កម្ពុជា​ទទួល​ពី​អាមេរិក​វិញ​នូវ​បដិមា​បី​ដែល​បាន​លួច​ក្នុង​ពេល​សង្គ្រាម

លោក​ឧបនាយករដ្ឋមន្ត្រី ​សុខ អាន ថត​រូប​ជាមួយ​នឹង​លោក ​ម៉ាក ផតធឺ (Mark Porter) និងប្រតិភូ​ខ្មែរ​ក្រោយ​ពេល​ទទួល​រូប​ចម្លាក់​ពលរាម (Balarama) កាលពីថ្ងៃពុធ​ទី​៧ ខែ​ឧសភា​ឆ្នាំ​ ២០១៤ នៅ សារៈមន្ទីរ Christie's នៅ​ទី​ក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក។ (ម៉ែន គឹមសេង/វីអូអេ)

ប្រទេស​កម្ពុជា​ទទួល​បាន​រូប​ចម្លាក់​ទី​បី​ពី​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​សុក្រ​នេះ​ដែល​ជា​ការ​ព្រម​ព្រៀង​ប្រគល់​ដោយ​ស្ម័គ្រ​ចិត្ត​ពី​សារមន្ទីរ​ Norton Simon។​

បដិមា ​ដែល​មាន​ឈ្មោះ​ថា​ ភឹម (ភាសា​អង់​គ្លេស​ហៅ​ថា​ Bhima) ​ត្រូវ​បានលោក​ឧបនាយករដ្ឋ​មន្ត្រី​សុខ អាន ចុះ​ហត្ថ​លេខា​នៅ​ទី​ក្រុង​ញូវយ៉កទទួល​យក​ពី​លោក​ Walter W. Timoshuk ​ប្រធាន​សារមន្ទីរ​ Norton Simon​ និង​លោកស្រី​ Stephanie R. Villasenor លេខាធិការ​នៃ​មូលនិធិ​សិល្បៈ​Norton Simon។ សារមន្ទីរNorton Simon ​ស្ថិត​នៅ​ក្នុង​ក្រុង​ប៉ាសាឌីណា (Pasadena) រដ្ឋ​កាលីហ្វ័ញ៉ា។

រូប​ចម្លាក់​អ្នក​ចម្បាំង​ធ្វើ​ពី​ថ្ម​ភក់​មាន​កម្ពស់​ជាង​១​ម៉ែត្រ​ត្រូវ​បាន​ដាក់​តាំង​នៅ​ឯ​សារមន្ទីរ​ Norton Simon​តាំង​ពី​ចុង​ទសវត្សរ៍​១៩៧០។ ភឹម គឺ​ជា​តួអង្គ​អ្នក​ក្លាហាន​នៅ​ក្នុង​រឿង​មហាភារតៈ។

Your browser doesn’t support HTML5

មន្ត្រីខ្មែរ​ជាន់​ខ្ពស់​ទទួល​រូបចម្លាក់​​វត្ថុបុរាណ​ខ្មែរ​ពីស.រ.អា.


កាល​ពី​ថ្ងៃ​ពុធ​ កម្ពុជា​ក៏​បាន​ទទួល​យក​រូប​ចម្លាក់​ក្នុង​សតវត្សរ៍​ទី​១០​ចំនួន​ពីរ​ទៀត​ដែល​ត្រូវ​បាន​លួច​ចេញ​ក្នុង​អំឡុង​ពេល​មាន​សង្គ្រាម​ក្នុង​ទសវត្សរ៍​១៩៧០​ ហើយ​នេះ​គឺ​ជា​ការ​បញ្ចប់​នូវ​រឿង​ក្តី​ទាមទារ​កម្មសិទ្ធិ​កម្រិត​អន្តរជាតិ​ដោយ​ចំណាយ​ពេល​យ៉ាង​ខ្លី។

រូប​ចម្លាក់​ទីមួយ​គឺ​រូប​អ្នក​ចម្បាំង​ ទុរយោធន៍ (Duryodhana) ដែល​រដ្ឋអាជ្ញា​សហរដ្ឋ​អាមេរិក​បាន​ប្តឹង​យក​ពី​សារមន្ទីរ​ Sotheby​ មក​ឱ្យ​កម្ពុជា​វិញ ហើយ​រូប​ចម្លាក់​ទី​ពីរ​គឺ​បដិមា​ ពលរាម (Balarama) ​ដែល​ជា​រូប​សាក្សី​ម្នាក់​ក្នុង​ជម្លោះ​រវាង​ទុរយោធន៍ និង​ភឹម (Bhima)។ បដិមា​នេះ​ត្រូវ​បាន​សារមន្ទីរ​ Christie’s ​ប្រគល់​ជូន​វិញ​ដោយ​ស្ម័គ្រចិត្ត​ដែរ។

រូប​ចម្លាក់​ទាំង​នេះ​ត្រូវ​បាន​លួច​ចេញ​ពី​ប្រាសាទ​ចិន​ក្នុង​តំបន់​ប្រាសាទ​កោះកេរនៃ​ប្រទេស​កម្ពុជា។

នៅ​ក្នុង​ពិធីទទួល​យកជាផ្លូវ​ការ​ដាច់​ដោយ​ឡែក​ចំនួន​ពីរ​ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ពុធ​ លោក សុខ អាន ឧបនាយករដ្ឋ​មន្ត្រី​និង​ជា​រដ្ឋ​មន្ត្រី​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​បាន​ប្រកាស​អំពាវនាវ​ឱ្យ​អ្នក​ប្រមូល​ទិញ​ដទៃ​ទៀត​ប្រគល់​រូប​ចម្លាក់​ដែល​សេសសល់​ឱ្យ​កម្ពុជា​វិញ។

លោក​បាន​បញ្ជាក់​ថា៖ «រាជរដ្ឋាភិបាល​កម្ពុជា​សូម​អំពាវនាវ​ដល់​សារមន្ទីរ​និង​អ្នក​ប្រមូល​ទិញ​ស្នាដៃ​សិល្បៈ​នៅ​ជុំ​វិញ​ពិភពលោក​ឱ្យ​យក​គំរូ​តាម​ក្នុង​ការ​ប្រគល់​ត្រឡប់​មក​វិញ​នូវ​បេតិកភណ្ឌ​ដែល​ត្រូវ​លួច​ចេញ​មក​ឱ្យ​ម្ចាស់​កម្មសិទ្ធិ​ស្របច្បាប់​វិញ​ដើម្បី​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ពិភពលោក​ដើម្បី​ការពារ​បេតិកភណ្ឌ​វប្បធម៌។

បដិមា​ទុរយោធន៍​ត្រូវ​បាន​គេ​ដឹង​ថា​ត្រូវ​គេ​លួច​ចេញ​ពី​ប្រាសាទ​ចិន​នៃ​តំបន់​ប្រាសាទ​កោះកេរ​ក្នុង​ឆ្នាំ​១៩៧២។ សារមន្ទីរ​លក់​ដេញ​ថ្លៃ​វត្ថុ​បុរាណ​ឈ្មោះ​ Sotheby’s ​បាន​ព្យាយាម​លក់​ដេញ​ថ្លៃ​រូប​ចម្លាក់​នេះ​ក្នុង​ឆ្នាំ​២០១១​ ប៉ុន្តែ​ត្រូវ​បាន​ដក​ចេញ​វិញ​តាមការ​តវ៉ា​របស់​កម្ពុជា​ហើយ​រដ្ឋ​អាជ្ញា​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ភាគ​ខាងត្បូង​ទីក្រុង​ញូវយ៉ក បាន​ចាប់​ផ្តើម​សំណុំ​រឿង​ទាមទារ​មក​ឱ្យ​កម្ពុជា​វិញ។

​លោក​ Preet Bharara​ រដ្ឋ​អាជ្ញា​បាន​ប្រកាស​ក្នុង​ពិធី​ប្រគល់​ជាផ្លូវ​ការ​ថា​ ការណ៍​ដែល​សហរដ្ឋ​អាមេរិក​បើក​សំណុំ​រឿង​ទាមទារ​រូប​ចម្លាក់​ទុរយោធន៍​មក​ឱ្យ​កម្ពុជា​វិញ​គឺ​ជា​ការ​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​លុប​បំបាត់​ការ​លួច​ស្នាដៃ​សិល្បៈ​និង​វត្ថុ​បុរាណ។

លោក​បាន​បន្ថែម​ថា៖​ «មនុស្ស​គ្រប់​រូប​ដែល​ប្រមូល​ទិញ​និង​ចូលចិត្ត​សិល្បៈ​ត្រូវ​តែ​ចូលរួម​ចំណែក​ធ្វើ​ជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ​ គឺ​មិន​ត្រូវ​បង្កើត​បញ្ហា​ទេ។ ហើយ​ជា​ការ​សង្ឃឹម​របស់​ខ្ញុំ​ថា​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់នៅ​ក្នុង​ពិភព​សិល្បៈ​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​តាម​ដាន​ ត្រូវ​តែ​លើក​កម្ពស់​ដើម្បី​គាំទ្រ​ ធ្វើ​ទង្វើ​ត្រឹម​ត្រូវក្នុង​ការ​សង​វត្ថុ​បុរាណ​ទៅ​ម្ចាស់​ដើម​គេ​វិញ។​

ជ័យ​ជម្នះ​លើ​សំណុំ​រឿង​ Sotheby’s ​បាន​នាំ​ឱ្យ​មាន​ការ​ប្រគល់​រូប​ចម្លាក់​ដែល​ជា​ដៃ​គូ​ប្រយុទ្ធ​មក​កម្ពុជា​វិញ​ដែរ​ ដែល​នេះ​ជា​អ្វី​ដែល​លោក​ George Papagiannis ​នៃ​អង្គការ​យូណេស្គូ​ហៅ​ថា​ជា​ជំងឺ​ឆ្លង​មួយ។

លោក​ Mark Porter ប្រធាន​សារមន្ទីរ​ដេញ​ថ្លៃ​ Christie's ​បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​រូប​ចម្លាក់​ ​ពលរាម (Balarama) ​ថា ​សារៈមន្ទីរ​នេះ​ព្យាយាម​ទាក់​ទង​ជាមួយ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ដើម្បី​ធ្វើ​ការងារ​ជោគជ័យ​ឱ្យ​កម្ពុជា​ ហើយ​វា​ជា​ពេល​វេលា​មួយ​សម​ស្រប​សម្រាប់​រូប​ចម្លាក់​ខ្មែរ​វិល​ត្រឡប់​ទៅ​ប្រទេស​វិញ ​ហើយ​បន្ទាប់​ពី​បំពេញ​នាទី​ជា​អ្នក​ផ្សព្វផ្សាយ​វប្បធម៌​នៅ​ទូទាំង​ពិភព​លោក​ជាង​៤០​ឆ្នាំ​មក​នេះ។​

លោក ​សុខ អាន​ បញ្ជាក់​ថា​បដិមា​ទាំង​នេះ​នឹង​ទៅ​ដល់​ប្រទេស​កម្ពុជាវិញ​នៅ​ដើម​ខែ​មិថុនា៕