ព្រះមហាក្សត្រយានី Elizabeth បានបញ្ជាក់ថា លោកស្រី Theresa May គឺជានាយករដ្ឋមន្ត្រីរបស់អង់គ្លេស និងបានហៅលោកស្រីឲ្យបង្កើតរដ្ឋាភិបាលថ្មីមួយ បន្ទាប់ពីទ្រង់បានទទួលសំណើលាលែងពីតំណែងរបស់លោក David Cameron នៅឯព្រះបរមរាជវាំង Buckingham កាលពីថ្ងៃពុធ។
គេរំពឹងថា លោកស្រី May ក្នុងវ័យ ៥៩ឆ្នាំ នឹងបង្ហាញគណៈរដ្ឋមន្ត្រីថ្មី ដោយរួមមានទាំងរដ្ឋមន្ត្រីទទួលបន្ទុកខាងចាត់ចែងការចាកចេញពីសហភាពអឺរ៉ុបរបស់អង់គ្លេសផងដែរ ហើយវាអាចទៅរួចដែលគេនឹងធ្វើឡើងនៅល្ងាចថ្ងៃពុធ ម៉ោងក្នុងស្រុក។
នៅក្នុងសុន្ទរកថាដំបូងបង្អស់របស់លោកស្រីក្នុងនាមជានាយករដ្ឋមន្ត្រី លោកស្រី May បានមានប្រសាសន៍ថា លោកស្រីមានផែនការនឹងដឹកនាំស្មារតីបង្រួបបង្រួម និងកសាងប្រទេសមួយសម្រាប់មនុស្សមនុស្សគ្រប់គ្នា។ លោកស្រីនិយាយថា លោកស្រីនឹងប្រយុទ្ធប្រឆាំងនឹងអំពើអយុត្តិធម៌សង្គម។
ថ្វីត្បិតតែលោកស្រី May ដែលជាអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងគណៈរដ្ឋមន្ត្រីរបស់លោក Cameron បានគាំទ្រឲ្យអង់គ្លេសរក្សាសមាជិកភាពរបស់ខ្លួននៅក្នុងសហភាពអឺរ៉ុបក៏ដោយ ក៏លោកស្រីបានមានប្រសាសន៍កាលពីដើមសប្តាហ៍នេះថា «អង់គ្លេសបោះឆ្នោតចាកចេញពីសហភាពអឺរ៉ុប ដូច្នេះត្រូវតែចាកចេញ» ប៉ុន្តែលោកស្រីក៏បានសង្កត់ធ្ងន់ទៅលើតម្រូវការក្នុងការចរចាទៅលើកិច្ចព្រមព្រៀងល្អបំផុតសម្រាប់ឲ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបផងដែរ។
លោកស្រី May ដែលជានាយករដ្ឋមន្ត្រីស្រីទី២របស់អង់គ្លេសបន្ទាប់ពីលោកស្រី Margaret Thatcher ក៏បានមានប្រសាសន៍ផងដែរថា លោកស្រីនឹងមិនផ្តួចផ្តើមទៅលើការចរចាចាកចេញពីអង់គ្លេសមុនចុងឆ្នាំនេះនោះទេ។
មុនពេលថ្លែងសុន្ទរកថាជាមួយនឹងព្រះមហាក្សត្រយានី លោក Cameron បានមានប្រសាសន៍នៅក្រៅវិមាននាយករដ្ឋមន្ត្រី នៅផ្លូវ 10 Downing Street ថា នេះគឺជាមហាកិត្តិយសរបស់លោកក្នុងជីវិតនេះ ដែលបានធ្វើការជានាយករដ្ឋមន្ត្រី។ ដោយមានភរិយានិងកូនៗ៣នាក់ឈរអមជាមួយផង លោក Cameron ទទួលបានការវាយតម្លៃចំពោះការងារជានាយករដ្ឋមន្ត្រីរបស់លោកថា លោកបានធ្វើឲ្យប្រទេសអង់គ្លេសកាន់តែខ្លាំងជាងមុននិងល្អជាងមុន។
លោក Cameron បានជូនពរដល់អ្នកស្នងតំណែងពីលោកឲ្យទទួលបានជោគជ័យក្នុងការចរចារបស់ខ្លួន ដើម្បីឲ្យអង់គ្លេសអាចចាកចេញពីសហភាពអឺរ៉ុប ដែលនេះគឺជាបញ្ហាដែលបានបង្ខំឲ្យលោកលាលែងពីតំណែង។
លោក Cameron បានបង្ហាញវត្តមានរបស់ខ្លួននៅក្នុងសភា កាលពីព្រឹកថ្ងៃពុធ ជាមួយនឹងការស្ញើចសរសើរដោយមានការក្រោកឈរឡើងចំពោះស្នាដៃការងាររបស់លោកជានាយករដ្ឋមន្ត្រីរយៈពេល៦ឆ្នាំ៕