជាអ្នកដែលនៅពីក្រោយការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណិតនាពេលថ្មីៗនេះទៅលើបណ្តាញកុំព្យូទ័រនិងអ៊ីមែលរបស់អ្នកនយោបាយអាមេរិកាំង៕