ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​ចលនា​មាតាធម្មជាតិ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់ នៅ​ចំពោះ​មុខ​តុលាការ


សកម្មជនមាតាធម្មជាតិឈរនិយាយនៅមុនពេលចូលសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)
សកម្មជនមាតាធម្មជាតិឈរនិយាយនៅមុនពេលចូលសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

សកម្មជន​ចលនា​មាតា​ធម្មជាតិ​បាន​បង្ហាញ​មុខ​នៅ​តុលាការ​ និង​បាន​ការ​ពារ​ខ្លួន​ថា​ មិន​បាន​ «ប្រមាថ​ព្រះ​មហាក្សត្រ»​ និង​ «រួម​គំនិត​ក្បត់» ដូច​ការ​ចោទ​ប្រកាន់​ឡើយ​។

នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ​តុលាការ​បើក​សវនាការ​ជំនុំ​ជម្រះ​លើក​ដំបូង គេ​ឃើញ​មានវត្ត​មាន​មេធាវី​ការ​ពារក្តី និង​សកម្ម​ជន​ចលនា​មាតា​ធម្មជាតិ រួម​មាន​លោក យឹម លាងហ៊ី លោក លី ចាន់​ដារ៉ាវុត ​លោក ​ថុន ​រដ្ឋា ​កញ្ញា ​ឡុង គន្ធា​ កញ្ញា​ ភួន កែវ​រស្មី ដែល​ស្លៀក​ពាក់ស ​ហើយ​ដៃ​កាន់​ផ្កា​ឈូក​។

ប៉ុន្តែ​ចៅ​ក្រម​បាន​សម្រេច​ឱ្យ​ពួក​គេ​ចំនួន ​ ៤​នាក់​ចេញ​ក្រៅ​បន្ទប់​សវនា​ការ ដោយ​ទុក​តែ​លោក យឹម លាងហ៊ី តែ​ម្នាក់​ប៉ុណ្ណោះ ដើម្បី​សួរនាំ។ ​ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ «​ប្រមាថ​ចំពោះ​អង្គ​ព្រះ​មហាក្សត្រ និង​រួមគំនិត​ក្បត់» តាំង​ពី​ថ្ងៃទី​ ១៩​ ខែ​មិថុនា ឆ្នាំ​ ២០២១​។

នៅ​ក្នុង​សវនាការ​នោះ អ្នកស្រី អ៊ុក រ៉េតគន្ធា ​ប្រធាន​ចៅក្រម​ជំនុំជម្រះ បាន​ឱ្យដឹងថា​លោក យឹម លាង​ហ៊ី កញ្ញា ស៊ុន រដ្ឋា និង​លោក​ អាឡិច​ហ្សង់ដ្រូ ហ្គន់សា​ឡេស ​ដេវិត​សិន ​(Alex Gonzalez-Davidson) ស្ថាប​និក​ចលនា​មាតា​ធម្មជាតិ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ «ប្រមាថ​ចំពោះ​អង្គ​ព្រះ​មហា​ក្សត្រ​ និង​រួមគំនិត​ក្បត់» ដែល​ប្រព្រឹត្ត​សកម្មភាព​ក្នុង​ប្រទេស​កម្ពុជា​អំឡុង​ឆ្នាំ​ ២០១២ ដល់​ឆ្នាំ ​២០២១។

ចំណែក​សកម្មជន​ចំនួន ​៧​ នាក់​ផ្សេង​ទៀត ដែល​រួម​មាន​លោក លី ចាន់ដារ៉ាវុត លោក ថុន រដ្ឋា​ កញ្ញា ​ឡុង ​គន្ធា ​កញ្ញា ភួន ​កែវ​រស្មី លោក​ ម៉ិញ​ ពិសិដ្ឋ កញ្ញា ​រ៉ី រក្សា ​និង​លោក ​ពក ខឿយ រង​ការ​ចោទ​ប្រកាន់​ពី​បទ​«​រួមគំនិត​ក្បត់»​។

ភស្តុតាង​ដែលដាក់​បន្ទុក​លើ​ពួកគេ ​គឺ​ឃ្លីប​វីដេអូដែល​ជា​ការ​សន្ទនា​គ្នា​រវាងសកម្ម​ជន​ចលនា​មាតា​ធម្ម​ជាតិ ​ជាមួយ​លោក​អាឡិច​ហ្សង់ដ្រូ ​តាម​ប្រព័ន្ធ​ Zoom​ កាល​អំឡុង​ឆ្នាំ​ ២០២១ ​ការ​ផ្តល់​បទសម្ភាសន៍​របស់​លោក​ អាឡិច​ហ្សង់ដ្រូ ជាមួយ​សារព័ត៌​មាន​អាស៊ីសេរី និងសារព័ត៌មាន ​ឌឹខេម​បូឌាដេលី និង​ការ​ទទួល​បាន​លុយ ​ឬ​ប្រាក់​ខែក្នុង​ការ​ធ្វើ​សកម្ម​ភាព​ជាដើម​។ នេះ​បើ​តាម​ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ អ្នកស្រី ​អ៊ុក រ៉េត​គន្ធា ដែល​បាន​អាន​សំណុំ​រឿង​នោះ​ក្នុង​សវនាការ​។

ទាំងអ្នកស្រី អ៊ុក រ៉េតគន្ធា និង​លោក សេង ហៀង ព្រះរាជ​អាជ្ញា​រង​នៃ​អយ្យការ​អមសាលា​ដំបូងរាជធានី​ភ្នំពេញ ​បាន​ចោទ​សួរ​លោក យឹម លាងហ៊ី ពាក់ព័ន្ធ​នឹង​សម្រង់សម្តី​ដែល​សមត្ថកិច្ច​បាន​ដក​ស្រង់​ចេញពី​ការ​ប្រជុំ​ Zoom ​និង​ចោទ​សួរ​អំពី​ការ​ចូលរួម​សកម្មភាព​ជាមួយ​ចលនា​មាតា​ធម្មជាតិ ​ក៏ដូចជា​ការ​ទទួល​បាន​លុយ ឬ​ប្រាក់​ខែ​ដែល​លោក​ទទួល​បានប្រមាណ ៥០០ ​ដុល្លារ​អាមេរិក។

ក្រុមយុវជន និងអ្នកគាំទ្រសកម្មជនមាតាធម្មជាតិឈរលើកបដា នៅមុខសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)
ក្រុមយុវជន និងអ្នកគាំទ្រសកម្មជនមាតាធម្មជាតិឈរលើកបដា នៅមុខសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)
ក្រុមសមត្ថកិច្ចចម្រុះអន្តរាគមន៍សម្រួលសណ្តាប់ធ្នាប់ នៅមុខសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)
ក្រុមសមត្ថកិច្ចចម្រុះអន្តរាគមន៍សម្រួលសណ្តាប់ធ្នាប់ នៅមុខសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)

លោក យឹម លាងហ៊ី ​បាន​ការពារ​ខ្លួន ​និង​ប្រាប់ចៅក្រមថា ​លោក​មិន​បាន​ប្រមាថ​ព្រះ​មហាក្សត្រ​ឡើយ និង​ថា លោក​តែង​តែ​ការពារ​ព្រះ​មហាក្សត្រ​។ លោកបន្ត​ថា​ លោក​ទើប​ចូល​រួម​ជាមួយ​ចលនា​មាតា​ធម្មជាតិ​បាន​ប្រមាណ ​១​ខែ​ ទៅ ​២​ខែ​ប៉ុណ្ណោះ ដោយ​សារ​លោក​ចង់​ការពារ​ធនធាន​ធម្មជាតិ និង​បរិស្ថាន ​ដែល​បញ្ហា​ទាំង​នេះ​នៅ​តែ​កើត​មាន​ក្នុង​ប្រទេស ឱ្យស្រប​តាម​ច្បាប់ ​និង​រដ្ឋធម្មនុញ្ញ។

លោក យឹម លាងហ៊ី ប្រាប់​ចៅក្រមទៀតថា ​លោក​ធ្លាប់​ជាប់​ពន្ធនាគារ​ជាង​ ៤ ​ខែ ដោយ​អាជ្ញាធរ​បាន​ឃាត់​ខ្លួន​អំឡុង​ខែ​មិថុនា ឆ្នាំ​ ២០២១ និង​ត្រូវ​បាន​ដោះ​លែង​ឱ្យ​ស្ថិត​នៅ​ក្រៅឃុំ​ អំឡុង​ខែ​វិច្ឆិកា ​ឆ្នាំ​ ២០២១​។

សវនាការ​បានបិទបញ្ចប់​នៅម៉ោង​ជិត​ ១១ ​ព្រឹក។ ​បន្ទាប់​ពី​សវនាការ​បាន​បិទ​បញ្ចប់ លោក យឹម លាងហ៊ី ប្រាប់​អ្នក​សារព័ត៌​មាននៅ​ក្រៅរបង​តុលាការ ​ដែល​ឃ្លាំមើល​ដោយ​កង​កម្លាំង​ចម្រុះ​មួយ​ចំនួន​ថា​៖ ​«ខ្ញុំ​បញ្ជាក់​ឡើង​វិញ ពូជ​ពង្ស​របស់ខ្ញុំ គឺពូជពង្ស​គោរព​ព្រះ​មហាក្សត្រ ជីតា​របស់​ខ្ញុំ​ទទួល​បាន​មេដាយ​មាសពី​ព្រះ​មហាក្សត្រ។ ខួរ​ក្បាល​របស់​ខ្ញុំ ការ​ងារ​របស់​ខ្ញុំ​ធ្វើ​កន្លង​មក​ គឺ​ខ្ញុំ​គោរព​អង្គ​ព្រះ​មហាក្សត្រ​ជា​ង​គេ​បំផុត។ បើ​ទោះ​បីជា​មាន​ការ​ជជែក​ទាក់​ទង​អង្គ​ព្រះ​មហាក្សត្រ​ ក៏​ខ្ញុំ​លើក​ឡើង​ស្កាត់​មិន​ឱ្យ​ប្រមាថ​អង្គ​ព្រះ​មហា​ក្សត្រ​ដាច់​ខាត»។

លោក​បន្ថែម​ថា៖ ​«ក្នុង​ការ​ចោទ​ប្រកាន់​ខ្ញុំ​ថា ​ខ្ញុំប្រមាថ​ព្រះ​មហា​ក្សត្រ​ ខ្ញុំ​យល់​ថា ​អ្នក​ដែល​ចោទ​ប្រកាន់​ខ្ញុំ​ទៅវិញ​ទេ​ ដែលគាត់​មាន​ការ​គិត​បែប​នោះ​»។

ចំណែក​កញ្ញា ភួន កែវ​រស្មី ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ជាង ​១​ឆ្នាំ ពី​បទ «​ញុះញង់» នៅ​តែ​ចាត់​ទុក​ថា​ សកម្មភាព​របស់​សកម្ម​ជន​ចលនា​មាតា​ធម្មជាតិ​ស្អាត​ស្អំ ​និង​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់អ្វីឡើយ។ កញ្ញា​បន្ត​ថា ​តុលាការ​នឹង​បន្ត​សវនាការ​ជំនុំ​ជម្រះ នៅ​ថ្ងៃទី ៥ ខែ​មិថុនា ឆ្នាំ ​២០២៤។​

កញ្ញា​ប្រាប់​អ្នកសារ​ព័ត៌​មាន​ថា​៖ «​ក្នុង​នាម​ជា​ជន​ជា​ប់​ចោទ ពួក​យើង​អត់​ចង់​ឱ្យមាន​សវនាការ​មួយ​ថ្ងៃ​ពេញ​ទេ ​ព្រោះ​ពួក​យើង​មាន​ការ​នឿយ​ហត់​នៅ​ក្នុង​ការ​ចោទសួរ នៅ​ក្នុងបញ្ហា​មួយ​ចំនួន ដែល​យើង​អត់​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ ឬ​គ្រាន់​តែ​ជា​សកម្មភាព​ស្អាត​ស្អំ​ដែរ។ ប៉ុន្តែ​ចៅក្រម​បាន​សម្រេច​ហើយ​ថា​នឹង​ធ្វើ​សវនាការ​មួយ​ថ្ងៃពេញ​នៅ​ថ្ងៃទី​ ៥ ខែ​មិថុនា ​ខែ​ក្រោយ​នេះ​»។

បើ​សិន​ជាតុលាការ​រក​ឃើញ​កំហុស ពួក​គេអាច​នឹងជាប់​ពន្ធនា​គារ ចន្លោះ​ពី​ ៥ឆ្នាំទៅ​ ១០​ឆ្នាំ។

លោក អំ សំអាត ​នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គ​ការ​លីកាដូ ​ប្រាប់​វីអូអេ​ថា ​សវនាការ​ទើប​តែ​ចាប់​ផ្តើម ដូច្នេះលោក​នឹងរង់ចាំ​មើល​សវនាការ​បន្ត​ទៀត ​ក៏ដូចជា​ភស្តុតាង និង​សាក្សី​ដាក់​បន្ទុក​នានា​លើ​សកម្មជន។ ដោយ​ឡែក​លោក​ថា ​អង្គការ​ជាតិ​និង​អង្គការ​អន្តរ​ជាតិ​ដែលធ្វើការ​លើក​កម្ពស់​ផ្នែក​បរិស្ថាន​យល់​ថា​ ការ​ចោទ​ប្រកាន់​លើ​ពួកគេ​ គឺ​ជារូបភាពគំរាម​កំហែង​ និង​បំភិត​បំភ័យ​។

គួរ​បញ្ជាក់​ថា ​សកម្មជន​ ៣ ​នាក់ ​ក្នុង​ចំណោម​សកម្មជន​ចលនា​មាតាធម្មជាតិ​ ដែល​រួម​មានកញ្ញា ភួន កែវ​រស្មី​ កញ្ញា​ ឡុង គន្ធា និង​លោក ​ថុន​ រដ្ឋា ​ធ្លាប់​ជាប់​ពន្ធនាគារ​ជាង ​១​ឆ្នាំ​ពី​បទ ​«ញុះញង់» ពាក់​ព័ន្ធ​ទៅ​នឹង​គម្រោង​យុទ្ធនា​ការ​ដើរ​តែ​ម្នាក់​ឯង​របស់​កញ្ញា ឡុង គន្ធា ​ទៅ​កាន់​គេហដ្ឋាន​របស់​អតីត​នាយក​រដ្ឋ​មន្ត្រី លោក​ ហ៊ុន សែន ដើម្បី​ស្នើ​សុំ​ឱ្យ​បញ្ឈប់​ការ​លុប​បឹង​តាមោក​ដែល​នៅ​ជាយ​រាជធានី​ភ្នំពេញ​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG