តុលាការកំពូល នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការ ដោយបញ្ជាឱ្យនាំខ្លួនសកម្មជនអតីតគណបក្សសង្គ្រោះជាតិចំនួន១៣នាក់ ទៅឃុំនៅមណ្ឌលឃុំឃាំងត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ បន្តទៀត រហូតដល់គ្រប់រយៈពេលកំណត់។
ពួកគេទាំង១៣នាក់នេះត្រូវបានតុលាការចោទពីបទ«រួមគំនិតក្បត់ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញនិងសាលាឧទ្ធរណ៍កាត់ទោសដាក់ពន្ធនាគារ៥ឆ្នាំ តែត្រូវជាប់ទោសតែ៣ឆ្នាំនិង៨ខែ។ ទោសសល់ពីនោះ ត្រូវព្យួរ។ នេះបើតាមមេធាវីការពារសកម្មជនទាំងនោះ គឺលោក សំ សុគង់។
ចៅក្រមតុលាការកំពូល លោក ស៊ឹង បញ្ញាវុធ ប្រធានប្រឹក្សាជំនុំជម្រះ បានប្រកាសសាលដីកា ដោយបដិសេធបណ្តឹងសាទុក្ខរបស់ពួកគេទាំង១៣នាក់ និងបានប្រកាសតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការ។
ក្រោយចៅក្រមតុលាការកំពូលបិទបញ្ចប់សវនាការនៃការប្រកាសសាលដីកា លោកមេធាវី សំ សុគង់ ដែលការពារក្តីឱ្យអតីតសកម្មជនទាំង១៣នាក់ ប្រាប់អ្នកសារព័ត៌មានសំឡេងសហរដ្ឋអាមេរិកវីអូអេនៅខាងក្រៅតុលាការកំពូលថាលោកខកចិត្តចំពោះសាលដីការបស់តុលាការកំពូល។ លោកថា ការកាត់ទោសរបស់តុលាការថ្នាក់ក្រោមកាលពីកន្លងទៅមានកំហុសមួយចំនួន ដែលរួមមាន«បំភ្លៃអង្គហេតុ ការអនុវត្តច្បាប់ខុស និងសំអាងហេតុ និងសេចក្តីសម្រេចផ្ទុយគ្នា»។ ដូច្នេះលោកថា តុលាការកំពូលគួរពិចារណារឱ្យសាលាឧទ្ធរណ៍កាត់ឡើងវិញ ឬដោះលែងកូនក្តីរបស់លោកឱ្យមានសេរីភាព។
អតីតសកម្មជនគណបក្សសង្គ្រោះជាតិត្រូវបានចាប់ឃុំខ្លួន អំឡុងឆ្នាំ២០២០។ ពួកគេត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទ«រួមគំនិតក្បត់ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» កាលពីខែមីនា ឆ្នាំ២០២២។ តុលាការចោទពួកគេថាបានចូលរួមក្នុង«ចលនាសង្គ្រោះជាតិ» ដែលបង្កើតឡើងនៅក្រៅប្រទេស ដោយអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ តាំងពីឆ្នាំ២០១៨មក។ ពួកគេក៏ត្រូវបានចោទប្រកាន់ពាក់ព័ន្ធផែនការមាតុភូមិនិវត្តន៍មិនបានសម្រេចរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។
អតីតសកម្មជនបក្សសង្គ្រោះជាតិក្នុងចំណោម១៣នាក់ រួមមាន លោក ស៊ុន ធន់ លោក ឆុន ប៊ុនឆាត លោក យឹម សារ៉េត លោក ជុំ ចាន់ លោក កែវ ថៃ លោក ឡុង ផារី លោក ពៀត ម៉ាប់ លោក សុខ ចាន់ថា លោក ឃឹម ភាណា លោក ឃុត ច្រឹក លោក ញ៉ែម វ៉ាន លោក ថៃ គន្ធា និងលោក ងិន ឃាន។
កាលគណបក្សសង្គ្រោះជាតិមិនទាន់ត្រូវបានតុលាការកំពូលរំលាយ ពួកគេខ្លះជាសមាជិកក្រុមប្រឹក្សាអតីតគណបក្សសង្គ្រោះជាតិប្រចាំខេត្ត ខ្លះជាចៅសង្កាត់ និងខ្លះជាជំទប់ឃុំជាដើម។
ក្នុងពេលកាត់ក្តីនៅសាលាដំបូងរាជធានីភ្នំពេញ តុលាការបានយកភស្តុតាងដាក់បន្ទុក ជាឃ្លីបវីដេអូជាង៣ម៉ោងទាក់ទងនឹងព្រឹតិ្តការណ៍នៃការបង្កើតចលនាសង្គ្រោះជាតិជាផ្លូវការនៅសហរដ្ឋអាមេរិក និងភស្តុតាងដែលជាការសន្ទនាឆ្លើយឆ្លងតាមទូរស័ព្ទរបស់ជនជាប់ចោទលោក ញ៉ែម វ៉ាន លោក ឡុង ផារី លោក ងិន ឃាន លោក ឃុត ច្រឹក និងលោក យឹម សារ៉េត។
បើតាមការសន្ទនាគ្នាតាមទូរស័ព្ទនោះ មានខ្លះផ្តោតលើហេតុការណ៍នានាទាក់ទិនការឆ្លងរាតត្បាតជំងឺកូវីដ១៩ និងមួយចំនួនផ្តោតលើការចូលរួមបង្កើតបក្សនយោបាយថ្មីដែលមិនបានបញ្ចេញឈ្មោះនិងការនិយាយអំពីវត្តមានរបស់ប្រមុខការទូតអាមេរិកនៅកម្ពុជាក្នុងសវនាការរបស់លោក កឹម សុខា និងការប៉ុនប៉ងរបស់ជនជាប់ចោទម្នាក់ឈ្មោះ ញ៉ែម វ៉ាន ដែលចង់ទៅបំផ្ទុះគ្រាប់បែកឆ្នុកក្នុងទឹកដីថៃជាប់តំបន់ប៉ោយប៉ែត។
មេធាវីការពារក្តីឱ្យជនជាប់ចោទលោក សំ សុគង់ ក៏តែងតែការពារកូនក្តីខ្លួនថាភស្តុតាងជាវីដេអូដែលមានរយៈពេលជាងបីម៉ោង មិនជាប់ទាក់ទងនឹងកូនក្តីទាំង១៣នាក់ដែលកំពុងស្ថិតក្នុងឃុំទេ។ លោកបន្តថាភស្តុតាងនេះ ក៏មិនសូវមានប្រយោជន៍ដល់សវនាការកូនក្តីរបស់លោកដែរ ហើយកូនក្តីលោកក៏ប្រាប់លោកថាពួកគាត់មិនដែលបានឃើញឃ្លីបវីដេអូនោះទេ។
ក្រោយតុលាការកំពូលប្រកាសសាលដីកា អ្នកស្រី អ៊ុក ចន្ធី ភរិយារបស់លោក យឹម សារ៉េត ចាត់ទុកការកាត់ទោសរបស់តុលាការជារឿងអយុត្តិធម៌សម្រាប់ស្វាមីនិងសកម្មជនផ្សេងទៀត។
អ្នកស្រីប្រាប់វីអូអេថា៖ «ខ្ញុំយល់ឃើញថាការកាត់ទោសក្រុមគ្រួសាររបស់ខ្ញុំទាំង១៣នាក់ហ្នឹង គឺកាត់ទោសទាំងអយុត្តិធម៌ ដោយសារថាពួកគាត់ទាំងអស់គ្នាអត់ មានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការដំបូងទេ គឺតុលាការដំបូងកាត់ទោសគាត់ហ្នឹង គឺកាត់ទោសដោយអត់មានភស្តុតាងអ្វីទាំងអស់ គឺជាការចោទប្រកាន់ទាំងស្រុងតែម្តង»។
អ្នកស្រី ចន្ធី ចង់ឃើញអ្នកនយោបាយខ្មែរជជែករកដំណោះស្រាយ ទើបស្វាមីអាចមានសេរីភាពឡើងវិញ។
អ្នកស្រីបន្តថា៖ «ស្រុកខ្មែរយើងលុះត្រាមានបរិបទនយោបាយធូរស្រាល អាហ្នឹងទើបសង្ឃឹមថា ពួកគាត់ត្រូវគេដោះលែង។ បើថាអត់មានបរិបទនយោបាយធូរស្រាលទេ គឺពួកគាត់នៅតែជាប់ឃុំរហូត។ ទាល់តែគាត់អនុវត្តទោសគាត់ចប់សព្វគ្រប់ហ្មង»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកស្រី ម៉ៅ ធីតា អ្នកនាំពាក្យតុលាការកំពូលបាននៅឡើយទេ។
លោក យី សុខសាន្ត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក ដែលបានចូលស្តាប់ក្នុងសវនាការ យល់ឃើញថាតុលាការកំពូលគួរតែប្រើឆន្ទានុសិទ្ធសម្រេចឱ្យអតីតសកម្មជនសង្គ្រោះជាតិទាំង១៣នាក់នេះ មានសេរីភាព ព្រោះអ្នកជាប់ទោសទាំងនេះបានអនុវត្តទោសបានប្រមាណ៧០%ហើយ។ លោកក៏ជំរុញឲ្យមានដំណោះស្រាយនយោបាយ ដើម្បីបញ្ចៀសសម្ពាធទណ្ឌកម្មលើប្រទេសកម្ពុជា។
លោកថ្លែងថា៖ «បើយើងគិតថាកម្ពុជាមានសន្តិភាពមែន មានន័យថា អ្នកនយោបាយមិនមានទោសទេ។ គឺច្បាប់យើងមានចែងគ្រប់គ្រាន់ពាក់ព័ន្ធទៅនឹងផ្តល់សិទ្ធិសេរីភាពឱ្យពួកគេបានធ្វើនយោបាយ ដោយអហិង្សា ដោយស្មើភាពចំពោះការប្រកួតប្រជែង ដែលមានអាជ្ញាកណ្តាលមួយឯករាជ្យ»៕