ខណៈតុលាការបន្តសវនាការលើសំណុំរឿងដ៏ស្មុគស្មាញ ដែលចោទសកម្មជនចលនាមាតាធម្មជាតិពីបទ«រួមគំនិតក្បត់» និង«ប្រមាថព្រះមហាក្សត្រ» យុវតីដែលស្រឡាញ់បរិស្ថានមួយចំនួន ដែលជាអ្នកគាំទ្រសកម្មជនបរិស្ថានទាំងនោះ ស្នើឱ្យតុលាការទម្លាក់បទចោទ ដើម្បីឱ្យពួកគេអាចធ្វើសកម្មភាពការពារបរិស្ថាន និងធនធានធម្មជាតិ សម្រាប់ជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋខ្មែរ។
នេះជាសំណុំរឿងព្រហ្មទណ្ឌលេខ ២៤០០ ចុះថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២១ ដែលតុលាការចោទប្រកាន់សកម្មជនចលនាមាតាធម្មជាតិ ហើយនាយកដ្ឋានកណ្តាលសន្តិសុខនៃក្រសួងមហាផ្ទៃជាដើមបណ្តឹង។
បុគ្គលទាំង១០នាក់ ដែលត្រូវបានចោទប្រកាន់ពីបទ«រួមគំនិតក្បត់»នោះរួមមាន លោក លី ចាន់ដារ៉ាវុត លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី លោក ម៉ិញ ពិសិដ្ឋ កញ្ញា រ៉ី រក្សា លោក ពក ខឿយ លោក យឹម លាងហ៊ី កញ្ញា ស៊ុន រដ្ឋា និងលោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alex Gonzalez-Davidson)។ ដោយឡែកមនុស្សចំនួន៣នាក់ក្នុងចំណោមនោះ រួមមានលោក យឹម លាងហ៊ី កញ្ញា ស៊ុន រដ្ឋា និងលោក អាឡិច រងបទចោទមួយទៀត គឺ«ប្រមាថព្រះមហាក្សត្រ»។
គេមិនទាន់ដឹងនៅឡើយថា សំណុំរឿងនេះនឹងបន្តអូសបន្លាយដល់ពេលណាទេ ខណៈនៅថ្ងៃអង្គារនេះគឺជាសវនាការលើកទី ៣ ដែលតុលាការបានសួរដេញដោលសំណុំរឿងនេះ។
ជុំវិញការចោទប្រកាន់នោះ យុវតីមួយចំនួនដែលស្រឡាញ់បរិស្ថានចង់ឃើញតុលាការទម្លាក់បទចោទលើសកម្មជនចលនាមាតាធម្មជាតិ។
កញ្ញា លាង សុវណ្ណដា យុវតីម្នាក់ដែលបានចូលរួមសកម្មភាពជាមួយចលនាមាតាធម្មជាតិ និងបានមកឃ្លាំមើលនៅក្រៅរបងតុលាការ ប្រាប់វីអូអេថា អាជ្ញាធរពាក់ព័ន្ធគួរតែគាំទ្រសកម្មភាពយុវជនដែលការពារបរិស្ថាន និងធនធានធម្មជាតិ គឺមិនគួរចោទប្រកាន់តាមផ្លូវតុលាការនោះទេ។
កញ្ញថ្លែងថា៖ «អ៊ីចឹងហើយយើងស្នើសុំឱ្យរដ្ឋាភិបាលក៏ដូចជាខាងតុលាការទម្លាក់ចោលរាល់បទចោទ ដែលចោទទៅលើសកម្មជនបរិស្ថាន ដែលគាត់គ្រាន់តែស្រឡាញ់ធនធានធម្មជាតិ។ គាត់អត់មានខុសអី។ គាត់អត់មានអីត្រូវតែជាប់ពន្ធនាគារដូចកាលមុនទេ»។
ចំណែកកញ្ញា ហេង គឹមសួ អាយុ២៤ឆ្នាំ ដែលតែងតែចូលរួមសកម្មភាពជាមួយចលនាមាតាធម្មជាតិ បានលើកឡើងថា យុត្តិធម៌សម្រាប់អ្នកការពារបរិស្ថាននៅកម្ពុជាមិនទាន់មាននៅឡើយ។ កញ្ញាបន្ថែមថា យុវជនបរិស្ថានធ្វើការដើម្បីប្រយោជន៍រួម ហើយមិនបានធ្វើសកម្មភាពអ្វីផ្ទុយរដ្ឋធម្មនុញ្ញ និងច្បាប់នោះទេ។ ដូច្នេះកញ្ញាស្នើឱ្យតុលាការទម្លាក់ចោលបទចោទលើសកម្មជនចលនាមាតាធម្មជាតិ។ កញ្ញាថា មិនមានច្បាប់ចែងថា ការការពារបរិស្ថានជាអំពើខុសច្បាប់នោះឡើយ។
កញ្ញាប្រាប់វីអូអេថា៖ «វានៅតែមិនទាន់មានភាពយុត្តិធម៌នៅឡើយ សម្រាប់អ្នកដែលការពារបរិស្ថាន អ្នកដែលលះបង់សេចក្តីសុខខ្លួនឯង ដើម្បីសង្គមមួយហ្នឹង។ សូម្បីតែអន្តរជាតិក៏គេទទួលស្គាល់ ការការពារបរិស្ថានរបស់ពួកគាត់ដែរ។ ប៉ុន្តែសម្រាប់នៅក្នុងប្រទេសបែរជាត្រូវបានចោទប្រកាន់ទៅវិញ»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ប្រាប់វីអូអេថា ការស្រែកថា យុត្តិធម៌ ឬ អយុត្តិធម៌មិនមែនអាស្រ័យលើការលើកឡើងរបស់សកម្មជននោះទេ ប៉ុន្តែវាអាស្រ័យទៅលើសកម្មភាព អង្គហេតុ អង្គច្បាប់ ភស្តុតាង និងសក្ខីភាព ដើម្បីតតាំងនៅតុលាការ។
លោកថ្លែងថា៖ «អ៊ីចឹងបើគាត់ថា ទង្វើគាត់ស្របច្បាប់ អ៊ីចឹងអាហ្នឹងចូលរួមតាមនីតិវិធីតុលាការហើយធ្វើការការពារខ្លួនតាមផ្លូវច្បាប់ទៅ មានភស្តុតាង សាក្សី សក្ខីកម្ម ហើយតតាំងជាមួយអាជ្ញាធរមានសមត្ថកិច្ចដែលគេមានភស្តុតាង មូលដ្ឋានផ្លូវច្បាប់ក្នុងការចោទប្រកាន់ និងចាត់ការតាមផ្លូវច្បាប់ដែរ»។
ជាមួយគ្នានេះ កញ្ញា ភួន កែវរស្មី សកម្មជនចលនាមាតាធម្មជាតិ ដែលរងបទចោទប្រកាន់នេះ អះអាងថា កញ្ញាមិនទទួលស្គាល់ដាច់ខាតចំពោះបទចោទ«រួមគំនិតក្បត់»នេះ។
កញ្ញាប្រាប់អ្នកសារព័ត៌មាននៅក្រៅរបងតុលាការថា៖ «អ៊ីចឹងខ្ញុំចង់សួរទៅវិញថា តើខ្ញុំរួមគំនិតក្បត់ហ្នឹង រួមជាមួយអ្នកណា? អ្នកណាជាអ្នកធ្វើឧបឃាត? តើខ្ញុំអាចសុំមើលមុខអ្នកដែលត្រូវបានគេចោទថា ជាអ្នកធ្វើឧឃាតបានទេ? ហើយថា តើអ្នកដែលគេចោទថា ធ្វើឧបឃាតហ្នឹងមានទំនាក់ទំនងយ៉ាងម៉េចជាមួយខ្ញុំ? ហើយបើគ្មានមនុស្សធ្វើឧបឃាតផង មកចោទខ្ញុំថា រួមគំនិតក្បត់ម៉េចបាន? អាហ្នឹងបើតាមផ្លូវច្បាប់។ ហើយបើតាមន័យសាមញ្ញសម្រាប់ប្រជាជនយល់ បើគ្មានមេខ្លោងបង្កើតផែនការផង តើខ្ញុំចូលរួមផែនការជាមួយអ្នកណា? អ៊ីចឹងមានន័យថា ផែនការហ្នឹងវាមិនដែលមានទេ។ ប៉ុន្តែផែនការហ្នឹងជាការស្រមើលស្រម៉ៃ ដែលគេយកមកកសាងសំណុំរឿង ដើម្បីចោទយើងមែនទេ? ខ្ញុំចង់សួរទៅវិញ»។
កញ្ញាបានស្នើឱ្យចៅក្រមលើកយកចំណុចណាដែលកញ្ញាបាននិយាយ ឬមានក្នុងវីដេអូណាមួយមកចោទសួរដេញដោល ដោយកុំលើកយកសម្តីរបស់ អាឡិច ដែលសម្ភាសជាមួយស្ថាប័នសារព័ត៌មាន មកដាក់បន្ទុកកញ្ញា។
សកម្មជនចលនាមាតាធម្មជាតិម្នាក់ទៀតលោក លី ចាន់ដារ៉ាវុត ក៏ចាត់ទុកថា ការចោទប្រកាន់សកម្មជនមាតាធម្មជាតិគឺជារឿងដ៏ហួសចិត្ត និងមិនអាចទទួលយកបាន។
លោកថ្លែងថា៖ «ខ្ញុំយល់ឃើញថា វាជារឿងដ៏ហួសចិត្តមួយ ហើយក៏ជារឿងដែលមិនអាចទទួលយកបាន ហើយពិភពលោកនេះក៏គ្មានតុលាការណាកាត់ក្តី ដោយគ្មានភស្តុតាងបែបនេះទេ។ ខ្ញុំលើកទឹកចិត្ត បើគាត់មានភស្តុតាងមែន គួរតែនិយាយផ្តោតសំខាន់ទៅលើផែនការផ្តួលរលំរដ្ឋាភិបាល ការប្រើប្រាស់អំពើហិង្សាហ្នឹង។ តើមានភស្តុតាងអ្វីខ្លះ? គួរដាក់លើតុយកមកជជែកមក។ បើសិនជារកឃើញថា ចលនាមាតាធម្មជាតិពិតជាបានប្រើហិង្សាលើស្ថាប័នណាមួយ ពិតជាបានរៀបចំទ័ព រៀបចំអាវុធ រៀបចំគ្នាដើម្បីផ្តួលរលំស្ថាប័នណាមួយពិតមែន»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ បញ្ជាក់ថា ការចោទប្រកាន់សកម្មជនចលនាមាតាធម្មជាតិ គឺជាបទល្មើសពីរផ្សេងគ្នា។ សវនាការនេះកាន់តែស្មុគស្មាញ ខណៈតុលាការបានបញ្ចូលបទចោទប្រកាន់ពីរប្រភេទខុសគ្នាក្នុងសវនាការនេះ។
លោកថា៖ «បទល្មើសពីរហ្នឹង វាដាច់ពីគ្នា។ បទល្មើសប្រមាថអង្គព្រះមហាក្សត្រជាបទល្មើសមជ្ឈឹម ឯបទល្មើសរួមគំនិតក្បត់គឺជាបទល្មើសឧក្រិដ្ឋ»។
លោកថា លោកនឹងរង់ចាំមើលថា តើភស្តុតាង ដែលមន្ត្រីនគរបាលនៃនាយកដ្ឋានកណ្តាលសន្តិសុខ យកមកចោទប្រកាន់នោះបានប្រភពមកពីណា ព្រោះតុលាការមិនទាន់បានបង្ហាញនៅឡើយ។
ជុំវិញសំណុំរឿងនេះ តុលាការនឹងបន្តសវនាការនៅថ្ងៃទី ១៧ ខែមិថុនា។ នេះបើតាមលោក អំ សំអាត៕