Your browser doesn’t support HTML5
វ៉ាស៊ីនតោន៖ អ្នកឃ្លាំមើលដំណើរការប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាបានអះអាងថា គណបក្សឈ្នះសម្លេងភាគតិចមានកម្លាំងខ្លាំងក្នុងប្រព័ន្ធត្រួតពិនិត្យផ្ទៀងផ្ទាត់រដ្ឋាភិបាលឯកបក្ស គឺជាការជួយដល់ដំណើរការដឹកនាំប្រទេសឲ្យមានប្រសិទ្ធិភាពនិងស្របតាមដំណើរការសង្គមប្រជាធិបតេយ្យសេរីពហុបក្ស។ នេះបើតាម ការអះអាងរបស់លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល ដែលជាវាគ្មិននៃកម្មវិធីហេឡូវីអូអេនៅយប់ថ្ងៃព្រហស្បតិ៍។
គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សឈ្នះឆ្នោតបានរៀបចំអង្គការនីតិប្រតិបត្តិ តាមរបៀបឯកបក្សដូចច្បាប់កំណត់៥០ភាគរយបូក១។ តែគណបក្សនេះ ក៏ចង់រៀបចំអង្គការនីតិបញ្ញត្តិដែលខ្លួនជាអ្នកគ្រប់គ្រងសំឡេងភាគច្រើនក្នុងជួរថ្នាក់ដឹកនាំឬប្រធានគណៈកម្មាការទាំង៩ផងដែរ ដែលមន្ត្រីគណបក្សជំទាស់និងអ្នកវិភាគចាត់ទុកថាជាការធ្វើឲ្យប្រព័ន្ធត្រួតពិនិត្យផ្ទៀងផ្ទាត់ចុះខ្សោយ ហើយអាចធ្វើឲ្យរដ្ឋាភិបាលធ្វើអ្វីបានស្រេចតែចិត្ត។
លោក គល់ បញ្ញាបានអះអាងថាសមាជិកសភាមកពីគណបក្សតែមួយមិនអាច ត្រួតពិនិត្យផ្ទៀងផ្ទាត់ឬអាចកោះហៅមន្ត្រីរដ្ឋាភិបាលគណបក្សខ្លួនមកឆ្លើយ ឲ្យមានប្រសិទ្ធិភាពទេ ដោយសារគណបក្សមានអំណាចពេក។ ហើយគួបផ្សំ សមាជិកសភាគ្មានភាពឯករាជ្យនិងភ័យខ្លាចការស្តីបន្ទោសនិងការដកចេញពី ដំណែងផងនោះនឹងអាចជាបញ្ហា។
តែ លោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាវិញអះអាងថា នៅអាណត្តិថ្មីនេះ នឹងមិនអត់ឱនដល់មន្ត្រីរដ្ឋាភិបាលណាដែលប្រព្រឹត្តកំហុសទេ។
រដ្ឋាភិបាលប្រទេសកម្ពុជាបានផ្តល់ដីសម្បទាន ការខ្ចីប្រាក់បរទេស មានបញ្ហារំលោភបំពានដីធ្លី និងការរំលោភសិទ្ធិនានា។ រឿងនេះ សឹងតែគ្មានកោះហៅមន្ត្រីរដ្ឋាភិបាលមកបំភ្លឺក្នុងសភាពីហេតុការណ៍ដែលបានកើតក្នុងអាណត្តិទី៤ទេ។
ក្នុងអាណត្តិទី៥នេះទៀតក៏ទំនងជាពិបាកធ្វើដែរប្រសិនបើការដឹកនាំប្រទេសមានតែគណបក្សមួយហើយគ្មានការសម្របសម្រួលនយោបាយពីបក្សជំទាស់។នេះជាការអះអាងរបស់លោក គល់ បញ្ញាដែលបានបន្តថាកាលពីអណត្តិមុនៗគេមិនសូវមានការព្រួយបារម្ភទេដោយសារថារដ្ឋាភិបាលនិងរដ្ឋសភាមានគណបក្ស ចំរុះ។ តែពេលនេះមានតែគណបក្សមួយដែលតំរូវឲ្យមានការត្រួតពិនិត្យការដឹកនាំប្រទេសខ្លាំងជាងមុនទើបប្រសើរ។
លោកគល់ បញ្ញាដែលចាត់ទុកថាអាណត្តិទី៤នៃរដ្ឋសភាជាអាណតិ្តដែលទន់ជ្រាយជាងគេដោយសារតែមានប្រព័ន្ធឯកបក្សនោះបានបន្ថែមថា លោកសង្ឃឹមថា គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិនឹងធ្វើសម្បទានគ្នារឿងប្រព័ន្ធត្រួតពិនិត្យផ្ទៀងផ្ទាត់ក្នុងសភានេះដើម្បីផលប្រយោជន៍ប្រទេសជាតិ៕