ពលរដ្ឋ​ថៃ​ទៅ​បោះ​ឆ្នោត​ដើម្បី​ឲ្យ​ប្រទេស​ថៃ​វិល​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​វិញ

ប្រជាជន​ថៃ​ឈរ​តម្រង់​ជួរ​សម្រាប់​ការ​បោះឆ្នោត​នៅ​ក្នុង​ទីក្រុង​បាងកក​កាលពី​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩។

ប្រទេស​ថៃ​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​ទី ២៤ ខែ​មីនា​ខាង​មុខ​នេះ។

លោក Prayut Chan-o-Cha ដែល​ជា​អគ្គ​មេបញ្ជាការ​យោធា​ថៃ កំពុង​ប្រើ​គ្រប់​មធ្យោបាយ​ទាំង​អស់ ដើម្បី​ធានា​ថា គ្មាន​នរណា​ម្នាក់​អាច​ប្រជែង​យក​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក​បាន នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ ដែល​ជា​ការ​បោះ​ឆ្នោត​លើក​ដំបូង​បង្អស់​តាំង​ពី​ឆ្នាំ ២០១១ មក។

លោក Prayuth និយាយ​ថា ប្រសិនបើ​លោក​ឈ្នះ អ្នក​បោះ​ឆ្នោត​នឹង​អាច​ធ្វើ​ឲ្យ​ប្រទេស​ថៃ ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​យោធា​សព្វថ្ងៃ វិល​ទៅ​រក​របប «ប្រជាធិបតេយ្យ‍» វិញ។

ឧបសគ្គ​គំរាមកំហែង​ដ៏​ធំ​បំផុត​របស់​លោក Prayuth គឺ​នៅ​ដដែល ដែល​នោះ​គឺ​ក្រុម​គ្រួសារ​ត្រកូល Shinawatra ដែល​កំពុង​និរទេស​ខ្លួន​នៅ​បរទេស និង​នៅ​លើ​ថា​តើ​លោក​អាច​គៀងគរ​ការ​គាំទ្រ​ពី​គណបក្ស​នានា​បាន​គ្រប់គ្រាន់​ប៉ុណ្ណា ដើម្បី​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ការ​ដឹកនាំ​របស់​លោក។

មនុស្ស​ភាគ​ច្រើន​ជឿ​ថា លោក Prayuth នឹង​អាច​ក្លាយជា​នាយករដ្ឋមន្ត្រី​ម្ដង​ទៀត។ រដ្ឋធម្មនុញ្ញ​ថ្មី​របស់​ប្រទេស​ថៃ ដែល​ផ្ដល់​សិទ្ធិ​សម្រេច​មិន​ធ្លាប់​មាន​ពី​មុន​មក​ដល់​ពួក​យោធា​នៅ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ស៊ីវិល រួម​ទាំង​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​រារាំង​ដោយ​ការ​គ្រប់គ្រង​យោធា​តឹងតែង​រយៈពេល ៥ ឆ្នាំ កន្លង​មក​នេះ នឹង​ជួយ​គាំទ្រ​ដល់​ការ​រំពឹង​ទុក​ដូច​នេះ។

ដូច​ដែល​អង្គការ​ក្រុមប្រឹក្សា​ទំនាក់ទំនង​បរទេស (Council on Foreign Relations) ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​កាល​ពី​ពេល​ថ្មីៗ​នេះ​កត់​សម្គាល់​ដូច្នេះ​ដែរថា៖ «ព្រះរាជាណាចក្រ​ថៃ​មើល​ទៅ​ទំនង​ជា​មិន​អាច​ដោះស្រាយ​ភាព​តានតឹង​នយោបាយ​របស់​ខ្លួន​បាន​ទេ ទោះបីជា​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ​ទៅ​ជា​យ៉ាង​ណា​ក៏​ដោយ‍។ ផ្ទុយ​មក​វិញ ប្រទេស​ថៃ​ទំនងជា​ឈាន​ទៅ​រក​អស្ថិរភាព​នយោបាយ​ដែល​កំពុង​បន្ត​សព្វថ្ងៃ ទោះបីជា​អស្ថិរភាព​នោះ​អាច​កើត​ឡើង​ក្នុង​ទម្រង់​ផ្សេង​ពី​នេះ ដែល​ផ្អែក​លើ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ក៏​ដោយ‍»។

ពលរដ្ឋ​ថៃ​ប្រហែល ៥២ លាន​នាក់ នឹង​ចេញ​ទៅ​បោះ​ឆ្នោត​ជ្រើសរើស​រដ្ឋសភា​ដែល​មាន​អាសនៈ​ចំនួន ៥០០។ សមាជិក​រដ្ឋសភា​ចំនួន ៣៥០ នាក់ នឹង​ត្រូវ​ជ្រើសរើស​ដោយ​ផ្ទាល់ ហើយ​សមាជិក​ចំនួន ១៥០ នាក់​ទៀត​នឹង​ត្រូវ​ជ្រើសរើស​ផ្អែក​លើ​ប្រជាប្រិយភាព​របស់​គណបក្ស។ ចំណែក​ឯ​សមាជិក​ទាំង ២៥០ នាក់​នៃ​ព្រឹទ្ធសភា​វិញ នឹង​ត្រូវ​តែងតាំង​ដោយ​ផ្ទាល់​ដោយ​យោធា​ថៃ។

ករណី​នេះ​ផ្ដល់​ប្រយោជន៍​ដល់​លោក Prayuth និង​ដល់​គណបក្ស Phalang Pracharat របស់​លោក។ នាយករដ្ឋមន្ត្រី​ថ្មី​នឹង​ត្រូវ​ជ្រើសរើស​នៅ​ក្នុង​អង្គ​ប្រជុំ​រួម​របស់​រដ្ឋសភា និង​ព្រឹទ្ធសភា។ ហេតុ​ដូច្នេះ​ហើយ គណបក្ស​របស់​លោក Prayuth ត្រូវការ​ឈ្នះ​អាសនៈ​តែ ១២៦ ប៉ុណ្ណោះ ដើម្បី​ឲ្យ​លោក​អាច​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បាន។ ចំណែក​ឯ​គណបក្ស​នយោបាយ​ដទៃ​ទៀត​ត្រូវការ​អាសនៈ​យ៉ាង​តិច ៣៧៦។

លោក Titipol Phakdeewanich ព្រឹទ្ធបុរស​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកល​វិទ្យាល័យ Ubon Ratchathani បាន​និយាយ​ថា គណបក្ស​ប្រឆាំង​ណា​មួយ​ក៏​ដោយ​ទំនងជា​មិន​អាច​ទទួល​បាន​សំឡេង​ឆ្នោត​គ្រប់គ្រាន់ ដើម្បី​ជ្រើសរើស​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​ខ្លួន​នោះ​ទេ។

លោក Phakdeewanich បញ្ជាក់​ដូច្នេះ​ថា៖ «វា​ប្រាកដ​ជា​លំបាក ដោយសារតែ​រដ្ឋធម្មនុញ្ញ​បាន​ជួយ​លោក Prayuth ឲ្យ​នៅ​កាន់​អំណាច​ដដែល ដោយសារតែ​រដ្ឋធម្មនុញ្ញ​នេះ​បាន​ផ្ដល់​អំណាច​ដល់​សមាជិក​ព្រឹទ្ធសភា​ឲ្យ​បោះ​ឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី បន្ទាប់ពី​ការ​បោះ​ឆ្នោត។ ដូច្នេះ តើ​នរណា​ជា​អ្នក​សម្រេច​លើ​រឿង​នេះ? យើង​ឃើញ​ថា មិន​ត្រឹមតែ​រដ្ឋសភា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ព្រឹទ្ធសភា​ផង​ដែរ ដែល​មាន​អំណាច​នៅ​ក្នុង​ការ​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី»។

បេក្ខជន​តំណាង​រាស្ត្រ​ជាង ២ ពាន់ ៧ រយ​នាក់ មក​ពី​គណបក្ស​នយោបាយ​ជិត ៨០ នឹង​ចូលរួម​ប្រកួត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ។ គណបក្ស Phalang Pracharat អាច​មាន​ជម្រើស​ចង​សម្ព័ន្ធ​ភាព​ជាមួយ​នឹង​គណបក្ស Ruam Palang Prachachat Thai និង​គណបក្ស​កំណែ​ទម្រង់​របស់​ប្រជាពលរដ្ឋ (People's Reform Party)។

ការ​ប្រឈម​ដ៏​ធំ​បំផុត​របស់​លោក Prayuth នឹង​កើត​ចេញ​ពី​គណបក្ស Pheu Thai ដែល​គាំទ្រ​ដោយ​គ្រួសារ​ត្រកូល Shinawatra ដែល​ជា​មាន​ប្រជាប្រិយភាព​នៅ​តំបន់​ជនបទ និង​កើត​ចេញ​ពី​គណបក្ស​អនាគត​ឆ្ពោះ​ទៅ​មុខ (Future Forward Party) ដែល​ដឹកនាំ​ដោយ​លោក Thanathorn Juangroongruangkit ដែល​ជា​សហគ្រិន​វ័យ​ក្មេង​ម្នាក់ ដែល​សង្ឃឹម​ថា​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​បោះ​ឆ្នោត​ដែល​ជា​យុវជន។

ប៉ុន្តែ​លោក Titipol បាន​និយាយ​ថា ករណី​នេះ​មិន​ប្រាកដ​ថា​នឹង​កើត​ឡើង​ដូច​នេះ​ទេ។

លោក Titipol និយាយ​ដូច្នេះ​ថា៖ «នៅ​ពេល​ដែល​យើង​និយាយ​អំពី​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​ថ្មី​ចំនួន​ពី ៧ ទៅ ៨ លាន​នាក់​នេះ គឺ​ថា ពួកគេ​រួម​ចំណែក​យ៉ាង​ពិត​ប្រាកដ​ច្រើន​ណាស់​ចំពោះ​អនាគត​នៃ​លទ្ធិ​ប្រជាធិបតេយ្យ ប្រសិនបើ​ពួកគេ​ចេញ​ទៅ​បោះ​ឆ្នោត។ ប៉ុន្តែ ករណី​នេះ​មិន​មែន​មាន​ន័យ​ថា ពួកគេ​ទាំង​អស់​នឹង​បោះឆ្នោត​ឲ្យ​គណបក្ស​អនាគត​ឆ្ពោះ​ទៅ​មុខ​នោះ​ទេ។ យុវជន​ខ្លះ​ក្នុង​ចំណោម​នោះ​បាន​ធំ​ដឹង​ក្ដី​នៅ​ក្នុង​សម័យ​ដែល​គណបក្ស Pheu Thai កាន់​អំណាច‍»។

ការ​បោះ​ឆ្នោត​នេះ​ត្រូវ​បាន​ពន្យារពេល​ម្ដង​ហើយ​ម្ដង​ទៀត តាំង​ពី​លោក Prayuth ទម្លាក់​អ្នកស្រី Yingluck Shinawatra ចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៅ​ក្នុង​ការ​ធ្វើ​រដ្ឋប្រហារ​ឆ្នាំ ២០១៤ បន្ទាប់ពី​មាន​ភាព​ចលាចល​នយោបាយ​អស់​រយៈពេល​ជា​ច្រើន​ខែ និង​ការ​សម្រេច​របស់​តុលាការ​ធម្មនុញ្ញ​នៅ​ក្នុង​ការ​ដក​អ្នកស្រី Yingluck ចេញ​ពី​តំណែង​ក្រោម​ហេតុផល​ថា​អ្នកស្រី​រំលោភ​អំណាច​មក។

លោក Thaksin ដែល​ជា​បង​ប្រុស​របស់​អ្នកស្រី Yingluck ត្រូវ​បាន​ពួក​យោធា​ទម្លាក់​ចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​កាល​ពី​ឆ្នាំ ២០០៦ គឺ ៨ ឆ្នាំ មុន​ពេល​អ្នកស្រី Yingluck ត្រូវ​បាន​ទម្លាក់​ពី​តំណែង។

អ្នក​ទាំង​ពីរ​កំពុង​រស់នៅ​និរទេស​ខ្លួន​ឯ​បរទេស ស្រប​ពេល​ដែល​មាន​ការ​ចោទ​ប្រកាន់​ថា​បាន​ប្រព្រឹត្តអំពើ​ពុករលួយ។ ទោះបីជា​ដូច្នេះ​ក៏​ដោយ គណបក្ស​ដែល​មាន​សម្ព័ន្ធ​ភាព​ជាមួយ​នឹង​គ្រួសារ​ត្រកូល Shinawatra នេះ បាន​ឈ្នះ​គ្រប់​ការ​បោះ​ឆ្នោត​ទាំង​អស់​តាំង​ពី​ឆ្នាំ ២០០១ មក។

អ្នក​វិភាគ​នានា​និយាយ​ថា គណបក្ស Pheu Thai និង​គណបក្ស​នានា​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន ត្រូវ​គេ​រំពឹង​ថា​អាច​ឈ្នះ​បាន​អាសនៈ​ច្រើន​បំផុត​ចំនួន ១៦០ ដោយ​មាន​ការ​កើន​ឡើង​ចំនួន ៧០ អាសនៈ តាម​រយៈ​ការ​ចង​សម្ព័ន្ធ​ភាព។ ចំនួន​នេះ​គឺ​មិន​គ្រប់គ្រាន់​ដើម្បី​អាច​បង្កើត​រដ្ឋាភិបាល​បាន​នោះ​ទេ។

ប៉ុន្តែ គណបក្ស​អ្នក​ប្រជាធិបតេយ្យ (Democrat Party) នៅតែ​ចូលរួម​ដដែល។ លោក Abhisit Vejjajiva ដែល​ជា​មេដឹកនាំ​របស់​គណបក្ស​នេះ និង​ជា​អតីត​នាយករដ្ឋមន្ត្រី​ថៃ បាន​និយាយ​ថា លោក​នឹង​មិន​គាំទ្រ​ឲ្យ​លោក Prayuth ធ្វើ​ជា​នាយករដ្ឋមន្ត្រី​នៅ​អាណត្តិ​បន្ទាប់​ទេ។

សម្រាប់​គណបក្ស​ផ្សេងៗ​ដែល​ប្រឆាំង​នឹង​ពួក​យោធា ដូចជា​គណបក្ស Pheu Thai គណបក្ស​អ្នក​ប្រជាធិបតេយ្យ និង​គណបក្ស​អនាគត​ឆ្ពោះ​ទៅ​មុខ​ជា​ដើម ដើម្បី​ឈ្នះ​លោក Prayuth ពួកគេ​ត្រូវតែ​ឈ្នះ​រួម​គ្នា​ក្នុង​សំឡេង​ភាគ​ច្រើន។

អ្នក​តាមដាន​ស្ថានការណ៍​នានា​បញ្ជាក់​ថា ករណី​នេះ​គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ ហើយ​វា​ស្ទើរតែ​មិន​អាច​ទៅ​រួច​ទៅ​ទៀត​សម្រាប់​គណបក្ស​ទាំង​នោះ​នៅ​ក្នុង​ការ​រួម​គ្នា​បង្កើត​សម្ព័ន្ធ​ភាព​គណបក្ស​ដ៏​ធំ​មួយ។ អ្នក​តាមដាន​ស្ថានការណ៍​ទាំង​នោះ​បាន​កត់​សម្គាល់​ឃើញ​ថា លោក Thaksin និង​ពួក​ប្រជាធិបតេយ្យ​គឺ​ជា​សត្រូវ​ធម្មជាតិ ហើយ​គណបក្ស​អនាគត​ឆ្ពោះ​ទៅ​មុខ​ផ្ដល់​នូវ​ជម្រើស​ផ្សេង​ផ្ទុយ​ពី​នយោបាយ​ផ្អែក​លើ​លក្ខណៈ​សម្គាល់ជា​ពណ៌​ដែល​បាន​ប្រើ​កាល​ពី​មុខ​ដូចជា​ពួក​អាវ​ក្រហម និង​ពួក​អាវ​លឿង​នេះ​ជា​ដើម។

ពួកគេ​និយាយ​ថា លោក Abhisit អាច​ទទួល​បាន​ជ័យជម្នះតិចតួច​ដែល​គ្រាន់តែ​ធ្វើ​ឲ្យ​លោក​មិន​បាក់​មុខ​តែ​ប៉ុណ្ណោះ ប្រសិនបើ​លោក Prayuth ស្ទាក់ស្ទើរ និង​ត្រូវការ​សំឡេង​ឆ្នោត​ដែល​លោក​ទទួល​បាន។ អ្នក​ប្រជាធិបតេយ្យ​ដែល​មាន​គំនិត​កំណែ​ទម្រង់​អាច​សម្រេច​ធ្វើ​សម្បទាន​ដើម្បី​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​មួយ ដែល​នេះ​គឺ​ជា​ជម្រើស​ប្រសើរ​ជាង​នេះ។

លោក Chris Baker ដែល​ជា​ប្រវត្តិវិទូ និង​ជា​អ្នក​និពន្ធ​ម្នាក់​នៃ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា «ប្រវត្តិសាស្ត្រ​ប្រទេស​ថៃ (A History of Thailand)» បាន​និយាយ​ថា ការ​ស្ទង់​មតិ​នានា​បាន​បង្ហាញ​ថា មនុស្ស​ជាង​ពាក់​កណ្ដាល​ដែល​ចូលរួម​នៅ​ក្នុង​ការ​ស្ទង់​មតិ មិន​ទាន់​សម្រេច​ចិត្ត​អំពី​ថា​តើ​ពួកគេ​នឹង​បោះ​ឆ្នោត​ឲ្យ​នរណា​នៅ​ឡើយ​ទេ។

លោក Baker បាន​ធ្វើ​ការ​ប្រៀបធៀប​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​ថៃ​នេះ​ជាមួយ​នឹង​ការ​បោះ​ឆ្នោត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​បារាំង និង​ដំណើរការ​ចាកចេញ​របស់​ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប។

លោក​បាន​ចោទ​ជា​សំណួរ​ថា៖ «ចំណុច​សំខាន់​នៅ​ក្នុង​ការ​ស្វែង​យល់​អំពី​ការ​បោះ​ឆ្នោត​នេះ​គឺ​ថា ការ​បោះ​ឆ្នោត​នេះ​គឺ​ជា​ការ​បោះ​ឆ្នោត​ផ្ដោត​លើ​អារម្មណ៍​ជាង​លើ​ភាព​ត្រឹមត្រូវ។ ករណី​នេះ​គឺ​ដូច​យើង​បាន​ឃើញ​ស្រាប់​ហើយ​កន្លង​មក​អំពី​ការ​បោះ​ឆ្នោត​ឲ្យ​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ការ​បោះ​ឆ្នោត​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប និង​ការ​បោះ​ឆ្នោត​ឲ្យ​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron។ លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ទាំង​នេះ​គឺ​កើត​ចេញ​ពី​អារម្មណ៍​របស់​អ្នក​បោះ​ឆ្នោត។ ដូច្នេះ​វា​ក៏​អាច​កើត​ឡើង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​ថៃ​នេះ​ផង​ដែរ»។

ស្ថានការណ៍​ឈាន​ដល់​ការ​បោះ​ឆ្នោត​លើក​នេះ​គឺ​មាន​ភាព​ប្រទាំងប្រទើស។

គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថៃ​បាន​សម្រេច​មិន​ចាត់ទុក​លោក Prayuth ថា​ជា «មន្ត្រី​រដ្ឋ» ដែល​កន្លង​មក ការ​ចាត់ទុក​ដូច្នេះ​អាច​រារាំង​លោក Prayuth មិន​ឲ្យ​ចូលរួម​ប្រកួត​នៅ​ក្នុង​ការ​បោះ​ឆ្នោត។ គណៈកម្មការ​នេះ​ក៏​បាន​សម្រេច​ផង​ដែរ​ថា លោក Thanathorn នៃ​គណបក្ស​អនាគត​ឆ្ពោះ​ទៅ​មុខ មិន​រង​ការ​ចោទ​ប្រកាន់​រឿង​បង្ហោះ​ព័ត៌មាន​មិន​ពិត​លើ​អ៊ីនធឺណិត​នោះ​ទេ។

គណបក្ស Thai Raksa Chart ដែល​ជា​គណបក្ស​មាន​ទំនោរ​ទៅ​រក​គ្រួសារ​ត្រកូល Shinawatra មិន​មាន​សំណាង​នោះ​ទេ។ គណបក្ស​នេះ​ត្រូវ​បាន​រំលាយ ហើយ​សមាជិក​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​នៃ​គណបក្ស​នេះ ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​រយៈពេល ១០ ឆ្នាំ បន្ទាប់ពី​ពួកគេ​ព្យាយាម​តែងតាំង​ព្រះ​អង្គ​ម្ចាស់ក្សត្រី Ubolratana Mahidol ជា​បេក្ខជន​នាយករដ្ឋមន្ត្រី។

តាំង​ពី​ឆ្នាំ ១៩៣២ មក ប្រទេស​ថៃ​បាន​ឆ្លងកាត់​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​យ៉ាង​តិច ១៣ លើក៕

ប្រែ​សម្រួល​ដោយ ភី សុភាដា