រដ្ឋាភិបាលចិនបានបង្កើនការត្រួតត្រាដោយត្រួតពិនិត្យបណ្តាញសង្គមហើយកំណត់គោលដៅវាយប្រហារពួកពលរដ្ឋចិននៅឯក្រៅប្រទេសដែលរិះគន់រដ្ឋាភិបាលក្រុងប៉េកាំងតាមបណ្តាញសង្គម។ មធ្យោបាយដាក់សម្ពាធមានឈ្មោះថា zhulian ជាវិធីដាក់ទណ្ឌកម្មបូរាណមួយមានន័យថា «មានទោសដោយសារការសេពគប់»។ ជាធម្មតាវិធីនេះមានទាក់ទិននឹងការគំរាមកំហែងដោយពួកប៉ូលិសទៅលើពួកសមាជិកគ្រួសារនៅក្នុងប្រទេសចិនដោយសារសកម្មភាពនៃញាតិសន្តានពួកគេនៅក្រៅប្រទេស។
ការណ៍នេះបានកើតមានឡើងដល់ Zoo ដែល ជាឈ្មោះតាម Twitter របស់និស្សិតស្រីចិនម្នាក់ដែលធ្វើការសិក្សាក្រោយទទួលបរិញ្ញាបត្រនៅក្នុងប្រទេសអូស្ត្រាលីដែលឳពុកនាងបានត្រូវកោះហៅច្រើនដងឱ្យទៅកាន់ប៉ុស្តិ៍ប៉ូលិសពីព្រោះនាងបានរិះគន់ពួកមេដឹកនាំគណបក្សកុម្មុយនិស្តចិនតាមបណ្តាញសង្គម។
ក៏ប៉ុន្តែដោយមិនរឹតត្បិតសេរីភាពគណនី Twitter របស់នាង នាង Zoo ហ៊ាននិយាយជាងមុនដោយផ្តល់វីដេអូជាច្រើនអំពីការធ្វើទុក្ខបុកម្នេញនាងដោយពួកប៉ូលិសតាមរយៈការនិយាយគ្នាតាមវីដេអូ។ រឿងរបស់នាងផ្តល់ព័ត៌មានដ៏កម្រអំពីថា តើអាជ្ញាធរចិនប្រើគ្រួសាររបស់ពួកអ្នកប្រឆាំងបែបណាដើម្បីខ្ទប់មាត់ពួកគេ។
កាលពីខែមេសា ឪពុករបស់ Zoo បានបានត្រូវកោះហៅឱ្យទៅកាន់ប៉ុស្តិ៍ប៉ូលិសនៅក្នុងក្រុងតូចមួយក្នុងប៉ែកខាងត្បូងនៃប្រទេសចិន។
ពួកប៉ូលិសបានសួរចម្លើយលោកអំពីគណនី Twitter របស់ Zoo គឺ @FakeNewsOfChina។
គណនីរបស់នាងមានអ្នកចូលមើលប្រមាណ៥ពាន់នាក់នៅពេលសម្ភាសន៍របស់នាងជាមួយ VOA ហើយជាទៀងទាត់នាងបានបង្ហោះរូបថតនិងបង្ហោះតាម Tweets និយាយរិះគន់ប្រធានាធិបតីចិនលោក Xi Jinping។
ពួកប៉ូលិសបានសុំឲ្យឪពុក Zoo ទាក់ទងនឹងនាងតាមការសន្ទនាគ្នាតាមវីដេអូនៅនឹងកន្លែងដោយព្យាយាមបង្ខំនាងឱ្យប្រគល់ពាក្យសម្ងាត់នៃគណនីរបស់នាង។ Zoo បានថតការនិយាយគ្នាទាំងស្រុងហើយនៅពេលបន្ទាប់មកនាងបានរំលែកជាមួយ VOA។
នៅក្នុងការសន្ទនាគ្នាតាមវីដេអូនោះ ឪពុកនាងបានសុំច្រើនដងឱ្យនាងប្រាប់ពាក្យសម្ងាត់នៃគណនីរបស់នាងទៅពួកប៉ូលិស។
ឪពុកនាងបាននិយាយថា៖ «កងកម្លាំងបរទេសកំពុងប្រើកូន។ ប្រធានាធិបតី Xi ជាមេដឹកនាំអស្ចារ្យសម្រាប់ប្រទេសយើង»។ ឪពុកនាងជាសាស្ត្រាចារ្យខាងលទ្ធិ Marx នៅក្នុងសាកលវិទ្យាល័យមួយ។ លោកបង្រៀនប្រវត្តិសាស្ត្រនៃគណបក្សកុម្មុយនិស្ត និងទស្សនវិជ្ជានយោបាយរបស់លោក Xi Jinping។
នាយប៉ូលិសម្នាក់ដែលប្រាប់ថា គាត់ឈ្មោះ Hu បាននិយាយថា៖ «នាងនិយាយភាសាចិន មែនទេ? ទោះណាជានាងនៅទីណាក៏ដោយក៏នាងត្រូវតែកុំភ្លេចថា នាងជាជនជាតិចិន។ នាងត្រូវតែចាំថា គ្រួសារនាងជាជនជាតិចិន»។
Zoo បដិសេធថា ខ្លួនគ្មានទាក់ទិនជាមួយគណនី Twitter នេះទេ។
នាយប៉ូលិសរូបនេះបាននិយាយថា៖ «មានគណនី Twitter ប្រឆាំងនឹងលោក Xi ជាច្រើនហើយយើងភ្ជាប់គណនីនេះទៅនឹងនាង»។ នាយប៉ូលិស Hu បានដំឡើងសំឡេងថា៖ «ការណ៍នេះមានន័យថានាងជាម្ចាស់គណនីនេះ!»។
Hu បានថ្លែងទៀតថា៖ «នាងបានបង្រៀនអ្នកឯទៀតៗឱ្យប្រើ VPN ដោយបញ្ចៀស firewall មែនទេ? នាងគិតថាយើងមិនដឹងអំពីសកម្មភាពរបស់នាងឬ?»។
Hu បានសម្លុត Zoo ថា៖ «នាងបានហៅអ្នកឯទៀតឱ្យធ្វើបាតុកម្មនៅមុខស្ថានទូតមែនទេ? ជាមួយបច្ចេកវិជ្ជាទំនើបបែបនេះនាងនៅតែគិតថា យើងមិនអាចតាមដានសារតាម Twitter មែនទេ?»។
កលល្បិចនៃការធ្វើទុក្ខបុកម្នេញនេះបានត្រូវប្រើដំបូងគេទៅលើក្រុមអ្នកប្រើ Twitter នៅក្នុងប្រទេសចិនដីគោក។ ដោយចាប់ផ្តើមកាលពីឆ្នាំ២០១៨ អាជ្ញាធរចិនបានធ្វើការបង្ក្រាបនៅទូទាំងប្រទេសដើម្បីបំបិទមាត់ពួកអ្នកប្រើ Twitter ដែលរិះគន់អាជ្ញាធរ ទោះណាជាគ្មានកម្មវិធីបណ្តាញសង្គមនៅក្នុងប្រទេសចិនដោយគ្មាន VPN ដើម្បីបញ្ចៀសពី firewall របស់ប្រទេសចិនក៏ដោយ។ ពួកអ្នកប្រើ Twitter ក្នុងប្រទេសចិនដែលផ្សាយអត្ថបទប្រឆាំងនឹងអាជ្ញាធរបានត្រូវពួកប៉ូលិសកោះហៅហើយបង្គាប់ពួកគេឱ្យលុប Tweets ឬលប់ចោលគណនីពួកគេទាំងស្រុង។
គេហទំព័រព័ត៌មានមួយអំពីសិទ្ធិមនុស្ស វិធានការច្បាប់ និងសង្គមស៊ីវិលនៅក្នុងប្រទេសចិនឈ្មោះ China Change បានចងក្រងព័ត៌មានអំពី Tweets ចំនួន៤២ ពីពួកអ្នកប្រើប្រាស់ដែលសរសេរអំពីសម្ពាធដែលពួកគេបានប្រឈមពីអាជ្ញាធរ។ ពួកជនទាំងនេះមានរួមបញ្ចូលពួកអ្នកកាសែតល្បីៗ ពួកអ្នកប្រឆាំង ពួកបញ្ញវន្ត ក្រុមនិស្សិតនិងពួកប្រជារាស្ត្រសាមញ្ញដែលបានសម្រេចបញ្ចេញការយល់ឃើញរបស់ពួកគេ។
មនុស្សខ្លះក្នុងបណ្តាក្រុមជនទាំងនេះបានត្រូវជាប់ឃុំឃាំង។ យ៉ាងតិចណាស់មានអ្នកប្រើ Twitters ម្នាក់រង់ចាំការចោទប្រកាន់ពីបទព្រហ្មទណ្ឌ។
ក្រុមហ៊ុន Twitter មិនបានធ្វើអត្ថាធិប្បាយអំពីសកម្មភាពរបស់អាជ្ញាធរចិនទេ។ ក៏ប៉ុន្តែនៅពេលនេះ ការបង្ក្រាបនៅក្នុងប្រទេសចិនកំពុងពង្រីកទៅកាន់ពួកអ្នកប្រើ Twitter ចិនរស់នៅឯក្រៅប្រទេស។
Zoo បាននិយាយប្រាប់ VOA ថា ឪពុកនាងគាំទ្រដោយស្មោះចំពោះការយល់ឃើញរបស់ពួកប៉ូលិសអំពីស្ថានភាពនាង ទោះណាជាលោកបានត្រូវបង្ខំចិត្តទៅកាន់ ប៉ុស្តិ៍ប៉ូលិសនៅពេលប៉ូលិសបានហៅលោកទៅ។
Zoo បានថ្លែងប្រាប់ VOA ថា៖ «ឪពុកខ្ញុំបានប្រមូលភស្តុតាងឲ្យពួកប៉ូលិសសម្ងាត់ guoba។ គាត់បាននិយាយប្រាប់ពួកគេអំពីពួកមិត្តភក្តិខ្ញុំ។ គាត់និយាយប្រាប់ខ្ញុំថា ខ្ញុំគួរប្រគល់ខ្លួនឱ្យពួកអាជ្ញាធរ»។
ជំនួសឲ្យមានការបញ្ឈប់ការរិះគន់របស់នាងតាម Tweets នាងZooបានសម្រេចធ្វើការផ្សាយជាសាធារណៈថែមទៀត។ កាលពីថ្ងៃទី៣១ ខែឧសភា នាងបានចូលរួមការរំឭកដល់ការបង្ក្រាបនៅលើទីលាន Tiananmen តាម ។ Zoo ជាអ្នកចូលរួមវ័យក្មេងតែម្នាក់គត់ដែលហ៊ានបញ្ចេញមុខតាមវីដេអូ។
ការណ៍ធ្វើដូច្នេះនាំឱ្យឪពុកនាងមានបញ្ហាទៀត។ ពួកប៉ូលិសបានកោះហៅលោកជាច្រើនដងនៅក្រោយវេទិកាតាមអ៊ីនធឺណិតនេះ។
ឪពុកនាង Zoo បាននិយាយប្រាប់នាងតាមសារ WeChat ថា៖ «ឪពុកពិបាកចិត្តណាស់។ កូនត្រូវតែវិលត្រឡប់មកមាតុភូមិវិញហើយចាប់ផ្តើមជីវិតថ្មី។ កូនត្រូវតែចាកចេញពីពួកមនុស្សបិសាចទាំងនេះ។ មានតែធ្វើដូច្នេះទេទើបកូនអាចរស់បានពីរបីឆ្នាំទៀត»។
បន្ទាប់មកឪពុកនាងបានស្នើឱ្យគ្រួសារធ្វើដំណើរមួយជាមួយគ្នា។
Zoo បាននិយាយប្រាប់ VOA ថា៖ «ខ្ញុំមិនជិតដិតខ្លាំងណាស់ណាទេជាមួយឪពុកម្តាយខ្ញុំ។ យើងមិនដែលធ្វើដំណើរជាមួយគ្នាទេ។ ឪពុកម្តាយខ្ញុំចង់ប្រើវិធីនេះដើម្បីបង្ខំខ្ញុំឱ្យប្រគល់ខ្លួនឱ្យអាជ្ញាធរ។ ខ្ញុំមានអារម្មណ៍ជិនឆ្អន់។ ឪពុកម្តាយខ្ញុំប្រើប្រាស់ការស្រឡាញ់របស់ខ្ញុំចំពោះពួកគាត់»។
ក៏ប៉ុន្តែនាង Zoo បានថ្លែងថា នាងក៏យល់អំពីឪពុកម្តាយនាងដែរពីព្រោះ «ពួកគាត់ក៏ជាជនរងគ្រោះដែរ»។
នាង Zoo មិនទាន់ប្រគល់អក្សរសម្ងាត់នៃគណនីនាងទៅឱ្យពួកប៉ូលិសចិនទេ។ នាងចង់ការពារពួកអ្នកមើលគណនីនាងប្រាំពាន់នាក់ហើយខាងចង់ឱ្យគណបក្សកុម្មុយនិស្តដឹងថា ពួកគេមិនអាចធ្វើអ្វីតាមអំពើចិត្តបានទេ។
Zoo បាននិយាយថា៖ «ប្រសិនបើខ្ញុំធ្វើតាមពួកគេ ពួកគេនឹងគិតថា ពួកគេអាចធ្វើអ្វីទាំងអស់តាមពួកគេចង់ ទោះជាទៅលើពួកជនជាតិចិននៅក្រៅប្រទេសក៏ដោយ។ ខ្ញុំនឹងមិនធ្វើការសម្របសម្រួលដែរ។ ខ្ញុំនឹងបន្តការប្រយុទ្ធរបស់ខ្ញុំតទៅទៀត»។
ប្រែសម្រួលដោយលោកឈឹម សុមេធ