អ្នកតវ៉ារាប់ពាន់នាក់នៅក្នុងសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោកបានប្រារព្ធទិវាពលកម្មអន្តរជាតិតាមរយៈការប្រមូលផ្តុំសាធារណៈនិងធ្វើបាតុកម្ម ដែលបានក្លាយទៅជាអំពើហិង្សា នៅក្នុងការបង្ហាញពីកំហឹងប្រឆាំងនឹងរបបផ្តាច់ការនិងនយោបាយស្តាំនិយមចាប់ពីប្រទេសបារាំងដល់ប្រទេសតួកគី។
ទិវាពលកម្មអន្តរជាតិជារៀងរាល់ឆ្នាំ តែងតែមានការធ្វើបាតុកម្មតវ៉ា ហើយឆ្នាំនេះក៏មិនខុសគ្នាដែរ។ ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើហ្វូងបាតុករ ដែលបានប្រមូលផ្តុំគ្នានៅសួន Taksim Square ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ដែលជាកន្លែងមានការបង្រ្កាបហ្វូងបាតុករដោយបង្ហូរឈាមនៅទិវាពលកម្មអន្តរជាតិ។
ភាពតានតឹងនៅក្នុងប្រទេសតួកគីកាន់តែកើនឡើង បន្ទាប់ពីប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានឈ្នះការបោះឆ្នោតប្រជាមតិដោយប្រកៀកប្រកិតកាលពីខែមុន ដែលផ្តល់អំណាចខ្លាំងក្លាបន្ថែមទៀតដល់លោក។ ប៉ូលិសបានចាប់ខ្លួនមនុស្សជាង២០០នាក់កាលពីថ្ងៃច័ន្ទ។
ស្ថានភាពនៅក្នុងប្រទេសរុស្ស៊ីមានលក្ខណៈល្អប្រសើរជាង នៅក្នុងថ្ងៃដ៏ស្រស់ស្អាតក្នុងរដូវផ្ការីក ដែលមានមនុស្សជាង១សែននាក់បានដើរដង្ហែក្បួននៅក្នុងទីក្រុងមូស្គូ។
ចំណែកឯនៅក្នុងប្រទេសបារាំង ដែលកំពុងតែស្ថិតនៅក្នុងស្ថានភាពអាសន្ន ហើយការបោះឆ្នោតនៅសល់រយៈពេលមិនដល់១សប្តាហ៍ទៀតផងនោះ កំពុងតែមានការប្រុងប្រយ័ត្នខ្ពស់។ រដ្ឋាភិបាលបានពង្រាយប៉ូលិស៩ពាន់នាក់នៅក្នុងតំបន់ជាច្រើនក្នុងប្រទេសនេះ ដើម្បីរក្សាគម្លាតរវាងអ្នកគាំទ្របេក្ខជនប្រធានាធិបតីទាំងពីររូប ដែលមានលោក Emmanuel Macron ដែលប្រកាន់កណ្តាលនិយម និងលោកស្រី Marine Le Pen ដែលជាអ្នកជាតិនិយម៕