អង្គការសង្គមស៊ីវិលអន្តរជាតិ និងសមាគមតំណាងអ្នកបញ្ជាទិញចំនួន៣៣ នៅថ្ងៃអង្គារនេះ បានអំពាវនាវឲ្យរដ្ឋាភិបាលនៃបណ្តាប្រទេសធំៗចំនួន១៣ ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា អនុលោមតាមលក្ខខណ្ឌរបស់សហភាពអឺរ៉ុប ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ» ឬ ហៅកាត់ថា EBA ទាំងមូល។
ការអំពាវនាវនេះ ធ្វើឡើង ៣សប្តាហ៍មុនពេលដែលសហភាពអឺរ៉ុប គ្រោងនឹងចាប់ផ្តើមអនុវត្តការផ្អាកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញមួយចំនួនរបស់កម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ។
សហភាពអឺរ៉ុបបានផ្តល់ពេលឲ្យរដ្ឋាភិបាលកម្ពុជា១ឆ្នាំ ដើម្បីស្តារស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ ក្រោយពីមានការបង្ក្រាបទៅលើគណបក្សប្រឆាំង អង្គការក្រៅរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យតាំងពីឆ្នាំ២០១៧មក។
លិខិតចំហរបស់ក្រុមសង្គមស៊ីវិលអន្តរជាតិ រួមមានអង្គការ Article 19, EarthRights International, Globla Witness និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watchជាដើម ដែលចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដានេះ បានសរសេរថា៖
«យើងខ្ញុំសូមស្នើឲ្យរដ្ឋាភិបាលប្រទេសលទ្ធិប្រជាធិបតេយ្យទាំង១៣ មេត្តាអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឲ្យគោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងរបស់សហភាពអឺរ៉ុបក្នុងការនាំមកនូវការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យជូនប្រជាពលរដ្ឋខ្មែរទាំងអស់»។
រដ្ឋាភិបាលទាំង១៣ប្រទេសដែលក្រុមសង្គមស៊ីវិលទាំងនេះ បានស្នើឲ្យធ្វើអន្តរាគមន៍ទៅលើរដ្ឋាភិបាលកម្ពុជា រួមមានប្រទេសអូស្ត្រាលី កាណាដា ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ឥណ្ឌា ជប៉ុន ណូវេហ្សេឡង់ ស៊ុយអែត ហូឡង់ កូរ៉េខាងត្បូង ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក៕