នៅថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៩ អង្គបុរេនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានឹងចាប់ផ្តើមបើកសវនាការចំនួន៣ថ្ងៃទាក់ទងនឹងសំណុំរឿង០០៣ប្រឆាំងនឹងលោកមាស មុតដែលជាមេបញ្ជាការកងទ័ពជើងទឹករបស់របបខ្មែរក្រហមពីថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥ដល់ថ្ងៃ៧មករាឆ្នាំ១៩៧៩ ដែលទទួលខុសត្រូវការបាត់បង់ជីវិតរបស់ពលរដ្ឋខ្មែរជិតពីរលាននាក់។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការចេញនៅថ្ងៃនេះ។
ប្រធានអង្គជំនុំជម្រះនឹងប្រកាសបើកសវនាការ បន្ទាប់មកមានការអានជាសាធារណៈនូវរបាយការណ៍បញ្ជាក់អំពីអង្គហេតុពាក់ព័ន្ធនឹងប្រវត្តិនីតិវិធីនៃសំណុំរឿង០០៣និងសេចក្តីលម្អិតនៃបណ្តឹងឧទ្ធរណ៍នានា។
សវនាការនឹងបន្តរហូតដល់ថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៩ ដោយអនុឡោមទៅតាមដីកាកំណត់កាលវិភាគសម្រាប់សវនាការដែលបានចេញផ្សាយកាលពីថ្ងៃទី២៤ ខែតុលាឆ្នាំ២០១៩ ។ ក្នុងករណីចាំបាច់ ចៅក្រមនឹងសួរភាគីនានាជាសាធារណៈនៅថ្ងៃទី២៩ខែវិច្ឆិកា មុនពេលបញ្ចប់សវនាការ៕