ពួកយុទ្ធជនរដ្ឋឥស្លាមរាប់រយនាក់នៅតែត្រួតត្រាផ្នែកតូចមួយនៃក្រុង Mosul ក្នុងប្រទេសអ៊ីរ៉ាក់ ក៏ប៉ុន្តែពួកមេបញ្ជាការនៃក្រុមយោធារដ្ឋាភិបាលអ៊ីរ៉ាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជនស៊ីវិលរាប់ពាន់នាក់បានជាប់គាំងនៅទីនោះដោយមានគ្រោះថ្នាក់ខ្លាំងបំផុតដោយសារការប្រយុទ្ធគ្នានៅជុំវិញពួកគេ។
ពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាមបានបង្ខិតបង្ខំពួកសមាជិកគ្រួសារពួកគេឱ្យប្រយុទ្ធដើម្បីក្រុង Mosul ដែលនៅពេលនេះស្ថិតនៅក្នុងដំណាក់កាលចុងក្រោយបង្អស់ ហើយពួកមេបញ្ជាការអ៊ីរ៉ាក់បាននិយាយថាពួកជ្រុលនិយមបានគំរាមកំហែងថានឹងបំផ្ទុះពួកជនស៊ីវិលទាំងឡាយណាដែលខិតខំព្យាយាមរត់គេចខ្លួនទៅកាន់កន្លែងមានសុវត្ថិភាព។
លោកឧត្តមសេនីយ៍ឯក Sami al-Aridhi នៃសេវាកម្មប្រឆាំងនឹងភេរវកម្មរបស់ប្រទេសអ៊ីរ៉ាក់បាននិយាយថា «ពួកស្ត្រីបានរួមប្រយុទ្ធជាមួយកូនៗពួកគេដោយនៅជិតពួកជនសកម្មប្រយុទ្ធទាំងនេះ»។
លោកបាននិយាយបន្ថែមថា «ការណ៍នេះនាំឱ្យយើងមានការរារែកមិនចង់ប្រើការវាយប្រហារតាមអាកាស។ ប្រសិនបើគ្មានការណ៍នេះទេ យើងអាចវាយកម្ចាត់ពួកវាបានក្នុងពេលតែពីរបីម៉ោង»។
ពួកអ៊ីរ៉ាក់បាននិយាយថា ជនស៊ីវិលរាប់ពាន់នាក់បានជាប់គាំងនៅក្នុងផ្នែកក្រុងចាស់នៃក្រុង Mosul ដែលកាលពីមុនមានផ្លូវច្រកខ្វាត់ខ្វែងចង្អៀតក្នុងចំណោមអាគារចាស់ៗ ក៏ប៉ន្តែនៅពេលនេះមានកម្ទេចកម្ទីពាសពេញ។
មន្ត្រីអ.ស.ប.ខាងមនុស្សធម៌ Lise Grande បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានបារាំងថា ផ្នែកតូចៗនៃក្រុង Mosul ដែលកាន់កាប់ដោយពួករដ្ឋឥស្លាមអាចជាទីជម្រក «របស់ជនស៊ីវិល១ម៉ឺន៥ពាន់នាក់ ហើយអាចមានច្រើននាក់រហូតដល់២ម៉ឺននាក់ផងដែរ»។ ការស្ទង់ប្រមាណតួលេខនេះមិនបានត្រូវបញ្ជាក់ថា ជាចំនួនពិត ដោយកងយោធារដ្ឋាភិបាលអ៊ីរ៉ាក់នៅឡើយទេ ទោះណាជាលោកឧត្តមសេនីយ៍ al-Aridhi បានយល់ស្របថា ពួកជនស៊ីវិលកំពុងមានគ្រោះថ្នាក់ធំក៏ដោយ៕