មនុស្ស​៣​នាក់​ទៀត​ឆ្លង​ជំងឺ​កូវីដ​១៩ ក្នុង​ករណី​ឆ្លង​តាម​សហគមន៍​លើក​​ដំបូង​នៅ​កម្ពុជា

ស្ត្រីម្នាក់ពាក់ម៉ាស់ដើរកាត់សាលារៀនមួយដែលបានបិទទ្វារ ខណៈមានការបារម្ភពីការឆ្លងរាតត្បាតនៃជំងឺកូវីដ ១៩ នៅទីក្រុងភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

មនុស្ស​៣​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ថា​ឆ្លង​ជំងឺ​កូវីដ​១៩ ក្នុង​នោះ​មាន​ទារកម្នាក់ ​អាយុ​៧​ខែ​ផង​ដែរ ដែល​ជា​ករណី​ស្ថិត​ក្នុង​ការ​ឆ្លង​សហគមន៍​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខា​ភិបាល ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​។

ក្រសួង​សុខាភិបាល​ឲ្យ​ដឹងថា​ស្រ្តី​ម្នាក់​អាយុ​៦៤​ឆ្នាំ​បាន​ឆ្ល​ងជំងឺ​នេះ ក្រោយ​ស្វាមី​ដែល​ជា​អនុ​ប្រធាន​នាយក​ដ្ឋាន​ពន្ធនាគារ​នៃក្រសួង​មហា​ផ្ទៃ និង​កូនស្រី ត្រូវ​បាន​រក​ឃើញ​ថា​ឆ្លង​ជំងឺ​កូវីដ១៩នេះ។ ក្រសួង​ឲ្យ​ដឹង​ទៀត​ថា​ពីរ​ករណី​ទៀត គឺ​កើត​លើ​ស្រ្តីម្នាក់អាយុ​២៥​ឆ្នាំ និង​ទារក​ម្នាក់ អាយុ​៧​ខែ។

លោកស្រី​ ឱ វណ្ណឌីន រដ្ឋ​លេខាធិការ និង​ជា​អ្នក​នាំពាក្យ​របស់​ក្រសួង​សុខាភិបាល ​បាន​ឲ្យ​ដឹង​ថា​ ស្រ្តី និង​ទារក​នោះ​ជា​សាច់​ញាតិ​របស់​លោក ​ឆែម ​សាវុធ​ អគ្គនាយក​ពន្ធនាគារ ​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ឆ្លង​ជំងឺ​កូវីដ​នេះ តាំង​ពី​ចុង​សប្តាហ៍​មុន។

​ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ថា​ ក្នុង​ព្រឹត្តិការណ៍​«សហគមន៍ ​២៨ ​វិច្ឆិកា» ដែល​ជា​ការ​ឆ្លង​តាម​សហគមន៍​ជា​លើក​ដំបូង ក្រសួង​បាន​ធ្វើ​តេស្ត​មនុស្ស​ ប្រមាណ​៤.៩០០នាក់ កាល​ពី​ថ្ងៃ​ទី​២៩ និង​៣០​ ខែ​វិច្ឆិកា ហើយ​រក​ឃើញ​១៧នាក់​ផ្ទុក​វីរុស​កូរ៉ូណា ដែល​បង្ក​ជា​ជំងឺ​កូវីដ១៩​នេះ។

កាល​ពី​ថ្ងៃ​ច័ន្ទ លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន បាន​ថ្លែង​ថា ​នេះ​ជា«ករណី​បាត់​ដាន»​ ដោយ​មិន​ទាន់​រក​ឃើញប្រភព​នៃ​ការ​ឆ្លង​នេះ។ នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​កំណត់​រយៈ​ពេល​១៥ថ្ងៃ​ ដែល​លោក​ថា​នឹង​កំណត់​ជោគ​វាសនា​នៃ​ការ​គ្រប់គ្រង​ជំងឺ​ឆ្លង​នេះ៕