ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យតែងតាំងអភិបាលខេត្តព្រះសីហនុ ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ចាម ឱ្យបន្តតួនាទី ធ្វើជាអភិបាលខេត្តទាំងនោះមួយអាណត្តិទៀត។ ការតែងតាំងនេះត្រូវបានមន្រ្តីអង្គការសង្គមស៊ីវិលបង្ហាញការសាទរ ប៉ុន្តែពួកគេស្នើឱ្យអាជ្ញាធរខេត្តទាំងនោះបង្កើនកិច្ចខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ និងកុំរើសអើសក្រុមអង្គការសង្គមស៊ីវិល។
បើតាមព្រះរាជក្រឹត្យចុះថ្ងៃទី១១ ខែមេសានេះ ព្រះមហាក្សត្របានតែងតាំងលោក គួច ចំរើន ជាអភិបាលខេត្តព្រះសីហនុ លោក អ៊ុំ រាត្រី ជាអភិបាលខេត្តបន្ទាយមានជ័យ និងលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម។ ការតែងតាំងនេះ ធ្វើឡើងតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នកស្រី ជៀប សុធារី មន្ត្រីសម្របសម្រួលរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះសីហនុ កត់សម្គាល់ថាក្នុងអាណត្តិដែលដឹកនាំលោក គួច ចំរើន ឃើញមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រមណីយដ្ឋាន និងរក្សាសន្តិសុខសណ្តាប់ធ្នាប់បានល្អប្រសើរ។ ប៉ុន្តែអ្នកស្រីជំរុញឱ្យដោះស្រាយបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋដែលនៅសេសសល់ ឱ្យបានល្អប្រសើរបន្ថែមទៀត។
អ្នកស្រីចង់ឱ្យអាជ្ញាធរខេត្តអនុញ្ញាតឱ្យក្រុមសង្គមស៊ីវិលអាចចូលរួមស្តាប់ និងតាមដានកិច្ចប្រជុំរវាងប្រជាពលរដ្ឋ និងអាជ្ញាធរ នៅពេលដោះស្រាយបញ្ហាដីធ្លី និងបញ្ហាផ្សេងៗជាដើម ព្រោះអ្នកស្រីថាការងារសង្គមស៊ីវិលគ្រាន់តែចង់ឃើញប្រជាពលរដ្ឋទទួលបានដំណោះស្រាយសមរម្យតែប៉ុណ្ណោះ។
អ្នកស្រីថ្លែងថា៖ «យើងចង់ទៅចូលរួមស្តាប់នូវការជជែកដោះស្រាយគ្នារវាងប្រជាពលរដ្ឋដែលមានរឿងដីធ្លី ជាមួយនឹងអាជ្ញាធរខេត្តដែលលោកទទួលបន្ទុកការងារដីធ្លីហ្នឹង។ ប៉ុន្តែយើងមិនត្រូវបានអាជ្ញាធរខេត្តអនុញ្ញាតឱ្យយើងចូលរួមស្តាប់ទេ។ នៅថ្នាក់ខេត្តគឺយើងអត់ដែលបានចូលរួម[ស្តាប់]ទេ ប៉ុន្តែបើនៅតាមស្រុក យើងអាចចូលបាន ដូចជាស្រុកព្រៃនប់ ស្រុកស្ទឹងហាវ យើងអាចចូលបាន ប៉ុន្តែដោយឡែកថ្នាក់ខេត្តយើងអត់ដែលបានចូលទេ»។
អ្នកស្រីស្នើអាជ្ញាធរខេត្តគួរផ្តល់កិច្ចសហការល្អជាមួយក្រុមសង្គមស៊ីវិល ដូចជាការរៀបចំឱ្យសង្គមស៊ីវិលមានជំនួប ដើម្បីផ្តល់មតិយោបល់ជាមួយអាជ្ញាធរខេត្តយ៉ាងតិច៣ដងក្នុងមួយឆ្នាំ ដូចទៅនឹងអ្វីដែលសង្គមស៊ីវិលធ្លាប់អនុវត្តជាមួយអភិបាលខេត្តមុនៗ។
អ្នកស្រីបន្តថា៖ «ខាងអាជ្ញាធរលោកមានកម្មវិធីមួយឆ្នាំគឺជួបគ្នា៣ដង ចង់និយាយថាមួយត្រីមាស ឬមួយឆមាសម្តងអ៊ីចឹងទៅ [ហើយ]តែងតែបានទទួលការប្រជុំជាសាធារណៈ លោកអញ្ជើញយើងអង្គការសង្គមស៊ីវិល ដែលមានទីតាំងក្នុងខេត្តព្រះសីហនុ ហើយនិងអ្នកទាក់ទងផ្សេងៗ ជាពិសេស រឿងដីធ្លីអីហ្នឹង យើងបានទៅជួបប្រជុំជជែកជាសាធារណៈជាមួយអាជ្ញាធរខេត្ត តែដល់ឯកឧត្តម គួច ចំរើន អត់ដែលបានចូលប្រជុំជាមួយគ្នាផង»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបាននៅឡើយទេ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តកំពង់ចាម អ្នកស្រី ធីម ណារិន សាទរ ចំពោះការតែងតាំងលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម បន្តមួយអាណត្តិទៀត។ អ្នកស្រីកត់សម្គាល់ថាលោក អ៊ុន ចាន់ដា បានបំពេញការងារក្នុងការបម្រើប្រជាពលរដ្ឋបានល្អច្រើន។ អ្នកស្រីសង្ឈឹមថាអាជ្ញាធរខេត្តនឹងយកចិត្តទុកដាក់ដោះស្រាយបញ្ហាដីធ្លី ដែលនៅសល់បន្តិចបន្តួចរបស់ប្រជាពលរដ្ឋជាមួយក្រុមហ៊ុនអគ្គិសនីក្នុងខេត្តកំពង់ចាមបន្តទៀត។
អ្នកស្រីថា៖«តាមពិតទៅរឿងដីធ្លីជាមួយអគ្គិសនីនេះ វាតាំងពីលោកអត់ទាន់ចូលមកកាន់កាប់[កាន់តួនាទី]ម្លេះ។ អ៊ីចឹងមកដល់នេះក៏នៅតែបន្តការមិនដោះស្រាយ ហើយចេះតែមានអ្នកដែលទៅគំរាមកំហែងដល់អ្នកជាម្ចាស់កម្មសិទ្ធិផ្ទាល់លើដីទាំងអស់ហ្នឹង»។
អ្នកស្រីបន្ថែមថា៖ «យើងឃើញថារឿងហ្នឹងវាធំ ហើយខ្ញុំគិតថាវាផុតពីដៃរបស់គាត់ដែរ ប៉ុន្តែខ្ញុំមានជំនឿ ហើយសង្ឃឹមថាគាត់នឹងអាចរកដំណោះស្រាយបញ្ហាហ្នឹងកុំឱ្យវាជាជំងឺរ៉ាំរ៉ៃ វាធ្វើឱ្យប៉ះពាល់ប្រជាប្រិយភាពរបស់គាត់»។
អ្នកស្រីក៏ស្នើទៅអាជ្ញាធរបង្កើនកិច្ចសហការល្អជាមួយសមាគមអាដហុកឱ្យបានទូលំទូលាយ ដោយកុំរើសអើង និងកុំផាត់ចោលនូវសកម្មភាពរបស់សមាគម និងកុំឱ្យមានអាជ្ញាធរឃ្លាំមើលសកម្មភាពជួបជុំរបស់អង្គការអាដហុក ព្រោះអង្គការអាដហុក តែងតែអនុវត្តទៅតាមច្បាប់ជាធរមាន។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ប្រាប់វីអូអេនៅថ្ងៃពុធនេះថាការដោះស្រាយបញ្ហាវិវាទដីធ្លីរបស់ប្រជាពលរដ្ឋ ជាមួយក្រុមហ៊ុនអគ្គិសនី គឺបានចប់សព្វគ្រប់ហើយ។ លោកប្តេជ្ញានឹងខិតខំបម្រើប្រជាពលរដ្ឋឱ្យបានល្អបន្ថែមទៀត ក្រោយបន្តទទួលតំណែងមួយអាណត្តិទៀត។
វីអូអេមិនទាន់អាចសុំការឆ្លើយតបពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបាននៅឡើយទេ៕
ភ្នំពេញ —