សាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហមនឹងចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយពីសាលក្រមនៃសំណុំរឿង០០២ វគ្គ១ ដោយចែកសៀវភៅសាលក្រមសំណុំរឿងនេះដល់និស្សិតប្រមាណ៣០០នាក់ដែលមកពីសាកលវិទ្យាល័យនានានៅរាជធានីភ្នំពេញនៅថ្ងៃអង្គារស្អែកនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហម។
យុទ្ធនាការនេះនឹងមានចែកសៀវភៅសាលក្រមដែលមានកម្រាស់៩៨១ទំព័រចំនួន៤៥០០ក្បាលទៅកាន់រាជធានី-ខេត្តទាំង២៥ ក្រសួង ស្ថាប័ន សាកលវិទ្យាល័យ សង្គមស៊ីវិល និងដើមបណ្តឹងរដ្ឋប្បវេណី ដើម្បី«លើកទឹកចិត្តឱ្យមានការសិក្សាបន្ថែមនិងស្វែងយល់ឱ្យកាន់តែច្បាស់ពីសំណុំរឿង០០២/០១»។
មានអតីតមេខ្មែរក្រហមចំនួនពីរនាក់គឺ នួន ជា អតីតប្រធានរដ្ឋសភា និង ខៀវ សំផន អតីតប្រមុខរដ្ឋដែលមានតែឈ្មោះត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារមួយជីវិត ក៏ប៉ុន្តែការសម្រេចនោះត្រូវបានមេធាវីជនជាប់ចោទប្តឹងជំទាស់ទៅសាលាកំពូល។
សាលាក្តីបានបន្ថែមថា សម្រាប់អ្នកដែលប្រើប្រាស់បណ្តាញអ៊ីនធឺណិតក៏អាចទាញយកសាលក្រមទាំងមូលដែលមានបីភាសាគឺខ្មែរ អង់គ្លេស និងបារាំងពីគេហទំព័ររបស់សាលាក្តីផងដែរ៕