កាសែត​ភ្នំពេញ​ប៉ុស្តិ៍​លក់​ឲ្យ​វិនិយោគិន​ម៉ាឡេស៊ីចំពេល​មាន​ការព្រួយ​បារម្ភថា​ជា​សញ្ញា​បញ្ចប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មុន​ការ​បោះឆ្នោត

រូបភាពឯកសារ៖ ក្មេងប្រុសម្នាក់ព្យួរកាសែត Phnom Penh Post ភាសាអង់គ្លេស​ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជាកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ ២០០៨។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍ត្រូវ​បាន​ទិញដោយ​វិនិយោគិន​ម៉ាឡេស៊ីម្នាក់​ កាលពីថ្ងៃសៅរ៍​ចំពេល​មានការ​ព្រួយបារម្ភ​ថា ​ការលក់នេះ​អាច​ជា​សញ្ញា​បង្ហាញពី​ការ​បញ្ចប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មុនការ​បោះឆ្នោតសភានៅ​ខែ​កក្កដា។​

ព័ត៌មាននេះ​បាន​កើតឡើង​ចំពេលមាន​ការបង្ក្រាប​ជា​បន្តបន្ទាប់​ដោយ​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ​និង​សម្ព័ន្ធមិត្ត​របស់លោក​ប្រឆាំង​មនុស្ស ដែល​រដ្ឋាភិបាល​យល់ថា ជា​អ្នក​រិះគន់រួមទាំងអ្នក​នយោបាយ​ប្រឆាំង អ្នក​សារព័ត៌មាន​ឯករាជ្យ​និងក្រុម​សិទ្ធិ​មនុស្ស​ មុនការបោះឆ្នោត។ ​

លោក Bill Clough ​ប្រធានក្រុមហ៊ុន ​Post Media Ltd ដែល​ជាក្រុមហ៊ុន​បោះ​ពុម្ព​ផ្សាយ​កាសែត​ភ្នំពេញប៉ុស្តិ៍​បាន​សរសេរ​ក្នុងសេចក្តី​ថ្លែង​ការណ៍​ថា ​ក្រុមហ៊ុន​នេះ​ត្រូវបាន​លក់ទៅឱ្យ​វិនិយោគិន​ម៉ាឡេស៊ីម្នាក់​ឈ្មោះ Sivakumar G. Siva។ ​

លោក Chad Williams ​អតីត​និពន្ធនាយក​កាសែត​នេះ​ បាន​និយាយ​ថា ​រដ្ឋាភិបាល​ប្រហែល​ជា​បង្ខិតបង្ខំឲ្យ​មាន​ការលក់​កាសែត​នេះ។ សេចក្តី​រាយ​ការណ៍​របស់​សាជីវកម្មផ្សាយ​របស់់​អូស្ត្រាលី(ABC) ​បាន​ឱ្យដឹង​ថា​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩២ ​ហើយ​កាសែតនេះ​បាន​ប្រឈម​នឹង​ការកំណត់បង់ពន្ធមាន​ទឹកប្រាក់​៥​លានដុល្លារ​អាមេរិក​កាលពី​ឆ្នាំ​មុន។

លោក ​Williams ​បានប្រាប់ ​Reuters ​ថា ​«មើលពី​ខាង​ក្រៅឃើញថា ​បញ្ហារំខាន​បំផុត​នោះ​គឺពេល​វេលានៃការ​ទូទាត់​វិក្កយបត្រ​ពន្ធ ​និង​ការលក់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បន្ត»។​ លោក Williams ​បាន​មាន​ប្រសាសន៍​បន្តថា ​«នេះ​ជាការ​រំខាន​ខ្លាំង​ណាស់​ ព្រោះវា​នាំឲ្យ​គេអាច​យល់​បាន​ថា​រដ្ឋាភិបាល​កម្ពុជា​អាច​ប្រើប្រាស់​ការ​គំរាម​កំហែង​បិទ​កាសែត​នេះដើម្បី​បង្ខំឲ្យលក់»។

សេចក្តី​ថ្លែងរបស់​លោក Clough បាន​និយាយ​ថា ​បញ្ហា​ពន្ធដារ​ត្រូវបាន​ដោះ​ស្រាយ​ហើយ​ការ​សម្រេច​របស់​តុលាការ​ក្នុងការ​រឹបអូស​ទ្រព្យ​សម្បត្តិ​របស់​កាសែត​ត្រូវបាន​លុបចោល​រហូត​ដល់​បណ្តឹង​ឧទ្ធរណ៍​បាន​បញ្ចប់។ ​ លោក​បាន​អះអាង​ថា ​ការ​លក់នេះ​គឺដោយសារ​តែការ​ធ្លាក់ចុះ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម។

ទោះបីជា​យ៉ាងណាក៏​ដោយលោក Clough បាន​ថ្លែង​ថា ​កាសែត​នេះស្ថិត​នៅ​ក្រោម​ការ​ពិនិត្យមើល​ មុនការ​បោះឆ្នោតព្រោះជា​បណ្តាញ​ផ្សព្វផ្សាយ​ឯករាជ្យ​ពិត​ប្រាកដ​នៅ​សល់​ចុងក្រោយ​បំផុត​នៅ​កម្ពុជា។ កាសែត The Cambodia Daily​ ត្រូវបាន​បិទ​កាល​ពីឆ្នាំ​មុន​បន្ទាប់ពី​រដ្ឋាភិបាល​កំណត់​ការ​បង់ពន្ធ​៦​លាន៣​សែន​ដុល្លារ​ក្នុង​ពេល​មួយ​ខែ។

​លោកនាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ប្រាកដ​ថា​នឹងឈ្នះ​ការ​បោះ​ឆ្នោត​ខែកក្កដាបន្ទាប់​ពី​គណបក្ស​ប្រឆាំង​គឺ​គណបក្ស​សង្គ្រោះ​ជាតិ ​ត្រូវបាន​តុលាការ​កំពូល​រំលាយ​ កាលពីឆ្នាំមុន​ តាម​សំណើ​របស់​គណបក្ស​របស់​លោក​ហ៊ុន សែន។ ​

លោកហ៊ុយ វណ្ណៈ អនុរដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ​ បាន​បដិសេធ​ការចោទ​ប្រកាន់​អំពីការ​បង្ខិតបង្ខំ​ឲ្យ​លក់កាសែត​ភ្នំពេញ​ប៉ុស្តិ៍។ លោក​បាន​ប្រាប់​Reuters​ ថា ​«វាជាការរក​ស៊ី​ធម្មតា​ហើយ​វានៅតែ​ជា​កាសែត»។​

នៅក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​លោក Sivakumar បាន​និយាយ​ថា​ គាត់នឹង​បន្ត​កេរដំណែល​និង​ឯករាជ្យ​ភាព​របស់កាសែត​នេះ៕