អ្នកដំណើរ​ខ្មែរ​៣​នាក់​ទៀត​មក​ពី​ចិន​និង​ជប៉ុន ឆ្លង​កូវីដ​១៩

រូបឯកសារ៖ បុរសម្នាក់ពាក់ម៉ាសដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅមុខមន្ទីរពេទ្យមួយកន្លែង នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។

ពលរដ្ឋ​ខ្មែរ​៣​នាក់​ដែល​ជា​អ្នកធ្វើ​ដំណើរ​មកពី​ប្រទេស​ចិន​និង​ជប៉ុន ត្រូវ​បាន​ធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​កូវីដ​១៩ ដោយ​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​ក្នុង​ប្រទេស​កម្ពុជា​ កើន​ដល់​៣២៩​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃពុធ​នេះ។

ក្រសួង​សុខាភិបាល​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២​ខែ​ធ្នូ​ថា អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ចុងក្រោយ​បំផុត​នេះ​គឺ​ជា​ស្ត្រីអាយុ​៣៥​ឆ្នាំ រស់នៅ​ស្រុក​ទឹក​ឈូ​ខេត្ត​កំពត ដែល​បានធ្វើ​ដំណើរត្រឡប់​ពី​ប្រទេស​ចិន​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា។

ចំណែក​ អ្នកឆ្លង​ពីរ​នាក់​ទៀត​គឺ​ជា​បុរសអាយុ​២៦​ឆ្នាំ រស់នៅស្រុក​ដងទង់​ខេត្ត​កំពត និងម្នាក់​ទៀត​អាយុ​៤៦ឆ្នាំរស់នៅ​ខេត្ត​កណ្តាល ដែល​អ្នក​ទាំង​ពីរ​បាន​ធ្វើដំណើរពី​ប្រទេស​ជប៉ុន​ដោយ​បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ និង​បាន​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៨​ ខែ​វិច្ឆិកា​ដូចគ្នា។

បច្ចុប្បន្ន អ្នក​ទាំង​៣​ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ ក្នុង​រាជធានីភ្នំពេញ។

ក្រោយ​ពី​មាន​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ចូល​ក្នុង​សហគមន៍ជា​លើក​ដំបូង​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃទី​២៨ ​ខែ​វិច្ឆិកា​ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​នេះ​ចំនួន​១៧​នាក់​រួម​ទាំង​ទារក​អាយុ​៧​ខែ​ម្នាក់​ផង ប៉ុន្តែ​មិន​ពាក់ព័ន្ធ​នឹងអ្នក​ឆ្លង​ចុងក្រោយ​គេ​បង្អស់​ដែល​ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​ក្រៅ​ប្រទេស​ទាំង​៣​នាក់​នេះ​ទេ។​

កម្ពុជា​មិន​ទាន់​មាន​របាយការណ៍​អំពី​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​នេះ​នៅ​ឡើយ​ទេ។ គិត​ត្រឹម​ថ្ងៃ​ទី​២​ខែ​ធ្នូ នៅ​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​២០​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​និង​៥​នាក់​ទៀតកំពុង​សម្រាក​ព្យាបាលនៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ ក្នុងរាជធានីភ្នំពេញ៕​