តុលាការរាជធានីភ្នំពេញ សម្រេចឃុំខ្លួនមនុស្ស៣នាក់កាលពីថ្ងៃអាទិត្យ ដោយចោទពួកគេពីបទញុះញង់ ក្រោយចេញមុខតវ៉ានៅខាងមុខស្ថានទូតចិនកាលពីថ្ងៃសុក្រសប្តាហ៍មុន។
ពួកគេទាំង៣នាក់នោះ មានឈ្មោះ លោក តុន និមល អតីតក្រុមប្រឹក្សាសង្កាត់ដើមមៀន ក្រុងតាខ្មៅ អ្នកស្រី លឹម សាន អតីតក្រុមប្រឹក្សាឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងអ្នកស្រី យ៉យ ស្រីមុំ ជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់ក្នុងស្រុកកោះធំ ខេត្តកណ្តាល។ នេះបើយោងតាមក្រុមគ្រួសាររបស់ពួកគេ។
អ្នកនាំពាក្យរបស់តុលាការរាជធានីភ្នំពេញ លោក គុជ គឹមឡុង មានប្រសាសន៍នៅថ្ងៃចន្ទនេះថា ព្រះរាជអាជ្ញារង លោក សុខ កែវបណ្ឌិត បានសម្រេចចោទប្រកាន់ពួកគេទាំង៣នាក់ ពីបទ«ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ លោកបន្តថា ពួកគេត្រូវបានឃុំខ្លួនបណ្តោះអាសន្ន កាលពីថ្ងៃអាទិត្យ។
លោកបញ្ជាក់ថា៖ «ក្រោយពីបានសាកសួរតាមនីតិវិធីរួចរាល់ហើយ លោកចៅក្រម (លោក)ឯក ប៉ូលីហ្វីល បានសម្រេចឃុំខ្លួនទាំងបីនាក់តាមនីតិវិធី»។
កាលពីថ្ងៃសុក្រ កម្លាំងសន្តិសុខរាប់សិបនាក់ បានបំបែកការតវ៉ារបស់ប្រជាពលរដ្ឋដែលភាគច្រើនជាស្ត្រីនៅខាងមុខស្ថានទូតចិនក្នុងទីក្រុងភ្នំពេញ។ អ្នកតវ៉ារាប់សិបនាក់ជាស្ត្រី បានប្រមូលផ្តុំ និងស្រែកទាមទារឲ្យរដ្ឋាភិបាលចិន គោរពលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងអ្នកខ្លះបានស្រែកថា «បដិសេធកងទ័ពចិន»ក្នុងប្រទេសកម្ពុជា។
លោក ចាន់ តុន អាយុ៦៨ឆ្នាំ ជាឪពុករបស់លោក តុន និមល ដែលត្រូវបានចោទប្រកាន់ មានប្រសាសន៍ថា នេះជាការចោទប្រកាន់ទាំងអយុត្តិធម៌ ហើយកូនប្រុសរបស់លោក មិនបានបង្កភាពវឹកវរអ្វីទេ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំថាអាជ្ញាធរធ្វើនេះ រំលោភលើច្បាប់រដ្ឋធម្មនុញ្ញហើយ ព្រោះរដ្ឋធម្មនុញ្ញឲ្យពលរដ្ឋទាំងពីរភេទមានសិទ្ធិធ្វើបាតុកម្ម ធ្វើកូដកម្ម ដោយសន្តិវិធី។ ហើយយើងមើលរូបភាពយើងបួនដប់ម្ភៃនាក់ហ្នឹង ទៅបង្កអី»?
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ មានប្រសាសន៍ថា តុលាការបានចោទប្រកាន់ពួកគេទាំង៣នាក់ ដូចអ្នកចេញមុខតវ៉ាមុនៗដែរ។ លោកចាត់ទុកការចោទប្រកាន់នេះ ជាការរំលោភសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដែលនឹងនាំឲ្យមានការរិះគន់ជាបន្តបន្ទាប់។
មុនការតវ៉ាខាងមុខស្ថានទូតចិន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានអ្នកមានគម្រោងតវ៉ារួចជាស្រេច ដោយលោកអះអាងថា មានគម្រោងរៀបចំធ្វើបាតុកម្មនៅខាងមុខស្ថានទូតចិនក្នុងទីក្រុងភ្នំពេញនៅថ្ងៃសុក្រ ទី២៣ ខែតុលា។ លោក ហ៊ុន សែន ថា «កុំមករញ៉េរញ៉ៃ» ក្នុងស្ថានភាពដែលកម្ពុជាកំពុងប្រឈមនឹងគ្រោះទឹកជំនន់ផង និងជំងឺរាតត្បាតជាសាកលកូវីដ១៩ផង៕