ខ្សែ​ជីវិត​លោក​ កែម ឡី ​និង​ការ​ស្តាយ​ស្រណោះ​របស់​សាធារណជន​ចំពោះ​​រូប​លោក

ប្រជា​ពលរដ្ឋ​កម្ពុជា​ មក​ពី​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ​ មក​ចូលរួម​ពិធីបុណ្យ​សព​របស់​លោក ​កែម ឡី ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ ក្នុង​វត្តក្តីចាស់ នៅ​ជាយ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១១ ​ខែកក្កដា​ ឆ្នាំ​២០១៦។ (ហ៊ាន​ សុជាតា/VOA)

ការ​ស្លាប់​បាត់​បង់ជីវិត​របស់​លោក​ ​កែម ឡី បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ជា​ច្រើន​ម៉ឺន​នាក់​មាន​ការ​ស្តាយ​ស្រណោះ ​និង​បាន​ធ្វើ​ដំណើរ​ពី​បណ្តា​ខេត្ត​ និង​រាជធានី​ភ្នំពេញ​ មក​ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​របស់​លោក។ ​អ្នក​​ខ្លះ​ធ្លាប់​បាន​ស្គាល់​ និង​ជួប​លោក​​ កែម ឡី​ ផ្ទាល់​ រីឯ​អ្នក​ខ្លះ​ទៀត​ធ្លាប់​តែ​ឮ​ ឬ​ឃើញ​ការ​វិភាគ​របស់​លោក​នៅ​តាម​វិទ្យុ​ ឬ​ទូរទស្សន៍​ប៉ុណ្ណោះ។

មួយ​ថ្ងៃ​ក្រោយ​ពី​លោក ​កែម ឡី​ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យបណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង ​ក្នុង​ស្ថានីយ​ប្រេង​ឥន្ធនៈ​មួយ​កណ្តាល​ក្រុង​ភ្នំពេញ ប្រជា​ពលរដ្ឋ​កម្ពុជា​មក​ពី​បណ្តា​ខេត្ត​ និង​រាជធានី​ភ្នំពេញ​ជា​ច្រើន​ពាន់​នាក់​បាន​មក​ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​របស់​លោក កែម ឡី​ នា​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ។

ការ​ស្លាប់​បាត់​បង់ជីវិត​របស់​លោក​ ​កែម ឡី បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ជា​ច្រើន​ម៉ឺន​នាក់​មាន​ការ​ស្តាយ​ស្រណោះ ​និង​បាន​ធ្វើ​ដំណើរ​ពី​បណ្តា​ខេត្ត​ និង​រាជធានី​ភ្នំពេញ​ មក​ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​របស់​លោក។ ​អ្នកខ្លះ​ធ្លាប់​បាន​ស្គាល់​ និង​ជួប​លោក កែម ឡី​ ផ្ទាល់​ រីឯ​អ្នក​ខ្លះ​ទៀត​ធ្លាប់​តែ​ឮ​ ឬ​ឃើញ​ការ​វិភាគ​របស់​លោក​នៅ​តាម​វិទ្យុ​ ឬ​ទូរទស្សន៍​ប៉ុណ្ណោះ។

​លោក​ស្រី ​អិត មុំ​ វ័យ​៦៥​ឆ្នាំ​ ជា​អ្នក​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​មួយ​រូប បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​បាត់បង់​ជីវិត​របស់​លោក កែម ឡី។

លោកស្រី​ថា៖ «ការ​និយាយ​របស់​គាត់​ល្អ ​គួរ​ឲ្យ​អ៊ំ​ស្រឡាញ់។​ អ៊ំ​ល្ងង់​ប៉ុណ្ណឹង​ហើយ​ តែ​ដល់​អ៊ំ​ស្តាប់​គាត់​ទៅ​ អ៊ំ​ទទួល​បាន។​ ពាក្យ​ពេចន៍​គាត់​ចំណេញ​នៅ​ក្នុង​ប្រទេស។​ គាត់​ចេះ ​អាណិត​ស្រឡាញ់។​ គាត់​ចេះ​អប់រំ​អ្នក​ល្ងង់​ឲ្យ​ចេះ​ អ្នក​មិន​ដឹង​អី​ឲ្យ​យល់»។​

លោក​ស្រី​រំឭក​អំពី​ថ្ងៃ​ដែល​លោក​ស្រី​ទទួល​បាន​ដំណឹង​នៃ​ការ​ស្លាប់​របស់​លោក កែម ឡី​ យ៉ាង​ដូច្នេះ៖​

«អ៊ំ​រន្ធត់​ណាស់​កូន។ ​អ៊ំ​កាន់​បន្លែ​ ចិត​រនោង​ អ៊ំ​ធ្លាក់​ពី​ដៃ។ ​អ៊ំ​អត់​មាន​ទទួល​បាន​ពី​ម្សិលមិញ។​ អ៊ំ​អាណោច​អធ័ម​នឹង​គាត់។​ អ៊ំ​ស្លុត​ចិត្ត។​ អ៊ំ​អត់​ជឿ​ទៀត។​ ធ្លាប់​តែ​ឃើញ​ក្នុង​រូប​ អត់​ដែល​ស្គាល់​សោះ។ ទើប​តែ​មក​អង្អែល​ថ្ពាល់​សព​ពេល​ហ្នឹង​ទេ​ ទើប​តែ​ឃើញ​ពេល​ហ្នឹង​ទេ»។

ប្រជា​ពលរដ្ឋ​កម្ពុជា​ ស្រែក​ទ្រហ៊ោយំ នៅ​ពេល​មក​ចូលរួម​ពិធីបុណ្យ​សព​របស់​លោក ​កែម ឡី ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ ក្នុង​វត្ត​ក្តីចាស់ នៅ​ជាយ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១១ ​ខែ​កក្កដា​ ឆ្នាំ​២០១៦។ (ហ៊ាន​ សុជាតា/VOA)

​អ្នកស្រី ​កែវ សុវណ្ណរ័ត្ន ​វ័យ​៤៦​ឆ្នាំ​ ជា​អ្នក​ក្រុង​ភ្នំពេញ​ម្នាក់​ទៀត ​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​បុណ្យ​សព​របស់​លោក ​កែម ឡី​ នា​ថ្ងៃ​ច័ន្ទ​នេះ។ ​លោកស្រី​យល់​ថា​ ​នេះជា​រឿង​អយុត្តិធម៌​សម្រាប់​លោក​ កែម ឡី ​និង​ក្រុម​គ្រួសារ។

អ្នកស្រី​ថា៖ «បើ​ម៉េម៉ាយ ​ឬ​កំព្រា​ក្នុង​ជំនាន់​ ប៉ុល ពត ជា​រឿង​ផ្សេង។​ ប៉ុន្តែ​គាត់​ម៉េម៉ាយ​នៅ​ក្នុង​សម័យ​នេះ​គឺ​មិន​គួរ​ឲ្យ​គាត់​ម៉េម៉ាយ​ដោយ​អយុត្តិ​ធម៌​ទេ។ ​កូន​គាត់​នៅ​តូចៗ។​ គាត់​អត់​ទាន់​បាន​បំពេញ​តួនាទី​ជា​ឪពុក​ អត់ទាន់​ចប់ចុង​ចប់​ដើម​ផង។​ អយុត្តិធម៌​ណាស់​សម្រាប់​គាត់​ អ្វី​ដែល​ខ្ញុំ​សោក​ស្តាយ​គឺ​បាត់បង់​មនុស្ស​ល្អ ​មនុស្ស​មាន​ប្រាជ្ញា»។

មាន​ប្រភព​ចេញ​ពី​គ្រួសារ​ក្រីក្រ​មួយ​នៅ​ភូមិ​អង្គ​តាកុក​ ឃុំ​លាយបូ ​ស្រុក​ត្រាំកក់ ​ក្នុង​ខេត្ត​តាកែវ​ ដែល​មាន​បងប្អូន​៣​នាក់​ លោក​ ​កែម ឡី​ រស់នៅ​ជាមួយ​ម្ដាយ​មេម៉ាយ​ ដែល​មាន​មុខ​របរ​ជា​អ្នក​លក់​ដូរ។ បច្ចុប្បន្ន​នេះ​ លោក កែម ឡី​ និង​ភរិយា​ស្នាក់​នៅ​សង្កាត់​បឹង​កេងកង​ ខណ្ឌ​ចំការ​មន​ រាជធានី​ភ្នំពេញ។

ក្រោយ​បញ្ចប់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ផ្នែក​វេជ្ជសាស្ត្រ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​១៩៩២​ លោក​ កែម ឡី​ បាន​បន្ត​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ស្រាវជ្រាវ​សុខភាព​សាធារណៈ​នៅ​សាកល​វិទ្យាល័យ​ជូឡាឡុងកន​ ក្នុង​ប្រទេស​ថៃរយៈពេល​ជិត​២ឆ្នាំ ​បញ្ចប់​នៅឆ្នាំ​១៩៩៧ និង​បញ្ចប់​ថ្នាក់​បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​សង្គម​នៅ​ប្រទេសម៉ាឡេស៊ី​ក្នុង​ឆ្នាំ​២០០៨។

លោក​ កែម ឡី​ បាន​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​លោកស្រី​ ប៊ូ រចនា ​នៅ​ឆ្នាំ​២០០១​ និង​មាន​កូន​ប្រុសចំនួន​៥​រូប​ ​គិត​ទាំង​ទារក​ក្នុង​ផ្ទៃ​៦​ខែ​ម្នាក់​ផង។

លោកស្រី​ ប៊ូ រចនា​ វ័យ​៣៥ឆ្នាំ​ ជា​ភរិយា​របស់​លោក​ កែម ឡី បាន​ច្រាន​ចោល​ការ​លើក​ឡើង​ដែល​ថា​ ករណី​ឃាតកម្ម​នេះ​ទាក់ទង​នឹង​រឿង​បំណុល។

​លោកស្រី​ថា៖ «ខ្ញុំ​អត់ជឿ​សូម្បី​តែ​មួយ​សរសៃ​សក់។​ តាំង​ពី​ខ្ញុំ​ចាប់ដៃ​រស់​នៅ​ជាមួយ​គាត់​ ខ្ញុំ​មិន​ដែល​ឃើញ​ប្តី​ខ្ញុំ​ខ្ចី​លុយ​អ្នក​ណា​បាន​មួយ​សរសៃ​សក់​ មិន​ដែល​ជំពាក់​លុយ​គេ​មួយ​រយ​ទេ។ ​គាត់​ជា​មនុស្ស​ម្នាក់​ដែល​មិន​ហា​មាត់​ពឹង​អ្នក​ដទៃ​ ហើយ​អ្នក​ដែល​និយាយ​ថា ​គាត់​ជំពាក់​៣ពាន់​ដុល្លារ ខ្ញុំ​បដិសេធ​ទាំង​ស្រុង​តែ​ម្តង»។

ភរិយារបស់​លោក​ កែម ឡី​ យំ​ពេល​កំពុងជិះ​រថយន្ត​ដឹកសព​របស់​លោក កែម ឡី​ ទៅ​កាន់​វត្តក្តីចាស់។ (នៅ វណ្ណារិន/VOA)

ក្រៅ​ពី​មាន​ក្តី​បារម្ភ​អំពី​កត្តា​ជីវភាព​ និង​ការ​សិក្សា​របស់​កូនៗលោកស្រី​នា​ពេល​ខាង​មុខ​ លោកស្រី​ ប៊ូ រចនា ​ផ្ទាល់​ក៏​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​របស់​ក្រុម​គ្រួសារ​អ្នកស្រី​ផង​ដែរ។

លោកស្រី​ថា៖ ​«គិត​ថា​ គាត់​ធ្វើ​អញ្ចឹងនឹង​ប្រឈម​មុខ​នឹង​រឿង​ហ្នឹង​ បើ​មិន​ជាប់​គុក​ក៏​ស្លាប់​ដែរ។​ អញ្ចឹងយើង​ត្រៀម​ គ្រាន់​តែ​ថា​ មិន​បាន​ត្រៀម​ តែ​មិន​អាច​ត្រៀម​ទុក​បាន​ដូច​ដែរ​ចិត្ត​យើង​ថា។​ ព្រួយ​បារម្ភ!​ និយាយ​ទៅ​ ខ្ញុំ​សុំ​តែ​ឲ្យ​មាន​សុវត្ថិភាព​ជុំវិញ​រង្វង់​គ្រួសារ​ខ្ញុំ»។

នៅពេល​ចុង​ក្រោយ​នេះ​លោក​ កែម ឡី​ មាន​តួនាទី​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​សង្គម ​និង​ជា​អ្នក​វិភាគ​ឯករាជ្យ​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​ចំៗ។ ក្រៅ​ពី​នេះ​ លោក ​កែម ឡី​ ក៏​ធ្លាប់​ធ្វើការ​នៅ​ក្រសួង​សុខាភិបាល​ ​ក្រុមហ៊ុន​ឯកជន​ អង្គការជាតិ និង​អន្តរជាតិ​ជា​ច្រើន។ ​ការ​ស្រាវជ្រាវ​របស់​លោក កែម ឡី​ ទៀត​សោត​គឺ​សិក្សា​ទៅ​លើ​បញ្ហា​ដីធ្លី​ សិទ្ធិ​លំនៅដ្ឋាន​ សិទ្ធិ​មនុស្ស ​ព្រំដែន​ និង​នយោបាយ​ជា​ដើម។​

រូបឯកសារ៖ លោក កែម ឡី អ្នក​វិភាគ​សង្គម ចូលរួម​ពិភាក្សា​អំពី​អត្ថន័យ​នៃ​បដិវត្ត​ពណ៌ និង​សេរីភាព​តវ៉ា​នៅ​កម្ពុជា នៅក្នុង​កម្មវិធី​ Hello VOA នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៦។ (លឹម សុធី/VOA)

ជា​រឿយៗ​ លោក ​កែម ឡី ដែល​មាន​សម្បុរ​ស្រអែម​មាឌ​ធំ បាន​បណ្ដុះ​បណ្ដាល​ក្រុមស្រាវជ្រាវ​ និង​អ្នក​វិភាគ​វ័យ​ក្មេង​ជា​ច្រើន​នាក់។​ លោក​រំពឹង​ថា​ កម្ពុជា​នឹង​មាន​អ្នក​វិភាគ​ និង​អ្នក​ស្រាវជ្រាវ​កាន់​តែ​ច្រើន​ហ៊ាន​និយាយ​ការណ៍​ពិត​ ដើម្បី​ការ​ផ្លាស់ប្តូរ​ និង​អភិវឌ្ឍ​ជា​វិជ្ជមាន​ក្នុង​សង្គម​កម្ពុជា។

លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ​ ជា​អ្នក​វិភាគ​ឯករាជ្យ ដែល​ធ្លាប់​ធ្វើការ​ជាមួយ​លោក​កែម ឡី។ ​លោក ​ឡៅ ម៉ុងហៃ​ អះអាង​ថា​ ថ្វី​បើ​លោក កែម ឡី បាន​បាត់បង់​ជីវិត​ហើយ ​ក៏​ប៉ុន្តែ​ឧត្តម​គតិ​ និង​ឆន្ទៈ​របស់​លោក​ កែម ឡី​ នៅ​តែ​បន្ត​មាន​ក្នុង​ចិត្ត​របស់​ប្រជាជន​កម្ពុជា។

លោក​ថា៖ «បើ​យើង​នៅ​មាន​ជំនឿ​លើ​រឿង​អាទិទេព​ គាត់ជា​អាទិទេព​នៃ​ការណ៍​ពិត។​ គាត់​រក​ការណ៍​ពិត​ ស្វែង​រក​ការណ៍​ពិត​ និយាយ​ការណ៍​ពិត ​ហ៊ាន​និយាយ​ការណ៍​ពិត។ ​ហើយ​គាត់​មាន​ការ​ប៉ិន​ប្រសប់​ ដែល​ជា​គុណ​សម្បត្តិ​របស់​គាត់​ដ៏ធំ​ ដែល​អ្នក​ខ្លះ​អាច​ថា​ ជា​ការ​គំរាម​កំហែង​ដល់​ផល​ប្រយោជន៍​គេ។ គាត់​និយាយ​គេ​ចូលចិត្ត​ស្តាប់​ មាន​ប្រជាប្រិយ​ភាព»។

បើ​ទោះ​ជា​លោក​ កែម ឡី​ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​ក្នុង​ស្ថានីយ​ប្រេង​ឥន្ធនៈ​មួយ​កណ្តាល​ក្រុង​ភ្នំពេញ​យ៉ាងណា​ក៏​ដោយ​ ​ក៏​អ្នក​ស្រាវជ្រាវ​សង្គម​ និង​អ្នក​វិភាគ​ឯករាជ្យ​រូប​នេះ​បាន​បន្សល់​នូវ​ពាក្យ​សម្តី​មួយ​ចំនួន ​ដើម្បី​ក្រើន​រំឭក​ដល់​យុវជន​ជំនាន់​ក្រោយ ​ឲ្យ​មាន​ភាព​ក្លាហាន​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ពួក​គេ។

ពាក្យ​សម្តី​នេះរួម​មាន៖ «ខ្ញុំ​មិន​ដែល​គិត​ថា​ ខ្ញុំ​អាច​រស់​នៅ​បាន​យូរ​នោះ​ទេ។​ ថ្ងៃ​ណាមួយ​ខ្ញុំ​អាច​ស្លាប់​ ឬ​ត្រូវ​បាន​គេ​បាញ់​សម្លាប់។​ តែ​ដរាប​ណា​ខ្ញុំ​មាន​ជីវិត​ ខ្ញុំ​នឹង​និយាយ​អ្វី​ដែល​អ្នក​ដទៃ​មិន​ហ៊ាន​និយាយ។​ គ្មាន​នរណា​ម្នាក់​អាច​ទិញ​មិន​ឲ្យ​ខ្ញុំនិយាយ​បាន​នោះ​ទេ»។

ពាក្យសម្តី​លោក​បន្ត​ថា​«បើ​ចង់​ក្លាយ​ជា​អ្នក​វិភាគ​ត្រូវ​មាន​លិខិត​ឆ្លង​ដែន​មួយ ​និង​ទិដ្ឋការ​៣៖​ ទី១​ បើ​គេ​មិន​សប្បាយ​ចិត្ត​ គេ​ឲ្យ​យើង​ទៅ​ពេទ្យ ​យើង​ទៅៗ។​ ទី២​ បើ​គេ​មិន​សប្បាយ​ចិត្ត​ គេ​ឲ្យ​យើង​ទៅ​ពៃ្រ​ស​ យើង​ទៅៗ។​ ទី៣​ បើ​គេ​មិន​សប្បាយ​ចិត្ត​ គេ​ឲ្យ​យើង​ទៅ​វត្ត​ព្រះ​ពុទ្ធ​ យើង​ទៅៗ»៕