រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស ខេង នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា គ្រឿងញៀនប្រមាណ៣តោនត្រូវបានរឹបអូស កាលពីឆ្នាំ២០២០ ដែលកើនជាងឆ្នាំ២០១៩ ហើយលោកបានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធបន្តបង្រ្កាបបទល្មើសគ្រឿងញៀន ជាពិសេសនៅតាមមូលដ្ឋានភូមិឃុំសង្កាត់។
ក្នុងកិច្ចប្រជុំមួយស្តីពីការកែសម្រួលលក្ខណសម្បតិ្តនៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព នៅទីស្តីការក្រសួងមហាផ្ទៃលោក ស ខេង មានប្រសាសន៍ឡើងវិញនូវពាក្យ ៣ ម៉ាត់ដែលលោកបានដាក់ឲ្យក្រុមមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានប្រើសម្រាប់កម្ចាត់គ្រឿងញៀនគឺ៖ «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង» ជាមួយពួកឧក្រិដ្ឋជនគ្រឿងញៀន។
លោកថ្លែងពីការរឹបអូសគ្រឿងញៀនយ៉ាងដូច្នេះ៖ «កន្លងទៅ យើងចាប់បានច្រើនណាស់ សុំទោស ចាប់បានច្រើនណាស់ ដូចប្រមាណ ៣ តោន ៤ តោននោះ...បាទ ៣ តោន»។
លោកបន្ថែមថា៖ «អ៊ីចឹងនៅក្នុងនេះបីកុំនេះ គឺហាម កុំពាក់ព័ន្ធកុំអន្តរាគមន៍ កុំលើកលែងហើយអត្ថន័យនៅក្នុងស្រាប់ហើយ»។
បើតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពនេះ អាជ្ញាធរតម្រូវឲ្យមានវិធានការឲ្យបានខ្លាំងក្លាជាងមុន ក្នុងការបង្ការទប់ស្កាត់ការចរាចរ ការជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងវិធានការក្តៅនៅពេលខាងមុខនេះ គឺតម្រូវឲ្យអាជ្ញាធរមូលដ្ឋានបំបាត់ឲ្យបាននូវការចរាចរគ្រឿងញៀននិងប្រភពផលិត សម្រាប់មូលដ្ឋាន «គ្មានបទល្មើសគ្រឿងញៀន»។
លោក ស ខេង មានប្រសាសន៍ថា៖ «កាលពីមុនមកយើងនិយាយថាបង្ការទប់ស្កាត់អីណា តាំងពីការដាំដុះការជួញដូរ ការធ្វើចរាចរអី វាវែងឆ្ងាយពេក។ អ៊ីចឹងឥឡូវនិយាយមួយម៉ាត់មកថា «គ្មានបទល្មើស គ្រឿងញៀន»។
លោករដ្ឋមន្ត្រីក៏ស្នើឲ្យអាជ្ញាធរនិងអ្នកពាក់ព័ន្ធមួយចំនួន ត្រូវបន្តបង្ក្រាបនិងទប់ស្កាត់បទល្មើសគ្រឿងញៀនគ្រប់ប្រភេទ ឲ្យទាន់ពេលវេលា នៅពេលបញ្ហាគ្រឿងញៀននេះ បានរីករាលដាលដល់ទីជនបទកាន់តែច្រើន។
បើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិអាជ្ញាធរ បានចាប់ខ្លួនមនុស្ស ២១.៥៦៦ នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១០.៤៦១ ករណី ដែលកើនជាងឆ្នាំ២០១៩ ដែលអាជ្ញាធរចាប់ខ្លួនមនុស្សចំនួន ២០.៤៩០ នៅក្នុងការបង្ក្រាបបទលើ្មសគ្រឿងញៀនចំនួន ៩.៨០៦ ករណី ។ នេះបើតាមសេចក្តីរាយការណ៍របស់វិទ្យុអាស៊ីសេរី ដែលចេញផ្សាយកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។
ភាគច្រើននៃគ្រឿងញៀនដែលរឹបអូសបានក្នុងចំនួន៣តោននោះ គឺជាប្រភេទមេតំហ្វេតាមីន (ICE)។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ មានប្រសាសន៍ថាបទល្មើសគ្រឿងញៀន ក្នុងឆ្នាំ២០២០ កើនជាងឆ្នាំ២០១៩។
នៅក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពក្នុងពេលខាងមុខ មន្ត្រីនគរបាលជាតិជាន់ខ្ពស់រូបនេះមិនទាន់អាចវាយតម្លៃបានថា បទលើ្មសគ្រឿងញៀនអាចនឹងថយចុះឬក៏កើនឡើងបន្តទៀត ពីព្រោះបទល្មើសនេះខុសពីបទល្មើសដទៃ។
លោកមានប្រសាសន៍ថា៖ «អ៊ីចេះ កើនឡើងឬថយចុះគ្រឿងញៀននេះខុសពីបទល្មើសដទៃ យើងខំប្រឹងចាប់បានច្រើន យើងគិតថាកើនឡើង ក៏មិនត្រូវដែរ ហើយបើយើងបង្ក្រាបបានតិច យើងឃើញវាមានតិចមិនប្រាកដថា វាថយចុះដែរ»។
លោក មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា ប្រាប់ VOA ថា ការធ្លាក់ចុះតម្លៃគ្រឿងញៀន ដោយសារតែការផលិតច្រើនហួសតម្រូវការ បានជំរុញឲ្យមានកំណើនបទល្មើសគ្រឿងញៀនទាំងក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសផ្សេងទៀត។
លោកថាឧក្រិដ្ឋជនគ្រឿងញៀនក៏បានទាញយកប្រយោជន៍ពីវិបត្តិជំងឺឆ្លងកូវីដ១៩ ដើម្បីចរាចរគ្រឿងញៀនឆ្លងដែនផងដែរ។
លោកបញ្ជាក់ថា៖ «បញ្ហាកូវីដមនុស្សខ្លាចខ្លាចនៅតាមព្រំដែន ឆ្លងកាត់អីមានការរឹតត្បិតអីតែពួកឧក្រិដ្ឋជនគាត់អត់មានខ្លាចពីរឿងកូវីដកូអី...គាត់លួចឆ្លងដែន។ តែកាលណាមានបញ្ហាគឺពួកហ្នឹងច្រើនតែឆ្លៀតឱកាស ឆ្លងដែនស្រួល»។
លោកបណ្ឌិត មាស នី អ្នកសិក្សាស្រាវជ្រាវខាងការអភិវឌ្ឍសង្គម និងជាអ្នកឃ្លាំមើលស្ថានភាពនយោបាយកម្ពុជា យល់ថា ការធ្វើឲ្យបញ្ហានៃការជួញដូរឬប្រើប្រាស់គ្រឿងញៀនមានភាពធូរសា្រលនៅកម្ពុជា ស្ថិតនៅភាពមិនប្រាកដប្រជា ដោយសារការអនុវត្តច្បាប់នៅមានលក្ខណៈធូររលុង ហើយឈ្មួញធំៗដែលពាក់ព័ន្ធនិងនៅពីក្រោយសកម្មភាពចរាចរណ៍គ្រឿងញៀន កម្រត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានយកមកផ្តន្ទាទោស។
លោកមានប្រសាសន៍ថា៖ «នេះជាបញ្ហាហើយបញ្ហានេះ ដូចជាមិនទាន់ថមថយទៅណាទេបាទ។ យើងមើលទៅរឿងសំខាន់ គឺរដ្ឋាភិបាលត្រូវតែប្តេជ្ញាចិត្តរកឲ្យឃើញពួកក្រុមដែលនៅពីខាងក្រោយការប្រើប្រាស់ការនាំចូល ការនាំចូលគ្រឿងញៀនហ្នឹងវាជារឿងសំខាន់»។
យុទ្ធនាការប្រឆាំងគ្រឿងញៀនដែលបានឡើងកម្តៅឡើង តាំងពីឆ្នាំ២០១៧ មកនោះ បានបង្កការកកស្ទះចំនួនអ្នកជាប់ពន្ធនាគារ នៅតាមពន្ធនាគារនៅទូទាំងប្រទេស៕