ក្រុមអង្គការសង្គមស៊ីវិលពី៣០០០ដល់៥០០០នាក់គ្រោងនឹងប្រារព្ធខួបសិទ្ធិ មនុស្សប្រចាំឆ្នាំនៅថ្ងៃទី១០ខែធ្នូ នៅទីលានប្រជាធិបតេយ្យ ដោយដើរដង្ហែក្បួន ពីមាត់ទន្លេទៅទីលានប្រជាធិបតេយ្យ នៅពេលសាលារាជធានី និងអង្គការនីតិបញ្ញតិគ្រោងនឹងប្រារព្ធពិធីអបអរសាទររំឭកខួបសិទ្ធិមនុស្សប្រចាំឆ្នាំនេះនៅទីកន្លែងផ្សេងៗគ្នា។
លោក ធន សារ៉ាយ នាយកអង្គកាសិទ្ធិមនុស្សអាហុក បានថ្លែងថា ជាសញ្ញាល្អ ដែលកម្ពុជាទាំងមូលបានចាប់ផ្តើមអបអរសាទរទិវាសិទ្ធិមនុស្សព្រមគ្នា។ លោកថា រឿងនេះជាការឆ្លុះបញ្ចាំងឲ្យឃើញថា ទាំងអស់គ្នាមានការភ្ញាក់រឭក មានការ យល់ដឹងពីសារៈសំខាន់នៃការគោរពសិទ្ធិមនុស្ស។
«យើងឃើញថា ពីមុនវាមានតែអង្គការសិទ្ធិមនុស្សទេ អង្គការសង្គមទេ ដែល យើងបានប្រារព្ធនូវពិធីនេះ។ ឥឡូវនេះយើងឃើញថា មានការសស្រាក់សស្រាំ ទាំងខាងគណៈកម្មការសិទ្ធិមនុស្សនានា សភា និងព្រឹទ្ធសភា ទាំងខាង រដ្ឋាភិបាល សាលារាជធានីភ្នំពេញក៏លោកយកចិត្តទុកដាក់ក្នុងការប្រារព្ធដែរ។ នេះជាជោគជ័យមួយ។ ទិវាសិទ្ធិមនុស្សមិនមែនជារបស់អង្គការសិទ្ធិមនុស្សមួយ ឬក៏អង្គការសង្គមមួយទេ។ វាជាទិវារបស់មនុស្សនៅក្នុងសង្គមយើងទាំងអស់គ្នា»។
លោកបន្ថែមថា ការគោរពសិទ្ធិមនុស្សផ្តល់ផលប្រយោជន៍ដល់យើងទាំងអស់គ្នា មិនមែនតែក្រុមណាមួយទេ ដែលលោកបានអំពាវនាវកុំឲ្យមានការបំភ្លេចចោលពីអត្តន័យនៃការគោរពសិទ្ធិមនុស្ស ក្រោយពីពិធីបុណ្យរួច តែត្រូវរក្សាស្មារតីនេះ ឲ្យជាប់។
លោកបានអះអាងថា ក្នុងការប្រារព្ធទិវាគោរពសិទ្ធិមនុស្សឆ្នាំនេះ អង្គការសង្គម ស៊ីវិលផ្តោតទៅលើយុត្តិធម៌ ដែលគ្មានលក្ខណៈស្មើភាពគ្នារវាងអ្នកមានអំណាច និងពលរដ្ឋ ហើយជាការខូតខាតដល់ស្ថិរភាព និងសន្តិភាពក្នុងសង្គម។
«អញ្ចឹងហើយសង្គមមួយ ដែលគ្មានយុត្តិធម៌ ឬមានយុត្តិធម៌តិចតួចគឺជាសង្គម ផុយស្រួយ ជាស្ថិរភាពមួយដែលមិនមានលក្ខណៈរឹងមាំទេ។ អញ្ចឹងហើយយើង ចង់ឲ្យមានយុត្តិធម៌ដើម្បីឲ្យមានស្ថិរភាពមួយពិតប្រាកដ យូរអង្វែងទៅថ្ងៃមុខសម្រាប់ប្រទេសយើង។ អញ្ចឹងហើយបានអង្គការសង្គមស៊ីវិលយើងបានលើកយកប្រធានបទនេះឡើង ដូចថា ការគោរពសិទ្ធិមនុស្សត្រូវតែភ្ជាប់នឹងយុត្តិធម៌នេះ។ អញ្ចឹងទាំងអស់គ្នាត្រូវតែចូលរួមចំណែក នាំមកនូវយុត្តិធម៌ដល់ប្រជាជាតិ សង្គមជាតិ។ យើងនាំគ្នាលើកស្ទួយបញ្ហាយុត្តិធម៌នេះ ហើយនាំគ្នាចូលរួមកាត់បន្ថយនិទណ្ឌភាព ក៏ដូចជាភាពមិនស្មើគ្នាចំពោះមុខច្បាប់នេះ ឲ្យបានជាអតិបរមាតាមដែលអាចធ្វើទៅបាន នៅក្នុងឆ្នាំបន្តបន្ទាប់ទៅទៀត»។
លោកបានបន្ថែមថា អ្នកដែលរារាំងការគោរពសិទ្ធិមនុស្សជាអ្នកដែលមិនគោរព សិទ្ធិមនុស្សនិងបំផ្លាញសិទ្ធិមនុស្ស។
ការប្រារព្ធទិវាសិទ្ធិមនុស្សនេះគឺកើតឡើងក្នុងពេលដែលមានការចាប់ខ្លួនសកម្ម ជនការពារដីធ្លីចំនួន១៥នាក់ និងការបណ្តោយឲ្យមានការអូសបន្លាយឲ្យមាន ការរួចទោស ឬវប្បធម៌គ្មានទោសពៃរ៍ចំពោះឃាតកម្មលើអ្នកកាសែត អ្នកការពារ បរិស្ថាន អ្នកសិល្បៈ ការបាញ់កម្មករជាដើម ដែលរឿងនេះត្រូវក្រុមមន្ត្រីសិទ្ធិ មនុស្សចាត់ទុកថា ជាការអនុញ្ញាតឲ្យមានការបន្តរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
លោកសួន ប៊ុនសក្តិ នាយកលេខាធិការដ្ឋានអង្គការប្រព្រឹត្តិកម្ម ឬCHRAC ដែល មានអង្គការ២០រួមគ្នា បានអះអាងថា សាលារាជធានីបានអនុញ្ញាតឲ្យអង្គការ សង្គមស៊ីវិលធ្វើការប្រារព្ធទិវាសិទ្ធិមនុស្សនៅទីលានប្រជាធិបតេយ្យ ហើយ សាលារាជធានីដែលគ្រោងពីដំបូងត្រូវធ្វើពិធីប្រារព្ធខួបសិទ្ធិមនុស្សនៅទីលាន ប្រជាធិបតេយ្យនោះ នឹងសុខចិត្តធ្វើសម្បទានដល់អង្គការសង្គមស៊ីវិលដោយរើ គម្រោងការទៅធ្វើនៅពហុកីឡាដ្ឋានអូឡាំពិកវិញ។
«មកទល់ពេលនេះ យើងបានឯកភាពគ្នាជាគោលការណ៍ជាមួយនឹងរដ្ឋបាល មូលដ្ឋានភ្នំពេញថា ខាងអង្គការសង្គមស៊ីវិលគឺនឹងធ្វើពិធីនេះនៅទីលានប្រជាធិប តេយ្យគឺយើងនឹងចាប់ផ្តើមដង្ហែក្បួនមកពីសួនច្បារ CDC»។
លោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ពីការអនុញ្ញាតច្បាប់ឲ្យមានការធ្វើពិធីប្រារព្ធទិវាសិទ្ធិមនុស្សនៅទីលានប្រជាធិបតេយ្យមែន តែការអនុញ្ញាតឲ្យមានការដង្ហែក្បួននៅមានការពិភាក្សាបន្ត។
«ហើយអាជ្ញាធររាជធានីភ្នំពេញ យើងមិនអនុញ្ញាតឲ្យមានការដង្ហែក្បួនទេ ដោយ សារវាប៉ះពាល់សណ្តាប់ធ្នាប់ចរាចរណ៍ ព្រោះសិទ្ធិមនុស្ស យើងប្រារព្ធទិវាសិទ្ធិ មនុស្ស តែបើប៉ះពាល់ដល់សិទ្ធិអ្នកដទៃទៀត ក៏វាមិនកើតដែរ។ អញ្ចឹងទេបានជា យើងមិនអនុញ្ញាតធ្វើការហែក្បួនទេ។ ប៉ុន្តែយើងក៏បានសម្របសម្រួលទៅខាង អង្គការ CHRAC ហ្នឹង គាត់ក៏សុំថា ជួបជុំគ្នានៅមុខសួន CDC ហើយដើរហែ ពីសួន CDC ហ្នឹងមកទីលានប្រជាធិបតេយ្យ»។
លោកឡុង ឌីម៉ង់បានបញ្ជាក់ថា សាលារាជធានីនឹងស្នើទៅក្រសួងមហាផ្ទៃផង ដែរ ដោយសារអ្នកដង្ហែក្បួនមានចំនួនច្រើន។
«ក៏ប៉ុន្តែចំណុចនេះ យើងកំពុងតែសម្របសម្រួលគ្នា ហើយយើងនឹងស្នើសុំគោល ការពីក្រសួងមហាផ្ទៃសិន ដោយសារមកពីទី១ ចំនួនប្រជាពលរដ្ឋ ដែលខាង អង្គការ CHRAC គាត់ស្នើសុំនោះគឺថា ចំនួន៣០០០ទៅ៥០០០នាក់ អញ្ចឹងវាលើសពីសិទ្ធិ ដែលអាជ្ញាធររាជធានីភ្នំពេញអនុញ្ញាត។ អញ្ចឹងយើងនឹងស្នើសុំទៅក្រសួងមហាផ្ទៃ ទាំងចំនួន ទាំងការហែរពីត្រឹមមុខសួន CDC ដល់ទីលានប្រជាធិបតេយ្យ»។
ចំណែកលោកធន សារ៉ាយវិញបានអះអាងថា ការប្រារព្ធទិវាសិទ្ធិមនុស្សគឺក្រុមសង្គមស៊ីវិលចង់បានការចូលរួមពីប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ មិនមែនចង់ធ្វើនៅតែកន្លែងមួយដែលបិទជិត ហើយគ្មានគេដឹងឮនោះទេ។
លោកសួន ប៊ុនសក្តិបានអះអាងថា កម្ពុជានៅមានការរំលោភសិទ្ធិមនុស្សច្រើន នៅឡើយ។
«ដោយសារការរំលោភសិទ្ធិមនុស្សនៅកម្ពុជាមានរូបភាពច្រើនយ៉ាង ហើយ ចំណុចមួយដែលយើងបានកត់សម្គាល់ឃើញថា តុលាការ ដូចជាមិនទាន់បានបំពេញតួនាទីឯករាជ្យភាពរបស់ខ្លួនក្នុងការការពារសិទ្ធិមនុស្សទេ។ ហេតុដូច្នេះហើយបានជាខ្លឹមសារធំរបស់យើងនៅក្នុងឆ្នាំ២០១៤ហ្នឹងគឺយើងមានប្រធានបទធំមួយ។ យើងដាក់ថា មានតុលាការឯករាជ្យគឺមានការគោរពសិទ្ធិមនុស្ស»។
ចំណុចនេះបានសេចក្តីថា ជាខ្លឹមសាររបស់យើងមួយដែលយើងចង់ទាមទារឲ្យមានឯករាជ្យភាពពេញលេញ នៅក្នុងវិស័យតុលាការ គឺក្នុងគោលបំណងដើម្បីការពារសិទ្ធិមនុស្សជូនប្រជាពលរដ្ឋទាំងមូលនេះឯងបាទ»។
លោកបានសង្កត់ធ្ងន់ថា ការអនុវត្តគោលការណ៍សិទ្ធិមនុស្សអន្តរជាតិនោះអាច ជាការទប់ស្កាត់មិនឲ្យមានអំពើររំលោភសិទ្ធិមនុស្សដូចសព្វថ្ងៃ ជាពិសេសរឿង ដីធ្លីនិងការអភិវឌ្ឍ។
«តាមពិតទៅសកម្មភាពអភិវឌ្ឍជាសកម្មភាពគួរត្រូវបានអបអរទេ និងត្រេកអរ ទទួលស្វាគមន៍ទេ។ តែដល់ពេលគេធ្វើសកម្មភាពអភិវឌ្ឍ ដោយមិនបានគិតគូរ រឿងមនុស្ស វាធ្វើឲ្យប៉ះពាល់មនុស្សជាច្រើននៅកម្ពុជា និយាយឲ្យចំគឺបញ្ហាដីធ្លី នេះ។ ដូច្នេះបើយើងគិតទៅតាមគោលការណ៍គោរពសិទ្ធិមនុស្ស តាមសេចក្តី សុខរបស់មនុស្ស ជាពិសេស ធ្វើទៅតាមច្បាប់ឲ្យម៉ឺងម៉ាត់ ជាពិសេសការផ្តល់ដី សម្បទានសេដ្ឋកិច្ច ឬសកម្មភាពចាប់យកដីរាល់ថ្ងៃនេះ បើសិនជាយើងចាត់ វិធានការតាមផ្លូវច្បាប់ឲ្យស្រួលបួល ខ្ញុំគិតថា បញ្ហាដែលទាក់ទងទៅនឹងការ រំលោភសិទ្ធិមនុស្សគឺមិនសូវជាធ្ងន់ធ្ងរដូចបច្ចុប្បន្នទេ»។
ពលរដ្ឋរងគ្រោះដោយសារការរំលោភបំពានដីធ្លី និងរំលោភបំពានសិទ្ធិមនុស្ស និងមន្ត្រីសិទ្ធិមនុស្សតាមបណ្តាខេត្តនានាក៏គ្រោងនឹងប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូដែរ ដោយធ្វើដំណើរដោយថ្មើរជើងចូលមករាជធានីភ្នំពេញ។
លោកអំ សំអាត ប្រធានក្រុមបច្ចេកទេសនៃអង្គការសិទ្ធិមនុស្សលីកាដូ បាន ថ្លែងថា៖
«ការប្រារព្ធទិវាសិទ្ធិមនុស្សនេះជាសារមួយសំខាន់សម្រាប់បង្ហាញទៅរដ្ឋាភិបាល។ ទី១ យើងចង់ឲ្យបញ្ចប់វប្បធម៌និទណ្ឌភាព ព្រោះនិទណ្ឌភាពនាំឲ្យមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ ទី២ យើងចង់ឲ្យរដ្ឋាភិបាលអនុវត្តកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជារដ្ឋភាគីនៃកតិការសញ្ញាស្តីអំពីសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ និងជារដ្ឋភាគីនៃអ.ស.ប.»។
លោកបានលើកឧទាហរណ៍ចំៗចំពោះការបង្ក្រាបក្រុមបាតុករកាលពីដើមឆ្នាំ ដោយមានមនុស្សស្លាប់ និងរបួសក្នុងរាជធានីភ្នំពេញ ការបាញ់កម្មករនៅបាវិតដោយអភិបាលក្រុងលោកឈូក បណ្ឌិត និងករណីជាច្រើនទៀត ដែលរដ្ឋាភិបាលត្រូវត្រួតពិនិត្យមើល កែទម្រង់ឡើងវិញ និងជាពិសេសការធ្វើឲ្យ តុលាការមានភាពឯករាជ្យ។
លោកជាង សុខា នាយកប្រតិបត្តិនៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន បានថ្លែងថា កម្ពុជានៅមានការរំលោភសិទ្ធិមនុស្ស ហាក់ដូចជាធ្ងន់ធ្ងរឡើង ទាំងក្នុង ទីក្រុង និងនៅជនបទ ដែលរឿងរំលោភសិទ្ធិមនុស្សនេះបានរីកសាយភាយនិងត្រូវគេដឹងទាំងក្នុងតំបន់និងពិភពលោក។
«សង្ឃឹមថា រដ្ឋាភិបាលលោកនឹងពិចារណារាល់ការអំពាវនាវរបស់អង្គការសង្គម ស៊ីវិល ក៏ដូចជាជនរងគ្រោះដោយសារការរំលោភសិទ្ធិនេះ ព្រោះកម្មវិធី១០ធ្នូ ទិវាសិទ្ធិមនុស្សនេះ មិនមែនចូលរួមតែពីក្រុមអង្គការសង្គមស៊ីវិលមួយក្រុមទេគឺមានគ្រប់ទីកន្លែង ហើយទាំងនៅបណ្តារខេត្តផង ឃើញថា មានការប្រារព្ធ។ អញ្ចឹងហើយយើងឃើញថា ប្រជាពលរដ្ឋមានការខ្វល់ខ្វាយ អង្គការសង្គមស៊ីវិល មានការខ្វល់ខ្វាយយ៉ាងខ្លាំងចំពោះការរំលោភសិទ្ធិមនុស្សនៅកម្ពុជាយើងនេះ»។
លោកសង្កត់ធ្ងន់ថា កម្ពុជាហាក់ដូចជាស្ថិតនៅឆ្ងាយផ្នែកការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យហើយនឹងតួនាទីរបស់ប្រជាពលរដ្ឋដែលប្រទេសជាសមាជិក របស់អ.ស.ប.ត្រូវបំពញតាមកាតព្វកិច្ចខ្លួន តាមច្បាប់អន្តរជាតិនោះ៕