ការរាតត្បាតនៃជំងឺកូវីដ១៩ មិនអាចរារាំងមិនឲ្យអង្គការ Cambodia Town Inc. នៃទីក្រុង Long Beach រៀបចំខួបទី ១៣ នៃកម្មវិធីលើកកម្ពស់វប្បធម៌ប្រពៃណីនិងទំនៀមខ្មែរនៅក្រុង Long Beach បានទេ។
កម្មវិធីនេះជាធម្មតាធ្វើនៅក្រុងខ្មែរ ដែលលាតសន្ធឹងចន្លោះពីមហាវិថី Alamitos រហូតដល់មហាវិថី Junipero ដែលប្រសព្វគ្នានឹងផ្លូវទី ១០ និងទី ១៤។ តំបន់នេះធ្លាប់មានមនុស្សកកកុញ ចេញចូលហាងអាជីវកម្មជាង ១៨០ ដែលមានដូចជាភោជនីយដ្ឋាន ហាងភីស្សា ហាងលក់គ្រឿងអលង្ការផ្សារ រោងជាងជួសជួលរថយន្ត ហាងកែសម្ផស្ស និងការិយាល័យផ្តល់សេវាធានារ៉ាប់រង និងពន្ធអាករជាដើម។
ប៉ុន្តែឆ្នាំនេះ កម្មវិធីអបអរឆ្នាំថ្មីនេះត្រូវធ្វើនៅថ្ងៃសៅរ៍ ទី ២៤ ខែមេសា តាមអនឡាញវិញ ដោយមិនមានការដង្ហែក្បួនព្យុហយាត្រាដូចសព្វដងទេ ដើម្បីអនុវត្តតាមគោលការណ៍សុវត្ថិភាពទប់ទល់ការរាលដាលនៃជំងឺកូវីដ១៩។ នេះបើយោងតាមអ្នកតំណាងនិងស្ថាបនិកនៃសមាគមនេះ។
លោក Richer San ក្រុមប្រឹក្សានាយកម្នាក់ក្នុងចំណោម ៩ នាក់ ប្តេជ្ញាថា ឆ្នាំក្រោយសមាគម Cambodia Town Inc. នៃទីក្រុង Long Beach នឹងសុំការអនុញ្ញាតពីអាជ្ញាធរក្រុងធ្វើពិធីនេះដោយផ្ទាល់ដូចកន្លងមក។
លោកបានឲ្យដឹងថា កម្មវិធីនេះបានធ្វើតាមអនឡាញពីរឆ្នាំ ដោយសារជំងឺកូវីដ១៩ គឺមិនអាចខកខានបានទេ។
«យើងត្រូវតែធ្វើនៅពេលនេះ ដើម្បីលើកស្ទួយសិល្បៈវប្បធម៌របស់យើងផង និងអារម្មណ៍ខ្មែររបស់យើង ដែលមិនបានដើរទៅណា មើលទៅណាទេ។ បើយើងមានកម្មវិធីហ្នឹង ឲ្យគ្នាមើល គ្នាសប្បាយចិត្ត»។
ដូចគ្នានេះដែរអ្នកស្រី សាន សិទ្ធា ប្រធានអង្គការក្រុងខ្មែរថ្លែងថា មេដឹកនាំសហគមន៍ខ្មែរមិនបណ្តោយឲ្យជំងឺនេះ ត្រួតត្រាមិនឲ្យធ្វើអ្វីឡើយ ហើយត្រូវកែស្ថានភាពអវិជ្ជមានបណ្តាលមកពីកូរីដ១៩ ឲ្យទៅជាវិជ្ជមានវិញ។
អ្នកស្រី សាន សិទ្ធា បានបន្ថែមថា៖ «ហើយផលប្រយោជន៍ គឺសង្គមយើង គាត់សប្បាយរីករាយនឹងឃើញ ហើយពេលគាត់មើលទៅ គាត់មានអារម្មណ៍ល្អ ព្រោះគ្រប់គ្នាភាគច្រើននៅផ្ទះ អត់ដឹងត្រូវធ្វើអី។ ដូច្នេះមានទស្សនីយភាពអុីចឹងៗ ឲ្យគាត់មើល គាត់សប្បាយ។ គាត់មានអារម្មណ៍ ថាអូ! អត់អីទេ! វាជួយកាត់បន្ថយការភ័យខ្លាច ការព្រួយបារម្ភអីហ្នឹង គឺថា ជួយសតិអារម្មណ៍។ ជួយពួកគាត់ច្រើន»។
ចំណែកលោក Phillip Lee Thong ស្ថាបនិកមួយរូបទៀតនៃអង្គការ Cambodia Town Inc. នៃទីក្រុង Long Beach ប្រាប់វីអូអេតាមសារជាអុីមែលថា លោកមានមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងការលះបង់ និងការតាំងចិត្តរបស់ក្រុមប្រឹក្សានាយកនៃអង្គការនេះ ហើយនិងខ្មែរអាមេរិកាំងទាំងអស់ ដែលរួមចំណែកមិនឲ្យជំងឺកូវីដ១៩ សម្លាប់កម្មវិធីខួប ១៣ ឆ្នាំនេះ ទោះបីជាការសម្រេចនេះធ្វើឡើងខើចពេលក៏ដោយ។
លោក Richer San ក៏បានបន្ថែមថា តាមបទពិសោធន៍កម្មវិធីនេះដែលបានធ្វើតាមអនឡាញកាលពីឆ្នាំមុន មានអ្នកចូលមើលការបង្ហោះតាម Facebook, YouTube នៅទូទាំងពិភពលោកច្រើនជាងឆ្នាំដែលធ្វើកម្មវិធីដោយផ្ទាល់។
លោកថា កម្មវិធីដែលថតទុកនេះក៏នឹងមានចាក់ផ្សាយក្នុងការផ្សាយតាមកម្មវិធីទូរទស្សន៍ខ្មែរ Long Beach និងតាមទូរទស្សន៍ក្រុង Long Beach ផងដែរ។
ទីក្រុងឡុងប៊ិចមានពលរដ្ឋរស់នៅចំនួនជិត ៥០ ម៉ឺននាក់ ក្នុងនោះមានពលរដ្ឋខ្មែរអាមេរិកាំងជាង ៥ ម៉ឺននាក់ ដែលរស់នៅប្រមូលផ្តុំគ្នានៅក្នុងតំបន់ជុំវិញផ្លូវអាណាហែម និងតំបន់ជិតខាង។
លោក Richer San បានបន្ថែមឲ្យដឹងថា កម្មវិធីនេះក៏ជួយផ្សព្វផ្សាយឱ្យជនជាតិផ្សេងដឹងថា ជនភៀសខ្លួនខ្មែរដែលមករស់នៅទីនេះ មានពូជអម្បូរត្រឹមត្រូវ។
«យើងជួយផ្សព្វផ្សាយទៅសាសន៍ដទៃទៀត ឲ្យគេយល់អំពីខ្មែរយើង។យើងមកហ្នឹង យើងមានប្រពៃណី។ យើងមានពូជមានអីត្រឹមត្រូវ។ យើងឲ្យគេយល់។ ដល់ពេលគេយល់ យើងសង្ឃឹមថា ហិង្សាមកលើយើងហ្នឹងនឹងអស់ បាទ។ យើងខំធ្វើអុីចឹង។ យើងធ្វើយូរហើយបាទ»។
ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានអនុម័តដោយសំឡេងលើសលុបនូវសេចក្តីព្រាងច្បាប់ថ្មីមួយ ដែលមានគោលបំណងបង្កើនកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការកើនឡើងនូវឧក្រិដ្ឋកម្មស្អប់ខ្ពើមលើជនជាតិអាស៊ី ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវី១៩។ ការបោះឆ្នោតមាន ៩១ សំឡេងគាំទ្រ ទល់នឹង ១ សំឡេងប្រឆាំង។
សេចក្តីព្រាងច្បាប់នេះនឹងបង្កើតតួនាទីថ្មីដល់ក្រសួងយុត្តិធម៌ដើម្បីពន្លឿនការសើរើពិនិត្យមើលនូវបទល្មើសឧក្រិដ្ឋស្អប់ខ្ពើម ទាក់ទិននឹងជំងឺកូវីដ១៩ និងផ្តល់ការគាំទ្រដល់ទីភ្នាក់ងារពង្រឹងច្បាប់មូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងអំពើហិង្សានៃការស្អប់ខ្ពើមលើជនជាតិអាស៊ី។
សេចក្តីព្រាងច្បាប់នេះ ក៏រួមបញ្ចូលទាំងវិសោធនកម្មដែលនឹងធ្វើឲ្យប្រសើរឡើងនូវការប្រមូលទិន្នន័យនៃឧក្រិដ្ឋកម្មស្អប់ខ្ពើមទាំងនោះ ហើយបង្កើតបណ្តាញទូរស័ព្ទសម្រាប់ការរាយការណ៍អំពីឧក្រិដ្ឋកម្មស្អប់ខ្ពើម។
បញ្ហានេះត្រូវបានអ្នកគាំទ្រសិទ្ធិពលរដ្ឋពណ៌នាថា បណ្តាលមកពីការបន្ទោសគ្មានមូលដ្ឋាន ដែលថាជនជាតិអាស៊ីជាអ្នកនាំចូលវីរុសកូរ៉ូណា ដែលមានប្រភពដើមពីប្រទេសចិន។
លោកប្រធានាធិបតី Joe Biden បានសម្តែងនូវការសាទរចំពោះច្បាប់នេះ ហើយរំពឹងថា នឹងចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់នេះឲ្យក្លាយជាច្បាប់ នៅពេលដែលវាត្រូវបានបញ្ជូនទៅដល់ការិយាល័យរបស់លោក។
លោក Richer San ឲ្យដឹងថា សុវត្ថិភាពនិងការប្រយុទ្ធនឹងឧក្រិដ្ឋកម្ម គឺជាបញ្ហាចម្បងដែលផុសឡើងនៅក្នុងយុទ្ធនាការបោះឆ្នោតនៅរៀងរាល់លើក។
អ្នកស្រី សាន សិទ្ធា ប្រធានអង្គការក្រុងខ្មែរបានឲ្យដឹងថា កម្មវិធីនេះមានការផ្សាយ pre show ចាប់ផ្តើមពីម៉ោង ៥ និង ៤៥ នាទី ដល់ម៉ោង ៦ ល្ងាច ដែលមានដូចជាកម្មវិធីចម្រៀងកម្មវិធីព្រះពុទ្ធសាសនាគ្រឹស្តសាសនាឥស្លាមសាសនានិងសាសនាយូដា។
កម្មវិធីស្នូលរយៈពេលពីរម៉ោងកន្លះ នឹងចាប់ផ្តើមនៅម៉ោង ៦ ល្ងាចម៉ោង ក្រុងឡងប៊ិច ដោយមានសុន្ទរកថាបើកកម្មវិធី ភ្លេងគោរពទង់ជាតិខ្មែរនិងអាមេរិក និងសុន្ទរកថារបស់វាគ្មិនសំខាន់ៗ និងរបាំកាប់ក្របីផឹកស្រា កូរសមុទ្រទឹកដោះ ទេពមនោរម្យ ត្បាល់ក្ឌៀង ភាពយន្តឯកសារបង្ហាញក្បាច់គុនល្បុកតោខ្មែរ ឯកសារអំពី Khmer Arts Acardemie (សិក្សាសិល្បៈខ្មែរ) ឯកសារអំពីអ្នកចម្រៀងឆោម និមល ឯកសារអំពីសម្លការីខ្មែរ ដែលមានដាក់ប្រហុក និងកម្មវិធីសម្តែងសិល្បៈចម្រៀងដូរ្យតន្ត្រី។
អ្នកស្រីបន្ថែមថា មានកម្មវិធីចាប់រង្វាន់ចំនួន ១០ សម្រាប់អ្នកចូលរួមផងដែរ៕