ពិធី​បូជា​សព​លោក​ជា ស៊ីម​មាន​អ្នក​ចូលរួម​ច្រើន​ម៉ឺន​នាក់

ពិធី​ដង្ហែ​ក្បួន​សព​លោក​ ជា​ ស៊ីម អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​​អតីត​ប្រធាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​ ១៩​ ខែ​មិថុនា ឆ្នាំ​២០១៥។​ (នូវ​ ពៅ​លក្ខិណា/VOA)

ពលរដ្ឋ​កម្ពុជាជាង​បី​ម៉ឺន​នាក់​បាន​ដើរ​ដង្ហែ​សព​លោក​ ជា ស៊ីម អតីត​ប្រធាន​ព្រឹទ្ធសភា​នៅ​ថ្ងៃ​សុក្រនេះ​ នៅ​មុន​ការ​ចាប់​ផ្តើមពិធី​បូជា​សព​របស់​លោក​ ដែល​រៀបចំ​នៅមុខ​វាល​ព្រះ​មេរុ​ស្ថិត​នៅ​ក្បែរ​ព្រះ​បរម​រាជវាំង​ក្នុង​ទីក្រុង​ភ្នំពេញ។​

ពិធី​បូជា​សព​របស់​លោក​ ជា ស៊ីម​ អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជាកើត​មាន​ឡើង​ នៅ​ក្រោយ​ការ​ទទួល​មរណ​ភាព​របស់​លោក​ក្នុង​ជន្មាយុ​៨២ឆ្នាំ​ ដោយ​រោគាពាធ​ ​កាល​ពី​ពីរ​សបា្តហ៍​កន្លង​ទៅ។

​ហែ​ហម​ដោយ​មន្ត្រី​រាជការ​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ជាន់ថ្នាក់​ និង​សិស្ស​និស្សិត​រាប់​រយ​នាក់​ផ្សេង​ទៀត​ សព​របស់​អ្នក​នយោបាយ​និយម​កណ្តាល​រូបនេះ​ត្រូវ​បាន​គ្រប​ពី​លើ​ដោយ​ទង់​ជាតិ​នៃ​ប្រទេស​កម្ពុជា​ ហើយតម្កល់​នៅ​លើ​រថយន្ត​តុប​តែង​ជា​រូប​សត្វ​នាគរាជ្យ​ពណ៌​ស ​អម​ពី​ក្រោយ​ដោយ​ក្បួនរថយន្ត​សម្តេច​សង្ឃ​រាជ្យ​ទាំង​ពីរ​គណៈ។​ នៅពី​មុខ​ក្បួន​រថយន្ត​ដឹក​សព​លោក​ ជា ស៊ីម​ មាន​ដងទង់​ជាតិ​កម្ពុជា​ចំនួន​៧​ ត្រូវ​បាន​មន្រ្តី​ត្រែ​ទ័ព​កិត្តិយស​៧​រូប​កាន់​ដើរ​បញ្ឈរ​ឡើង។​

ព្រះ​មហា​ក្សត្រ​ខ្មែរ​ព្រះ​បាទ​បរមនាថ​នរោត្តម​ សីហមុនី​ និង​ព្រះ​មហា​ក្សត្រី​នរោត្តម​មុនីនាថ​ សីហនុ ​បានប្រទាន​នូវ​ការ​អុជ​ភ្លើងទាន​ជូន​ដល់​សព​លោក ​ជា ស៊ីម ​បន្ទាប់​ពី​សព​របស់​លោក​ត្រូវ​បាន​គេ​រំកិល​ចូល​ទៅ​កាន់​ទី​សម្រាប់​បូជា​ ដែល​លម្អដោយ​រូប​ចម្លាក់​ទេវតា​ព័ទ្ធ​ជុំវិញ​រំលេច​ជាមួយ​នឹង​ចម្លាក់​ភ្ញី​ភ្លើង​មាស​ អម​ដោយ​បាច់​ផ្កា​លាយ​ជាមួយ​ក្រណាត់​ស​ខ្មៅ។​

សម្តេច​ព្រះ​មហាក្សត្រ​ នរោត្តម​ សីហមុនី ទ្រង់​យាង​មក​ដល់​មេរុ​ ក្នុង​ពិធី​បុណ្យ​សព​លោក​ ជា​ ស៊ីម អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និងអតីត​ប្រធាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​ ១៩​ ខែ​មិថុនា ឆ្នាំ​២០១៥។​ (នូវ​ ពៅ​លក្ខិណា/VOA)

ក្រុម​គ្រួសារ​សាច់​ញាតិ​របស់​លោក​ ជា ស៊ីម ​បាន​ដើរ​ប្រទក្សិណ​ជុំវិញ​ទី​បូជា​របស់​លោក ​ជា ស៊ីម​ ចំនួន​បី​ជុំ​ ដែល​ក្នុង​នោះ​រួម​មាន​លោក ​ស​ ខេង ​រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ កែ កឹម​យ៉ាន ​លោក ​ជួន​ សុវណ្ណ​ ស្នងកា​រនគរបាល​រាជធានី​ភ្នំពេញ​ និង​លោក ​យឹម លាង​ ប្រធាន​កង​អង្គរក្ស​របស់​លោក​ ជា ស៊ីម។​

លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ​បាន​ថ្លែង​វិយោគ​កថា​ទៅ​កាន់​មន្រ្តី​ ឯក​អគ្គរាជ​ទូត ​និង​រដ្ឋទូត​មក​ពី​បណ្តា​ប្រទេស​នានា​ និង​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​រាជ​រដ្ឋាភិបាល​កម្ពុជា​ ព្រមទាំងក្រុម​អ្នក​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​នយោបាយ​ទាំង​ពីរ ​ហើយ​និង​ប្រមុខ​ដឹក​នាំ​សភា​ជាតិ ​និង​ព្រឹទ្ធ​សភា​គឺ​លោក ​ហេង សំរិន ​និង​លោក​ សាយ ឈុំ​ ផងដែរ។ ​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន​ បាន​ថ្លែង​តាមវិយោគ​កថា​ទាំង​រំជួល​ចិត្ត​ ចំពោះ​ការ​បាត់​បង់​ឥស្សរជន​ដែលធ្លាប់​ចូល​រួម​តស៊ូ​ជាមួយ​រូប​លោក។​

«សម្តេច​អគ្គ​មហា​ធម្ម​ពោធិសាល​ ជា ស៊ីម ​ជា​ទី​គោរព​ និង​ជា​ទី​អាឡោះ​អាល័យ។ ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​សមាជិក​ សមាជិកា​ព្រឹទ្ធ​សភា ​រដ្ឋ​សភា​ រាជ​រដ្ឋាភិបាល​ មន្ត្រី​គ្រប់​ជាន់​ថ្នាក់​ រួម​ជាមួយ​បុត្រ​ធីតា​ បងប្អូន​ញាតិ​មិត្ត​ សាច់​សាលោហិត ​ទាំង​ប្រុស​ ទាំង​ស្រី​បាន​រៀបចំ​ចាត់​ចែង​ធ្វើ​បុណ្យ​ទខិណា​នុប្បទាន ​ឧទ្ទិស​មគ្គផល​ជូន​ដល់​វិញ្ញាណ​ក្ខន្ធ​របស់​សម្តេច​តាម​ប្រពៃណី​ព្រះ​ពុទ្ធ​សាសនា​ច្រើន​ថ្ងៃ​មក​ហើយ ​ហើយ​ពេល​នេះ​ជា​នាទី​ចុង​ក្រោយ ​ដែល​សម្តេច ​និង​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ព្រម​ទាំង​បុត្រា​ បុត្រី​ ចៅប្រុស​ ចៅ​ស្រី​របស់​សម្តេច​ខាន​បាន​ជួប​មុខ​គ្នា​ជា​រៀង​រហូត»។​

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន ​ដែល​ជា​ប្រធាន​ស្តីទី​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ មាន​ប្រសាសន៍​បន្ថែម​ទាំង​អួល​ដើម​ក​ថា៖​

«ប៉ុន្មាន​នាទី​ទៀត​នេះ ​សព​សម្តេច​នឹង​រលាយ​សូន្យ​ពី​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ហើយ។ ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​សូម​គោរព​អញ្ជើញ​វិញ្ញាណ​ក្ខន្ធ​សម្តេច​ទៅ​កាន់​សុគិតិ​ភព​ជាទី​បរម​សុខ​ជា​រៀង​រហូត​ត​ទៅ។ ​ប៉ុន្តែ​អ្វី​ដែល​បន្សល់​ទុក​នៅ ​ហើយ​មិន​រលត់​សូន្យ​បង់​តាម​រូប​កាយ​របស់​សម្តេច​នោះ​ គឺ​សេចក្តី​ល្អ​ អំពើ​ជា​កុសល្យ​ សេចក្តី​ថ្លៃថ្នូរ​សកម្ម​ភាព​តស៊ូ​អំណត់​ ព្យាយាម​ ភាព​ម៉ឺង​ម៉ាត់​ក្នុង​ការងារ​ភក្តី​ភាព ​និង​ឧត្តម​គតិ​ស្នាដៃ​ដ៏​ធំធេង​របស់​សម្តេច​ចំពោះ​ជាតិ​ សាសនា​ ព្រះ​មហា​ក្សត្រ ​ចំពោះ​សង្គម​ជាតិ​ ចំពោះ​ព្រះ​ពុទ្ធ​សាសនា​ និង​ចំពោះប្រជា​ពលរដ្ឋ»។​

បន្ទាប់​ពី​លោក ហ៊ុន សែន​ បាន​ថ្លែង​តាម​វិយោគ​កថា​នោះ​មក​ ព្រះ​មហា​ក្សត្រ​ខ្មែរ​ព្រះ​បាទ​បរម​នាថ​នរោត្តម ​សីហមុនី​ បាន​ថ្វាយ​នូវ​ព្រះ​ភ្លើង​សម្រាប់​ការ​បូជា​សព​របស់​លោក​ ជា ស៊ីម។​

លោក​ ទូច ទេស ​អាយុ​៧៧​ឆ្នាំ​ ​មកពី​ខេត្ត​កំពង់​ធំ​ អតីត​អនុ​ប្រធាន​រណសិរ្ស​សាមគ្គី​កសាង​ការពារ​ជាតិ​មាតុ​ភូមិ​កម្ពុជាខេត្ត​កំពង់​ធំ​ ដែល​ជា​អ្នក​តស៊ូ​ជាមួយ​លោក ​ជា ស៊ីម បាន​សម្តែងការ​សោក​ស្តាយ​ចំពោះ​ការ​បាត់បង់​លោក ​ជា ស៊ីម​ ដោយ​លោក​រំឭក​ថា ​លោក ​ជា​ ស៊ីម ​ជា​អ្នក​តស៊ូ​ដ៏ស្មោះ​ត្រង់​ស្នេហា​ជាតិ​ និង​ពុំ​បាន​កសាង​កំហុស​អ្វី​ទេ​ដល់​ប្រទេស​ជាតិ។​

«សម័យ​តស៊ូ​ គាត់​មាន​ឧត្តមគតិ​ឧត្តុង្គ​ឧត្តម​ណាស់។ ​នៅ​សម័យ​គាត់​កើត​មាន​ឡើង​តាំង​ពី​ផ្លូវ​ថ្នល់​ ស្ពាន​ សាលារៀន​ មន្ទីរពេទ្យ​ និយាយ​រួមគឺ​អ្វី​កើត​ឡើង​នេះ​សម្តេច​ ជា ស៊ីម​ ​គាត់​កសាង​មាន​វីរៈភាព​ខ្ពង់​ខ្ពស់​ត្រឹម​ត្រូវ​ អត់​មាន​ខុស​អី​ទេ។ ​គាត់​តស៊ូ​៣១​ឆ្នាំ​នេះគឺ​ត្រឹម​ត្រូវ»។​

រីឯ​អតីត​អ្នក​តស៊ូ​ម្នាក់​ទៀតគឺ​លោក ​ចេង ផន​ អាយុ​៥៧​ឆ្នំា​មកពី​ខេត្ត​តាកែវ​បាន​លើកឡើង​ថា​ លោក​ ជា ស៊ីម​ មិនមែន​ជា​អ្នក​នយោបាយ​ពុក​រលួយ​នោះ​ទេ ​ពីព្រោះ​លោក​គិត​ពី​ប្រយោជន៍​ជាតិ​ជាជាង​ទ្រព្យ​សម្បត្តិ ​និង​ប្រយោជន៍​ផ្ទាល់​ខ្លួន​ បើ​ធៀប​នឹង​អ្នក​តស៊ូ​ដំណាល​គ្នា​នឹង​រូប​លោក​នោះ។​

«តាម​ខ្ញុំ​យល់ ​គាត់​ស្រឡាញ់ប្រជារាស្រ្ត​ច្រើន​ជាង​ខ្លួន​គាត់ ​ស្រឡាញ់ជាតិ​ជាង​ខ្លួន​គាត់ ​ព្រោះ​គាត់​អត់​ឃើញ​មាន​អី​ផង។ ​សម្បត្តិ​ទ្រព្យ​គាត់​ដូច​អត់​មាន​ឃើញ​មាន​អី​ដែល​អស្ចារ្យ​ អាច​គេ​មាន​ជាង»។​

នៅ​ក្នុង​ពិធី​បូជា​សព​លោក ​ជា ស៊ីម ​នេះ​ក៏​មាន​វត្តមាន​លោក ​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែរ។​ មេដឹក​នាំ​គណបក្ស​ប្រឆាំង​រូប​នេះ​ធ្លាប់​បាន​ហៅ​លោក​ ជា ស៊ីម ​ថា​ជា​វីរបុរស​បង្រួប​បង្រួម​ និង​ផ្សះផ្សា​ជាតិ​ដ៏​ស្មោះ​ត្រង់​ ដោយ​លោក​បាន​ដងែ្ហ​តាម​អតីត​ព្រះ​មហា​ក្សត្រ​ខ្មែរ​នរោត្តម​ សីហនុ។​

ពិធី​រំកិល​សព​លោក​ ជា​ ស៊ីម អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និងអតីត​ប្រធាន​ព្រឹទ្ធសភា ឡើង​លើ​មេរុ​ កាល​ពី​ថ្ងៃ​ទី​ ១៩​ ខែ​មិថុនា ឆ្នាំ​២០១៥។​ (នូវ​ ពៅ​លក្ខិណា/VOA)

លោក​ ជា ស៊ីម​ មាន​ឈ្មោះ​ដើម យិន សយ​ កើត​នៅ​ថ្ងៃ​ទី​១៥​ ខែ​វិច្ឆិកា ​ឆ្នាំ​១៩៣២ ​ក្នុង​គ្រួសារ​កសិករ​នៅ​ភូមិ​ពពេល​ ឃុំ​អំពិល​ ស្រុក​រមាស​ហែក​ ខេត្ត​ស្វាយរៀង។​ លោក​មាន​បងប្អូន​បង្កើត​ចំនួន​៧នាក់​ ដែល​បាន​ទទួល​មរណ​ភាព​អស់​ទៅ​ហើយ។​ លោក​បាន​ទទួល​មរណ​ភាព​ទៅ​ ដោយ​បន្សល់​ទុក​នូវ​កូន​ចំនួន​៧​នាក់។​

ទាក់ទង​នឹង​កិច្ច​ការ​នយោបាយ​ លោក ​ជា​ ស៊ីម ​គឺ​ជា​មេ​ដឹកនាំ​ម្នាក់ ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​ហាណូយ​លើក​បន្តុប​ជាមួយ​នឹង​ឥស្សរជន​ខ្មែរ​ដទៃ​ទៀតកាលពី​ឆ្នាំ១៩៧៩​ ពេល​វៀតណាម​ចូល​ឈ្លានពាន​កម្ពុជា ​ដើម្បី​បណ្តេញ​ក្រុម​ខ្មែរក្រហម​ចេញ​ពី​អំណាច។ អំណាច​របស់​លោក​បាន​ចុះ​ថមថយនា​ទស​វត្ស​ចុង​ក្រោយ​នេះ។​ ការ​ចុះ​ថយ​អំណាច​របស់​លោក​ ជា ស៊ីម ​រាប់​តាំង​ពី​ការ ​ដែល​លោក​ត្រូវ​គេ​ឆ្គក​ចេញ​ពី​ប្រទេស​ ការ​ហ៊ុំព័ទ្ធ​ផ្ទះ​របស់​លោក ​ការ​ដក​អគ្គ​មេ​បញ្ជាការ​ទ័ព​ដែល​ស្មោះត្រង់​នឹង​លោក​ គឺ​លោក​ឧត្តម​សេនីយ៍ ​កែរ គីមយ៉ាន ​ការ​ចាប់​ខ្លួន​មេ​បញ្ជាការ​អង្គ​រក្ស​ផ្ទាល់​របស់​លោក​ និង​ចាប់​ខ្លួន​ជំនួយ​ការ​ជា​បន្ត​បន្ទាប់​ក្នុងរយៈ​ពេល​ជាង​១០​ឆ្នាំ​នេះ។ ការ​ចុះ​ថយ​អំណាចកើត​មានឡើង​ចាប់​តាំងពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ត្រូវ​គេ​ដឹង​ថា ​ងាក​បែរ​គោល​នយោបាយ​របស់​លោក​ជា​សំខាន់​ទៅ​រក​មហា​អំណាច​អាស៊ី​ គឺ​ប្រទេស​ចិន​កំម្មុយនីស្ត ដែល​ជា​ប្រទេស​ផ្តល់​ជំនួយ​គាំទ្រ​ដ៏​ធំ​សម្រាប់​កម្ពុជា។​

ក្នុង​ឆាក​នយោបាយ​ចុងក្រោយ ​លោក​ត្រូវ​បាន​គេ​ចងចាំ​ថា ​បាន​ដើរ​តួនាទី​កណ្តាល​ក្នុង​ការ​ជួយ​បង្រួប​បង្រួម​អ្នក​នយោបាយ​ខ្មែរ​ ក្នុង​នោះ​មាន​ការ​មិន​ព្រម​ចុះ​ហត្ថលេខា​លើ​ធម្មនុញ្ញ​បន្ថែម​ក្នុង​ឆ្នាំ​២០០៤។​ អ្នក​តាម​ដាន​នយោបាយ​មើល​ឃើញ​ថា​ ធម្មនុញ្ញ​បន្ថែមនោះ​ជា​ការ​រំលោភ​ធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា។​

ការ​ទទួល​មរណភាព​របស់​លោក​ ជា ស៊ីម​ ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃទី​៨ ​ខែ​មិថុនា​ ឆ្នាំ​២០១៥​នោះ​ នឹងបើក​ផ្លូវ​ឲ្យ​លោក ​ហ៊ុន សែន ​ក្លាយ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជាពេញ​ច្បាប់​ បន្ថែម​លើ​អំណាច​ដ៏​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​រាជ​រដ្ឋាភិបាល​កម្ពុជា៕​