អតីតសមាជិកសភាហុងកុងដែលគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន៣នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ ពីបទរំខានដល់ដំណើរការនីតិប្បញ្ញត្តិកាលពីពាក់កណ្តាលឆ្នាំនេះ។ លោក Ted Hui លោក Eddie Chu និងលោក Raymond Chan បានបង្ហាញពីការចាប់ខ្លួននៅលើទំព័រហ្វេសប៊ុករបស់ពួកគេ។
ការចាប់ខ្លួននេះ ផ្តើមចេញពីឧប្បត្តិហេតុពីរដាច់ដោយឡែកពីគ្នានៅក្នុងខែឧសភានិងមិថុនានៅពេលដែលអង្គនីតិបញ្ញត្តិកំពុងជជែកវែកញែកច្បាប់ដែលនឹងដាក់ទោសព្រហ្មទណ្ឌចំពោះការមិនគោរព ឬការរំលោភភ្លេងជាតិរបស់ចិន។
សម័យប្រជុំនីតិប្បញ្ញត្តិមួយនៅចុងខែឧសភា ត្រូវបានរំខាននៅពេលដែលលោក Hui ស្ទុះទៅផ្នែកខាងមុខនៃអង្គជំនុំហើយទម្លាក់រុក្ខជាតិរលួយនៅកណ្តាលវេទិកា។ ប៉ុន្មានថ្ងៃក្រោយមក លោក Chu និងលោក Chan ក៏បានស្ទុះទៅកណ្តាលអង្គប្រជុំដោយកាន់សញ្ញាដែលសរសេរថា «របបឃាតកម្មមានក្លិនស្អុយរាប់ពាន់ឆ្នាំ» មុនពេលពួកគេទម្លាក់ប៉ាន់ធាតុរាវមានក្លិនស្អុយនៅលើឥដ្ឋ។
ប៉ូលិសហុងកុង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេបានចាប់ខ្លួនអតីតសមាជិកសភា៣រូបនេះ និងចោទប្រកាន់ពួកគេពីបទមាក់ងាយ និងប៉ុនប៉ងបង្កគ្រោះថ្នាក់ដោយប្រើនឹងសារធាតុគ្រោះថ្នាក់។
លោក Hui ស្ថិតក្នុងចំណោមសមាជិកសភាដែលគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន១៥ នាក់ ដែលបានលាលែងពីតំណែងកាលពីសប្តាហ៍មុន បន្ទាប់ពីសហសេវិកបួននាក់របស់ពួកគេត្រូវបានបណ្តេញចេញ បន្ទាប់ពីគណៈកម្មាធិការនីតិប្បញ្ញត្តិចិន បានអនុម័តច្បាប់ដែលចែងថា រដ្ឋាភិបាលហុងកុងអាចដកសិទ្ធិសមាជិកសភាណាដែលគេជឿថា គំរាមកំហែងដល់សន្តិសុខជាតិដោយមិនចាំបាច់ឆ្លងកាត់តុលាការ ។
ការដកចេញ និងការលាលែងជាបន្តបន្ទាប់ បានធ្វើឲ្យក្រុមប្រឹក្សាដែលមានសមាជិកចំនួន៧០នាក់នោះ នៅសល់តែសមាជិកសភាដែលគាំទ្រក្រុងប៉េកាំងប៉ុណ្ណោះ៕