នាយករដ្ឋមន្ត្រី​​ថ្មី​​ថៃ​​ប្រាប់​សភា​​​ថា​​ ​រដ្ឋាភិបាល​​នឹង​ដោះស្រាយ​​បញ្ហា​សេដ្ឋកិច្ច​ជា​បន្ទាន់​

នាយរដ្ឋមន្ត្រី​ថ្មី​របស់​ថៃ លោក Srettha Thavisin អាន​គោលនយោបាយ​ ទៅ​កាន់​សភា ក្នុង​រាជធានី​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០២៣។

នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​ថៃ​ លោក​ Srettha Thavisinសន្យា​ថានឹងធ្វើ​សកម្មភាព​ភ្លាមៗ ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ។ លោក​បាន​ថ្លែង​ដូច​នេះនៅ​ក្នុង​សុន្ទរកថា​ចូល​កាន់​តំណែង​របស់​លោក​ នៅចំពោះ​មុខ​រដ្ឋសភា​ថៃនៅ​ថ្ងៃ​ចន្ទ​នេះ គឺ​បន្ទាប់​ពី​មាន​ការ​ជាប់គាំង​ខាង​នយោបាយ​អស់​រយៈពេល​៤​ខែ​មក​ នៅ​ពេល​ដែល​សមាជិក​សភា​ថៃ​មិន​បាន​ឯកភាពលើ​ការ​បង្កើត​រដ្ឋាភិបាលថ្មីមួយ។​ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ AP។​ ​

លោកSrettha បានចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយថៃ​បន្ទាប់​ពី​បាន​ក្លាយ​ជា​អ្នក​អភិវឌ្ឍ​ខាងអចលនទ្រព្យ​ដ៏​សំខាន់​ម្នាក់​ ហើយ​រដ្ឋាភិបាល​ថ្មី​របស់​លោកកំពុង​ប្រឈម​នឹងការរំពឹង​ទុក​ ក៏​ដូច​ជា​ការ​ទាមទារជា​បន្ទាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ចនិង​នយោបាយ​ ​ក៏​ដូច​ជាបញ្ហាបរិស្ថាន​និង​សង្គម​ផ្សេងៗ​ជា​ច្រើន​ទៀត​ផង​ដែរ ក្នុង​អាណត្តិ​៤​ឆ្នាំ​របស់​ខ្លួន​នេះ។

លោក​បាន​និយាយ​ថា​ សេដ្ឋកិច្ច​របស់​ថៃគ្រប់​ផ្នែក​បានធ្លាក់​ចុះ​ខ្លាំង​ក្រោយ​ជំងឺរាតត្បាត​កូវីដ១៩ ពិសេស​វិស័យ​ទេសចរណ៍​។ ប្រាក់​បំណុល​សាធារណៈ​បាន​កើន​ឡើង​ជាង​៦០ភាគរយ​ ​នៃផលទុន​សរុប​ក្នុង​ស្រុក ​ក្នុង​ឆ្នាំ​២០២៣​ ខណៈ​បំណុល​គ្រួសារបាន​ឡើងដល់​ជាង​៩០ភាគរយ​នៃ​ផលទុន​សរុប​ក្នុងស្រុក ក្នុង​ឆ្នាំ​នេះ។​

លោក​បន្ថែម​ទៀត​ថា​ សេដ្ឋកិច្ច​របស់ថៃ​ក្រោយ​ជំងឺរាតត្បាត​កូវីដ១៩​ គឺ​ដូច​ជា​មនុស្ស​«​មាន​ជំងឺ​ម្នាក់» ដែល​កំពុង​ងើប​ឡើង​វិញ​ទាំង​ត្រដាបត្រដួស ​ហើយ​ដែល​ការណ៍​នេះនឹងដាក់​ប្រទេសថៃ​ទៅ​ក្នុង​ហានិភ័យ​នៃការឈាន​ទៅចុះ​ខ្សោយសេដ្ឋកិច្ច​។​

នាយករដ្ឋមន្ត្រី​ថៃ​រូប​នេះ​បាន​សន្យា​ថា​ នឹងចាត់​វិធានការ​ជា​បន្ទាន់​ ដើម្បី​ដោះស្រាយ​បញ្ហា​បំណុល​ ការ​បន្ធូរបន្ថយ​លើ​ការ​ឡើង​ថ្លៃ​ប្រេងឥន្ធនៈ​ ​និងជំរុញ​វិស័យ​ទេសចរណ៍​ផង​ដែរ​។ បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​លោក​មិន​បាន​និយាយ​លម្អិត​ជុំវិញ​រឿង​នេះ​ឡើយ។​

លោក​ក៏​បាន​បន្ថែម​ទៀត​ថា​ រដ្ឋាភិបាលថៃ​នឹង​អនុវត្ត​ភ្លាមៗ​ផង​ដែរ​ ​តាម​ការ​សន្យា​មួយ​ដែល​ធ្វើ​ឡើង​ក្នុង​យុទ្ធនាការ​បោះឆ្នោត​ក្នុង​ពេល​កន្លង​ទៅ​ នោះ​គឺការ​ផ្តល់ប្រាក់​ចំនួន​២៨០​ដុល្លារ​ ដល់​គ្រប់​ជនជាតិ​ថៃទាំង​អស់​ ​ដែល​មាន​អាយុ​ចាប់​ពី​១៦​ឆ្នាំ​ឡើង​ទៅ​ ដើម្បី​ជំរុញ​សន្ទុះ​សេដ្ឋកិច្ច​តាម​រយៈ​ការ​ចំណាយ​ក្នុងរយៈពេល​ខ្លី​នេះ។​ បើ​ទោះ​បី​ជា​គ្មាន​ការ​រៀបរាប់លម្អិត​ជុំវិញ​រឿង​នេះ​ក្តី​ ក៏​លោក​ធ្លាប់​និយាយក្នុង​ពេល​កន្លង​ទៅ​ថា​ កម្មវិធីផ្តល់​ប្រាក់នេះ​ នឹង​ត្រូវ​ចំណាយ​អស់​ប្រាក់រហូត​ដល់​១៥ពាន់​៨០០​លាន​ដុល្លារ​អាមេរិក​ ហើយកម្មវិធី​នេះ​នឹង​ត្រៀម​អនុវត្ត​ចាប់​ពីត្រី​មាស​ទី​១​ឆ្នាំ​ក្រោយ​នេះ​តទៅ។​ ​ ​

ការ​សន្យាផ្តល់​ប្រាក់ដល់​ពលរដ្ឋ​នេះ​ ​បានធ្វើ​ឱ្យ​មាន​ការចាប់អារម្មណ៍​ខ្លាំង ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្នុង​ពេល​កន្លង​ទៅ​ ​ប៉ុន្តែ​ក្រុម​អ្នក​រិះគន់បានលើក​ជា​សំណួរ​ថា ​តើ​កម្មវិធី​នេះ​នឹង​ទទួល​បានផល​យូរអង្វែង​ឬ​យ៉ាងណានោះ៕