ករណី​ស្លាប់​ស្ត្រី​ពេល​ប្រសូតិ​កូន​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​សម្រាល​កូន​មិន​មាន​សុវត្ថិភាព​នៅ​កម្ពុជា

បងស្រីជនរងគ្រោះ អ្នកស្រី ប្រាក់ ស៊ីនួន (កណ្តាល) បីទារកឈ្មោះ ហឿន ដាណៃ ដែលនៅរស់ ខណៈម្តាយបានស្លាប់ ដោយសារធ្លាក់ឈាមខ្លាំងក្រោយពី​សម្រាលកូន កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)

កាល​ពី​ដើម​ខែ​កុម្ភៈ នៅ​ខេត្ត​ស្វាយ​រៀង​ ស្រ្តី​ម្នាក់​បាន​ស្លាប់ក្រោយ​សម្រាល​កូន​នៅ​មណ្ឌល​សុខភាព​ឃុំ។​ ​ក្រុម​គ្រូពេទ្យ​អះអាង​ថាដោយសារ​ស្បូន​របស់​ស្រ្តី​​​ជន​រង​គ្រោះ​ខ្សោយ​មិន​កន្រ្តាក់​បណ្តាល​ឲ្យ​ហូរ​ឈាម​ធ្ងន់ធ្ងរ។ ​ប៉ុន្តែ​ក្រុម​គ្រួសារ​បាន​ដាក់​ពាក្យ​បណ្តឹង​ថា​ជា​ការ​ធ្វេស​ប្រហែស​របស់​ឆ្មប។

អ្នកស្រី ​ប្រាក់ សុដា​ និង​ស្វាមីគឺ​លោក ​សួន សាខេន ​រំពឹង​ថា​ ការ​ប្រសូតិ​កូន​ទី​២​របស់​ពួកគេ​នឹង​មាន​សុវត្ថិភាព។ ​ប៉ុន្តែ​ជា​អកុសល ​អ្នកស្រី ​សុដា ​ជា​កម្មការិនី​កាត់​ដេរ​ ដែល​មាន​អាយុ​២៧​ឆ្នាំ ​បាន​ស្លាប់ ​ក្រោយ​សម្រាល​កូន​ប្រុស ​ដោយ​ពេទ្យ​បាន​អះអាង​ថា​ ដោយ​សារ​ធ្លាក់​ឈាម​ច្រើន។​

ករណីម្តាយ​ស្លាប់​ពេល​ប្រសូតិ​កូន​នេះ​នាំ​ឲ្យ​មាន​ការ​ចែក​រំលែក​តាម​ប្រព័ន្ធ​សង្គម​ហ្វេស​ប៊ុក​នៅ​កម្ពុជា​ ហើយ​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​សម្រាល​កូន​មិន​មាន​សុវត្ថិភាព​នៅ​កម្ពុជា ​ជា​ពិសេស​ការ​សម្រាល​កូន​នៅ​តំបន់​ដាច់​ស្រយាល។​

ស្វាមី​របស់​ជន​រង​គ្រោះ​គឺ​លោក​ សាខេន ​អាយុ​២៨​ឆ្នាំ ​ជា​កម្មករ​កាត់ដេរ នៅ​ក្នុង​ខេត្ត​ស្វាយរៀង ​បាន​ថ្លែង​ប្រាប់​ VOA ​ថា​ ​សុខភាព​ភរិយា​របស់​លោក​គឺ​ធម្មតា ​ក្រោយ​ពី​សម្រាល​កូន ​គាត់​អាច​និយាយ​បាន។​ ប៉ុន្តែ​នៅ​ពេល​ឆ្មប​បាន​ចាប់​ផ្តើម​យក​សុក ​ភរិយា​របស់​គាត់ក៏​ចាប់​ផ្តើម​ធ្លាក់​ឈាម​ខ្លាំង។​

ស្វាមី​ជន​រង​គ្រោះ​បាន​អះអាង​ទៀត​ថា ​ការ​ជួយ​សម្រាល​កូន​នេះ​មាន​ធ្មប​តែ​ម្នាក់​ប៉ុណ្ណោះ​ ដែល​លោក​ចាត់​ទុក​ថា​ ​ជា​ការ​ធ្វេស​ប្រហែស។​

លោក ​សាខេន ​បាន​ថ្លែង​ប្រាប់​ VOA ​នៅ​ផ្ទះ​របស់​លោក​ថា៖​

«គាត់​បង្កើត​ហ្នឹង​នៅ​តែ​ម្នាក់​ឯង​ ព្រោះ​អី​ពេទ្យ​ថ្មី​ទៀត។​ ពេទ្យ​ដែល​គាត់​មក​ពិនិត្យ​ផ្ទៃ​ពោះ​ម៉ោង​៥​ទៀប​ភ្លឺ​ហ្នឹង ​គាត់​អត់​មាន​មក​ក្បែរ​ទេ ​ហើយ​គាត់​ឲ្យ​ពេទ្យ​ហ្នឹង​មក​តែ​ម្នាក់​ឯង។ ​គាត់​អត់​មាន​មក​ក្បែរ​ទេ។ ​ខ្ញុំ​ក៏​មិន​ដែល​ឃើញ​មុខ​ពេទ្យ​ឆ្មប​ថ្មី​ហ្នឹង»។​

លោក​មាន​ប្រសាសន៍​បន្ថែម​ថា៖​

«ពេទ្យ​ឆ្មប​ប្រហែស។ ​គាត់​ធ្វើ​ការ​ប្រហែស​ខ្លាំង​មែន​ទែន!​ ​ប្រសិន​បើ​គាត់​កាត់​ភ្លាមៗ​ គាត់​ធ្វើ​អត់​បាន ​គាត់​ហៅ​ឡាន​សង្រ្គោះ​ ក៏​ប្រពន្ធ​ខ្ញុំ​អត់​ដល់​ថ្នាក់​ហ្នឹង​ដែរ។ ​ហើយ​ណា​មួយ​គាត់​តែ​ម្នាក់​ឯង​ទៀត​បង្កើត​កូន»។​

បង​ស្រី​របស់​ជន​រង​គ្រោះ​គឺ​អ្នកស្រី​ ប្រាក់ ស៊ីនួន​ អាយុ​៣៧​ឆ្នាំ ​មាន​ប្រសាសន៍​ថា​ ពេល​ប្អូនស្រី​ទៅ​ដល់​មណ្ឌល​សុខភាព​មេសថ្ងក​ ដែល​មាន​ចម្ងាយ​ប្រមាណ​៣​គីឡូ​ម៉ែត្រ​ពី​ផ្ទះ​ជន​រង​គ្រោះ​ នា​ពេល​ព្រឹក ​អ្នកស្រី​បាន​ហៅ​ទូរស័ព្ទ​ទៅ​ឆ្មប​ម្នាក់ ​ដែល​ផ្ទះ​គាត់​ស្ថិត​នៅ​ចម្ងាយប្រមាណ​៥០​ម៉ែត្រ​ពី​មណ្ឌល​សុខភាព។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​ធ្លាប់​ស្គាល់។ ​យក​លេខ ​គេ​បិទ​លើ​ជញ្ជាំង។ ​តេ​(ទូរស័ព្ទ)​ហៅ​គាត់​ថា​ មីង​ឯង​មក​ជួយ​មើល​ប្អូន​ខ្ញុំ​បន្តិច​មក!​ ប្អូន​ខ្ញុំ​ឈឺ​ពោះ»។​

បងស្រី​ជន​រង​គ្រោះ​រូប​នោះ​បាន​ឲ្យ​ដឹង​ថា ​សុខភាព​ប្អូនស្រី​មាន​លក្ខណៈ​ធម្មតា​ ពេល​សម្រាល​កូន​រួច​ហើយ។​ អ្នកស្រី​មាន​ប្រសាសន៍​ថា៖​

«ប្អូន​ខ្ញុំ​វា​និយាយ​ជាមួយ​កូន​វា​ធម្មតា។​ និយាយ​ហៅ​កូន​ធម្មតា​ថា​ អា​ប្រុស ​កូន​ឯង​យំ​មួយ​មើល!​ កូន​ក៏​យំ។​ វា​ញញឹម​ដាក់​ប្តី។ ​ប្តី​អើត​មើល​ពី​ក្រៅ»។​

សពរបស់ជនរងគ្រោះ អ្នកស្រី ប្រាក់ សុដា ត្រូវបានបូជា និងធាតុត្រូវបានរក្សាទុកនៅក្នុងផ្ទះ នៅ​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀងកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)

នេះ​ជា​កូន​ទី២​ហើយ​សម្រាប់​ជន​រង​គ្រោះ​នេះ។ ​ជន​រងគ្រោះ​មាន​កូន​ស្រី​ម្នាក់ ​អាយុ​៥​ឆ្នាំ ​ដែល​ធ្លាប់​កើត​នៅ​មណ្ឌល​សុខភាព​នេះ​ដូច​គ្នា​នេះ។ ​ជន​រង​គ្រោះជា​កម្មការិនី​កាត់​ដេរ​ម្នាក់​ដែល​បាន​ធ្វើ​ការ​នៅ​រោងចក្រ​ក្នុង​ខេត្ត​ស្វាយរៀង​អស់​រយៈពេល​ជិត​១០​ឆ្នាំ​មក​ហើយ។ ​អ្នកស្រី​បាន​សម្រាក​ពី​ការធ្វើការ​នៅ​រោងចក្រ​រយៈពេល​១០​ថ្ងៃ ​មុន​សម្រាល​កូន។ ​ស្វាមី​ចង់​ឲ្យ​សម្រាក​មុន​ឲ្យ​បាន​ច្រើន ​តែ​ភរិយា​ចង់​បន្ត​ការងារ ​ដោយ​មិន​ចង់​បាត់​បង់​ប្រាក់​ចំណូល។ ​នេះ​បើ​យោង​តាម​លោក ​សាខេន ​ជា​ស្វាមី។​

ម្តាយ​ក្មេក​របស់​ជន​រងគ្រោះ​គឺ​អ្នកស្រី​ ពៅ សាខន ​អាយុ​៦២​ឆ្នាំ ​ជា​ឆ្មប​បុរាណតាំង​ពី​ឆ្នាំ​១៩៧៤​ តែ​បាន​ឈប់​បង្កើត​កូន​ឲ្យ​គេ​នៅ​ក្នុងឆ្នាំ​២០០០ ​ក្រោយ​រដ្ឋាភិបាល​បាន​ហាម​ឃាត់។ ​អ្នកស្រី​បាន​ស្ថិត​ក្នុង​បន្ទប់​ជាមួយ​ឆ្មប ​ពេល​ជន​រង​គ្រោះ​ធ្លាក់​ឈាម​ខ្លាំង។​

អ្នកស្រី​មាន​ប្រសាសន៍​ថា​ ឆ្មប​បាន​ចាប់​ផ្តើម​យក​កម្ទេច​សុក ​ហើយ​ពេល​នោះ​មាន​ឈាម​ច្រើន​ ហើយ​មុខ​របស់​ជន​រងគ្រោះ​កាន់​តែ​ស្លេក។​

អ្នកស្រី​បាន​ថ្លែង​ប្រាប់​ VOA​ ថា៖​

«ពេល​លូក​រាវ​រក​អា​កម្ទេច​សុខ​ហ្នឹង​ ទាញ​មក​សុទ្ធ​តែ​ឈាម​ទាំង​អស់។ ​ហូរ​មក​ដក់​នៅ​ខាង​ក្រោម។ ​ឈាម​វា​ច្រើន​ផង ​ហើយ​មើល​ទៅ​ឃើញ​មុខ​កូន​ក្រហម។ ​កាល​ណា​លូក​ទៅ​ឃើញ​តែ​ឈាម​ទេ​ណា ​ដល់​ពេល​ដក​ដៃ​ទៅ ​ឈាម​វា​បាញ់»។​

អ្នកស្រី​បាន​បន្ថែម​ថា៖​

«ខ្ញុំ​ឆ្ងល់​ដែរ!​ ឆ្ងល់​កន្លែង​ហ្នឹង​ ថា​ពេទ្យ​ម៉េច​ឈាម​ច្រើន​ម៉េស?​ ថា​មិន​អី​ទេ!​ នៅ​កម្ទេច​សុក​មិន​អស់​ទេ​យាយ។​ ខ្ញុំ​មិន​មាត់។​ ខ្ញុំមិន​ហ៊ាន​ប៉ះ​ណា៎។ គេថា ​យាយ​ឯង​ឆ្មប​បុរាណ​ កុំ​ចេះ​ជាង​ពេទ្យ!​ នោះ​ពេទ្យ​នោះ​និយាយ​អ៊ីចឹង»។​

ពាក្យ​បណ្តឹង

ក្រោយ​ការ​ស្លាប់ជន​រង​គ្រោះ​ ក្រុមគ្រួសារ​បាន​សម្រេច​ដាក់​ពាក្យ​បណ្តឹង​ទៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ចន្រ្ទា​ដើម្បី​ឲ្យ​ពិនិត្យ​មើល​រឿង​នេះ។​ នៅ​ក្នុង​ពាក្យ​បណ្តឹង​ចុះ​ថ្ងៃ​ទី​៥ ​ខែ​កុម្ភៈ​ លោក សួន សាខេន ​ដែល​ជា​ស្វាមី​ជន​រង​គ្រោះ ​រស់​នៅ​ក្នុង​ភូមិ​ថ្នល់​កែង សង្កាត់​បាទី ​ក្រុង​បាវិត ​បាន​លើក​ឡើង​ថា ​ក្រុមគ្រួសារ​ប្តឹង​ប្រធាន​មណ្ឌល​សុខភាព​ លោក​ ហាស់ សុផុន​ និង​ភរិយា​របស់​លោក ​គឺ​លោកស្រី​ មូ ណារូ ​ដែល​ជា​ឆ្មប​មាន​បទ​ពិសោធន៍​ម្នាក់ ​ដែល​ត្រូវ​បាន​ក្រុម​គ្រួសារ​ហៅ​ទូរស័ព្ទ​ឲ្យ​មក​ជួយ​បង្កើត​កូន។​

បើ​តាម​ពាក្យ​បណ្តឹង​នោះ ​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​សុខភាព​មេសថ្ងក​នៅ​ម៉ោង​ប្រមាណ​៥​ទៀប​ភ្លឺ ​លុះ​ដល់​ម៉ោង​២​និង​៣០នាទី​រសៀល ​ជន​រងគ្រោះ ​អ្នកស្រី​ សុដា ​បាន​សម្រាល​កូន​ក្នុង​រយៈពេល​តែ​៣​នាទី​ប៉ុណ្ណោះ។​ លោក ​សាខេន ​បាន​បញ្ជាក់​ក្នុង​ពាក្យ​បណ្តឹង​ថា ​លោក​បាន​ប្រាប់​ឲ្យ​ឆ្មបគឺ​អ្នកស្រី ​អុក ចំរ៉ុង ​បញ្ជូន​ភរិយា​របស់​លោក​ទៅ​ពេទ្យ​ខេត្ត ​ក្រោយ​ឃើញ​មាន​ឈាម​ តែ​ពេទ្យ​ឆ្មប​ឆ្លើយ​ថា ​មិន​អី​ទេ។​

លុះត្រាមាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ ទើប​ហៅ​ឡាន​ពេទ្យ​មក នៅ​ម៉ោង​៣​និង​៣០​នាទី​រសៀល។ ​ នេះ​បើ​យោង​តាម​ពាក្យ​បណ្តឹង។​

មន្ទីរ​ពេទ្យ​បង្អែក​ខេត្តស្វាយ​រៀងស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៤០​គីឡូ​ម៉ែត្រ​ពី​ផ្ទះ​របស់​ជន​រង​គ្រោះ។ ​ជន​រងគ្រោះបាន​ស្លាប់​តាម​ផ្លូវ​ ពេល​ត្រូវ​បញ្ជូន​ទៅ​ពេទ្យ​ខេត្ត។ ​ប៉ុន្តែ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ មិន​អស់​ចិត្ត​ ក៏​បាន​ឲ្យ​បញ្ជូន​ទៅ​ដល់​ពេទ្យ​ខេត្ត​ដើម្បី​បញ្ជាក់​បន្ថែម។​

ស្វាមីជនរងគ្រោះ លោក សួន សាខេន ឈរនៅក្នុងផ្ទះ មុខ​រូបថតរៀបការ​របស់លោក​និងភរិយា​ដែលជា​ជនរងគ្រោះ ដែល​បាន​ស្លាប់​ដោយសារ​ការ​ធ្លាក់​ឈាម​បន្ទាប់​ពី​សម្រាល​កូន នៅ​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀងកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)

លោក ​សាខេន ​បាន​ថ្លែង​ប្រាប់​ VOA​ ថា៖​

«ឡាន​ពេទ្យ​សង្រ្គោះ​ហ្នឹង ​គេ​ទារ​ត្រឡប់​មក​វិញ។ ​ពុក​និង​បង​ហ្នឹង​មិន​យល់​ព្រម ​ឲ្យ​យក​ទៅ​ដល់​ពេទ្យ​ដើម្បី​ឲ្យ​អស់​ចិត្ត​ណា៎​បង។​ គេ​ថា ​ប្រពន្ធ​យើង​ស្លាប់​ហើយ»។​

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ VOA​ លោកស្រី​ មូ ណារូ ​ជា​ឆ្មប​ម្នាក់​ មាន​ប្រសាសន៍​ថា​ ថ្ងៃ​នោះ​មិនមែន​ជាវេនប្រចាំ​ការ​របស់​លោកស្រី​នោះ​ទេ។​ ប៉ុន្តែ​លោក​ស្រី​បាន​ទៅ​ពិនិត្យ​សុខភាព​ជន​រង​គ្រោះ ​ពេល​ត្រូវ​បាន​បញ្ជូន​មក​មណ្ឌល​សុខភាព។ ​ប៉ុន្តែ​លោក​ស្រី​មិន​បាន​នៅ​ទេ​ ​ពេល​ស្រ្តី​នោះ​សម្រាល​កូន។

លោកស្រី ​មូ ណារូ ​មាន​ប្រសាសន៍​ថា៖​

«កាល​ដែល​យើង​ពិនិត្យ​ហ្នឹង​ យើង​មើល​អត់​ដឹង​ទេ ​ព្រោះ​ឈាម​គាត់​ធម្មតា ​ជីពចរ​អី​ធម្មតា​ ហើយ​គាត់​ដើរ​អី​នៅ​ធម្មតា ​ដូច​តែ​យើង​អ៊ីចឹង​។ អាណា​ទៅ​មើល​ដឹង!»​

ស្វាមី​ជន​រងគ្រោះ​បាន​អះអាង​ថា ​លោកស្រី​ ណារូ ​និង​ស្វាមី ​គឺ ​លោក​ ហាស់ សុផុន​ដែល​ជា​ប្រធាន​មណ្ឌល​សុខភាព ​បាន​មក​ពិនិត្យ​ជន​រង​គ្រោះ ​នៅ​ពេល​ស្ថានភាពធ្ងន់​ធ្ងរ​រួច​ទៅ​ហើយ។​

លោក​ស្រី ​ម៉ៅ សុភារី ​អនុ​ប្រធាន​មណ្ឌល​សុខភាព ​និង​ជា​ឆ្មប​មួយ​រូប​ មាន​ប្រសាសន៍​ថា​ លោក​ស្រី​បាន​សុំ​ច្បាប់​នៅ​ថ្ងៃ​មាន​បញ្ហា​នោះ​ ដោយ​សារ​រវល់​សែន​សម្រាប់ចូល​ឆ្នាំ​ប្រពៃណី​ចិន​វៀតណាម។ ​ដូច្នេះ​ហើយ​ទើប​មាន​គ្រូពេទ្យ​តែ​ម្នាក់។​

លោកស្រី​បាន​ថ្លែង​ប្រាប់​ VOA​ តាម​ទូរស័ព្ទ​ថា៖​

«ខ្ញុំ​សុំ​ច្បាប់​ថ្ងៃ​ហ្នឹង​ណា៎! ​ខ្ញុំ​អត់​បាន​ទៅ​ទេ។ ​តែ​បើ​ថ្ងៃ​ហ្នឹង ​ម្នាក់​ហ្នឹង​[ឆ្មប]គាត់​អត់​ព្រម​សង្រ្គោះ​អ៊ីចឹង​ ខ្ញុំ​ក៏​បញ្ជូន​ទៅ​ដែរ។​ ខ្ញុំ​ប្រាប់​មេ​[ប្រធាន​មណ្ឌល​សុខភាព]​ថា​ ​ប្រសិន​បើ​មាន​គេ​នេះ​អ៊ីចឹង​[កើត​កូន]​បញ្ជូន​គេ​ទៅ​កើត​កន្លែង​ផ្សេង។ ​ប៉ុន​ថ្ងៃ​ហ្នឹង ​ខ្ញុំ​អត់​ដឹង​មូលហេតុ​ គេ​ទទួល​យក​ ឬ​ក៏​យ៉ាង​ម៉េច ​ខ្ញុំ​អត់​ដឹង​ដែរ»។​

បើ​តាម​លោកស្រី សុភារី ​ស្រ្តី​ចន្លោះ​ពី​៣០​ទៅ​៤០​នាក់​ក្នុង​មួយ​ខែ​ មក​រក​សេវា​សម្រាល​កូន​នៅ​មណ្ឌល​សុខភាព​របស់​លោកស្រី។​

ប្រធាន​មណ្ឌល​សុខភាព ​លោក ​ហាស់ សុផុន ​បាន​បដិសេធ​មិន​អត្ថាធិប្បាយ ​ដោយ​បង្វែសំណួរ​ទៅ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​វិញ។​

លោក​មាន​ប្រសាសន៍​ថា៖​

«អា​ហ្នឹង​ខ្ញុំឆ្លើយ​អត់​បាន​ទេ!​ សមត្ថភាព​តូច​អត់​ដល់​ បាន​ឆ្លើយ​អត់​កើត!​ វា​តែ​ម្នាក់​ តែ​ពេល​មាន​បញ្ហា ​គេ​អន្តរាគមន៍​ទៅ​ជួយ​ច្រើន​ណាស់ ​ទាំង​ប្រធាន​មណ្ឌល​ទាំង​អស់​ហ្នឹង!​ ឆ្មប​បី​បួន​នាក់​ទៅ​ជួយ»។​

ស្បូន​ខ្សោយ

លោក​ កែ រដ្ឋា​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង​ បាន​ថ្លែង​ប្រាប់ ​VOA ​តាម​ទូរស័ព្ទ​ថា ​ករណី​នេះ​មិន​មែន​ជា​រឿង​បច្ចេកទេស​នៃ​ការ​សម្រាល​កូន​នោះ​ទេ​គឺ​ជា​ករណី​ដែល​ស្បូន​របស់​ជន​រង​គ្រោះ​ខ្សោយ ​មិន​កន្រ្តាក់​ដែល​បណ្តាល​ឲ្យ​ស្រ្តី​ហូរ​ឈាម​ធ្លាក់​ខ្លាំង។​

លោក​បញ្ជាក់​ថា៖​

«បញ្ហា​ការ​ស្លាប់​ហ្នឹងគឺ​ដោយ​សារ​ស្បូន​គាត់ ​ក្រោយ​ពី​កើត​មក​ខ្សោយ។ ​ខ្សោយ​ទៅ ​ធ្វើ​ឲ្យ​ស្បូន​ហ្នឹង​ វា​មិន​កន្រ្តាក់​ ទន់។ ធម្មតា​ស្បូន​តែ​កើត​ហើយ ​វា​ត្រូវ​តែ​ខ្ជឹប ​កន្ត្រាក់​ដើម្បី​ឃាត់​ឈាម​ ព្រោះ​ឈាម​វា​ចេញ​មក​ពី​កន្លែង​សុក​តោង។​ ដល់​អ៊ីចឹង​ទៅ​ វា​ចេញ​មក ​វា​ចេះ​តែ​ហូរៗ​ទៅ​ យើង​ទប់​មិន​ឈ្នះ»។​

ប៉ុន្តែ​ប្រធាន​មន្ទីរ​សុខាភិបាល​រូប​នោះ​មាន​ប្រសាសន៍​ថា​ លោក​នឹង​មាន​វិធាន​ការ​ទៅ​លើ​មន្រ្តី​ដែល​បម្រើ​ការ​នៅ​ទី​នោះ ​ករណី​ដែល​មាន​ពេទ្យ​ឆ្មប​តែ​ម្នាក់​ នៅ​ពេល​សម្រាល​កូន។​

លោក​មាន​ប្រសាសន៍​ថា៖​

«ធម្មតា​គាត់​ច្រើន​តែ​ធ្វើ​២​នាក់​ ប៉ុន្តែ​ថ្ងៃ​ហ្នឹង ​អាច​មាន​ការ​ខ្វះ​បុគ្គលិក ​ព្រោះ​ដោយ​សារ​ឱកាស​សែន​ចូល​ឆ្នាំ​អី​អ៊ីចឹង​ទៅ។ ​មាន​បុគ្គលិក​មួយ​ចំនួន ​គាត់​នៅ​ជាប់​រវល់​សែន​ហ្នឹង។​ អាហ្នឹង​វា​ក៏​ជា​កំហុស​មួយ​ដែរ​ ដែល​មន្ទីរ​សុខាភិបាល​នឹង​មាន​វិធាន​ការ​រដ្ឋបាល»។​

លោក​បញ្ជាក់​បន្ថែម​ថា៖​

«ខ្ញុំ​គិត​ថា​ ​មូលហេតុ​ស្លាប់​មិន​មែន​ថា​ ​យើង​ខ្វះ​គ្នា​ប៉ុន្មាន​ទេ។ ​បើ​សិន​ជា​យើង​មាន​គ្នា​ពេល​ហ្នឹង​ក៏​ពិបាក​នឹង​ជួយ​ដែរ ​ព្រោះ​ដោយសារ​ស្បូន​វា​ខ្សោយ»។​

លោក​ កែ រដ្ឋា​ ក៏បាន​ការពារ​ឆ្មប​ដែល​បង្កើត​កូន​នោះ​ថា​ ​មាន​ជំនាញ​ពិត​ប្រាកដ។​ លោក​មាន​ប្រសាសន៍​ថា៖​

«ឆ្មប​ដែល​បង្កើត​ហ្នឹង​ក៏​មិន​មែន​ឆ្មប​ដែល​គាត់​មិន​ចេះ​ដែរ ​មិន​ចេះ​ដែរ។ ​ឆ្មប​មួយ​ហ្នឹង​ គាត់​ចេញ​(ធ្វើការ)​៦​ឆ្នាំ​ហើយ​ ​ហើយ​គាត់​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ជំនាញ​ឌីម៉ុក។​ ជំនាញ​ឌីម៉ុក​នេះ​គឺ​ជា​ជំនាញ​ក្នុង​ការ​សង្រ្គោះ​ក្នុង​ការ​បង្កើត​កូន​ឲ្យ​មាន​សុវត្ថិភាព»។​

ទោះ​ជា​យ៉ាងណា​ ​លោក​មាន​ប្រសាសន៍​ថា​ ​ប្រសិន​បើ​ស្រ្តី​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ខេត្ត​ទាន់​ពេលវេលា​ ប្រហែល​ជា​អាច​សង្រ្គោះ​បាន។​

ឆ្មប​ដែល​បានបង្កើត​កូន​នោះមាន​ឈ្មោះ​ថា​ អុក ចំរ៉ុង។ ​នៅ​ពេល​អ្នក​យក​ព័ត៌មាន​របស់​VOA​ ទៅ​ដល់​មណ្ឌល​សុខភាព ​ឆ្មប​រូប​នោះ​មិន​មាន​វត្តមាន​នៅ​ទីនោះ​ទេ។ ​VOA ​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ឆ្មប​ចំរ៉ុង​តាម​រយៈ​ទូរស័ព្ទ​បាន​ទេ។​

លោកស្រី ​ចាន់ ធារី ​ប្រធាន​អង្គការ​សម្ព័ន្ធ​សុខភាព​កុមារ ​និង​សុខភាព​បន្ត​ពូជ​ (RACHA)​ ដែល​ធ្វើ​ការ​ងារ​លើ​បញ្ហា​សុខភាព​ស្រ្តី ​ក្នុង​នោះ​មាន​ការ​សម្រាល​កូន​ដោយ​សុវត្ថិភាព​ផង​ដែរ ​មាន​ប្រសាសន៍​ថា ​ការ​សម្រេច​បញ្ជូន​ស្រ្តី​ទៅ​មន្ទីរ​ពេទ្យ​ខេត្ត​ឲ្យ​ទាន់​ពេល​វេលា​ នៅ​តែ​ជា​បញ្ហា​នៅ​ឡើយ។​

លោក​ស្រី​មាន​ប្រសាសន៍​ថា៖​

«រយៈ​ពេល​នៃ​ការ​ធ្វើ​ដំណើរ​មាន​ការ​យឺត​យូរ។ ​អាហ្នឹង​ហើយ​ជា​កត្តា​មួយ។ ​ការ​សម្រេច​ចិត្ត​ពី​ក្រុម​គ្រួសារ​ផង​ មាន​ន័យ​ថា​ ​ការ​សម្រេច​ចិត្ត​ក្នុង​ការ​បញ្ជូន​ហ្នឹង​យឺត​យ៉ាវ»។​

លោកស្រី​បន្ថែម​ថា ​ឆ្មប​ខ្លះ​មិន​ទាន់​មាន​ជំនាញ​ក្នុង​ការ​គ្រប់គ្រង​ ដូច្នេះ​ហើយ​ទើប​មាន​ការ​បណ្តុះ​បណ្តាល​បន្ថែម​ឲ្យ​ឆ្មប​ទាំង​នោះ​ចេះ​គ្រប់គ្រង​ការ​សម្រាល​កូន។​

លោកស្រី​មាន​ប្រសាសន៍​ថា៖​

«ពង្រឹង​សមត្ថភាព​ដល់​ឆ្មប​ ដែល​ធ្វើ​ការ​នៅ​មណ្ឌល​សុខភាព​ ហើយ​ក៏​ដូច​ជា​ខាង​ក្រសួង​សុខាភិបាល​គ្រប់​ជាន់​ថ្នាក់​ទាំង​អស់​ពង្រឹង​សមត្ថភាព​ឆ្មប​ ដើម្បី​ឲ្យ​គាត់​គ្រប់​គ្រង​ការ​សម្រាល​ហ្នឹង​ឲ្យ​បាន​ត្រឹម​ត្រូវ​នៅ​មណ្ឌល​សុខភាព​ ហើយ​ឲ្យ​គាត់​ដឹង​ថា​ ប្រសិន​ជា​មាន​សញ្ញា​គ្រោះ​ថ្នាក់​គឺ​ត្រូវ​ឲ្យ​គាត់​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ឲ្យ​ទាន់​ពេល។​ អ៊ីចឹង​វាអាច​កាត់​បន្ថយ​អត្រា​ស្លាប់​បាន​ច្រើន»។​

ស្រ្តីម្នាក់អង្គុយខាងមុខបន្ទប់សម្រាលកូននៅមណ្ឌលសុខភាពមេសថ្ងក ក្នុងស្រុកចន្រ្ទា ខេត្តស្វាយរៀង កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)

ស្វាមី​របស់​ជន​រង​គ្រោះ​បាន​អះអាង​ថា​ ភរិយា​របស់​លោក​មាន​សុខភាព​ល្អ មុន​ពេល​សម្រាល​កូន ហើយ​បាន​ទៅ​មណ្ឌល​សុខភាព​បើក​ថ្នាំ​ និង​ពិនិត្យ​ផ្ទៃ​ពោះ​ជា​រៀង​រាល់​ខែ។​

ករណី​ជន​រង​គ្រោះ​ឈ្មោះ​ប្រាក់ សុដា ​ដែល​បាន​ស្លាប់​ក្រោយ​សម្រាល​កូន​នេះ​ ជា​ករណី​ដំបូង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង។ ​នេះ​បើ​យោង​តាម​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត ​លោក ​កែ រដ្ឋា។ ​លោក​បញ្ជាក់​ថា​ បើ​ប្រៀប​ធៀប​នឹង​១០​ឆ្នាំ​មុន ​ករណី​ស្លាប់​នៅ​ក្នុង​ខេត្ត​របស់​លោក​មាន​ចន្លោះ​ពី​១៥​ទៅ​១៨​នាក់​ក្នុង​មួយ​ឆ្នាំ។​

មណ្ឌល​សុខភាព​ឃុំ​នៅ​ទូទាំង​ប្រទេស​ត្រូវ​បាន​ក្រសួង​សុខាភិបាល​អនុញ្ញាត​ឲ្យ​ផ្តល់​សេវា​សម្រាល​កូន។ ​ប៉ុន្តែ​ប្រសិន​បើ​ករណី​ធ្ងន់ធ្ងរ​ មណ្ឌល​សុខភាព​ឃុំត្រូវ​បញ្ជូន​ស្ត្រី​ជា​ម្តាយទៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ភ្លាមៗ​ ដែល​មាន​ឧបករណ៍​ច្រើន​ជាង​មណ្ឌល​សុខភាព។​

អត្រា​ស្លាប់​មាតា​ពេល​សម្រាល​កូន​ធ្លាក់​ចុះ​

អត្រា​ស្លាប់​ស្ត្រី​ប្រសូតិទារក​នៅ​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចុះ​ចាប់​តាំង​ពី​ឆ្នាំ​២០០៨​គឺ​ធ្លាក់​ចុះ​ពី​៤៦០នាក់​ក្នុង​ចំណោម​១០​ម៉ឺន​កំណើត​រស់​ មក​ត្រឹម​១៧០​នាក់​ក្នុង​ឆ្នាំ​២០១៤។​ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់ធនាគារពិភពលោក (World Bank Data)។

ប្រទេស​កម្ពុជា​បាន​សម្រេច​នូវ​គោល​ដៅ​របស់​អង្គការ​សហ​ប្រជាជាតិ ​ដែល​បាន​កំណត់​កាត់​បន្ថយ​អត្រា​មរណ​ភាពស្ត្រី​ពេល​ប្រសូតិកូន​យ៉ាង​តិច​៧៥​ភាគ​រយ​នៅ​ឆ្នាំ​២០១៥។​ អត្រា​មរណ​ភាពស្ត្រី​ពេល​ប្រសូតិកូនបាន​ធ្លាក់​ចុះ​៨៤​ភាគរយ​ ​នៅ​ចន្លោះ​ឆ្នាំ​១៩៩០​និង​ឆ្នាំ​២០១៥។​

ក្រោម​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ដែល​ត្រូវ​បាន​កំណត់​ដោយ​អង្គការ​សហ​ប្រជាជាតិ ​មេ​ដឹកនាំ​ពិភព​លោក​បាន​ប្តេជ្ញា​ថា​ ​នឹង​កាត់​បន្ថយ​អត្រា​មរណ​ភាពស្ត្រីពេល​ប្រសូតិ​កូន​នៅ​លើ​ពិភព​លោក​មក​ត្រឹម​តែ​៧០​នាក់​ក្នុង​ចំណោម​១០​ម៉ឺន​កំណើត​រស់​ នៅ​ត្រឹម​ឆ្នាំ​២០៣០។​

រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​អនុវត្ត​នូវ​កម្មវិធី​លើក​ទឹក​ចិត្ត​ ដោយ​ផ្តល់​ឲ្យ​ឆ្មប​១០​ដុល្លារ​សម្រាប់​ការ​បង្កើត​កូន​ដោយ​សុវត្ថិភាព​នៅ​មន្ទីរពេទ្យ​ខេត្ត ​និង​១៥​ដុល្លារ​នៅ​មណ្ឌល​សុខភាព។ ​ឆ្មប​ក៏​ត្រូវ​បាន​បណ្តុះ​បណ្តាល ​និង​ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ការនៅ​តំបន់​ជនបទ​ ដែល​ករណី​មរណ​ភាពស្ត្រី​ពេល​ប្រសូតិកូន​ និង​ទារក​មាន​ចំនួន​ច្រើន។​

VOA ​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​និង​អ្នក​នាំពាក្យលោកស្រី ​ឱ វណ្ណ​ឌីន ​បាន​នៅ​ឡើយ​ទេ។​

យោង​តាម​របាយ​ការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក​ (WHO)​ ​ជា​រៀង​រាល់​ថ្ងៃ​ ស្រ្តី​ប្រមាណ​៨៣០​នាក់​បាន​ស្លាប់​ដោយសារ​បញ្ហា​ទាក់ទង​នឹង​ផ្ទៃ​ពោះ​និង​ការ​សម្រាល​កូន ហើយ​៩៩​ភាគរយ​នៃ​ការ​ស្លាប់​នេះ​បាន​កើត​ឡើង​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍។​

នៅ​ចន្លោះ​ឆ្នាំ​១៩៩០​ដល់​២០១៥ ​ករណី​ស្រ្តី​ស្លាប់​ពេល​ប្រសូតិ​ទារកទូទាំង​ពិភព​លោក​បាន​ធ្លាក់​ចុះ​ប្រមាណ​៤៤​ភាគរយ។ ​ការ​ស្លាប់​មាតា​នេះ​គឺ​មាន​អត្រា​ខ្ពស់​ក្នុង​ចំណោម​ស្រ្តី​ដែល​រស់​នៅ​តាម​ជនបទ ​និង​គ្រួសារ​ក្រីក្រ។ ​នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់អង្គការ​សុខភាព​ពិភព​លោក។​

ក្រុមគ្រួសារជនរងគ្រោះជួបជុំគ្នាពិភាក្សារឿងពាក្យបណ្តឹង ក្រោយសពជនរងគ្រោះ ត្រូវបានបូជានៅក្នុងសង្កាត់បាទី ស្រុកចន្រ្ទា ខេត្តស្វាយរៀងកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)

យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ​

ក្រោយ​មាន​ព័ត៌មាន​ទាក់ទង​នឹង​ស្រ្តី​ស្លាប់​ពេល​សម្រាល​កូន​ ប្រជា​ពលរដ្ឋ​ក្នុង​សង្កាត់​បាទី ​និង​ឃុំ​ក្បែរ​នោះ​ បានចាប់​ផ្តើម​ព្រួយ​បារម្ភ​អំពី​ការ​សម្រាលកូន​នៅ​មណ្ឌល​សុខភាព។​

អ្នក​ភូមិ​ម្នាក់​គឺ​អ្នកស្រី ​ចាប ស្រី ​អាយុ​៦០​ឆ្នាំ ​មាន​ប្រសាសន៍​ថា ​អ្នកស្រី​នឹង​បញ្ជូន​កូន​ឬ​សាច់​ញាតិ​ទៅ​ពេទ្យ​ខេត្ត​តែ​ម្តង​ ដោយ​សារ​បារម្ភ​ខ្លាច​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ​ពេល​មាន​បញ្ហា។​

អ្នក​ស្រី​បាន​ថ្លែង​ប្រាប់ ​VOA ​នៅ​ផ្ទះ​របស់​អ្នកស្រី​ថា៖​

«ខ្ញុំ​និយាយ​យូរ​ហើយ។ ​ខ្ញុំ​ថា​ ​បើ​ខ្ញុំ​មាន​កូន​ត្រូវ​កើត​អ៊ីចឹង​ ខ្ញុំ​មិន​ឲ្យ​នៅ​ហ្នឹង​ទេ ​ព្រោះ​ថា​បើ​នៅ​ហ្នឹង​មាន​អីៗ​ គេ​ជួយ​មិន​ទាន់​អ៊ីចឹង។ ​ខ្ញុំ​ទៅ​ស្វាយ​រៀង ​បើ​ថា ​ម៉េចៗ​ ហើយ​នៅ​ហ្នឹង​តែ​ម្តង។ ​អ្នក​ស្រី​បញ្ជាក់​ថា៖​

«វា​[មណ្ឌល​សុខភាព]​ជិត​ វា​ល្អ​ហើយ ​តែ​បើ​ម៉េច​ម៉ា​ ​យើង​រត់​មិន​ទាន់»។​

នៅ​ក្នុង​ពាក្យ​បណ្តឹង​ ក្រុម​គ្រួសារ​បាន​ទាមទារ​សំណង​ជំងឺ​ចិត្ត​១​ម៉ឺន​ដុល្លារ​អាមេរិក​ ហើយ​ចង់​ឲ្យ​ពេទ្យ​នៅ​មណ្ឌល​សុខភាព​ទទួល​ខុសត្រូវ​លើ​បញ្ហា​នេះ។​

ខណៈ​កំពុង​យោល​អង្រឹង​ចៅ​ ​ អ្នកស្រី ពុធ សាបុណ្យ ​អាយុ​៦៦​ឆ្នាំ​ ​ម្តាយ​របស់​ជន​រងគ្រោះ​ បាន​អំពាវ​នាវ​រក​យុត្តិធម៌​ជូន​កូន​ ដោយ​អ្នកស្រី​ចាត់​ទុក​ថា​ ​នេះ​ជា​ការ​ធ្វេស​ប្រហែស​មួយ ​បណ្តាល​ឲ្យ​កូន​របស់​អ្នកស្រី​ស្លាប់។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​

«រក​យុត្តិធម៌​ដើម្បី​ឲ្យ​យើង​ត្រជាក់​ចិត្ត ​ដើម្បី​ចិញ្ចឹម​ចៅ ​ព្រោះ​ជីវិត​មនុស្ស ​យើង​មិន​អាច​រក​ទិញ​ យក​លេង​សើច​អ៊ីចឹង​ទេ។​ គ្នា​ ប្រជាជន​សង្ឃឹម​លើ​ពេទ្យ ​អ្នក​ឆ្មប​ដែល​បង្កើត​ហ្នឹង​ហើយ​ ​ផ្ញើ​អាយុ​ជីវិត​ហើយ​ហ្នឹង។​ ឲ្យ​អ្នក​ធ្វើ​ការ​ហ្នឹង​រក​យុត្តិធម៌​ឲ្យ​កូន​ខ្ញុំ​មក»៕