ប្រទេសថៃគ្រោងនឹងបង្កើនការធ្វើតេស្តចំពោះក្រុមមនុស្សដែលងាយរងគ្រោះ ខណៈដែលចំនួននៃករណីឆ្លងកូវីដ១៩ថ្មីមានការធ្លាក់ចុះមិនលើសពីខ្ទង់១០ក្នុងមួយថ្ងៃ ហើយអាជីវកម្មមួយចំនួនចាប់ផ្តើមបើកទ្វារឡើងវិញ។ នេះបើតាមមន្ត្រីជាន់ខ្ពស់ថៃមួយរូបដែលបានថ្លែងកាលពីថ្ងៃព្រស្បតិ៍។
អ្នកនាំពាក្យនៃមជ្ឈមណ្ឌលសម្រាប់ការតាមដានកូវីដ១៩របស់ថៃនិយាយថា រដ្ឋាភិបាលថៃគ្រោងបង្កើនការធ្វើតេស្តពី២៣០.០០០ក្នុងពេលនេះដល់ប្រមាណ៤០០.០០០តេស្ត ដែលនេះជាចំនួនមធ្យមសម្រាប់ប្រទេសថៃដែលមានប្រជាជនរហូត៦៦,៥លាននាក់។
រហូតមកដល់ពេលនេះប្រទេសថៃមានអ្នកឆ្លងវីរុសកូរ៉ូណាចំនួន ៣.០០០ករណី និងអ្នកស្លាប់ពីជំងឺកូវីដ១៩ចំនួន៥៥នាក់។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ការធ្វើតេស្តនឹងរួមបញ្ចូលបន្ថែមនូវអ្នកដែលមានរោគសញ្ញផ្តាសាយធំដែលមិនមែនក្តៅខ្លួន ឬអ្នកដែលមានស្ថានភាពមិនអាចស្គាល់ក្លិន ដែលក្នុងប្រភេទនេះមានតេស្តចំនួន ៨៥.០០០។
អាជ្ញាធរក៏នឹងផ្តល់ការធ្វើតេស្តសម្រាប់អ្នកធ្វើការដែលមានហានិភ័យខ្ពស់ដូចជាបុគ្គលិកពេទ្យ បុគ្គលិកសន្តិសុខ ពលករចំណាកស្រុក អ្នកបើកបររថភ្លើងនិងរថយន្តក្រុង និងអ្នកដឹកជញ្ជូនទំនិញជាដើម ប៉ុន្តែនឹងមិនមានតេស្តភ្លាមៗសម្រាប់ពលរដ្ឋទូទៅទេ។
ករណីការឆ្លងថ្មីនៃវីរុសកូរ៉ូណាដែលបង្កជំងឺកូវីដ១៩នៅក្នុងប្រទេសថៃបានថយចុះចាប់តាំងពីខែមេសា ដែលធ្វើឲ្យអាជ្ញាធរថៃកំពុងពិចារណាអំពីការបន្ធូរបន្ថយវិធានការរឹតត្បិតដំណាក់កាលទី២ទៀត៕