សេតវិមានរំសាយក្រុមការងារមេរោគកូរ៉ូណា

រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចូលពិនិត្យមើលរោងចក្រផលិតគ្រឿងប្រដាប់ការពារផ្នែកសុខាភិបាលមួយនៅក្រុង Phoenix រដ្ឋ Arizona កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០។

សេតវិមានមានគម្រោងបញ្ចប់ក្រុមការងារមេរោគកូរ៉ូណារបស់ខ្លួន ថ្វីបើមានការបន្តការរាលដាលនៃការឆ្លងជំងឺកូវីដ១៩ក្នុងសហរដ្ឋអាមេរិកនិងការកើនឡើងនូវចំនួនមនុស្សស្លាប់ដោយសារមេរោគនេៈក៏ដោយ។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់កាលពីថ្ងៃអង្គារម្សិលមិញថា ក្រុមការងារដែលដឹកនាំដោយលោកអនុប្រធានាធិបតី Mike Pence នឹងត្រូវផ្អាក។

ក្នុងអំឡុងនៃដំណើរទស្សនកិច្ចទៅកាន់រោងចក្រមួយនៅទីក្រុង Phoenix រដ្ឋអារីហ្សូណាដែលផលិតម៉ាស់ លោកប្រធានាធិបតីត្រាំបានប្រាប់ពួកអ្នកយកព័ត៌មានថា «លោកអនុប្រធានាធិបតី Mike Pence និងក្រុមការងារមេរោគកូរ៉ូណារបស់លោកបានធ្វើការងារដ៏អស្ចារ្ស ក៏ប៉ុន្តែយើង ឥឡូវនេះ កំពុងមើលប្រភេទការងារផ្សេងពីនេះ ហើយប្រភេទការងារនោះគឺ សុវត្ថិភាពនិងការបើកពាណិជ្ជកម្មឡើងវិញ»។

សហរដ្ឋអាមេរិក នៅពេលបច្ចុប្បន្ននេះ មានការឆ្លងមេរោគកូរ៉ូណា១លាន២សែនករណីដែលជាចំនួនច្រើនជាងប្រទេសណាទាំងអស់នៅក្នុងពិភពលោក និងមានមនុស្សស្លាប់ជាង៧ម៉ឺននាក់។

លោកប្រធានាធិបតីត្រាំបានទទួលស្គាល់ថា វិបត្តិសុខភាពនេះនៅវែងឆ្ងាយតទៅ​ទៀត ក៏ប៉ុន្តែបាននិយាយថា «យើងមិនអាចបិទប្រទេសរបស់យើងរយៈពេល​៥​ឆ្នាំ​ទៅ​មុខទៀតទេ»។

សេដ្ឋកិច្ចសហរដ្ឋអាមេរិកបានរងការប៉ះពាល់យ៉ាងខ្លាំងដោយការរាតត្បាតនៃមេរោគកូរ៉ូណា។ ពលរដ្ឋអាមេរិកាំងជាង៣០លាននាក់បានដាក់ពាក្យសុំប្រាក់គ្មានការងារធ្វើ។

លោក Kevin Hassett ទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមាន បាននិយាយកាលពីថ្ងៃអង្គារថា លោករំពឹងថា អត្រាគ្មានការងារធ្វើកាលពីខែមេសា មាន​លើស​ពី​១៦​ភាគរយ «ប្រហែល២០ភាគរយ»។ លោកបានប្រាប់ទូរទស្សន៍ CNN ថា «យើងនឹងឃើញ​អត្រាគ្មានការងារដ៏អាក្រក់បំផុតចាប់តាំងពីការមិនរីកចម្រើនសេដ្ឋកិច្ចដ៏ខ្លាំងមក»៕