អ្នកគាំទ្រ​កញ្ឆា​នៅ​ថៃ​តវ៉ា​ប្រឆាំង​មិន​ឱ្យ​ដាក់​កញ្ឆា​ជា​សារធាតុ​ខុស​ច្បាប់​ឡើងវិញ

អ្នកគាំទ្រ​កញ្ឆា​កាន់ដុំ​កញ្ឆា​អំឡុង​ពេល​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្រៅ​វិមាន​រដ្ឋាភិបាល​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

រយៈពេល ៥ ខែ​ក្រោយ​មក បន្ទាប់ពី​ប្រទេស​ថៃ​បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​បង្អស់​នៅ​ទ្វីប​អាស៊ី​ដែល​បាន​ធ្វើ​ឱ្យ​រុក្ខជាតិ​កញ្ជា​មាន​ភាព​ស្រប​ច្បាប់ អ្នក​គាំទ្រ​រុក្ខជាតិ​នេះ​កំពុង​ដុតដៃ​ដុតជើង​ដើម្បី​រក្សា​ភាព​ស្រប​ច្បាប់​របស់​វា ស្រប​ពេល​ដែល​មាន​ការ​អំពាវនាវ​ឱ្យ​មាន​ការ​ដាក់​រុក្ខជាតិ​នេះ​ជា​សារធាតុ​ញៀន​ឡើង​វិញ។

អ្នក​លក់ អ្នក​ដាំ និង​អ្នក​ប្រើប្រាស់​កញ្ឆា​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្រៅ​ទីស្នាក់ការ​កណ្តាល​នៃ​រដ្ឋាភិបាល​ថ្នាក់​ជាតិ​នៅ​ក្នុង​ទីក្រុង​បាងកក​កាលពី​ថ្ងៃ​ទី ២២ ខែ​វិច្ឆិកា ដើម្បី​រារាំង​កុំ​ឱ្យ​អាជ្ញាធរ​ដាក់​រុក្ខជាតិ​ប្រភេទ​នេះ​ចូល​ទៅ​ក្នុង​បញ្ជី​សារធាតុ​ញៀន​ដែល​ត្រូវ​ទប់ស្កាត់​នៅ​ក្នុង​ប្រទេស​នេះ​ម្តង​ទៀត ដោយ​ហេតុ​ថា​អ្នក​ណា​ដែល​ប្រើប្រាស់​និង​ចែកចាយ​សារធាតុ​ញៀន​នៅ​ក្នុង​បញ្ជី​ហាមឃាត់​នេះ​នឹង​ទទួល​រង​នូវ​ការ​ដាក់​ពិន័យ​ធ្ងន់ធ្ងរ។

អ្នកស្រី Chokwan Chopaka នៃ​បណ្តាញ​ពលរដ្ឋ​សម្រាប់​ភាព​ស្រប​ច្បាប់​នៃ​រុក្ខជាតិ​កញ្ឆា (People's Network for Cannabis Legislation) ក្នុង​ប្រទេស​ថៃ ដែល​បាន​រៀបចំ​ការ​តវ៉ា​នេះ បាន​ថ្លែង​ថា៖ «មាន​ឱកាស​ខ្ពស់​ណាស់​ដែល​ថា កញ្ឆា​អាច​នឹង​ក្លាយជា​រុក្ខជាតិ​ខុស​ច្បាប់​ម្តង​ទៀត ដូច្នេះ​ឥឡូវ​នេះ​គឺ​ជា​ពេលវេលា​ដ៏​សំខាន់​មួយ»។

អ្នកស្រី Chokwan Chopaka នៃ​បណ្តាញ​ពលរដ្ឋ​សម្រាប់​ភាព​ស្រប​ច្បាប់​នៃ​រុក្ខជាតិ​កញ្ឆា (People's Network for Cannabis Legislation) ក្នុង​ប្រទេស​ថៃ បាន​ឱ្យ​កញ្ឆា​ដោយ​ឥតគិត​ថ្លៃ​នៅឯ​ការប្រមូលផ្តុំគ្នា​នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រុមប្រឹក្សា​ទប់ស្កាត់​សារធាតុ​ញៀន​របស់​រដ្ឋាភិបាល​ថៃ​បាន​ជួប​ប្រជុំ​គ្នា​កាលពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា​ដើម្បី​ពិភាក្សា​លើ​ក្តី​បារម្ភ​អំពី​របាយការណ៍​នៃ​ការ​កើនឡើង​ខ្លាំង​នូវ​ការ​ប្រើប្រាស់​កញ្ឆា​បែប​កម្សាន្ត​ក្នុង​ចំណោម​មនុស្ស​វ័យ​ជំទង់​ចាប់​តាំងពី​ពេល​ដែល​រុក្ខជាតិ​នេះ​ទទួល​បាន​ភាព​ស្រប​ច្បាប់​កាលពី​ខែ​មិថុនា​មក។

លោក Wissanu Krea-ngam ឧបនាយករដ្ឋមន្ត្រី​ថៃ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី ២១ ខែ​វិច្ឆិកា​ថា ក្រុមប្រឹក្សា​នេះ​នឹង​មិន ហើយ​ក៏​មិន​អាច​ធ្វើ​ចំណាត់ថ្នាក់​លើ​កញ្ឆា​ឡើង​វិញ​ដូច​ការ​បារម្ភ​របស់​មនុស្ស​មួយ​ចំនួន​នោះ​ទេ។

ប៉ុន្តែ​ការ​គំរាមកំហែង​ចំពោះ​ឋានៈ​ផ្លូវ​ច្បាប់​របស់​រុក្ខជាតិ​នេះ​នៅតែ​មាន។

លោក Anutin Charnvirakul រដ្ឋមន្ត្រី​សុខាភិបាល​ថៃ​ដែល​បាន​គាំទ្រ​និង​អនុម័ត​លើ​ការ​ដក​រុក្ខជាតិ​នេះ​ចេញ​ពី​បញ្ជី​សារធាតុ​ញៀន​នៅតែ​រក្សា​ជំហរ​នេះ​ដដែល។

ទោះ​ជា​យ៉ាង​នេះ​ក្តី កាលពី​ថ្ងៃ​ទី១០ ខែ​វិច្ឆិកា គ្រូពេទ្យ​និង​តំណាងរាស្ត្រ​មួយ​ក្រុម​បាន​ដាក់​ញត្តិ​ទៅ​តុលាការ​រដ្ឋបាល ដែល​អាច​សម្រេច​លើ​ភាព​ស្រប​ច្បាប់​របស់​ក្រឹត្យ​ច្បាប់​ណា​មួយ​របស់​រដ្ឋាភិបាល​បាន ឱ្យ​ច្រានចោល​នូវ​បទ​បញ្ជា​ដំបូង​របស់​លោក Anutin និង​ដាក់​ទោស​ព្រហ្មទណ្ឌ​ឡើង​វិញ​ពាក់ព័ន្ធ​នឹង​កញ្ឆា។

លោកAnutin បាន​ជំរុញ​ឱ្យ​មាន​ភាព​ស្រប​ច្បាប់​សម្រាប់​រុក្ខជាតិ​កញ្ឆា​ដោយ​បាន​សរសើរ​អំពី​ផល​ប្រយោជន៍​ផ្នែក​សុខភាព​របស់​រុក្ខជាតិ​នេះ និង​សន្យា​ជួយ​ទាញ​កសិករ​ក្រីក្រ​ឱ្យ​ងើប​ចេញ​ពី​ភាព​ក្រីក្រ​ដោយ​ធ្វើ​ឱ្យ​រុក្ខជាតិ​កញ្ឆា​ក្លាយជា​ដំណាំ​ដែល​អាច​រក​ចំណូល​បាន​ច្រើន​បំផុត​បន្ទាប់​របស់​ប្រទេស​ថៃ។

ផលិតផល​ដែល​មាន​សារធាតុ​កញ្ឆា​រាប់​ចាប់ពី​ផលិតផល​គ្រឿង​សម្អាង​រហូត​ដល់​ការ៉េម​ផលិត​ក្នុង​ស្រុក​ឥឡូវ​នេះ​ត្រូវ​បាន​ដាក់​លក់​នៅ​លើ​ធ្នើរ​ក្នុង​ផ្សារ​ទំនើប ហើយ​ឱសថស្ថាន​ថ្មីៗ​ជាច្រើន​នៅ​ក្នុង​ទីក្រុង​បាងកក​តែ​មួយ​ប៉ុណ្ណោះ​គឺ​មាន​លក់​រុក្ខជាតិ​កញ្ឆា​ដែល​បាន​ទិញ​ពី​កសិករ​នៅ​ទូទាំង​ប្រទេស​ដោយ​ថ្លឹង​ជា​បរិមាណ។

អ្នក​គាំទ្រ​កញ្ឆា​ប្រមូល​ផ្តុំ​គ្នា​ក្នុង​ពេល​ធ្វើ​បាតុកម្ម​នៅ​ខាង​ក្រៅ​វិមាន​រដ្ឋាភិបាល​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

អ្នកស្រី Chokwan ដែល​ជា​ម្ចាស់​ឱសថស្ថាន​មួយ​កន្លែង​ក្នុង​ទីក្រុង​បាងកក​និង​ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​តវ៉ា​ជាមួយ​នឹង​មនុស្ស​ជាច្រើន​នាក់​ផ្សេង​ទៀត​កាលពី​ថ្ងៃ​ទី ២២ ខែ​វិច្ឆិកា បាន​និយាយ​ថា ប្រសិនបើ​មាន​ការ​ដាក់​ទោស​ព្រហ្មទណ្ឌ​ឡើង​វិញ​ពាក់ព័ន្ធ​នឹង​កញ្ឆា​នៅ​ពេល​ឥឡូវ​នេះ វា​អាច​នឹង​បំផ្លាញ​ដល់​ផល​ចំណេញ​ដែល​កើត​ចេញ​ពី​វិស័យ​នេះ។

អ្នកស្រី​បាន​ថ្លែង​ថា៖ «មនុស្ស​ជា​ច្រើន​បាន​ងើប​ចេញ​ពី​ភាព​ក្រីក្រ​ដោយសារ​តែ​វា មិន​មែន​ដោយសារ​ពួកគេ​មាន​ការងារ​ថ្មី​ឬ​អ្វី​នោះ​ទេ។ វា​គឺ​ដោយសារ​តែ​ពួកគេ​ជា​ម្ចាស់​នៃ​អ្វី​ដែល​ពួកគេ​ធ្វើ»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «កញ្ឆា​ជា​របស់​ម្យ៉ាង​ដែល​អ្នក​អាច​ប្រើប្រាស់​ដើម្បី​កាត់​បន្ថយ​ភាព​មិន​ស៊ី​មេទ្រី​គ្នា​បាន។ វា​ផ្តល់​ឱ្យ​មនុស្ស​ដូច​ខ្ញុំ​នូវ​ឱកាស​បន្ថែម​ដោយសារ​ខ្ញុំ​បាន​ដឹង​អ្វីៗ​ច្រើន​ជាង​អ្នក​ដែល​មាន​ប្រាក់​ច្រើន។ ដូច្នេះ ប្រសិនបើ​កញ្ឆា​ត្រូវ​បាន​កំណត់​ថា​ខុស​ច្បាប់​ម្តង​ទៀត ប្រាក់​ដែល​រក​បាន​ដោយ​ស្រប​ច្បាប់​ទាំង​អស់​នឹង​ត្រូវ​បាត់បង់។ ខ្ញុំ​បាន​បង់​ពន្ធ​និង​អ្វីៗ​គ្រប់​យ៉ាង»។

អ្នកស្រី Natasha Schmahl ដែល​ជា​ជនជាតិ​ថៃ​និង​ជា​អ្នក​តស៊ូ​មតិ​ដើម្បី​កញ្ឆា​ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​តវ៉ា ដោយ​យក​មក​ជាមួយ​នូវ​ស្លាក​សញ្ញា​ផ្ទាល់​ខ្លួន​របស់​អ្នកស្រី បាន​ថ្លែង​ថា អ្នកស្រី​និង​ស្វាមី​ជនជាតិ​អាល្លឺម៉ង់​កំពុង​បង្កើត​អ្វី​មួយ​ដែល​នឹង​ក្លាយជា​ផ្ទះ​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​ថៃ​ដែល​សាងសង់​ឡើង​ស្ទើរតែ​ទាំង​អស់​ពី​ដើម​កញ្ឆា ដោយ​សង្ឃឹម​ថា​នឹង​អាច​ជំរុញ​ទឹក​ចិត្ត​អ្នក​ដទៃ​ឱ្យ​ធ្វើ​ដូច្នេះ​ដែរ។

អ្នកស្រី​ថា ប្រសិនបើ​មាន​ការ​ដាក់​ទោស​ព្រហ្មទណ្ឌ​ឡើង​វិញ​ពាក់ព័ន្ធ​នឹង​កញ្ឆា នោះ​វា​នឹង​បំផ្លាញ​ដល់​ភាព​រីក​ចម្រើន​របស់​រុក្ខជាតិ​នេះ​និង​ការ​លើក​ទឹក​ចិត្ត​ផ្នែក​បរិស្ថាន។

អ្នកស្រី​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «គេ​ត្រូវ​ឈប់​ដាក់​ទោស​ព្រហ្មទណ្ឌ​ពាក់ព័ន្ធ​នឹង​រុក្ខជាតិ​នេះ ដោយសារ​វា​ជា​រុក្ខជាតិ​និង​ជា​អំណោយ​ពី​ធម្មជាតិ។ ប្រាកដ​ណាស់ គេ​ចាំបាច់​ត្រូវ​មាន​វិធាន​និង​បទប្បញ្ញត្តិ​នានា​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឱ្យ​រុក្ខជាតិ​នេះ​ស្រប​ច្បាប់ ប៉ុន្តែ​បើ​នៅ​រក្សា​ទោស​ព្រហ្មទណ្ឌ​ពាក់ព័ន្ធ​នឹង​រុក្ខជាតិ​នេះ ...និង​ការ​ដែល​មិន​អាច​ប្រើប្រាស់​ផល​ប្រយោជន៍​ពី​ធម្មជាតិ​ដែល​ផ្តល់​ឱ្យ​យើង​ជា​ឱសថ​នេះ គឺ​មិន​ជួយ​អ្វី​ដល់​មនុស្ស​ជាតិ​នោះ​ទេ ហើយ​វា​ក៏​មិន​មែន​ជា​វិធី​ដែល​យើង​គួរ​បោះ​ជំហាន​ទៅ​មុខ​នោះ​ដែរ»។

ការ​ដែល​ខ្វះ​វិធាន​និង​បទប្បញ្ញត្តិ​តឹងរ៉ឹង​នា​ពេល​បច្ចុប្បន្ន​នេះ​ហើយ​គឺ​ជា​អ្វី​ដែល​អ្នក​រិះគន់​មាន​ការ​ព្រួយ​បារម្ភ។

រូបឯកសារ៖ អតិថិជន​មើល​គំរូ​កញ្ឆា​មុន​ពេល​ទិញ​នៅ​ហាង Highland Cafe ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី៩ ខែមិថុនា ឆ្នាំ២០២២។

ក្រសួង​សុខាភិបាល​ថៃ​បាន​ដក​រុក្ខជាតិ​កញ្ឆា​ចេញ​ពី​បញ្ជី​សារធាតុ​ញៀន​របស់​ថៃ​មុន​ពេល​សភា​អាច​អនុម័ត​ច្បាប់​ដ៏​ទូលំទូលាយ​មួយ​ដែល​កំណត់​ច្បាស់លាស់​អំពី​ការ​ប្រើប្រាស់​ស្រប​ច្បាប់ ការ​ផលិត ការ​លក់ និង​ការ​នាំចេញ​នាំចូល​នូវ​កញ្ឆា។

រដ្ឋសភា​ថៃ​បាន​បោះឆ្នោត​កាលពី​ខែ​កញ្ញា​ដើម្បី​ដក​មក​វិញ​នូវ​សេចក្តី​ព្រាង​ច្បាប់​ដែល​ស្នើ​ឡើង​ដោយ​គណបក្ស Bhumjaithai របស់​លោក Anutin ដើម្បី​អនុញ្ញាត​ឱ្យ​គណៈកម្មាធិការ​បណ្តោះអាសន្ន​មួយ​អាច​ធ្វើ​ការ​លើ​សេចក្តី​ព្រាង​ដែល​ល្អ​មួយ​បាន។

អ្នក​រិះគន់​សេចក្តី​ព្រាង​ច្បាប់​នេះ​បាន​ត្អូញត្អែរ​ថា សេចក្តី​ព្រាង​នេះ​មិន​បាន​សង្កត់ធ្ងន់​លើ​ការ​ប្រើប្រាស់​បែប​វេជ្ជសាស្ត្រ​ជាង​ការ​ប្រើប្រាស់​បែប​កម្សាន្ត​នោះ​ទេ និង​ខ្វះ​វិធានការ​ដើម្បី​រារាំង​មិន​ឱ្យ​កុមារ​និង​មនុស្ស​វ័យ​ជំទង់​អាច​ប្រើប្រាស់​កញ្ឆា​បាន។

សមាជិក​បណ្តាញ​ពលរដ្ឋ​សម្រាប់​ភាព​ស្រប​ច្បាប់​នៃ​រុក្ខជាតិ​កញ្ឆា (People's Network for Cannabis Legislation) ក្នុង​ប្រទេស​ថៃ និយាយ​ទៅកាន់​អ្នក​សារព័ត៌មាន​នៅឯ​ការ​ជួបជុំ​មួយ​ក្នុង​ទីក្រុង​បាងកក កាលពី​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកSmith Srisont ដែល​ជា​ប្រធាន​សមាគម​ពេទ្យ​កោសល្យវិច័យ​ថៃ ដែល​ជួយ​ដឹកនាំ​ការ​ដាក់​ញត្តិ​ជំរុញ​ឱ្យ​តុលាការ​កំណត់​អំពី​ទោស​ព្រហ្មទណ្ឌ​ពាក់ព័ន្ធ​នឹង​កញ្ឆា​ឡើង​វិញ បាន​និយាយ​ថា មាន​វីដេអូ​ជា​ច្រើន​ដែល​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​អនឡាញ​របស់​ថៃ​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​សិស្ស​ប្រើប្រាស់​កញ្ជា និង​ករណី​ក្មេងៗ​ត្រូវ​ចូល​មន្ទីរពេទ្យ​ដោយសារ​ការ​ប្រើប្រាស់​កញ្ឆា​លើស​កម្រិត​បាន​កើន​ឡើង​ចាប់​តាំងពី​ខែ​មិថុនា​មក។

លោក​បាន​ប្រាប់ VOA តាម​ទូរស័ព្ទ​ថា៖ «ដោយសារ​នៅ​ក្នុង​ប្រទេស​ថៃ គេ​អាច​ប្រើប្រាស់ [កញ្ឆា] ដោយ​សេរី កុមារ​អាច​ប្រើប្រាស់​វា​បាន​ដោយ​ងាយស្រួល។ នេះ​ជា​បញ្ហា។ វា​អាច​បង្ក​ឱ្យ​មាន​បញ្ហា​ស្មារតី បញ្ហា​បាក់​ទឹក​ចិត្ត​លើ​កុមារ និង​អាច​ផ្លាស់ប្តូរ​ការ​គិត​របស់​កុមារ ក៏​ដូចជា​អាច​ធ្វើ​ឱ្យ​ប្រាជ្ញា​របស់​កុមារ​ធ្លាក់​ចុះ​ផង​ដែរ...ប្រសិនបើ​ពួកគេ​ប្រើ​វា​នៅ​វ័យ​ក្មេង»។

លោកSrisont ក៏​បាន​ចោទប្រកាន់​លើ​ក្រសួង​សុខាភិបាល​អំពី​ភាព​មិន​ស្មោះត្រង់​នៅ​ក្នុង​ការ​អះអាង​របស់​ខ្លួន​លើ​ការ​លើកកម្ពស់​កញ្ឆា​ដោយសារ​តែ​ផលប្រយោជន៍​សុខភាព​តែ​មួយ​មុខ។ នេះ​ជា​ការ​ចោទប្រកាន់​មួយ​ដែល​ក្រសួង​បាន​បដិសេធ។

លោក​បាន​ថ្លែង​ថា៖ «ពួកគេ​បាន​ជំរុញ​ឱ្យ​មាន​ការ​លាយ [កញ្ឆា] ជាមួយ​នឹង​អាហារ​និង​អ្វីៗ​គ្រប់​យ៉ាង។ នេះ​ជា​ការ​ប្រើប្រាស់​បែប​កម្សាន្ត ប៉ុន្តែ​ពួកគេ​កុហក​ថា​នេះ​ជា​ការ​ប្រើប្រាស់​បែប​វេជ្ជសាស្ត្រ។ នេះ​គឺ​ជា​បញ្ហា​មួយ​ទៀត»។

អ្នកស្រី Chokwan នៃ​បណ្តាញ​ពលរដ្ឋ​សម្រាប់​ភាព​ស្រប​ច្បាប់​នៃ​រុក្ខជាតិ​កញ្ឆា​នៅ​ក្នុង​ប្រទេស​ថៃ​ជឿ​លើ​របាយការណ៍​ដែល​ថា​មនុស្ស​វ័យ​ជំទង់​ប្រើប្រាស់​កញ្ឆា​មាន​ច្រើន​ហួស​កម្រិត ជា​ពិសេស​នៅ​ក្នុង​បរិបទ​នៃ​អត្រា​ការ​ជក់​ថ្នាំ​ឬ​ការ​ផឹក​គ្រឿង​ស្រវឹង​ក្រោម​អាយុ​កំណត់​ផ្លូវ​ច្បាប់។

ដូច​ដែល​ឈ្មោះ​នៃ​ក្រុម​របស់​អ្នកស្រី​បាន​បង្ហាញ​ដូច្នេះ​ដែរ អ្នកស្រី​គាំទ្រ​ការ​បង្កើត​ច្បាប់ ប៉ុន្តែ​ថា​ការ​ដាក់​ទោស​ព្រហ្មទណ្ឌ​ពាក់ព័ន្ធ​នឹង​កញ្ឆា​អាច​នឹង​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​និង​អ្នក​លក់​ភាគច្រើន​ដើរ​ចូល​ក្នុង​ទីផ្សារ​ងងឹត ដែល​ធ្វើ​ឱ្យ​វិស័យ​នេះ​កាន់តែ​ពិបាក​គ្រប់គ្រង។

អ្នកស្រី Chokwan ថា ជា​ជាង​ការ​ធ្វើ​ឱ្យ​កញ្ឆា​ទៅ​ជា​ខុស​ច្បាប់​ឡើង​វិញ រដ្ឋាភិបាល​គួរតែ​ធ្វើ​កិច្ចការ​បន្ថែម​ដើម្បី​អប់រំ​សាធារណជន​ទូទៅ​ទាំង​មនុស្ស​ពេញ​វ័យ​និង​មនុស្ស​វ័យ​ជំទង់​អំពី​កញ្ឆា ដូច​ដែល​អ្នកស្រី​អប់រំ​កូនៗ​របស់​អ្នកស្រី​ផ្ទាល់​ដូច្នេះ​ដែរ។

អ្នកស្រី​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «កញ្ឆា​គឺ​ជា​អាជីវកម្ម​របស់​ខ្ញុំ។ កញ្ឆា​មាន​នៅ​ជុំវិញ​ផ្ទះ​របស់​ខ្ញុំ។ កូនៗ​របស់​ខ្ញុំ​មិន​ប្រើប្រាស់​វា​ទេ។ យើង​ពិភាក្សា​និង​ជជែក​ពី​វា។ យើង​មាន​ការ​សន្ទនា​ពី​វា ហើយ​ខ្ញុំ​ពន្យល់​[កូនៗ​របស់​ខ្ញុំ] ថា​គេ​ប្រើប្រាស់​កញ្ឆា​សម្រាប់​គោល​បំណង​អ្វី ហើយ​កូនៗ​របស់​ខ្ញុំ​មិន​ចង់​ទៅ​ក្បែរ​វា​នោះ​ទេ​ដោយសារ​តែ​វា​មិន​មែន​ជា​អ្វី​ដែល​ពួកគេ​ចង់​បាន»។

ការ​បោះឆ្នោត​ម្តង​ទៀត​លើ​សេចក្តីព្រាង​ច្បាប់​ស្តីពី​កញ្ឆា​ត្រូវ​បាន​កំណត់​ធ្វើ​នៅ​ថ្ងៃ​ទី ៧ ខែធ្នូ​ខាង​មុខ៕