ពលរដ្ឋ​ថៃ​ស្វះស្វែង​រក​ព័ត៌មាន​ពី​សាច់ញាតិ​ ក្រោយ​មនុស្ស ១៨ត្រូវ​បាន​គេ​ភ័យខ្លាច​ថា​បាន​ស្លាប់​នៅ​​ក្នុង​ការវាយ​ប្រហារ​ដោយ​ក្រុម​ហាម៉ាស់

ឪពុកម្តាយរបស់លោក Natthaporn ដែលធ្វើការនៅអ៊ីស្រាអែល ហើយត្រូវបានចាប់ពង្រត់នៅក្នុងជម្លោះដែលកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមប៉ាឡេស្ទីន Hamas កាន់រូបថតរបស់លោកនៅផ្ទះរបស់ពួកគេក្នុងខេត្ត Nakhon Phanom ប្រទេសថៃ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។

សាច់ញាតិ​ពលរដ្ឋ​ថៃ​ដែល​ត្រូវ​បាន​ចាប់​ពង្រត់​ឬ​សម្លាប់​ដោយ​ជន​សកម្ម​ប្រយុទ្ធ​ហា ម៉ាស​បាន​ចំណាយ​ពេល​ជាច្រើន​ដើម្បី​ប្រមូល​ព័ត៌មាន​លម្អិត​តាម​បណ្ដាញ​សង្គម​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ​ចាប់តាំង​ពី​មាន​ការ​វាយ​ប្រហារ​លើ​ប្រទេស​អ៊ីស្រាអែល។

ប្រទេស​ថៃ​កំពុង​ក្លាយ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ជា​ច្រើន​ដែល​រងគ្រោះ​ពី​ជម្លោះ​ ដែល​កើត​ឡើង​នៅ​ចម្ងាយ​រាប់​ពាន់​គីឡូម៉ែត្រ។

គេបារម្ភ​ថាពលរដ្ឋ​ថៃ១៨នាក់​បាន​ស្លាប់​នៅ​ក្នុង​អំពើ​ហិង្សា​នេះ ខណៈ​មនុស្ស១១នាក់​ផ្សេង​ទៀត​ត្រូវ​គេជឿ​ថាត្រូវ​បាន​ចាប់​ពង្រត់​ដោយ​ក្រុម​ហាម៉ាស់ ដែល​ភាគច្រើន​ចេញ​ពី​តំបន់​ក្រីក្រ​នៅ​ភាគ​ឦសាន​ឈ្មោះ Isaan។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ក្រសួង​ការបរ ទេស​ថៃ​កាល​ពី​ថ្ងៃ​អង្គារ។

ក៏ប៉ុន្តែ ក្រសួង​ដដែល​បាន​បន្ថែម​ថាតួលេខ​នេះ​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​នៅ​ឡើយ​ទេ នៅ​ក្នុង​ស្ថានភាព​វឹកវរ​ដ៏គ្រោះ​ថ្នាក់​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ។ ស្ថានទូត​អ៊ីស្រាអែល​ប្រចាំ​ទីក្រុង​បាងកក​បាន​ថ្លែង​ថា​ការរាប់​ចំនួន​ពលរដ្ឋ​ទាំង​អស់​មិន​អាច​ធ្វើ​ទៅ​បាន​ទេ ដោយសារ​តែ​ប្រតិបត្តិការ​យោធា​កំពុង​បន្ត​ធ្វើ។

អ៊ីស្រាអែល​បាន​ចាប់ផ្តើម​វាយ​បក​ទៅ​លើ​ការវាយប្រហារ​ដែល​បាន​សម្លាប់​ពលរដ្ឋ​អ៊ីស្រាអែល​រាប់​រយ​នាក់។ ក្រុម​ហាម៉ាស់​បាន​ព្រមាន​ថាពួក​គេ​នឹង​ចាប់​ផ្ដើម​សម្លាប់​ចំណាប់​ខ្មាំង​ ប្រសិន​បើ​មាន​ការ​វាយប្រហារ​ដោយ​គ្មាន​ការ​ព្រមាន​ជាមុន​ពី​សំណាក់​អ៊ីស្រាអែល​ទៅ​លើ​តំបន់​ Gaza ដែល​នៅ​ទីនោះ មនុស្ស​រាប់​រយនាក់​ រួម​ទាំង​ជន​ស៊ីវិល​ផង​បាន​ស្លាប់។

ពលរដ្ឋ​ថៃ​ប្រមាណ៣ម៉ឺន​នាក់​ធ្វើការ​នៅ​អ៊ីស្រាអែល​ដែល​ភាគច្រើន​នៅ​តាម​កសិដ្ឋាន Kibbutzនៅ​ជាប់​ព្រំដែន​ជាមួយ​តំបន់Gaza ដោយពួកគេ​អាច​រក​ប្រាក់​ចំណូល​បាន​រហូត​ដល់១ពាន់​ដុល្លារ​ក្នុង​មួយ​ខែ ដែល​ជាចំនួន​មួយ​ច្រើន​ជាង​ប្រាក់ខែ​ដែល​គេ​អាច​ទទួល​បាន​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​ថៃ។

អ្នកស្រី Orna Sagivឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល​ប្រចាំ​ប្រទេស​ថៃ​បាន​ថ្លែង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាលពី​ថ្ងៃ​ចន្ទ​ថា៖«ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​ពលរដ្ឋ​ថៃ​ថា​អ៊ីស្រាអែល​ប្ដេជ្ញា​ធ្វើ​អ្វី​គ្រប់​យ៉ាង​តាមតែ​អាច​ធ្វើ​បាន​ដើម្បី​ការពារ​ពលករ​ថៃ​នៅ​ក្នុង​ប្រទេស​របស់​យើង។ សូមជឿ​ជាក់​លើ​ពួក​យើង​ចុះ​ថា​ពួក​គេ​នឹង​ទទួល​បាន​ការយក​ចិត្ត​ទុកដាក់និង​ការការ ពារ​ដូច​មនុស្ស​គ្រប់​រូប នៅ​ប្រទេស​អ៊ីស្រាអែល​មិន​ថាជា​ពលរដ្ឋ​អ៊ីស្រាអែល​ឬ​ជន​មាន​សញ្ជាតិ​បរទេស​នោះ​ទេ»។

សាច់ញាតិ​ដែល​កំពុង​តក់ស្លុត​នៃ​អ្នក​ដែល​ត្រូវបាន​ចាប់​ពង្រត់​ទាំង​នោះ បាន​ស្វះស្វែង​រក​ព័ត៌មាន​អំពី​ទីជម្រក​សមាជិក​គ្រួសារ​របស់​ពួក​គេ ជាជាង​ពឹង​ផ្អែក​លើ​វីដេអូ​ដែល​ចែក​រំលែក​លើ​ហ្វេសប៊ុក​ឬ​តិកតុក ដោយ​ពលរដ្ឋ​ថៃ​ផ្សេង​ទៀត​ឬ​ពឹង​ផ្អែកលើ​ព័ត៌មាន​ពី​ជន​សកម្ម​ប្រយុទ្ធ​ដែល​ជា​អ្នក​វាយប្រហារ​លើ​ពួក​គេ។

ស្ត្រី​ម្នាក់​ឈ្មោះPiyanus Phujuttu អាយុ២៧ឆ្នាំ​និយាយ​ថា​«អ្នកស្រី​ពិបាក​ដក​ដង្ហើម​និង ពិបាក​សម្រាក​ណាស់​ ដោយសា​តែ​សមាជិក​គ្រួសារ​បាន​ឃើញ​បង​ប្អូន​ជីដូន​មួយ​របស់​អ្នកស្រី​ឈ្មោះKhomkrit Chombua ត្រូវ​បាន​ពួក​ជន​សកម្ម​ប្រយុទ្ធ​ចាប់​នៅ​ក្នុង​តំបន់ Gaza Stripកាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​វីដេអូ​ឃ្លីប​មួយ​ដែល​គេ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម។

អ្នកស្រី​ថ្លែង​ប្រាប់​វីអូអេ​ថា៖«មន្ត្រី​ថៃ​បាន​ប្រាប់​ខ្ញុំ​ថាពួកគេ​នឹង​ពិភាក្សា​ជាមួយ​រដ្ឋាភិ បាល​អ៊ីស្រាអែល​អំពី​រឿង​នេះ ហើយ​ស្ថានទូត​អ៊ីស្រាអែល​នៅ​ក្នុង​ប្រទេស​ថៃ​ក៏​បាន​ប្រាប់​ខ្ញុំ​ដែរ​ថា​ពួក​គេ​ត្រូវ​បោស​សម្អាត​តំបន់​នោះ​ជាមុនសិន មុន​នឹង​ចាប់​ផ្ដើម​ស្វែង​រក​មនុស្ស។ ស្ថានទូត​អះអាង​ថាពួក​គេ​កំពុង​តាមដាន​ស្ថានការណ៍​នេះ ប៉ុន្តែ​មក​ទល់​ពេល​នេះ ពួក​គេ​មិន​ទាន់​អាច​បញ្ជាក់​ពី​ទីតាំង​របស់​បង​ប្អូន​ជីដូន​មួយ​ខ្ញុំ​ទេ មិន​ដឹង​ថា​គាត់​ស្លាប់​ឬ​រស់​ទេ»។

ពលរដ្ឋ​ម្នាក់​ទៀត​គឺ​អ្នក​ស្រី Suda Thepgaew បាន​ថ្លែង​ប្រាប់​ទូរទស្សន៍​ថៃ​ថា​អ្នក​ស្រី​ជឿ​ថា​ប្ដី​របស់​អ្នកស្រី​គឺជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ថៃ៦នាក់​ដែល​ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ពេលជនសកម្ម​ប្រយុទ្ធ​រាប់​សិប​នាក់​បាន​វាយប្រហារ​ទៅ​លើ​កន្លែង​ស្នាក់​នៅ​របស់​កម្មករ​នៅ​ជិត​តំបន់ Gaza។

អ្នកស្រី​ថ្លែង​ថា៖«ខ្ញុំ​ទើបតែ​បាន​និយាយ​ជាមួយ​គាត់​កាល​ពី​ថ្ងៃ​សៅរ៍ ពេល​នោះ​អ្វី​គ្រប់​យ៉ាង​នៅ​ល្អ​ប្រសើរ យើង​បាន​សើច​ជាមួយ​គ្នា បន្ទាប់​មក​ខ្ញុំ​ក៏​បាន​ឮ​ស្នូរ​កាំភ្លើង ឮ​ការ វាយប្រហារ​ដោយ​កាំជ្រួច​មីស៊ីល រំពេច​នោះ​ក៏​បាត់​ទំនាក់​ទំនងតែ​ម្ដង។ ពេល​ក្រោយ​មក មិត្ត​របស់​គាត់​នៅ​ឯ​ចម្ការ​បាន​ប្រាប់​ខ្ញុំ​ថា Ballទៅ​បាត់​ហើយ»។

ក្នុង​ករណី​ដាច់​ដោយឡែក​មួយ​ទៀត ស្ដ្រី​ជា​ម្ដាយ​កំពុង​ទុក្ខសោកម្នាក់​ដែល​មានកូន​ប្រុសជា​កម្មករ​ចំការ​ចេក​នៅ​អ៊ីស្រាអែល​មក​ពី​តំបន់ Kalasin ស្ថិត​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ថៃ​បាន​រៀបរាប់​អំពី​កូន​ប្រុស់​របស់​អ្នកស្រីឈ្មោះ Somkuan Pansa-ard ដែល​ត្រូវ​បាន​បាញ់​សម្លាប់​នៅ​តំបន់ Nahal Oz kibbutz ក្នុង​ប្រទេស​អ៊ីស្រាអែល។ អ្នកស្រី Noopa Pansa-ard បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកយក​ព័ត៌មាន ដោយ​ឱប​រូបថត​កូនប្រុស​អ្នក​ស្រី​ថាអ្នកស្រី​បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​កូន​ប្រុស​គាត់កុំ​ឲ្យ​ចេញ​ពី​ប្រទេស​ថៃ។ អ្នកស្រី​និយាយ​ទៀត​ថា​កូន​ប្រុស​អ្នកស្រី​បាន​ចុះ​កិច្ចសន្យារ​ការងារ​រយៈ​ពេល៥ឆ្នាំ​នៅ​អ៊ីស្រាអែល​ហើយ​បាន​ផ្ញើរប្រាក់​មក​គ្រួសារ​របស់​គេ​ចំនួន២ពាន់​ដុល្លារ​ក្នុង​មួយ​ខែ។

អ្នកស្រី Noopa Pansa-ard បាន​រៀបរាប់​អំពី​ការ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​កូន​ប្រុស​ជា​លើក​ចុង​ក្រោយ​ថា៖«ខ្ញុំ​បាន​ប្រាប់​កូន​ថាខ្ញុំ​មិន​ចង់​បាន​ប្រាក់​ទេ ខ្ញុំច​ង់​ឲ្យ​តែ​គេ​មាន​សុវត្ថិភាព​តែប៉ុណ្ណោះ។ ខ្ញុំ​បាន​ប្រាប់​គេ​ថា​ខ្ញុំ​នឹក​គេ​ខ្លាំង​ណាស់»។

ថៃ​គឺជា​ប្រភព​ពលករ​ចំណាក​ស្រុក​ដ៏ធំ​មួយ​ក្នុង​ចំណោម​ប្រទេស​ផ្សេង​ទៀត​នៅ​អ៊ីស្រា អែល។ ក្រសួងការងារ​ថៃ បាន​ឲ្យ​ដឹង​ថា ពលករ​ចំណាក​ស្រុក​ភាគច្រើន​ធ្វើ​ការ​ជា​កម្ម ករ​នៅ​តាម​កសិដ្ឋាន​ហើយ​បានផ្ញើរ​ប្រាក់​មក​ផ្ទះ​ជារៀង​រាល់​ខែ។ ក្រសួងនោះ​បានបន្ថែម​ថា​ពលករ​ថៃ​ប្រមាណ៧ពាន់​នាក់​ផ្សេងទៀត​ប្រហែល​កំពុង​ធ្វើ​ការ​នៅទីនោះ​ដោយ​ខុស​ច្បាប់​ដែល​នេះ​បង្កការ​បារម្ភ​អំពី​សុវត្ថិភាព​របស់ពួក​គេ ដោយសារ​តែ​និយោ ជក​របស់​ពួក​គេ​ទំនងជា​មិន​បាន​កត់​ត្រា​ចំនួន​អ្នក​ដែល​បាន​បាត់​ខ្លួន​នោះ​ទេ។ ក្រសួង​បញ្ជាក់​ទៀត​ថាមាន​តែ​កោះ​តៃវ៉ាន់​និង​កូរ៉េខាង​ត្បូង​តែ​ប៉ុណ្ណោះ ដែល​មាន​ពលករ​ចំណាក​ស្រុក​ថៃ​ច្រើន​ជាង​អ៊ីស្រាអែល។

រដ្ឋាភិបាល​ថៃ​បាន​សន្យារ​ថា​នឹង​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​ទាំង​អស់​ចេញ​ពី​អ៊ីស្រា​អែល។

ពលរដ្ឋ​ថៃ​ជិត៤ពាន់​នាក់​បាន​ចុះ​ឈ្មោះ​ដើម្បី​ចាក​ចេញ​ពី​អ៊ីស្រាអែល នៅ​ពេល​ដែល​ស្ថានភាព​នៅ​ទីនោះ​កាន់តែ​អាក្រក់​ជាង​មុន​ ដោយ​ជើង​ហោះហើរ​ទីមួយ​គ្រោង​មក​ដល់​ប្រទេស​ថៃ​នៅ​ថ្ងៃ​ព្រសហ្បតិ៍។ នេះ​បើ​តាម​ការបញ្ជាក់​របស់​អ្នកស្រី Kanchana Patarachok អ្នក​នាំពាក្យ​ក្រសួង​ការងារ​ថៃ​ដែល​បាន​ថ្លែង​ប្រាប់​ពួក​អ្នក​កាសែត​កាល​ពី​ថ្ងៃ​អង្គារ។

ទោះ​ជា​យ៉ាងណា​ក៏ដោយ ពលរដ្ឋ​ថៃ​នៅ​អ៊ីស្រាអែល​ខ្លះ​បាន​និយាយ​ថា​ពួក​គេ​ចង់​ស្នាក់​នៅ​អ៊ីស្រាអែល​បន្ត​ទៀត ដោយសារ​តែ​ពួក​គេ​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់ ជាជាង​ការបារម្ភ​អំពី​បញ្ហា​សុវត្ថិភាព ខណៈ​ដែល​ពួក​គេ​កំពុង​ជួយ​ដល់​ជីវភាព​ក្រុមគ្រួសារ​នៅ​ឯ​ផ្ទះ​ស្ថិត​នៅ​ភាគ​ឦសាន​ប្រទេស​ថៃ​ដែល​នៅ​ទីនោះ​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​មាន​ប្រហែល៨ដុល្លារក្នុង​មួយ​ថ្ងៃ​តែ​ប៉ុណ្ណោះ។

ពលករ​ម្នាក់​ឈ្មោះJakkapol Wipracha អាយុ៣៥ ឆ្នាំ​បាន​ថ្លែង​ប្រាប់​វីអូអេ​ពី​តំបន់ Talmei Yosefនៅ​ជិត​ព្រំដែន​អ៊ីស្រាអែល​ភាគ​ខាង​ត្បូង​ជាប់​នឹង​តំបន់Gaza ថា​ជា​រៀង​រាល់​ខែ លោក​ធ្វើការ​នៅ​ក្នុង​កសិដ្ឋានប៉េងប៉ោះ​មួយ​ដោយ​ទទួល​បាន​ប្រាក់​ខែ១.៣៤០ ដុល្លារ​ក្នុង​មួយ​ខែ។

លោក​និយាយ​ថា៖ «ខ្ញុំ​ជា​កូន​ប្រុង​ច្បង ដូច្នេះ​ខ្ញុំត្រូវ​តែ​មើល​ថែទាំ​ឪពុក​ម្ដាយ ប្រពន្ធ និង កូន២នាក់​ដែល​មានអាយុ៣ឆ្នាំ​និង៥ឆ្នាំ»។

លោក​បន្ត​ថា៖«ខ្ញុំ​ធ្វើ​ជាង​ចំនួន៩ខែ​ហើយ ហើយ​ខ្ញុំ​ផ្ញើរ​ប្រាក់​ភាគច្រើន​ទៅ​ផ្ទះ។ រហូត​មក​ទល់​ពេល​នេះ មិនទាន់​ឃើញ​រដ្ឋាភិបាល​ថៃ​ទាក់​ទង​មក​ខ្ញុំ​ទេ​ ប៉ុន្តែ​ខ្ញុំ​ក៏​ត្រូវ​តែ​ពិចារ ណា​អំពី​ស្ថានភាព​របស់​ខ្ញុំ​ដោយ​យក​ចិត្ត​ទុកដាក់​ផងដែរ។ ប្រសិន​បើ ខ្ញុំ​ត្រឡប់​ទៅវិញ ខ្ញុំ​នៅ​តែ​ត្រូវ​បន្ត​រក​ការងារ​នៅ​ក្រៅ​ប្រទេស​ដដែល។ នេះ​ដោយសារ​តែខ្ញុំ​ជំពាក់​បំណុល​គេ ខ្ញុំ​មិន​អាច​រក​ការងារ​ធ្វើ​នៅ​ថៃ ដែល​អាច​ជួយ​ឲ្យ​ខ្ញុំ​បង់​បំណុល​គ្រប់​គ្រាន់​នោះ​ទេ»៕

ប្រែសម្រួល​ដោយ​លោក នាម ឆេង