យុវជន​ខ្មែរ​ដែល​បាន​ទៅ​ដល់​ចំណុច​កណ្តាល​នៃ​បដិវត្តន៍​បច្ចេកវិទ្យា​នៅ Silicon Valley

លោក តាំង កេងស្រេង អាយុ​២៩​ឆ្នាំ​ ​វិស្វករ​កម្មវិធី​កុំព្យូទ័រ (អ្នក​សរសេរ​កូដ) អង្គុយ​នៅ​​​តុ​ធ្វើ​ការ​របស់​លោក​​នៅ​ការិយាល័យ​កណ្តាល​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា Cisco Systems នៅ​ទី​ក្រុង San Jose រដ្ឋ California កាល​ពី​ថ្ងៃ​ទី​១​ ខែ​កញ្ញា ឆ្នាំ​២០១៦។ (សឹង សុផាត/VOA)

កំណត់​និពន្ធ៖ តំបន់​ Silicon Valley ក្នុង​រដ្ឋ California ត្រូវ​គេ​ចាត់​ទុក​ថា​ជា មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ទំនើប​របស់​ពិភពលោក ដែល​ជា​ទី​តាំង​របស់​ក្រុមហ៊ុន​ធំៗ​ដូច​ជា Apple, Google, និង Facebook ជា​ដើម។ សម្រាប់​អ្នក​ស្រឡាញ់​បច្ចេកវិទ្យា ការ​មក​ដល់​និង​បាន​ធ្វើការ​ទី​នេះ​ប្រៀប​ដូច​សុបិន​មួយ។ នៅ​មុន​កម្មវិធីប្រកួត hackathon មួយ​នៅ​រាជធានី​ភ្នំពេញ​នៅ​ចុង​សប្ដាហ៍​មុន​ ​ដែល​ដឹកនាំ​ដោយ​អង្គការ​ Cambodians in Tech ដែល​មាន​មូលដ្ឋាន​នៅ​តំបន់ Silicon Valley នេះ លោក សឹង សុផាត នៃ​ VOA បាន​ជួប​ជាមួយ​ជនជាតិ​ខ្មែរ​និង​ខ្មែរ​អាមេរិកាំងបួន​នាក់​ដែល​បាន​មក​ធ្វើ​ការ​នៅ​ទី​នេះ បើ​ទោះ​បីជា​ពួកគេ​ត្រូវសម្រប​ខ្លួន​ទៅ​នឹង​ជីវិត​ការងារ​ដ៏​មមាញឹក​នៅ​តំបន់​នេះក្ដី។

Your browser doesn’t support HTML5

យុវជន​ខ្មែរដែល​បាន​ទៅ​ដល់​ចំណុច​កណ្តាល​នៃ​បដិវត្តន៍​បច្ចេកវិទ្យា

សម្រាប់​លោក តាំង កេងស្រេង​ ការ​មក​រស់​នៅ​ទី​ក្រុង​ San Jose រដ្ឋ​ California នេះ​កាល​ពី​២ឆ្នាំ​កន្លះ​មុន មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ។

យុវជន​អាយុ​២៩​ឆ្នាំ​រូប​នេះ​ ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ត្បូងឃ្មុំ ធ្លាប់​ធ្វើ​ការ​ជា​អ្នក​សរសេរ​កូដ ឬហៅ​ថា​ វិស្វករ​កម្មវិធី​កុំព្យូទ័រ នៅ​រាជធានី​ភ្នំពេញ​អស់ រយៈ​ពេល​៣​ឆ្នាំ មុន​ពេល​លោក​ បាន​មក​រស់​នៅ​ក្នុង​រដ្ឋ អាយអូវ៉ា (Iowa)សហរដ្ឋ​អាមេរិក ក្នុង​នាម​ជា​និស្សិត​បរទេសក្នុង​កម្មវិធី​សិក្សា​ដែលគេ​រៀប​ចំ​ឲ្យ​ជា​ស្រេច។​

​ពេល​មក​ដល់តំបន់ Silicon Valley នេះ ដែលជា​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ពិភពលោក​ លោក​មិន​ស្គាល់សូម្បី​តែ​ជនជាតិ​ខ្មែរ​ធម្មតា​ផ្សេង​ទៀត​ផង​ កុំថា​ឡើយ​ជនជាតិ​ខ្មែរ​ដែល​បម្រើ​ការ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ដូច​រូប​លោក។

លោក​ តាំង កេងស្រេង បាន​រៀបរាប់​ពី​បទពិសោធន៍​ដំបូង​នេះប្រាប់​ VOA ថា៖

«សម្រាប់​យើង​មក​ដំបូងបំផុត គឺ​យើង​អត់​សូវ​មាន​មិត្ត​ភក្តិ អ្នក​ស្គាល់​គ្នា​ ហើយ​ភាសារាង​ពិបាក​បន្តិច​ ហើយមួយ​ទៀត យើង​មក​នៅ​ប្រទេស​ផ្សេង​វា​វប្បធម៌​ខុស​គ្នា។ ដូច​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ធំ​នៅ​ស្រុក​ខ្មែរ​ អញ្ចឹង​របៀប​រស់​នៅ​របស់​ខ្ញុំ​គឺ​បែប​ខ្មែរ​យើង។ យើង​មក​នៅ​ទី​នេះ ភាសា​សាមញ្ញ ​គេ​ថា ដូច​១៨០​ដឺក្រេ។ អញ្ចឹង វា​បញ្ច្រាស​គ្នា។‍‍»

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សម្រាប់​លោក​ដែល​ជា​អ្នកមានវិជ្ជាជីវៈ​ខាង​វិស័យ​បច្ចេកវិទ្យា ការ​ផ្លាស់​ទី​លំនៅ​មក​ធ្វើ​ការ​នៅ​តំបន់ Silicon Valley នេះ​គឺ​ជា​រឿងដ៏​មាន​ប្រយោជន៍។

លោក តាំង​ កេងស្រេង​ សព្វ​ថ្ងៃ​នេះ​ធ្វើ​ការ​ជា​អ្នក​សរសេរ​កម្មវិធី​កុំព្យូទ័រ​នៅ​ក្រុមហ៊ុន Cisco ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​សាកល​មួយមាន​មូលដ្ឋាន​នៅ​ទី​ក្រុង San Jose។ លោកបាន​ហៅ​ជោគជ័យ​របស់​លោក​នេះ​ថា​ នេះ​ជា​ការ​សម្រេច​ក្ដី​សុបិន​មួយ។

«សម្រាប់​ខ្ញុំ​ជា​អ្នក​សរសេរ​កូដ ខ្ញុំ​ចូល​ចិត្ត​ខាង​ហ្នឹង។ អញ្ចឹង​កាល​ខ្ញុំ​នៅ​ស្រុក​ខ្មែរ ខ្ញុំ​ឮ​ឧទាហរណ៍​ ក្រុមហ៊ុន Apple គាត់​ចេញ​ product [ផលិតផល] ថ្មីៗ យើង​នៅ​ដល់​យប់​មើល​ទូរទស្សន៍​ ហើយ​យើង​ចង់​ដឹង​ថា​កន្លែង​ហ្នឹង​យ៉ាង​ម៉េច។ យើង​ចង់បាន​មក​ដល់​កន្លែង​ហ្នឹង​ផ្ទាល់ ហើយ​យើង​ចង់​ក្លាយ​ទៅ​ជា​ផ្នែក​មួយ​នៃ​ហ្នឹង​ដែរ។ យើង​ចង់​ក្លាយ​ទៅ​ជា​អ្នក​សរសេរ​កូដ​នៅ​ក្នុង​ហ្នឹង​ដែរ។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​បាន»។

តំបន់​ Silicon Valley មាន​ភូមិសាស្ត្រ​ស្ថិត​នៅ​តំបន់​ទំនាប​ Santa Clara Valley ដែល​ស្ថិត​នៅ​ចន្លោះ​ទី​ក្រុង San Jose និង​ទី​ក្រុង San Francisco នៃ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។

តំបន់​ដែលតែង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មជ្ឈមណ្ឌល​នៃ​បច្ចេកវិទ្យា​ថ្មីៗ​របស់​ពិភពលោក​នេះ គឺ​ជា​ទី​តាំង​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ដូច​ជា Apple, Google និង Facebook ជា​ដើម។

តំបន់​នេះ​បាន​ផ្លាស់​ប្ដូរ​ខ្លាំង​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​ស្វាគមន៍​នូវ​លំហូរ​ជន​អន្តោប្រវេសន៍​ជាអ្នក​ជំនាញ​មក​បម្រើ​ការ​នៅ​ទី​នេះ។

បើ​តាម​តួលេខ​របស់​ស្ថាប័ន​ជំរឿន​របស់​សហរដ្ឋ​អាមេរិក​ដែល​ត្រូវ​ចងក្រង​ដោយ​វិទ្យាស្ថាន Silicon Valley សម្រាប់​ការ​សិក្សា​តំបន់ បង្ហាញ​ថា នៅ​ឆ្នាំ​២០១៤ ដែល​ជា​ឆ្នាំលោក តាំង កេងស្រេង​ បាន​មក​រស់​នៅ​តំបន់ Silicon Valley នេះ​ តំបន់​នេះ​មាន​អ្នក​ធ្វើ​ការ​ចំនួន​៣៧% ជា​ជន​បរទេស។ ចំនួន​នេះ​គឺ​ខ្ពស់​ជាង​ចំនួនមធ្យម​១៣%​នៃ​អ្នក​ធ្វើ​ការ​ជា​ជន​បរទេស ​ដែល​មាន​នៅ​តំបន់​ផ្សេង​ទៀត​របស់​សហរដ្ឋ​អាមេរិក។​

លោក តាំង កេងស្រេង ជជែកជាមួយ​សហការី​ជាតិ​ឥណ្ឌា​ម្នាក់​នៅ​ការិយាល័យ​ក្រុមហ៊ុន​បច្ចេកវិទ្យា Cisco Systems នៅ​ទី​ក្រុង San Jose រដ្ឋ California។ (សឹង សុផាត/VOA)

ដោយ​មាន​តម្រូវការ​ច្រើន​ចំពោះ​អ្នក​ជំនាញផ្នែក​វិទ្យាសាស្ត្រ​និង​វិស្វកម្ម ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ដែល​មាន​មូលដ្ឋាន​នៅ​ទី​នេះ បាន​ទាក់ទាញ​ជនអន្តោប្រវេសន៍​ដែល​មាន​ចំណេះ​ដឹង​ខ្ពស់​ជា​ច្រើនពី​ទ្វីបអាស៊ី ជាពិសេសជនជាតិ​ចិន​និង​ឥណ្ឌា។

ជនជាតិ​ទាំង​នេះ​ខ្លះ ​ថែម​ទាំងបាន​ឡើង​ធ្វើ​ជា​អ្នក​ដឹកនាំ​ក្រុមហ៊ុនបច្ចេកវិទ្យា​ធំៗ​មួយ​ចំនួន​ផង ​ដូច​ជា​ក្រុមហ៊ុន Google និង Microsoft ជា​ដើម។

ប៉ុន្តែ​សម្រាប់យុវជន​ខ្មែរ​ដូច​លោក កេងស្រេង ក៏​ដូចជាយុវជន​ខ្មែរ​អាមេរិកាំង​ដែល​ធំដឹង​ក្ដី​នៅ​សហរដ្ឋ​អាមេរិក​ដែរ ការ​បាន​មក​ធ្វើ​ការ​នៅ​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​នេះ ជា​សុបិន​ដែល​ពួកទើប​អាច​សម្រេច​បាន​តែ​ក្នុង​ពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ។

នេះ​ក៏​ដោយ​សារ នៅ​ជំនាន់​ឪពុក​ម្ដាយ​របស់​ពួក​គេ សុបិន​បែប​នេះ​មិន​អាច​ទៅ​រួច​ទេ ព្រោះពួក​គេ​ត្រូវ​កសាង​ជីវិត​ជា​ថ្មី​ឡើង​វិញ​នៅ​ប្រទេស​កម្ពុជា ​ក្រោយ​សម័យ​សង្គ្រាម​និង​ប្រល័យ​ពូជសាសន៍ខ្មែរ​ក្រហម ​នៅ​ទសវត្ស​ឆ្នាំ​១៩៧០ ឬ​ត្រូវកសាង​ជីវិត​ឡើង​វិញ​នៅ​ដែនដី​ថ្មី​ដូច​សហរដ្ឋ​អាមេរិក​នេះ។ ​

លោក តាំង កេងស្រេង ថ្លែង​ប្រាប់ VOA ថា ការ​ដែល​អាច​មក​នៅ​ផ្ទាល់​ត្រង់​ចំណុច​ស្នូល​នៃ​តំបន់​បច្ចេកវិទ្យា​ទំនើបនិង​ការ​ច្នៃ​ប្រឌិត​របស់​ពិភពលោក​នេះ ធ្វើ​ឲ្យ​លោក​អាច​ដឹង​និងឃើញ​ផ្ទាល់នូវ​បច្ចេកវិទ្យា​ថ្មីៗ​បំផុត​មុន​តំបន់​ផ្សេង​ទៀត​របស់​ពិភពលោក ដូច​ជា​ រថយន្ត​ដែលបើក​ដោយ​ខ្លួន​ឯង​ជា​ដើម។

យុវជន​ខ្មែរ​ម្នាក់​ទៀត​ដែល​រស់​នៅ​ក្នុង​តំបន់​ Silicon Valley នេះ​ដែរ និង​ធ្វើ​ការ​ខាង​បច្ចេកវិទ្យា​ដែរ​នោះ គឺ​លោក ម៉ក់ សុផល យល់​ស្រប​នឹង​ទស្សនៈ​របស់​លោក កេងស្រេង។

លោក សុផល ​អាយុ​៣១ឆ្នាំ ដែល​កើត​នៅ​ក្រុងភ្នំពេញ បាន​មក​រស់​នៅ​ទី​នេះ​ក្រោយ​លោក កេងស្រេង។

លោក​ សុផល បាន​ធ្វើ​មក​ធ្វើ​ការ​នៅផ្នែក​ក្រុម​លក់​តាម​បណ្ដាញអ៊ីនធឺណិត​របស់​ក្រុមហ៊ុន​លក់​ទំនិញ Target ដែល​មាន​ទី​តាំង​នៅ​ក្រុង Sunnyvale ជិត​ក្រុង San Jose បន្ទាប់​ពី លោក​ សុផល បាន​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្សេង​ទៀត​នៅ​ទីក្រុង Salt Lake City រដ្ឋ Utah និង​នៅ​ក្រុមហ៊ុន Microsoft នៅ​ទីក្រុង Seattle រដ្ឋ Washington។

លោក ម៉ុក សុផល និយាយ​ថា​ទោះ​បី​លោក​ធ្លាប់​ធ្វើ​ការ​នៅ​កន្លែង​ផ្សេង​ក៏​ដោយ ក៏​គោលដៅ​ចុងក្រោយ​របស់​លោក​គឺ​ប្រាថ្នា​មក​ធ្វើ​ការ​នៅតំបន់​ Silicon Valley នេះ។

លោក​ពន្យល់​ប្រាប់ VOA ថា តំបន់​នេះ​មាន​លក្ខណៈ​ពិសេស​ជាង​តំបន់​បច្ចេកវិទ្យា​ផ្សេង​ទៀត​នៅ​សហរដ្ឋ​អាមេរិក។

«ទី​នេះ និយាយ​ទៅ ផ្នែក​ខាង​ទាក់ទង​បច្ចេកវិទ្យា​គឺ​លេខ​១​ហើយ គឺ​កន្លែង​សម្រាប់​យើង​អាច​មក​អភិវឌ្ឍ​ខ្លួន​ឯង​បាន ហើយ​នឹង​អាច​មាន​ឱកាស​ថ្ងៃ​ក្រោយ​ទៀត ប្រសិន​បើ​យើង​ចង់​ចាប់​ផ្ដើម​អភិវឌ្ឍ​ខ្លួន​ឯង​ឬក៏​ចង់​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​កាន់កាប់​ ឬ​ក៏​សាក​ល្បង​បើក​ជា​ក្រុមហ៊ុន​អី​មួយ​ខ្លួន​ឯង គឺ​កន្លែង​នេះ​ជា​កន្លែង​ត្រូវ​ហើយ»។

លោក ម៉ក់ សុផល អាយុ​៣១​ឆ្នាំ​ ​វិស្វករ​កម្មវិធី​កុំព្យូទ័រ (អ្នក​សរសេរ​កូដ) អង្គុយ​នៅ​តុ​ធ្វើ​ការ​របស់​លោកនៅ​ការិយាល័យ​លក់​ទំនិញ​តាម​អ៊ីនធឺណិត​របស់ក្រុមហ៊ុន​ហាង​ទំនិញ Target នៅ​ទី​ក្រុង Sunnyvale រដ្ឋ California កាល​ពី​ថ្ងៃ​ទី​១​ ខែ​កញ្ញា ឆ្នាំ​២០១៦។ (VOA)

ប៉ុន្តែ​សូម្បី​នៅ​ដែន​ដី​សុបិន​ក៏​អ្វីៗ​មិន​ល្អ​ឥត​ខ្ចោះ​ដែរ។ ថ្លៃ​ជួលផ្ទះនៅ​តំបន់​នេះ​មាន​តម្លៃ​ថ្លៃ​កប់​ពពក​ ហើយការ​រស់​នៅ​ មាន​ភាព​មមាញឹក​ខ្លាំង។

លោក សុផល ​ថ្លែង​ថា​នៅ​ទី​នេះ​ពិបាក​នឹង​រក​មិត្ត​ភក្តិ​ណាស់ ដោយ​លោក​ពន្យល់​ថា​ អ្នក​ធ្វើ​ការ​ជាមួយ​លោក​សុទ្ធ​តែ​ជា​ជន​បរទេស។

​បើ​ទោះ​បី​ជា​លោក​បាន​ដឹង​ថា​មាន​ជនជាតិ​ខ្មែរ​មួយ​ចំនួន​ធ្វើ​ការ​ក្នុង​វិស័យ​បច្ចេកវិទ្យា​នៅ​តំបន់ Silicon Valley នេះ​ក្ដី ដូច​ជា​លោក តាំង កេងស្រេង ជា​ដើម​ដែល​លោក​ទើប​បាន​ស្គាល់ ក៏​លោក​ សុផល ថា​យុវជន​ខ្មែរ​នៅ​ទី​នេះពិបាក​ជួប​គ្នា​ដោយ​សារ​ការ​រវល់​រៀងៗ​ខ្លួននិង​រស់​នៅ​ឆ្ងាយ​ពី​គ្នា។

លោក សុផល បន្ថែម​ថា​ មូលហេតុ​នេះ​ហើយ​ធ្វើ​ឲ្យ​លោក​អាច​ជួប​ជុំ​គ្នា​ជាមួយអ្នក​មាន​វិជ្ជាជីវៈ​ខ្មែរ​វ័យ​ក្មេង​ផ្សេង​ទៀត​ដូច​លោក កេងស្រេង បាន​ត្រឹម​តែ​មួយ​ដង​ឬ​ពីរ​ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ។

«[ជីវិត]​នៅ​ទី​នេះ​វា​អាច​ឯកោ ពី​ព្រោះ​ម្នាក់ៗ​រវល់​ការងារ ធ្វើ​ការ។ ខ្ញុំ​គិត​ថា​នៅ​ទី​នេះ រវល់​ជាង​នៅ​ state [រដ្ឋ] Utah ដែល​ខ្ញុំ​ធ្លាប់​រស់​នៅ។ [រដ្ឋ] វ៉ាស៊ីនតោន​រវល់​ដែរ​ប៉ុន្តែ​អត់​ដល់​ទី​នេះ។‍»

កញ្ញា​ ​Maya Gilliss-Chapman ដែល​បាន​ធំ​ដឹង​ក្ដីនៅ​តំបន់​ក្រុង San Francisco ចង់​កែប្រែ​ស្ថានភាព​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​របស់​អ្នក​ជំនាញ​ខ្មែរ​ទាំង​នេះ។

កញ្ញា Maya Gilliss-Chapman ស្ថាបនិក​នៃ​អង្គការ Cambodians in Tech ប្រែ​ថា​ «​ខ្មែរ​ក្នុង​វិស័យ​បច្ចេកវិទ្យា‍» នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​លោក សឹង សុផាត នៃ VOA នៅ​សហគ្រាស​បង្កើត​ថ្មី (startup) មួយ​នៅ​ក្នុង​ទី​ក្រុង Palo Alto​ រដ្ឋ California សហរដ្ឋ​អាមេរិក ដែល​ស្ថិត​នៅ​កណ្តាល​តំបន់​បច្ចេកវិទ្យា Silicon Valley កាល​ពី​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៦។ (សឹង សុផាត/VOA)

កញ្ញា Maya អាយុ​២៥ឆ្នាំ ដែល​ត្រូវបាន​គ្រួសារ​អាមេរិកាំង​មួយ​យក​មក​ចិញ្ចឹម​តាំង​ពី​តូច បាន​សម្រេច​ចិត្ត​បង្កើត​អង្គការ Cambodians in Tech ដែល​មាន​ន័យ​ថា​«ខ្មែរ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា» កាល​ពី​ឆ្នាំ​២០១៤ ក្នុង​បំណង​ភ្ជាប់ទំនាក់​ទំនង​រវាង​ជនជាតិ​ខ្មែរ​ដែល​មាន​ចំនួន​តិចតួច​ប៉ុន្តែ​ដែល​ចេះ​តែ​កើន​ឡើង​ ដែល​បម្រើ​ការ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ដ៏​លូតលាស់​របស់​តំបន់​ Silicon Valley​នេះ។

កញ្ញា Maya ដែល​សព្វ​ថ្ងៃ​ធ្វើ​ការ​នៅ​សហគ្រាស​បង្កើត​ថ្មី ឬ startup មួយ​នៅ​ទី​ក្រុង Palo Alto កណ្ដាល​តំបន់ Silicon Valley ថ្លែង​ប្រាប់​ VOA ថា ​កញ្ញា​ចង់​ឲ្យ​ជនជាតិ​ខ្មែរដែល​ធ្វើ​ការ​ខាង​បច្ចេកវិទ្យា​លេចមុខ​មាត់​ជាង​មុន​ក្នុង​តំបន់​នេះ និង​តំបន់​ផ្សេង​ទៀត​ក្នុង​ពិភពលោក។

កញ្ញា​ថា ថ្វី​បើ​តំបន់​ Silicon Valley តែង​បង្ហាញ​ទៅ​ពិភព​ខាង​ក្រៅ​ថា​ខ្លួន​ជា​សហគមន៍​ចម្រុះ​ជាតិ​សាសន៍ ប៉ុន្តែ​តាម​បទ​ពិសោធន៍​ជាក់​ស្តែង​របស់​កញ្ញា តំបន់ Silicon Valley មិន​សូវ​ឲ្យ​តម្លៃ​ចំពោះ​អត្តសញ្ញាណ​ខ្មែរ​របស់​កញ្ញា​ឡើយ។

«គោល​បំណង​ចម្បង​របស់​អង្គការ Cambodians in Tech គឺ​បង្កើត​ជា​សហគមន៍​មួយ​ ពី​ព្រោះ​ខ្ញុំ​មិន​ចង់​ឲ្យ​ខ្មែរ​ណា​ម្នាក់​ឆ្លង​កាត់​នូវ​បទពិសោធន៍​ដែល​ខ្ញុំ​ធ្លាប់​មាន គឺ​មាន​អារម្មណ៍​ថា​ឯកោ​នៅ​ក្នុង​វិស័យ​នេះ។ ខ្ញុំ​ដឹង​ថា​អ្នក​បាន​សម្ភាសន៍​ជនជាតិ​ខ្មែរ​ទាំង​ពីរ​នាក់​ដែលបាន​មក​ធ្វើ​ការ​នៅ​ទី​នេះ​រយៈ​ពេល​៦​ខែ​និង​ម្នាក់​ទៀត​២​ឆ្នាំ ប៉ុន្តែ​កាល​ពី​៣​ឆ្នាំ​មុន​ មិន​ទាន់​មាន​ពួក​គេ​ទេ គឺ​មិន​មាន​ខ្មែរ​ផ្សេងទៀត​ដែល​ខ្ញុំ​ស្គាល់​ទេ។ ហើយ​ពេល​នោះ​ពិបាក។ ដូច្នេះ​អង្គការ​ខ្ញុំ​ចង់​បង្កើត​ជា​សហគមន៍​មួយ​ដើម្បី​ជួយ​គ្នា ហើយ​ដើម្បី​លើក​ទឹក​ចិត្ត​ថា ជនជាតិ​ខ្មែរ​ក៏​អាច​មាន​សមត្ថភាព​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ដែរ ទោះ​បី​អ្នក​ផ្សេង​ថា​យ៉ាង​ណា​ក៏​ដោយ។ បន្ទាប់​ពី​នេះ​ទៀត យើង​នឹង​ព្យាយាម​ជំរុញ​ឲ្យ​មាន​ជនជាតិ​ខ្មែរ​កាន់​តែ​ច្រើនចូល​ក្នុង​វិស័យ​បច្ចេកវិទ្យា​នៅ​តំបន់​ Silicon Valley នេះ និងនៅ​តំបន់​ផ្សេង​ទៀត​ក្នុង​ពិភព​លោក‍»។‍‍ ​

ចំពោះ​លោក កេងស្រង និង​លោក សុផល ការ​ដែល​ត្រូវ​សម្រប​ខ្លួន​នឹងរបៀប​ធ្វើការ​និង​វប្បធម៌​ចម្រុះជាតិ​សាសន៍​របស់​តំបន់​ Silicon Valley តម្រូវឲ្យ​យុវជន​ខ្មែរ​ទាំង​ពីរ​រូប​ព្យាយាម​ជម្នះ​នូវ​បញ្ហា​ភាសា​ខុស​គ្នា​ ការ​យល់​ច្រឡំ​ដែលអាច​កើត​មាន​ឡើង​ក្នុង​ទំនាក់​ទំនង និង​ការ​រំពឹង​ខ្លាំង​ពី​សមត្ថភាព​ការងារ​ ជាង​នៅ​កន្លែង​ផ្សេង​ទៀត។

«ខ្ញុំ​គិត​ថា​[កត្តា]​ភាសា​បន្តិច​បន្តួច​ ហើយ​[កត្តា]​វប្បធម៌​បន្តិច​បន្តួច​ដែរ។ ឧទាហរណ៍​ដូច​ធម្មតា ក្នុង​ភាសា​ខ្មែរ​យើង​បើ​យើង​ឃើញ​មិន​ល្អ​ យើង​មិន​ថា អើយ​ការងារ​នេះ​គួរ​បោះចោល ដូច​សំរាម​អញ្ចឹង។ ដូច​ថា​ការងារ​ដែល​យើង​ធ្វើ​មើល​ទៅ​វា​ខុស។ ខ្មែរ​យើង​មិន​ដែល​ថា​ការងារ​នេះ​ដូច​សំរាម​គ្រវាត់​ចោល​ហ្មង។ ប៉ុន្តែ​នៅ​នេះ អ្នក​ខ្លះ​គាត់​ប្រើ​ពាក្យ​នេះ»។

ថ្វី​បើ​អ្នក​មានវិជ្ជាជីវៈ​ខ្មែរនិង​ខ្មែរ​អាមេរិកាំង​វ័យ​ក្មេង​ទាំង​បី​រូប​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​ទាំង​នេះ​ក្ដី ក៏​លោក ប៊ូន សំប៊ុន អាយុ៥៧​ឆ្នាំ ដែល​បាន​រស់​នៅ​និង​ធ្វើ​ការ​នៅ​តំបន់ Silicon Valley រយៈ​ពេល​ជាង​៣០​ឆ្នាំ​ ថា​ការ​លំបាក​បំផុត​ដែល​ពួក​គេ​ត្រូវ​ប្រឈម​គឺ​ការ​សម្រេច​ចិត្ត​នៅ​ពេល​អនាគត។

លោក សំប៊ុន ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង​ គឺ​ជា​ជនជាតិ​ខ្មែរ​ដំបូង​ម្នាក់​ដែល​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​នៅតំបន់ Silicon Valley។

លោក​និង​ក្រុម​គ្រួសារ​លោកបាន​មក​រស់​នៅ​ក្រុង San Jose នេះ​ដោយ​ចៃដន្យ ក្នុង​នាម​ជា​ជន​ភៀស​ខ្លួនដែល​បាន​គេច​ពី​ការ​កាប់សម្លាប់​នៃ​ប្រល័យ​ពូជសាសន៍​របស់​ខ្មែរក្រហម។

លោកនិយាយ​ថា​ នៅ​ពេល​នោះ តំបន់​មួយ​នេះ​នៃ​រដ្ឋ California ស្ទើរ​តែ​មិន​មាន​ជនជាតិ​ខ្មែរ​ទេ ហើយ​ក្រុម​គ្រួសារ​របស់​លោក​ត្រូវ​ព្យាយាម​កសាង​ជីវិត​ថ្មី​ជា​ច្រើន​ឆ្នាំ​ទម្រាំ​អាច​ទទួល​បាន​ផល​ប្រយោជន៍​ពី​វិស័យ​បច្ចេកវិទ្យា​ដែល​ចាប់​រីក​លូតលាស់​ខ្លាំង​នៅ​ទូទាំង​តំបន់ Silicon Valley នៅ​ប៉ុន្មាន​ទសវត្ស​ក្រោយ​មក។

លោក សំប៊ុន ថ្លែង​ថា​ លោក​អាច​យល់​ពី​អារម្មណ៍​រំភើប​របស់​យុវជន​ខ្មែរ​ដែល​បាន​មក​ធ្វើការ​និង​រស់​នៅ​តំបន់​ Silicon Valley នេះ ដោយ​លោក​រំឭក​ឡើង​វិញ​នូវ​បទ​ពិសោធន៍​លោក​ផ្ទាល់​ដែល​ធ្លាប់​ធ្វើ​ការ​ជា​វិស្វករ​អេឡិចត្រូនិក​នៅក្រុមហ៊ុន​កុំព្យូទ័រ Intel។

ក្រុមហ៊ុន​នេះ​ត្រូវ​គេ​ស្គាល់​ថា​បាន​ផលិត​ដំបូង​គេ​នូវ​បន្ទះ​កុំព្យូទ័រ ឬ silicon chip ដែល​ជា​កត្តា​ដំបូង​ជំរុញ​ឲ្យ​មាន​បដិវត្តន៍​នៃ​បច្ចេកវិទ្យាកុំព្យូទ័រ​និង​ឌីជីថល និង​នាំ​ឲ្យ​គេ​ហៅ​តំបន់​នេះ​ថា Silicon Valley នោះ។

លោក ប៊ូន សំប៊ុន អាយុ​៥៧​ឆ្នាំ​ ​វិស្វករខាង​ផ្នែក​កម្មវិធី​កុំព្យូទ័រ នៅ​ក្រុមហ៊ុន software មួយ​និង​ជា​អតីត​វិស្វករ​អេឡិកត្រូនិក​នៅ​ក្រុមហ៊ុន Intel ផ្តល់​បទ​សម្ភាសន៍​ជាមួយ VOA នៅ​គេហដ្ឋាន​របស់​លោក​នៅ​ទី​ក្រុង San Jose រដ្ឋ California កាល​ពី​ថ្ងៃ​ទី​១​ ខែ​កញ្ញា ឆ្នាំ​២០១៦។ លោក សំប៊ុន ​មាន​ស្រុក​កំណើត​នៅខេត្ត​បាត់ដំបង ហើយ​បាន​ធ្វើ​ការ​និង​រស់​នៅ​តំបន់ Silicon Valley អស់​រយៈ​ពេល​ជាង៣០​ឆ្នាំ​មក​ហើយ។ ក្រុមគ្រួសារ​របស់លោក​បាន​មក​រស់​នៅ​ទី​នេះដំបូង​ជា​ជន​ភៀស​ខ្លួន​ពី​របប​ខ្មែរ​ក្រហម។ លោកស្ថិត​នៅ​ក្នុង​ចំណោម​យុវជន​ខ្មែរ​មួយ​ចំនួន​តូច​ដែល​មាន​ឱកាស​មក​ធ្វើ​ការ​នៅមជ្ឈមណ្ឌល​ប​ច្ចេកវិទ្យា​ទំនើប​នេះ។ (សឹង សុផាត/VOA)

លោក ប៊ូន សំប៊ុន បាន​ឃើញ​ផ្ទាល់​នូវ​ដំណាក់កាល​ធំៗ​នៃ​ប្រវត្តិសាស្ត្រ​តំបន់​នេះ រួម​ទាំង​ការ​បង្កើត​កុំព្យូទ័រ McIntosh របស់​លោក Steve Jobs សម័យ​រីក​ចម្រើន​ដំបូង​របស់​អ៊ីនធឺណិត​ឬ​ហៅ​ថា dot.com boom រហូត​ដល់​សម័យ​វិបត្តិ​សេដ្ឋកិច្ចអ៊ីនធឺណិត​ដែល​ហៅ​ថា dot.com bust។ លោក​។

អ្នក​ស្រុក Silicon Valley ដែល​មាន​មោទនភាព​ដោយ​បាន​រួម​ចំណែក​ខ្លះ​ដែរចំពោះ​បដិវត្ត​ឌីជីថលនៅ​ពេល​បច្ចុប្បន្ន​រូប​នេះថ្លែង​ថា ពេល​នៅពេល​លោក​នៅ​ក្មេង​ ​លោក​អាច​សម្រប​ខ្លួន​បាន​ល្អ​ជាង​ទៅ​នឹង​ជីវិត​ដ៏​មមាញឹក​និង​ផ្លាស់​ប្ដូរ​ខ្លាំង​នៅ​តំបន់​ Silicon Valley នេះ។

ប៉ុន្តែ​នៅ​ពេល​មាន​លោកគ្រួសារ​និង​ត្រូវ​គិត​គូរ​ពី​រយៈ​ពេល​ចូល​និវត្តន៍ តំបន់​នេះ​មិន​មែន​ជា​កន្លែង​ស្រួល​រស់​នៅ​ទៀត​នោះ​ទេ។ លោក សំប៊ុន ពន្យល់ប្រាប់ VOA យ៉ាង​ដូច្នេះ​ថា៖

«មូលហេតុ​មួយ​ដែល​ពិបាក​ដែរ ដោយ​កន្លែង​នេះ​វា​លឿន​ពេក។ ដូច្នេះ​យើង​នៅ​ក្នុង​ Silicon Valley ត្រូវ​តែ​ keep up [តាម​ឲ្យ​ទាន់] ដូច​ថា យើង​មិន​អាច​ថា​យើង​ចេះ​អ្វីមួយ​ហើយ យើង​នៅ​ស្ងៀម គឺ​ស្អីៗ វា​ធ្វើ​ការ​រហូត​ដល់​យើង​ចាស់ ដល់​ពេល​យើង​ចូល​និវត្តន៍។ ដូច្នេះ​យើង​ត្រូវ​បើក​ភ្នែក​មើល​ ទៅ​តាម​ការ​វិវត្ត​របស់ technology [បច្ចេកវិទ្យា]។ ដូច្នេះ​យើង​ត្រូវ​រៀន​រហូត។​

លោក ប៊ូន សំប៊ុន ថ្លែង​ថា ដើម្បី​នៅ​អាច​រក្សា​ឋានៈ​ជា​មជ្ឈមណ្ឌល​នៃ​បច្ចេកវិទ្យា​ពិភពលោក​បាន​ តំបន់​ Silicon Valley ទាំង​មូល​ត្រូវ​វិវត្ត​យ៉ាង​រហ័ស​ដើម្បី​ប្រកួត​ប្រជែង​នឹង​តំបន់​បច្ចេកវិទ្យា​ធំៗ​ផ្សេង​ដែល​លេច​រូបរាង​ឡើង​ដូច​ជា​នៅ​ក្នុង​ប្រទេស​ចិន​ជា​ដើម។

លោក​ថា​ប្រសិន​បើក​ចាញ់​តំបន់​ផ្សេង អ្នក​រស់​នៅ​ទី​នេះ​ជា​ច្រើន​នឹង​ត្រូវ​បាត់បង់​ការងារ​ធ្វើ។

ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​រូប​នេះ ថ្លែង​ថា ក្រៅ​ពី​ការ​ផ្លាស់​ប្ដូរ​ខាង​បច្ចេកវិទ្យា តំបន់​ Silicon Valley នេះ​ក៏​ឆ្លង​កាត់​ការ​ផ្លាស់​ប្ដូរ​ខាង​ប្រជាសាស្ត្រ​យ៉ាង​ខ្លាំង​ដោយ​បច្ចុប្បន្ន​នេះ​មាន​លក្ខណៈ​ពហុ​សាសន៍​ជាង​ពេល​ដែល​លោក​មក​រស់​នៅ​កាល​ពី​ប៉ុន្មាន​ទសវត្ស​មុន។

លោក​រីករាយ​ចំពោះ​ការ​ប្រែប្រួល​នេះ​ ដែល​បាន​ផ្ដល់​ឱកាសដល់អ្នក​ចំណូល​ថ្មី​ដូច​ជា​យុវជន ម៉ក់ សុផល និង តាំង កេងស្រេង ពី​ប្រទេស​កម្ពុជា​ មក​ធ្វើ​ការ​នៅ​ទី​នេះ។

ថ្វី​បើ​ ជនជាតិ​ខ្មែរ​ទាំង​បួន​រូប​ដែល​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា មាន​ប្រវត្តិ​មក​ដល់​តំបន់​ Silicon Valley ខុសៗ​គ្នា ទាំង​ដោយ​ចៃដន្យ និង​មិន​ចៃដន្យ​ក្ដី ក៏​អ្នក​ត្រួសត្រាយ​ផ្លូវ​ជា​ជនជាតិ​ខ្មែរ​ទាំង​បួន​រូប ដឹង​គុណ​ចំពោះ​វាសនា​ដែល​ពួក​គេ​មាន​នេះ​នៅ​ពេល​នេះ។

ពួក​គេ​ម្នាក់ៗ សុទ្ធ​តែ​មាន​គោលដៅ​ចែក​រំលែក​បទ​ពិសោធន៍​នេះដល់​សង្គម​កម្ពុជា​វិញ។ ​

ជាក់​ស្ដែង កញ្ញា Maya Gilliss-Chapma និង​សហការី​នៃ​អង្គការ Cambodians in Tech កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​សប្ដាហ៍​មុន ដើម្បីរៀបចំកម្មវិធី​ថ្មី​មួយ​ដែល​មាន​បំណង​ភ្ជាប់​ទំនាក់ទំនង​ដោយ​ផ្ទាល់​រវាង​តំបន់ Silicon Valley ជាមួយ​នឹង​វិស័យ​បច្ចេកវិទ្យា​ដែល​កំពុង​លូតលាស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

កញ្ញា​សង្ឃឹម​ថា ​ទៅ​អនាគត​អង្គការ​របស់​កញ្ញានឹង​អាច​នាំ​យុវជន​ខ្មែរជំនាន់​ថ្មី​ជា​ច្រើន​ទៀត ​ដែល​ស្រឡាញ់​បច្ចេកវិទ្យា ឲ្យ​មក​ដក​ពិសោធន៍​វិជ្ជាជីវៈ​នៅ​តំបន់ Silicon Valley ដូច​លោក កេងស្រេង និង​សុផល​ដែរ។

លោក កេងស្រង ក៏​ប្រាថ្នា​យ៉ាង​ដូច្នេះ​ដែរ។

ទោះ​បី​ការ​រស់​នៅជា​ច្រើន​ឆ្នាំ​ ជា​ជន​បរទេសធ្វើ​ឲ្យលោក​ជួប​ប្រទះ​នឹង​ការ​លំបាក​ខ្លះៗ​ក៏​ដោយ ហើយ​ជីវិត​នៅ​ដែនដី​សុបិន​មិន​អស្ចារ្យ​ដូច​មុនក្ដី​ ក៏​លោក​លើក​ទឹក​ចិត្ត​ដល់​យុវជន​ខ្មែរ​ឲ្យ​ហ៊ានមាន​មហិច្ឆតា​ខ្ពស់​និង​ព្យាយាម​ស្វែង​រក​ឱកាស​មក​ដក​ពិសោធន៍​នៅ​តំបន់ Silicon Valley នេះ។

«ប្រសិន​បើ​យើង​ធ្វើ​នៅ​ទី​នេះ​ផ្ទាល់ គឺ​យើង​អាច​ដឹង​ថា​តើ​ក្រុមហ៊ុនលំដាប់​អន្តរជាតិ​គឺ​យ៉ាង​ម៉េច។ គេ​ធ្វើ​យ៉ាង​ម៉េច​នៅ​ក្នុង​ក្រុមហ៊ុន​គេ។ នេះ​ជា​បទ​ពិសោធន៍​មួយ​ដែល​យើង​ពិបាក​នឹង​រក​បាន​នៅ​ក្នុង​ស្រុក​យើង»៕