នាយករដ្ឋមន្រ្តីថៃលោកប្រាយុទ្ធ ចាន់អូឆាបាននិយាយថា ក្រុមអាជ្ញាធរកំពុងស្វែងរកជនសង្ស័យម្នាក់ ដែលបានឃើញនៅក្នុងរូបថតនៃម៉ាស៊ីនថតរូបសន្តិសុខនៅឯកន្លែងកើតហេតុ ដែលនៅទីនោះការផ្ទុះគ្រាប់បែកនៅក្នុងរាជធានីកាលពីរសៀលថ្ងៃច័ន្ទ បានសម្លាប់មនុស្សយ៉ាងហោចណាស់២២នាក់ និងធ្វើឲ្យមនុស្ស១២០នាក់ទៀតរងរបួស។
លោកនាយករដ្ឋមន្រ្តីនិយាយថា មានមនុស្សជាច្រើនដែលកំពុងព្យាយាមបំផ្លាញប្រទេសរបស់យើងដោយហេតុផលជាច្រើន។
លោកនាយករដ្ឋមន្រ្តី បាននិយាយនៅក្នុងសុន្ទរកថាផ្សាយតាមទូរទស្សន៍ថា «ការប៉ុនប៉ងដែលកំពុងបន្តធ្វើឡើងដើម្បីកម្ទេចប្រទេសរបស់យើងអាចជាហេតុផលខាងនយោបាយ ដោយសំដៅទៅលើវិស័យទេសចរណ៍សេដ្ឋកិច្ចដោយសារមូលហេតុផ្សេងៗ។ រដ្ឋាភិបាលនឹងធ្វើការដើម្បីស្វែងរកជនដៃដល់ទាំងនោះ និងបណ្តាញពាក់ព័ន្ធដើម្បីនាំពួកគេមកកាន់តុលាការឲ្យបានឆាប់រហ័ស។
នាយករដ្ឋមន្រ្តី ក៏បានសន្យាផងដែរថា រដ្ឋាភិបាលនឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីការពារជនបរទេសដែលកំពុងរស់នៅក្នុងប្រទេសថៃ។
Your browser doesn’t support HTML5
ក្រុមអាជ្ញាធរនិយាយថា ជនរងគ្រោះមកពីការផ្ទុះគ្រាប់បែកធ្វើពីបំពង់កាលពីយប់ថ្ងៃច័ន្ទ រួមមានមនុស្ស៤នាក់មកពីប្រទេសចិន ២នាក់មកពីប្រទេសម៉ាឡេស៊ី និង១នាក់ទៀតមកពីប្រទេសសិង្ហបូរី។
គ្រាប់បែកបានផ្ទុះនៅផ្លូវកែងនៃតំបន់ពាណិជ្ជកម្ម Ratchaprasongនៃទីក្រុងបាងកក ដែលនៅជាប់នឹងទីសក្ការៈបូជាហិណ្ឌូ Erawan ដ៏មានប្រជាប្រិយភាព។
តំបន់នោះបានទាក់ទាញអ្នកទេសចរ និងអ្នកទិញទំនិញ ដោយមានសណ្ឋាគារផ្កាយ៥និងហាងលក់ទំនិញធំៗ។ ម៉ាស៊ីនថតខាងសន្តិសុខបានថតពេលគ្រាប់បែកផ្ទុះនៅពេលដែលរថយន្ត និងម៉ូតូបានឆ្លងកាត់ផ្លូវកាច់ជ្រុងដ៏មមារញឹក។
បន្ទាប់ពីការផ្ទុះនោះ ក្រុមអាជ្ញាធរបានបង្កើនសន្តិសុខនៅតំបន់ទេសចរណ៍ និងពាណិជ្ជកម្មផ្សេងទៀត។
ទេសចរណ៍ជាផ្នែកដ៏សំខាន់មួយនៃសេដ្ឋកិច្ចរបស់ថៃ ដែលមានប្រហែលមួយភាគដប់នៃសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រនោះ។
នៅថ្ងៃអង្គារនេះ ការផ្ទុះមួយទៀតបានកើតមានឡើងនៅក្នុងទីក្រុងនោះ ក៏ប៉ុន្តែ ប៉ូលិសបាននិយាយថា វាជាឧបករណ៍ដ៏តូចមួយដែលគេចោលពីស្ពាន ដែលមិនបានធ្វើឲ្យមនុស្សរងរបួសទេ។
គ្មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការផ្ទុះគ្រាប់បែកកាលពីថ្ងៃច័ន្ទ ដែលជាអំពើហឹង្សាដ៏អាក្រក់បំផុតនៅក្នុងរាជធានីចាប់តាំងពីការប៉ះទង្គិចអស់រយៈពេលជាច្រើនសប្តាហ៍រវាងបាតុករប្រឆាំងនឹងរដ្ឋាភិបាល និងកងកម្លាំងសន្តិសុខនៅឆ្នាំ២០១០ដែលបណ្តាលឲ្យមនុស្សជាង៩០នាក់ស្លាប់៕