មន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស អះអាងថា ស្ត្រីហ្វីលីពីន ១៣ នាក់ ដែលពពោះជំនួសគេ កំពុងស្ថិតក្រោមការឃ្លាំមើលពីតុលាការ ខណៈពួកគេកំពុងស្នាក់នៅមន្ទីរពេទ្យមួយកន្លែង ដែលមានការមើលថែដោយអាជ្ញាធរកម្ពុជា។
កាលពីថ្ងៃទី ២៣ ខែកញ្ញា ប៉ូលិសកម្ពុជាបានរកឃើញស្ត្រីជនជាតិហ្វីលីពីនចំនួន ២០ នាក់ ដែលសង្ស័យថាពាក់ព័ន្ធនឹងការពពោះជំនួសខុសច្បាប់នៅកម្ពុជា ក្នុងពេលកម្លាំងសមត្ថកិច្ចឆ្មក់ចូលផ្ទះវីឡាមួយកន្លែងនៅក្នុងខេត្តកណ្តាល។ ក្នុងចំណោមស្រ្តី ២០ នាក់នោះ ស្រ្តីហ្វីលីពីន ៧ នាក់ ដែលមិនទាន់មានផ្ទៃពោះ ត្រូវបានបញ្ជូនទៅប្រទេសហ្វីលីពីនវិញ កាលពីកន្លងទៅ។
អ្នកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ប្រាប់វីអូអេកាលពីថ្ងៃព្រហស្បតិ៍ថា មកដល់ពេលនេះ ស្រ្តីជនជាតិហ្វីលីពីន ១៣ នាក់ ដែលមានផ្ទៃពោះ កំពុងស្ថិតក្នុងការមើលថែទាំពីភាគីកម្ពុជានៅក្នុងមន្ទីរពេទ្យ។ អ្នកស្រីថា តុលាការកម្ពុជានឹងបន្តនីតិវិធីលើពួកគេ នៅពេលសម្រាលកូនរួច។ អ្នកស្រីបញ្ជាក់ថា ពួកគេបានជាប់បណ្តឹងតុលាការ ពាក់ព័ន្ធនឹងការពពោះជំនួសដែលអ្នកស្រីថាខុសច្បាប់របស់កម្ពុជា។
អ្នកស្រីថ្លែងថា៖ «គាត់នៅក្នុងកម្ពុជាតាមច្បាប់កម្ពុជារហូតដល់តែគាត់កើតកូនហើយគាត់ត្រូវចូលតុលាការវិញ ព្រោះយើងរាល់ថ្ងៃយើងថែទាំគាត់ក្នុងមន្ទីរពេទ្យ ដើម្បីរក្សាកូន ដោយសារទាំងអស់ហ្នឹងជាជនរងគ្រោះ»។
នៅពេលសួរថាក្រោយស្ត្រីទាំងនោះសម្រាលកូនរួច តើកូនៗពួកគេនឹងត្រូវប្រគល់ឱ្យទៅអ្នកណា ឬស្រ្តីទាំងនោះត្រូវមើលថែ អ្នកស្រី ជូ ប៊ុនអេង បញ្ជាក់ថា៖ «អត់មានប្រគល់អីទេ! ពេលហ្នឹងហើយយើងត្រូវនិយាយគ្នាឱ្យច្បាស់ថា គាត់ព្រមយកកូនទៅណា បើសិនគាត់នៅតែបន្តលក់ហ្នឹងទេ ហ្នឹងហើយដែលត្រូវផ្តន្ទាទោសតាមហ្នឹង»។
អ្នកស្រី ជូ ប៊ុនអេង បន្ថែមថា កម្ពុជានៅតែស្វាគមន៍ការសហការពីភាគីហ្វីលីពីន ដើម្បីចូលរួមក្នុងការស្វែងរកអ្នកពាក់ព័ន្ធទាំងអស់ក្នុងករណីនេះ ហើយហ្វីលីពីនក៏ត្រូវចូលរួមគោរពទៅតាមការអនុវត្តច្បាប់របស់កម្ពុជាដែរ។ អ្នកស្រីអះអាងថា ករណីនេះបានកើតនៅក្នុងប្រទេសកម្ពុជា ដូច្នេះអាជ្ញាធរកម្ពុជាត្រូវដោះស្រាយបញ្ហានេះ តាមនីតិវិធីច្បាប់។
បើតាមអ្នកស្រី ជូ ប៊ុនអេង អាជ្ញាធរកម្ពុជាកំពុងស្វែងជនពាក់ព័ន្ធថា តើម្ចាស់ទីតាំង ឬក៏អ្នករៀបចំសេវាពពោះជំនួសសម្រាប់ស្រ្តីហ្វីលីពីនទាំងនោះជាជនបរទេស ឬជនជាតិខ្មែរ។
ស្ថានទូតហ្វីលីពីនប្រចាំនៅកម្ពុជា ប្រាប់វីអូអេនៅថ្ងៃសុក្រថា ស្ថានទូតបន្តសម្របសម្រួលជាមួយអាជ្ញាធរកម្ពុជា ដើម្បីពន្លឿនដំណោះស្រាយទៅលើករណីនេះ។ ស្ថានទូតបញ្ជាក់ថា ស្ថានទូតធ្វើការជាមួយភ្នាក់ងារពាក់ព័ន្ធ ដើម្បីធានាការការពារសិទ្ធិរបស់ប្រជាពលរដ្ឋហ្វីលីពីននៅក្រៅប្រទេស។
ស្ថានទូតបញ្ជាក់ជាភាសាអង់គ្លេសដោយប្រែជាភាសាខ្មែរថា៖ «ស្ថានទូតនឹងបន្តសហការជាមួយភ្នាក់ងារអនុវត្តច្បាប់និងដៃគូអន្តរជាតិ ដើម្បីដោះស្រាយការជួញដូរមនុស្សគ្រប់ទម្រង់»។
កាលពីដើមខែតុលា ភាគីហ្វីលីពីនធ្លាប់បានបញ្ជាក់ថា ខ្លួននឹងផ្តល់ជំនួយផ្លូវច្បាប់ចំពោះស្រ្តីពពោះជំនួសគេ ចំនួន ១៣ នាក់ ក្នុងគោលបំណងការពារសិទ្ធិរបស់ស្ត្រីហ្វីលីពីនទាំងនោះ។
មន្រ្តីក្រសួងការបរទេសហ្វីលីពីនបានប្រាប់សារព័ត៌មានក្នុងស្រុករបស់ហ្វីលីពីនថា រដ្ឋាភិបាលហ្វីលីពីនបានផ្តល់ជំនួយដល់ស្រ្តីពពោះទាំងនោះ ហើយអាជ្ញាធរហ្វីលីពីននឹងធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីធានាថាមិនមានស្រ្តីហ្វីលីពីនផ្តល់សេវាពពោះជំនួស។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា អាជ្ញាធរកម្ពុជាត្រូវតែមានការស៊ើបអង្កេតឱ្យបានច្បាស់លាស់ ដើម្បីឱ្យដឹងថាស្តី្រទាំងអស់នោះគឺជាជនរងគ្រោះដោយការបង្ខំឱ្យមានពពោះជំនួស ឬក៏ពួកគេចូលរួមនៅក្នុងការពពោះជំនួស មុននឹងសម្រេចដាក់ទោស។
លោកបន្តថា កម្ពុជានិងហ្វីលីពីនគួរតែសហការគ្នាស៊ើបអង្កេតឱ្យបានហ្មត់ចត់ចំពោះករណីនេះ ដើម្បីរកឱ្យឃើញអ្នកពាក់ព័ន្ធក្នុងបណ្តាញនៃការជួញដូរមនុស្សពីហ្វីលីពីនមកកម្ពុជា ដើម្បីធានាបាននូវការអនុវត្តច្បាប់ទៅលើអ្នកប្រព្រឹត្តល្មើស និងការពារជនរងគ្រោះ។
លោកថ្លែងថា៖ «ភាគីទាំងពីរ បានន័យថា កម្ពុជានិងហ្វីលីពីនគួរតែសហការគ្នាបន្តក្នុងការស៊ើបអង្កេតទៅលើបទល្មើសនៃការជួញដូរមនុស្សនេះ ព្រោះយើងមើលទៅវាហាក់ដូចជាលក្ខណៈបណ្តាញ។ អ៊ីចឹងត្រូវតែមានការសហការគ្នា ដើម្បីស៊ើបអង្កេតទៅរកអ្នកដែលពាក់ព័ន្ធក្នុងបណ្តាញនៃការជួញដូរមនុស្សពីហ្វីលីពីនមកកម្ពុជា»។
ប្រទេសកម្ពុជាមិនមានច្បាប់ពាក់ព័ន្ធនឹងការផ្តល់សេវាស៊ីឈ្នួលពពោះទេ ប៉ុន្តែចាប់តាំងពីឆ្នាំ ២០១៦ មក រដ្ឋាភិបាលបានចាប់ផ្តើមហាមប្រាមមិនឱ្យមានសេវាកម្មនេះ។
កាលពីឆ្នាំ ២០១៨ ស្រ្តីខ្មែរមានផ្ទៃពោះជាង ៣០ នាក់ ត្រូវបានឃាត់ខ្លួនក្នុងប្រទេសកម្ពុជា ដោយសារផ្តល់សេវាពពោះជំនួសនេះ។ ពួកគេត្រូវបានតុលាការសម្រេចដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ «អំពើលក់-ជួញដូរមនុស្សសម្រាប់នាំឆ្លងដែន»។ ស្រ្តីទាំងនោះក៏តម្រូវឱ្យធ្វើកិច្ចសន្យាជាមួយអាជ្ញាធរថាត្រូវចិញ្ចឹមកូនទាំងនោះ។
នៅក្នុងករណីពពោះជំនួសនេះ កាលពីឆ្នាំ ២០១៧ តុលាការរាជធានីភ្នំពេញក៏ធ្លាប់បានផ្តន្ទាទោសស្រ្តីជនជាតិអូស្រ្តាលីម្នាក់ និងបុរស-ស្រ្តីជនជាតិខ្មែរ ២ នាក់ទៀត ជាប់ពន្ធនាគារ ១៨ ខែ ពាក់ព័ន្ធនឹងសំណុំរឿងជួលស្រ្តីខ្មែរឱ្យពពោះជំនួស។
គួរបញ្ជាក់ថា កម្ពុជាបានក្លាយជាគោលដៅដ៏ពេញនិយមមួយសម្រាប់ការផ្តល់សេវាពពោះជំនួសដែលរដ្ឋាភិបាលកម្ពុជាចាត់ទុកថាជាសេវាខុសច្បាប់ បន្ទាប់ពីសេវាស៊ីឈ្នួលពពោះជំនួស ត្រូវបានហាមប្រាមក្នុងប្រទេសថៃ ឥណ្ឌា និងនេប៉ាល់៕