ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ រឿងពាក់ព័ន្ធនឹងរឿងក្មេងជំទង់អាមេរិកស្បែកខ្មៅម្នាក់ដែលត្រៀមចូលរៀននៅសាកលវិទ្យាល័យ និងការស្លាប់របស់គេដោយប៉ូលិសស្បែកស បានក្លាយទៅជាប្រធានបទដ៏សំខាន់នៅសង្កាត់ Ferguson ជាយក្រុង St. Lous នៃរដ្ឋ Missouri។
ក្នុងអំឡុងថ្ងៃដ៏ក្តៅហួតហែងមួយ សហគមន៍ឯជាយក្រុង Ferguson នៃរដ្ឋ Missouri មួយនេះព្យាយាមវិលទៅរកភាពស្ងប់ស្ងាត់វិញ បន្ទាប់ពីការស្លាប់របស់ក្មេងជំទង់អាមេរិកស្បែកខ្មៅដែលគ្មានប្រដាប់ដោយអាវុធម្នាក់ឈ្មោះ លោក ម៉ៃឃើល ប្រោន (Michael Brown) ដែលត្រូវបានបាញ់ប្រហារដោយប៉ូលីសស្បែកស ដារ៉េន វីលសុន (Darren Wilson) កាលពីថ្ងៃទី០៩ ខែសីហាកន្លងទៅនេះ។
យោងតាមស្ថិតិជំរឿនចុងក្រោយនិងទិន្នន័យឆ្នាំ២០១០ ទីក្រុងជាយក្រុង Ferguson មានពលរដ្ឋរស់នៅចំនួន ២១.០០០ នាក់ ហើយក្នុងចំណោមនោះ ៦៧.៤% ជាជនជាតិស្បែកខ្មៅ ប៉ុន្តែក៏មានជនជាតិស្បែកស ជនជាតិមានកំណើតពីអាមេរិកឡាទីន (hispanics) និងជនជាតិអាស៊ីមួយចំនួនរស់នៅទីនោះដែរ។
នៅពេលដែលគេធ្វើដំណើរតាមដងវិថីនៃសង្កាត់មួយនេះនៅជាយក្រុង St Louis រដ្ឋ Missouri អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍នោះគឺ ទ្វារបង្អួចកញ្ចក់នៃហាងខ្លះត្រូវបានគ្របដណ្តប់ដោយក្តារឈើនៅឡើយ ប៉ុន្តែហាងភាគច្រើនបានចាប់បើកឡើងវិញជូនសាធារណជនហើយ បន្ទាប់ពីមានការចូលលួចប្លន់ និងបាតុកម្មតវ៉ាដ៏ខ្លាំងក្លា។
អ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះគឺ ភាពរស់រាយរាក់ទាក់របស់ប្រជាជននៅទីនោះ។ ពួកគេតែងរីករាយនឹងជួយនៅពេលដែលមានអ្នកធ្វើដំណើរសុំឲ្យបង្ហាញផ្លូវ ពិសេសពេលដែលមានអ្នកយកព័ត៌មានចុះទៅជជែកជាមួយម្តងៗ។
នេះជាសហគមន៍មួយដែលចង់ចែករំលែកពីអារម្មណ៍របស់ពួកគេ ដែលមានរបួសផ្លូវចិត្ត ហើយដែលត្រូវបន្សល់ទុកពីព្រឹត្តិការណ៍ការស្លាប់មួយដែលបានទទួលការយកចិត្តទុកដាក់ថ្នាក់ជាតិនិងអន្តរជាតិ។
កន្លងទៅថ្មីៗនេះ ប្រសិនបើគេឮពាក្យ Ferguson គេនឹងនឹកឃើញដល់បាតុកម្មប្តឹងតវ៉ា និងការលួចប្លន់។ តែខណៈនេះ រឿងជាក់ស្តែងនៅទីនេះគឺជារឿងផ្សេងមួយទៀត។
ជាបណ្តើរៗ ទីក្រុងមួយនេះបានប្រែទៅជារកភាពស្ងប់ស្ងាត់ដូចសព្វមួយដង ដូចកាលពីមុនថ្ងៃទី៩ ខែសីហា។ ក៏ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនធំ ពិតជាចង់ឲ្យមានការផ្លាស់ប្តូរមួយ។ នោះគឺការផ្លាស់ប្តូរអាកប្បកិរិយារបស់ក្រុមប៉ូលីស (ស្បែកស) ទៅលើពលរដ្ឋស្បែកខ្មៅ។
លោក ម៉ាក (Mark) ដែលជាប្រជាពលរដ្ឋម្នាក់រស់នៅទីក្រុង Ferguson ដែលសុំមិនបញ្ចេញត្រកូល បាននិយាយថា «ស្ថានភាពនៅទីនេះពិតជាអាក្រក់ធ្ងន់ធ្ងរ ហើយវាក្លាយទៅជាយ៉ាងនេះដោយសារតែជាទូទៅក្មេងប្រុសជនជាតិអាមេរិកស្បែកខ្មៅ គឺជាមុខព្រួញ។ ពួកគេត្រូវរងការចំអក ភាពមិនទុកចិត្ត និងមិនគួរឲ្យរាប់អាន និងការមិនឲ្យតម្លៃ។ ហើយបញ្ហានេះនៅតែបន្តដោយសារតែរបៀបដែលសង្គមទាំងមូលមើលឃើញពួកគេនៅសហរដ្ឋអាមេរិក»។
ក្នុងពេលដែលកំពុងជជែកជាមួយប្រជាពលរដ្ឋនៅទីនោះ មានមនុស្សជាច្រើនចង់ប្រើប្រាស់អ្វីពួកគេហៅថាជាពេលវេលានៃការឈឺចាប់នេះ ឲ្យជាឱកាសសម្រាប់សហគមន៍ទាំងមូលរួបរួមគ្នាជាធ្លុងមួយ ហើយបញ្ជៀសព្រឹត្តិការណ៍ដដែលនេះនៅថ្ងៃអនាគត។
ការស្លាប់របស់យុវជន Brown បានកើតឡើងនៅក្បែរអគារផ្ទះល្វែង។ នៅថ្ងៃអាទិត្យជុំវិញអគារស្នាក់នៅ គេឃើញមានប្រជាជនបានចែកចាយអាហារគ្នា ដូចជាសាច់ក្រក (hot dogs) ដំឡូងបារាំងបំពង និងទឹក។ ព្រមគ្នានេះដែរ លោក ចន បុនស៍ (John Bonds) ដែលកំពុងអាំងសាច់ក្រក hot dogបានប្រាប់វីអូអេថា លោកយកពេលវេលានេះជាឱកាសដើម្បីបង្រួបបង្រួមសហគមន៍ Ferguson ក៏ដូចជាសហគមន៍ស្បែកខ្មៅនានានៃក្រុង St Louis ដែលលោកថាពីមុនមកមិនដែលត្រូវគ្នាទេ។
លោក Bonds និយាយថា៖ «កាលពីមុន យើងមិនចូលចិត្តគ្នាទាល់តែសោះ មិនដឹងមូលហេតុទេ តែក្រោយពីឧប្បត្តិហេតុផ្ទុះឡើង យើងក៏រួបរួមគ្នា»។
អាជ្ថាធរបាននិយាយថា លោកប៉ូលិស ដារ៉េន វីលសុន (Darren Wilson) បានបាញ់ប្រោន ដើម្បីការពារខ្លួន។ ស្នងការប៉ូលីសក៏បានបញ្ចេញជាសាធារណនូវវីដេអូពីកាមេរ៉ាសុវត្ថិភាព ដែលបង្ហាញអំពីក្មេងជំទង់នោះទំនងជាកំពុងប្លន់ហាងនៅ Ferguson គឺប៉ុន្មាននាទីប៉ុណ្ណោះនៅមុនការស្លាប់របស់គេ។ បើយោងតាមអាជ្ញាធរពង្រឹងច្បាប់ លោកវីលសុនបានធ្វើសកម្មភាពឆ្លើយតបនឹងអំពើប្លន់នេះ។
កាលពីថ្ងៃពុធទី២០ ខែសីហា គណៈវិនិច្ឆ័យ (តុលាការពលរដ្ឋ) ដែលមានជនជាតិស្បែកស ៩នាក់ និងជនជាតិស្បែកខ្មៅ៣នាក់បានកោះប្រជុំ ដើម្បីពិចារណាលើភស្តុតាងដែលត្រូវផ្តល់ដោយរដ្ឋអាជ្ញាក្រុង St. Louis មុននឹងសម្រេចថាតើគួរធ្វើការចោទប្រកាន់ជាផ្លូវការលើមន្ត្រីប៉ូលីសនោះទេ។ មនុស្សជាច្រើននៅក្នុងសហគមន៍មិនជឿជាក់ទៅលើការស៊ើបអង្កេតក្នុងស្រុកទេ តែពួកគេជឿជាក់ទៅលើការស៊ើបអង្កេតរបស់សហព័ន្ធ ដែលត្រូវធ្វើឡើងដោយក្រសួងយុត្តិធម៌និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ FBI។
តុលាការគណៈវិនិច្ឆ័យអាចចំណាយពេលរាប់សប្តាហ៍ទៀតទម្រាំអាចឈានដល់សេចក្តីសម្រេចចុងក្រោយ។ រហូតដល់ពេលនោះ នឹងមិនមាននរណាម្នាក់អាចដឹងពីទិដ្ឋភាពទាំងស្រុងនៃរឿងដែលបានកើតឡើងនៅ Ferguson នៅមុនថ្ងៃត្រង់ថ្ងៃទី៩ ខែសីហានោះទេ៕
ប្រែសម្រួលដោយ ខាន់ សុគុំមនោ