បន្ទាប់ពីប្រទេសថៃស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលយោធាអស់រយៈពេលជាង ៤ ឆ្នាំ កន្លងមក ប្រទេសនេះនឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិនៅដើមឆ្នាំ ២០១៩ ខាងមុខនេះ។
គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃបានប្រកាសនៅថ្ងៃអង្គារនេះថា ការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៩។ ការប្រកាសរបស់គណៈកម្មការរៀបចំការបោះឆ្នោតនេះធ្វើឡើងស្របពេលជាមួយនឹងការប្រកាសរបស់រដ្ឋាភិបាលយោធាដែលថា ខ្លួនបានដកបម្រាមហាមឃាត់ការធ្វើយុទ្ធនាការនយោបាយចេញ។
រដ្ឋាភិបាលយោធាថៃបានបន្ធូរបន្ថយបម្រាមនេះកាលពីខែកញ្ញាកន្លងទៅនេះ នៅពេលដែលខ្លួនបានអនុញ្ញាតឲ្យគណបក្សនយោបាយនានាចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួនឡើងវិញ។
ពួកយោធាបានធ្វើរដ្ឋប្រហារដណ្ដើមគ្រប់គ្រងរដ្ឋាភិបាលថៃនៅឆ្នាំ ២០១៤ បន្ទាប់ពីមានការតវ៉ានៅតាមដងផ្លូវ ដែលភាគច្រើនមានលក្ខណៈហិង្សាអស់រយៈពេលប៉ុន្មានឆ្នាំមក រវាងអ្នកគាំទ្រពួកយោធា និងស្ថាប័នព្រះមហាក្សត្រនៅទីក្រុងបាងកក ជាមួយនឹងអ្នកគាំទ្រលោក Thaksin Shinawatra និងប្អូនស្រីរបស់លោកគឺអ្នកស្រី Yingluck Sinawatra។
លោក Thaksin និងអ្នកស្រី Yingluck ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីថៃនៅអាណត្តិផ្សេងគ្នារវាងឆ្នាំ ២០០១ និងឆ្នាំ ២០១៤។
ទាំងរដ្ឋាភិបាលរបស់លោក Thaksin និងទាំងរដ្ឋាភិបាលរបស់អ្នកស្រី Yingluck សុទ្ធតែត្រូវបានពួកយោធាធ្វើរដ្ឋប្រហារទម្លាក់ ហើយអ្នកទាំងពីរ ឥឡូវនេះកំពុងរស់នៅនិរទេសឯបរទេស ដើម្បីគេចពីទោសជាប់ពន្ធនាគារពាក់ព័ន្ធនឹងបទចោទប្រកាន់ពុករលួយ៕