ព្រះមហាក្សត្រនៃប្រទេសថៃបានបន្ធូរបន្ថយទោសអតីតនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ គឺលោក Thaksin Shinawatra ពីចំនួន ៨ ឆ្នាំមកនៅសល់ ១ ឆ្នាំវិញ។ នេះបើតាមព្រះរាជព្រឹត្តិប័ត្រចេញផ្សាយនៅថ្ងៃសុក្រនេះ គឺមួយថ្ងៃក្រោយពីមហាសេដ្ឋីថៃរូបនេះ បានដាក់សំណើសុំការលើកលែងទោសរបស់លោក។
ខ្លឹមសារក្នុងព្រះរាជព្រឹត្តិប័ត្រនេះបានលើកឡើងថា៖ «លោកThaksin ដែលជាអតីតនាយករដ្ឋមន្ត្រីថៃ បានធ្វើអំពើល្អសម្រាប់ប្រទេសជាតិ និងប្រជារាស្ត្រថៃ ហើយមានភក្តីភាពចំពោះព្រះមហាក្សត្រ»។
ព្រឹត្តិប័ត្រនេះបន្តទៀតថា៖ «លោកThaksin គោរពដំណើរការនិតីវិធី ព្រមទទួលកំហុស ស្តាយក្រោយ និងទទួលយកសាលក្រមតុលាការ។ ពេលនេះលោកមានអាយុច្រើន និងមានជំងឺដែលត្រូវការព្យាបាលពីក្រុមគ្រូពេទ្យជំនាញៗផងដែរ»។
លោក Thaksin ដែលជាអ្នកនយោបាយល្បីឈ្មោះបំផុតរបស់ថៃ បានវិលត្រឡប់ទៅកាន់ប្រទេសថៃវិញកាលពីសប្ដាហ៍មុន បន្ទាប់ពីបាននិរទេសខ្លួននៅបរទេសអស់រយៈពេល ១៥ ឆ្នាំ ដើម្បីគេចពីការជាប់ពន្ធនាគារ។
លោក Thaksin បានធ្វើដំណើរទៅដល់ប្រទេសថៃតាមយន្តហោះឯកជននិងបានស្វាគមន៍អ្នកគាំទ្រដែលមកទទួលលោក មុនពេលត្រូវបានអាជ្ញាធរចាប់ខ្លួនបញ្ជូនទៅពន្ធនាគារ ដើម្បីចាប់ផ្តើមទទួលទោស ៨ ឆ្នាំ សម្រាប់បទចោទពីការរំលោភអំណាចនិងជម្លោះផលប្រយោជន៍អំឡុងពេលលោកនៅកាន់អំណាច៕