ក្រុមមន្ត្រីរដ្ឋាភិបាលដែលបានចូលរួមអបអរទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ ២០១៨ មិនបានថ្លែងដល់ការបង្រ្កាបលើអង្គភាពសារព័ត៌មានឯករាជ្យ វិទ្យុនានាដែលបានផ្សាយបន្តព័ត៌មានរបស់វិទ្យុអាស៊ីសេរី និងសំឡេងសហរដ្ឋអាមេរិក VOA រួមទាំងការចាប់ឃុំខ្លួនអ្នកកាសែតនោះទេ ខណៈអង្គការអន្តរជាតិនានា បន្តបញ្ជាក់ពីក្តីបារម្ភចំពោះការធ្លាក់ចុះនៃសិទ្ធិសេរីភាពសារព័ត៌មានក្នុងប្រទេសនេះ។
លោក ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មានបានប្រើពេលប្រមាណជាង៣០នាទី ថ្លែងអំពីកិច្ចការងាររបស់ក្រសួងព័ត៌មាន មុខងាររបស់អ្នកសារព័ត៌មាននិងណែនាំអ្នកសារព័ត៌មានមិនឲ្យបំពេញការងារបា្រសចាកពីក្រមសីលធម៌ជាអ្នកសារព័ត៌មាននិងបានលើកឡើងអំពីការបង្កើតច្បាប់ស្តីពីការទទួលបានព័ត៌មានជាដើម។
«មិនត្រូវផ្សព្វផ្សាយនូវព័ត៌មានណាដែលមួលបង្កាច់កេរ្តិ៍ឈ្មោះបុគ្គលឬបំភ្លៃសភាពការណ៍ផ្សេងៗ ខុសពីការពិត ដែលនាំឲ្យមានការចលាចលសង្គមនិងប្រទេសជាតិ អ្នកសារព័ត៌មានត្រូវចាត់ទុកថា មានកំហុសវិជ្ជាជីវៈធ្ងន់ធ្ងរ ចំពោះការប្រើពាក្យអសុរស មួលបង្កាច់ ចោទប្រកាន់ដោយគ្មានភស្តុតាង ព្រមទាំងការកាឡៃព្រឹត្តិការណ៍ផ្ទុយពីការពិត»។
នៅក្នុងការប្រារព្ធទិវាសេរីភាពសារព័ត៌មានសកលលោក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចេញសារនយោបាយអបអរនិងបានផ្តោតលើប្រធានបទស្តីពី «ប្រព័ន្ធផ្សព្វផ្សាយយុត្តិធម៌ និងនីតិរដ្ឋ»។ លោក ហ៊ុន សែន ក៏មិនខុសពីក្រុមមន្ត្រីរបស់លោកផងដែរ ពោលគឺលោក មិនបានលើកឡើងពីការបង្រ្កាបយ៉ាងចាស់ដៃរបស់រដ្ឋាភិបាលលោកទៅលើបណ្តាញព័ត៌មានឯករាជ្យ និងការចាប់ខ្លួនអតីតអ្នកកាសែតរបស់វិទ្យុអាស៊ីសេរីពីរនាក់ដែលបានកើតឡើងកាលពីឆ្នាំមុនទេ។
លោកនាយករដ្ឋមន្ត្រីបានថ្លែងបិទបញ្ចប់សារនយោបាយដែលមានបីទំព័ររបស់លោក ដោយ«អំពាវនាវដល់អ្នកសារព័ត៌មានជាតិ និងអ្នកសារព័ត៌មានបរទេសទាំងអស់ដែលកំពុងបំពេញការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបំពេញការងារនៅបរទេសក្តី សូមយកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវតាមក្រមសីលធម៌ វិជ្ជាជីវៈ ជៀសវាងការផ្សព្វផ្សាយព័ត៌មានតែមួយជ្រុង ហើយឆ្លុះបញ្ចាំងសភាពការណ៍ទាំងមូល ដោយពុំបានគិតអំពីក្បួនខ្នាតក្រឹត្យក្រមនៃការសរសេរព័ត៌មាន ឬការផ្សព្វផ្សាយព័ត៌មានមិនពិត បំប៉ោងសភាពការណ៍ ដោយគិតតែអំពីផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឲ្យបាត់បង់តម្លៃសារព័ត៌មានខ្លួនឯង»។
ដោយហេតុថា ប្រធានបទនៃការបា្ររព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកនៅកម្ពុជា រៀបចំឡើង ដោយអង្គការយូណេស្កូរដ្ឋាភិបាលប្រទេសស៊ុយអែតនិងការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (អ.ស.ប.) ឆ្នាំនេះ ផ្តោតលើបញ្ហាយេនឌ័រនិងស្ត្រីក្នុងវិស័យសារព័ត៌មាននោះ លោកថាច់ ផែន ក៏បានណែនាំឲ្យអ្នកកាសែតយល់ដឹងពីការធ្វើសេចក្តីរាយការណ៍ ដែលពាក់ព័ន្ធនឹងបញ្ហាស្រ្តីនិងកុមារ។
លោកថ្លែងបន្ថែមថា៖
«ចំពោះស្រ្តី និងកុមារអ្នកសារព័ត៌មានត្រូវគិតគូពីផលប៉ះពាល់ដល់ជីវភាពសាធារណៈ ជាពិសេសដល់ស្ថានភាពស្រ្តី កុមារ និងជនពិការ មិនត្រូវប្រើប្រាស់រូបភាពអាក្រាត ឬរូបភាពដែលស្រើបស្រាល របស់ជនរងគ្រោះក្នុងការផ្សព្វផ្សាយដែលធ្វើឲ្យបាត់បង់កតិ្តយសនិងសេចក្តីថ្លៃថ្នូររបស់ស្ត្រីទូទៅ»។
ចំណែកលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីក៏មិនមានប្រសាសន៍ដល់ព្រឹត្តិការណ៍បង្ក្រាបបណ្តាញព័ត៌មានកាលពីឆ្នាំ២០១៧ផងដែរ។ ផ្ទុយមកវិញ អ្នកស្រីបានព្យាយាមផ្តល់ការអធិប្បាយឲ្យត្រូវទៅតាមប្រធានបទដែលនិយាយពីបញ្ហាស្រ្តី និងវិស័យសារព័ត៌មាន។
ក្នុងពេលជាង១០នាទី អ្នកស្រីបានថ្លែងកោតសរសើរដល់អ្នកយកព័ត៌មានជាស្រ្តីឆ្នើមៗ នៅក្រៅប្រទេសកម្ពុជាដែលមានដូចជាអ្នកស្រី Christiane Amanpour របស់បណ្តាញព័ត៌មាន CNN និងបានលើកឡើងពីការងាររបស់ក្រសួងកិច្ចការងារនារីបានធ្វើ ក្នុងបុព្វហេតុការពារសិទ្ធិស្ត្រី។
ដោយបានមើលឃើញពីការឆ្គាំឆ្គងរបស់អ្នកយកព័ត៌មានក្នុងការធ្វើសេចក្តីរាយការណ៍មិនគោរពក្រមសីលធម៌ និងធ្វើឲ្យប៉ះពាល់កិត្តិយសរបស់ស្ត្រី តាមការប្រើប្រាស់ពាក្យសម្តីមិនសមរម្យនោះ អ្នកស្រី ក៏បានស្នើឲ្យអ្នកយកព័ត៌មានក្នុងប្រទេសកម្ពុជាធ្វើការដោយប្រយ័ត្នប្រយែងនៅពេលធ្វើសេចក្តីរាយការណ៍ ពាក់ព័ន្ធនឹងបញ្ហាស្ត្រី។ អ្នកស្រីមានប្រសាសន៍ថា តាមការស្រាវជ្រាវមួយបានឲ្យដឹងថា អ្នកសារព័ត៌មានមួយចំនួនខ្វះជំនាញក្នុងការធ្វើសេចក្តីរាយការណ៍ ទាក់ទិនបញ្ហាស្រ្តីផងដែរ។
«នៅក្នុងការសិក្សាដែលយើងកំពុងផ្សព្វផ្សាយនៅថ្ងៃនេះ បានរកឃើញថា អ្នកសារព័ត៌មានមួយចំនួន នៅខ្វះជំនាញ និងចំណេះដឹងក្នុងការធ្វើសេចក្តីរាយការណ៍ ប្រកបដោយគុណភាព មិនគោរពក្រមសីលធម៌ ជាពិសេសការធ្វើសេចក្តីរាយការណ៍ដែលប៉ះពាល់នឹងស្ត្រី ក៏ដូចជាខ្វះខាតនូវចំណេះដឹងក្នុងការប្រើប្រាស់បច្ចេកសព្ទឲ្យបានត្រឹមត្រូវផងដែរ»។
សេរីភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាបាន«ដួលរលំ»ចាប់តាំងពីឆ្នាំ២០១៧ បន្ទាប់ពីស្ថាប័នព័ត៌មានមួយចំនួន ដែលផ្សាយចំណុចអវិជ្ជមាននិងរិះគន់រដ្ឋាភិបាល ត្រូវបានបង្ខំចិត្តបិទទ្វារនិងឈប់ផ្សាយ ហើយការគំរាមកំហែងនិងការចាប់អ្នកសារព័ត៌មានដាក់ពន្ធនាគារនៅតែបន្តកើតមាន។ នេះបើយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)។
របាយការណ៍ ដែលចេញផ្សាយជាភាសាអង់គ្លេស និងជាភាសាខ្មែរចំនួន២៧ទំព័រនោះបានបញ្ជាក់ឲ្យដឹងថា សារព័ត៌មានធំៗចម្រុះចំនួន៣៣នៅកម្ពុជា ដែលត្រូវបានរៀបរាប់ក្នុងរបាយការណ៍នោះ មានតែស្ថាប័នចំនួន៨ប៉ុណ្ណោះ ដែលត្រូវបានគេចាត់ថ្នាក់ថា ជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ប៉ុន្តែស្ថាប័នចំនួន៤នៃស្ថាប័នឯករាជ្យទាំង៨នោះត្រូវបានបិទមិនឲ្យផ្សព្វផ្សាយ មានដូចជា កាសែត ឌឹ ឃែមបូឌា ដេលី សំឡេងសហរដ្ឋអាមេរិក (VOA) វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) និងវិទ្យុអាស៊ីសេរី (RFA)។
របាយការណ៍នោះ ក៏បានរកឃើញថា អ្នកសារព័ត៌មាន៦៧ភាគរយមានអារម្មណ៍ថា ពួកគេមិនមានសេរីភាពពេញលេញក្នុងការរាយការណ៍ដោយសេរីទេ ហើយថា ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានឯករាជ្យនៅកម្ពុជាកំពុងប្រឈមនឹងការគំរាមកំហែង ការចាប់ដាក់ពន្ធនាគារ ការបង្រ្កាប និងវិបត្តិផ្លូវចិត្តជាដើម។
នៅឯពិធីប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០១៨ ធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ដដែលនេះ អ្នកស្រី Maria Sargren ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា មិនបានមើលរំលងពីការរឹតត្បិតសេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជានោះទេ។
អ្នកស្រីបានលើកឡើងត្រួសៗពីរបាយការណ៍របស់អង្គការអ្នកកាសែតគ្មានព្រំដែន(Reporters Without Borders) ដែលបានចេញផ្សាយកាលពីខែមេសា និងបានឲ្យដឹងថា ប្រទេសកម្ពុជាបានធ្លាក់ចុះ១០ថ្នាក់ពីសន្ទស្សន៍សេរីភាពសារព័ត៌មានរបស់ខ្លួននៅឆ្នាំ២០១៨នេះ ពោលគឺបានធ្លាក់ពីលំដាប់១៣២មកដល់លំដាប់ថ្នាក់១៤២។ អ្នកស្រី Sargren ថ្លែងថា លទ្ធិប្រជាធិបតេយ្យមិនមាននោះឡើយ ប្រសិនបើគ្មានសេរីភាពក្នុងបញ្ចេញមតិនោះ។
អ្នកស្រីបានថ្លែងដោយមានការបកប្រែជាភាសាខ្មែរថា៖«អីចឹងប្រជាធិបតេយ្យបាននោះ លុះត្រាតែជាប្រជាធិបតេយ្យដែលមានសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ ដែលវាជាកត្តាសំខាន់ណាស់ ហើយនេះហើយ យើងត្រូវតែឲ្យមាននូវការបញ្ចេញមតិ លើកជាយោបល់ សាកល្បងយោបល់ឯកភាពគ្នា ហើយជួយគ្នាដើម្បីបង្កើតឲ្យគេហៅថា សង្គមនេះ ជាសង្គមបើកទូលាយ និងចូលរួមចំណែកទៅដល់វឌ្ឍនភាពនៅគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា»។
តាមរបាយការណ៍របស់អង្គការអ្នកកាសែតគ្មានព្រំដែន បានឲ្យដឹងថា ចំណាត់ថា្នក់របស់ប្រទេសកម្ពុជា បានស្ថិតនៅលើប្រទេសវេណេហ្ស៊ុយអេឡាតែបន្តិចប៉ុណ្ណោះ ដែលប្រទេសនេះ បានចំណាត់ថ្នាក់ទី១៤៣។ ចំណាត់ថ្នាក់របស់កម្ពុជា ក៏បានស្ថិតលើប្រទេសស៊ូដង់ខាងត្បូងដែលបានចំណាត់ថ្នាក់ទី១៤៤នៅក្នុងចំណោមប្រទេសទាំងអស់១៨០។
ប្រទេសវេណេហ្ស៊ុយអេឡា ត្រូវគេរាយការណ៍ថា កំពុងប្រឈមនឹងវិបត្តិនយោបាយ សេដ្ឋកិច្ច និងការខ្វះខាតស្បៀងអាហារ ខណៈដែលប្រទេសស៊ូដង់ខាងត្បូងត្រូវក្រុមសិទ្ធិមនុស្សមើលឃើញថា មិនទាន់ឆ្លងផុតពីសង្គ្រាមក្នុងស្រុក និងការគាបសង្កត់លើប្រព័ន្ធផ្សព្វផ្សាយ។
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដែលបានបន្តឃ្លាំមើលស្ថានភាពសិទ្ធិមនុស្ស និងនយោបាយនៅក្នុងប្រទេសកម្ពុជា បានថ្លែងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះថា «ថ្ងៃនេះជាទិវាសារព័ត៌មាន នៅក្នុងបរិបទនៃការរឹតត្បិតលើសេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជា ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) សូមអំពាវនាវដល់រដ្ឋាភិបាលឲ្យបង្ហាញនូវភាពដឹកនាំ និងធានានូវលំហសម្រាប់អ្នកសារព័ត៌មានដើម្បីឲ្យពួកគេអាចរាយការណ៍ដោយសេរីនិងប្រាប់ដល់ប្រជាពលរដ្ឋអំពីកិច្ចការផ្សេងៗនាពេលថ្មីៗនេះ។
បន្ថែមលើការអំពាវនាវរបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក David Kaye អ្នករាយការណ៍របស់អ.ស.ប.ទទួលបន្ទុកសេរីភាពក្នុងការបញ្ចេញមតិ ព្រមជាមួយអ្នកជំនាញសិទ្ធិមនុស្សឯទៀតនៅជុំវិញពិភពលោក បានចេញសេចក្តីថ្លែងការណ៍រួម ដោយរៀបរាប់ត្រួសៗ អំពីការកើនឡើងនៃការគំរាមកំហែងទៅលើឯករាជ្យភាពរបស់ប្រព័ន្ធផ្សព្វផ្សាយ និងភាពចម្រុះនៅទូទាំងពិភពលោក ជាពិសេសការគំរាមកំហែងប្រព័ន្ធព័ត៌មានលើបណ្តាញអ៊ីនធឺណិត។
លោក Kaye បានថ្លែងស្វាគមន៍សេចក្តីថ្លែងការណ៍រួមនោះតាមន័យដើមថា៖ «បណ្តាញព័ត៌មានសេរី និងឯករាជ្យជួយសម្រួលដល់ស្ថាប័នប្រជាធិបតេយ្យនានា និងការទទួលខុសត្រូវ ខណៈដែលការវាយប្រហារលើអ្នកកាសែត និងសារព័ត៌មាន ធ្វើឲ្យខូចគំនិតនៃការចូលរួមសាធារណៈ និងការទទួលត្រូវពីខាងរដ្ឋាភិបាល»។
លោក Kaye បានស្នើរដ្ឋនីមួយៗធ្វើការឲ្យបានច្រើនថែមទៀត ក្នុងការការពារអ្នកសារព័ត៌មានពីការវាយប្រហារ ខណៈដែលការវាយប្រហារលើអ្នកកាសែត គួរតែត្រូវទទួលបាននូវការថ្កោលទោសឲ្យបានខ្លាំងក្លា។
សេចក្តីថ្លែងការណ៍រួមរបស់លោក Kaye និងអ្នកជំនាញសិទ្ធិមនុស្សផ្សេងទៀត បានឲ្យដឹងថាបណ្តាញព័ត៌មានឯករាជ្យមានតួនាទីសំខាន់ខ្លាំងណាស់សម្រាប់សង្គមប្រជាធិបតេយ្យ។ ពួកគេក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវាយប្រហារខាងរាងកាយ ការតាមឃ្លាំមើល ការធ្វើឲ្យចុះខ្សោយ និងការធ្វើឲ្យបែកខា្ចត់ខ្ចាយនៃសារព័ត៌មានឯករាជ្យនៅទូទាំងពិភពលោក។
ស្របពេលដែលពិភពលោក និងប្រទេសកម្ពុជា កំពុងសាទរចំពោះថ្ងៃនៃសេរីភាពសារព័ត៌មាន មានអ្នកសារព័ត៌មានយ៉ាងហោចណាស់បីរូបកំពុងស្ថិតក្នុងការឃុំឃាំងក្នុងពន្ធនាគារកម្ពុជា។ អ្នកទាំងនោះរួម មានអ្នកសារព័ត៌មានអាស៊ីសេរីពីររូបនិងអ្នកផលិតភាពយន្តឯកសារជនជាតិអូស្ត្រាលីម្នាក់ផងដែរ៕