មនុស្ស​រាប់​ពាន់​នាក់​នៅ​ហុងកុង​ស្ម័គ្រចិត្ត​យក​សត្វ hamsters ទៅ​ចិញ្ចឹម​នៅ​ពេល​មាន​ការភ័យខ្លាច​ពី​ជំងឺ​កូវីដ១៩

  • Reuters

មន្ត្រី​ក្រសួង​កសិកម្ម​ហុងកុង​ចុះ​ត្រួតពិនិត្យ​មើល​ហាង​លក់​សត្វ​ចិញ្ចឹម​ក្នុង​ផ្ទះ​មួយ​កន្លែង បន្ទាប់​ពី​សត្វ hamsters មួយ​ចំនួន​ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​ថា​មាន​ជំងឺកូវីដ១៩ ទីក្រុង​ហុងកុង ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។ (AP Photo/Kin Cheung)

មនុស្ស​រាប់ពាន់​នាក់​នៅ​ទីក្រុង​ហុងកុង នៅ​ថ្ងៃ​ពុធ​នេះ​បាន​ស្ម័គ្រចិត្ត​រើស​យក​សត្វ​ចិញ្ចឹម​ក្នុង​ផ្ទះ​ Hamsters ដែល​មើល​ទៅ​ស្រដៀង​សត្វកណ្ដុរ ដែលគេ​លែង​ចង់បាន​ បន្ទាប់ពី​រដ្ឋាភិបាល​បាន​ចេញ​បទបញ្ជា​ឲ្យ​សម្លាប់​សត្វ​ទាំង​នោះ​ចោល​ ដោយសារ​ការ​ភ័យខ្លាច​ថា​ពួក​វា​ចម្លង​ជំងឺ​កូវីដ១៩។ បទបញ្ជា​របស់​រដ្ឋាភិបាល​ហុងកុង​បែបនេះ បាន​នាំ​ឲ្យ​មាន​ការ​ភ័យខ្លាច​ថា​ម្ចាស់​សត្វ​ទាំងនោះ​នឹង​បោះបង់​ចោល​សត្វ​ចិញ្ចឹម​របស់​ពួកគេ។

អាជ្ញាធរ​ហុងកុង​បាន​បញ្ជា​កាលពី​ថ្ងៃ​អង្គារ​ថា ឲ្យ​សម្លាប់​សត្វ Hamsters ចំនួន​២ពាន់​ក្បាល​មកពី​ហាង​លក់​សត្វ​ចិញ្ចឹម​ក្នុង​ផ្ទះនិង​កន្លែង​ផ្សេង​ៗ​ទៀត​រាប់​សិប​កន្លែង ក្រោយពី​គេបាន​រកឃើញថា​អ្នកធ្វើការម្នាក់ នៅ​ហាង​លក់​សត្វ​មួយ នៅ​ហុងកុង បាន​ឆ្លង​ជំងឺកូវីដ១៩ ហើយ​ក្រោយមក​សត្វ Hamsters ចំនួន​១១ក្បាល ត្រូវ​គេ​ធ្វើ​តេស្ត​ឃើញថា​មាន​ជំងឺ​កូវីដ១៩​ដែរ។

ពួក​អ្នក​វិទ្យាសាស្ត្រ​នៅ​ទូទាំង​ពិភពលោក​និង​ពួក​អាជ្ញាធរ​សុខាភិបាល​និង​ពេទ្យសត្វ​នៅ​ក្រុង​ហុងកុង បាន​និយាយ​ថា គ្មាន​ភស្តុតាង​ថា សត្វ​ដើរ​តួនាទី​ដ៏​សំខាន់​នៅ​ក្នុង​ការចម្លង​វីរុស​កូរ៉ូណា​ទៅ​មនុស្ស​ទេ។

ក៏ប៉ុន្តែ ដោយ​អនុវត្ត​គោលនយោបាយ​មិនឲ្យ​មាន​ជំងឺ​កូវីដ១៩ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ហុងកុង​លោក​ស្រី Sophia Chan បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ​លោក​ស្រី​មិនអាច​ច្រានចោល​លទ្ធភាព​នៃ​ការឆ្លង​នោះ​ទេ ហេតុដូច្នេះ​រដ្ឋាភិបាល​មិន​អាច​ប្រថុយ​បាន​ទេ៕