គណបក្សភ្លើងទៀនចាត់ទុកថា ការចាប់ខ្លួនមន្រ្តី និងសកម្មជនរបស់ខ្លួនចំនួនបីនាក់ទៀត ជាការគំរាមកំហែងបន្ថែមដល់គណបក្សប្រឆាំង ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ។
សេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ដែលចេញផ្សាយកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ បញ្ជាក់ថា សកម្មជនគណបក្សភ្លើងទៀនបីនាក់ដែលទើបត្រូវបានចាប់ខ្លួន រួមមាន លោក ដាង ប៊ុនហាក់ អតីតអនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនរាជធានីភ្នំពេញ និងលោក គឹម ថាយមុន្នី ចៅសង្កាត់រងទី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ត្រូវបានចាប់ខ្លួននៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ និងលោក គឹម ហុង ចៅសង្កាត់រងទី២ សង្កាត់ផ្សារអូរឬស្សីទី៤ ខណ្ឌ៧មករា ត្រូវបានចាប់ខ្លួនកាលពីរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤។
បើតាមសេចក្តីថ្លែងការណ៍ គណបក្សភ្លើងទៀនថ្កោលទោសចំពោះអាជ្ញាធរមានសមត្ថកិច្ចដែលបានចាប់ខ្លួនសកម្មជនគណបក្សភ្លើងទៀនជាបន្តបន្ទាប់។
គណបក្សភ្លើងទៀនបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នោះថា៖ «គណបក្សភ្លើងទៀនចាត់ទុកការចាប់ខ្លួនលោក ដាង ប៊ុនហាក់ លោក គឹម ថាយមុន្នី និងលោក គឹម ហុង គឺជារូបភាពគំរាមកំហែងថ្មីមួយមកលើគណបក្សភ្លើងទៀន ស្របពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណតិ្តទី៤ ឆ្នាំ២០២៤ នឹងឈានចូលមកដល់ឆាប់ៗនេះ»។
អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា សកម្មជនគណបក្សភ្លើងទៀនទាំង៣នាក់ ត្រូវបានបញ្ជូនទៅពន្ធនាគាររាជធានីភ្នំពេញ (PJ) រួចហើយ។ លោកបន្តថា គណបក្សភ្លើងទៀនបាននឹងកំពុងរៀបចំមេធាវីការពារក្តីជូនសកម្មជនទាំង៣នាក់ ដែលត្រូវបានចាប់ខ្លួននោះហើយ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា ប្រាប់វីអូអេថា ស្នងការនគរបាលរាជធានីភ្នំពេញបានកសាងសំណុំរឿង និងបញ្ជូនសកម្មជនគណបក្សភ្លើងទៀនទាំង៣រូបនោះទៅតុលាការរួចហើយ ដោយទាក់ទងនឹងបទល្មើសក្លែងបន្លំឯកសារសាធារណៈ និងក្លែងឯកសារទុច្ចរិត។
លោកថ្លែងថា៖ «ខ្ញុំសូមបញ្ជាក់ ករណីហ្នឹងគឺយើងអនុវត្តទៅតាមវិធានការច្បាប់ បទល្មើសដែលកើតឡើងជាបទល្មើសព្រហ្មទណ្ឌ អ៊ីចឹងមិនមានពាក់ព័ន្ធនឹងរឿងនយោបាយ ពាក់ព័ន្ធនឹងរឿងអីទេ យើងសូមបដិសេធ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ និងលោក សួស វិទ្យារ៉ាន់ឌី បាននៅឡើយទេ រហូតមកដល់ល្ងាចថ្ងៃចន្ទនេះ។
ទាក់ទិននឹងការបន្តចាប់ខ្លួនសកម្មជនគណបក្សប្រឆាំង នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា មួយរយៈក្រោយនេះមានការកើនឡើងនៃការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងជាបន្តបន្ទាប់ ទាំងសំណុំរឿងចាស់ និងថ្មី ខណៈការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ខណ្ឌ ខិតជិតមកដល់។ លោកថា ការណ៍នេះអាចបង្កឱ្យមានការរិះគន់ថា បរិយាកាសនយោបាយនៅកម្ពុជាមិនសូវល្អនៅមុនពេលបោះឆ្នោត។
លោកថ្លែងថា៖ «អ៊ីចឹងនៅករណីថ្មីៗនេះ ខ្ញុំមើលទៅអាចមានការរិះគន់បន្ថែមទៀត អ៊ីចឹងហើយបានជាកន្លងមកយើងឃើញថាសហគមន៍អន្តរជាតិគេតែងតែទាមទារថាសុំឱ្យកម្ពុជាយើងបើកលំហសេរីភាពនយោបាយ ដោយពួកគេមានការព្រួយបារម្ភថាស្ថានភាពនយោបាយនៅមុនពេលបោះឆ្នោតម្តងៗ»។
បើតាមលោក អំ សំអាត ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ តែងតែចង់ឃើញបរិយាកាសនៅមុនការបោះឆ្នោតមានភាពល្អប្រសើរ ដោយមិនចង់ឃើញសកម្មភាពនៃការចាប់ ឬការឃុំខ្លួនសកម្មជនគណបក្សប្រឆាំង ឬសង្គមស៊ីវិលណាមួយឡើយ។
គិតចាប់តាំងពីឆ្នាំ២០២៣មក សកម្មជនគណបក្សភ្លើងទៀនប្រមាណជា១៧នាក់ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ក្រោមបទចោទផ្សេងៗ។ នេះបើតាមអគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ។
ក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ក៏បានអំពាវនាវឱ្យមានការដោះលែងលោក ដាង ប៊ុនហាក់ លោក គឹម ថាយមុន្នី និងលោក គឹម ហុង ឱ្យមានសេរីភាពឡើងវិញ ដើម្បីបន្តសកម្មភាពនយោបាយជាមួយគណបក្ស ក៏ដូចជាបង្កឱ្យមានបរិយកាសល្អប្រសើរធានាដល់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណតិ្តទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕