គណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលដែលកាលពីពេលនោះដឹកនាំដោយពួកយោធានៃប្រទេសថៃ បានអនុម័តសេចក្តីព្រាងច្បាប់កាលពីខែធ្នូឆ្នាំទៅ មុនពេលសំណើនោះ បានត្រូវជាប់គាំងមុនការបោះឆ្នោតនៅខែមីនាដែលបានធ្វើឲ្យរដ្ឋាភិបាលយោធាវិលទៅកាន់អំណាចវិញ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Somsak Thepsutin បាននិយាយនៅឯវេទិកាមួយក្នុងទីក្រុងបាងកកកាលពីពេលថ្មីៗនេះថា វាសនារបស់សំណើច្បាប់នេះនឹងត្រូវ «សម្រេចដោយមតិសាធារណជន»។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសថៃ។ មតិសាធារណជនហាក់ដូចជាមានការគាំទ្រចំពោះសំណើច្បាប់នេះ។
ការស្ទង់មតិតាមអ៊ីនធឺណិតលើមនុស្សជាង១ពាន់នាក់ តាមរយៈក្រុមហ៊ុន YouGov ដែលបានចេញផ្សាយកាលពីខែកុម្ភៈកន្លងទៅនេះ បានរកឃើញថាមានការគាំទ្រខ្លាំង ក្លាលើការរៀបការស្របច្បាប់រវាងអ្នកស្រលាញ់ភេទដូចគ្នានៅក្នុងប្រទេសថៃ។ ក្នុងនោះ មនុស្សចំនួន៦៣ភាគរយគាំទ្រចំពោះគំនិតនេះ មនុស្សចំនួន១១ភាគរយប្រឆាំងនឹងគំនិតនេះ ហើយក្រៅពីនេះសម្រេចមិនបញ្ចេញមតិអ្វីនោះឡើយ។
បន្ទាប់មកនៅក្នុងខែមីនា ពលរដ្ឋថៃបានបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រដែលជាអ្នកស្រលាញ់ភេទដូចគ្នាដោយបើកចំហចំនួន ៤ នាក់ នៅលើសន្លឹកឆ្នោតរបស់គណបក្សអនាគតឆ្ពោះទៅមុខ ដែលជាគណបក្សគាំទ្រនយោបាយកែទម្រង់។
លោក Tunyawaj Kamolwongwat ដែលជាអ្នកតំណាងរាស្ត្រម្នាក់ក្នុងចំណោមនោះ បានលើកឡើងថា ការកើនឡើងនូវការផ្សព្វផ្សាយអំពីអ្នកស្រលាញ់ភេទដូចគ្នា និងបញ្ហារបស់អ្នកស្រលាញ់ភេទដូចគ្នាបានជួយឲ្យប្រជាពលរដ្ឋវ័យចំណាស់នៅក្នុងប្រទេសថៃផ្លាស់ប្ដូរការគិតរបស់ពួកគេ។
លោក Tunyawaj ដែលហៅខ្លួនឯងថាជាអ្នកស្រលាញ់ភេទដូចគ្នានោះ បាននិយាយថា៖ «មនុស្សភាគច្រើននៅក្នុងសង្គមរបស់យើងនិយាយអំពីរឿងនេះ ដូច្នេះពួកគេត្រូវគិតអំពីរឿងនេះ។ មុននឹងមានការផ្សព្វផ្សាយអំពីរឿងនេះ ពួកគេជឿតែលើតួនាទីទ្វេភាគ គឺបុរស និងស្ត្រី ឬក៏ត្រូវ និងខុសតែប៉ុណ្ណោះ។ ប៉ុន្តែ ឥឡូវនេះ ប្រព័ន្ធផ្សព្វផ្សាយនានា និងប្រព័ន្ធទំនាក់ទំនងសង្គមតាមអ៊ីនធឺណិតនិយាយអំពីរឿងនេះ ដូច្នេះ ខ្ញុំជឿថា ពួកគេនឹងផ្លាស់ប្ដូរគំនិតនេះ»។
លោកបាននិយាយថា មិត្តភ័ក្ដិរបស់លោកដែលជាអ្នកស្រលាញ់ភេទដូចគ្នា ដែលឪពុកម្ដាយ និងអ្នកព្យាបាលពួកគេធ្លាប់ព្យាយាមដាក់សម្ពាធលើពួកគេឲ្យធ្វើជាមនុស្ស «ធម្មតា» បានយល់ និងព្រមទទួលយកអ្វីដែលជាលក្ខណៈរបស់ពួកគេ។ លោកបានបញ្ជាក់ថា៖ «រឿងនេះមិនត្រូវបានចាត់ទុកថាជាបញ្ហាបន្តទៀតនោះទេ»។
ប៉ុន្តែ លោក និងអ្នកតស៊ូមតិដទៃទៀតនិយាយថា ការទទួលយកបានរបស់អ្នកទាំងនោះនៅក្នុងប្រទេសថៃ ដែលគេហៅថាជា «ទឹកដីនៃស្នាមញញឹម» នេះ គឺមានលក្ខណៈសើៗនៅឡើយ។
លោក Pongphorn Chanlearn ដែលជាបុរសស្រលាញ់ភេទដូចគ្នាម្នាក់ បាននិយាយថា៖ «គេនិយាយថា ប្រទេសថៃគឺដូចជាឋានសួគ៌សម្រាប់អ្នកស្រលាញ់ភេទដូចគ្នាអញ្ចឹង។ ប៉ុន្តែ សម្រាប់ខ្ញុំ ខ្ញុំឆ្ងល់ថាតើវាជាឋានសួគ៌ឬក៏ជាឋាននរក? យើងប្រឈមនឹងការមាក់ងាយ និងការរើសអើងជាច្រើននៅក្នុងសង្គមថៃ ប៉ុន្តែមិនមែនធ្វើឡើងនៅក្នុងកន្លែងសាធារណៈនោះទេ»។
ទាំងលោក Tunyawaj ជាអ្នកផលិតខ្សែភាពយន្តនិងលោក Pongphorn អតីតសាស្ត្រាចារ្យសាកលវិទ្យាល័យ បានជឿជាក់ថា អត្តសញ្ញាណខាងផ្លូវភេទរបស់អ្នកទាំង២បានធ្វើឲ្យពួកគេបាត់បង់ការងារនិងការដំឡើងឋានៈ។
សេចក្តីព្រាងច្បាប់នោះ នឹងអនុញ្ញាតឲ្យគូស្រករស្រឡាញ់ភេទដូចគ្នាកាន់កាប់ទ្រព្យសម្បត្តិនិងបំណុលរួមគ្នាហើយនិងផ្តល់និងទទួលកេរ្តិ៍មរតក។ សេចក្តីព្រាងច្បាប់នោះ ក៏នឹងអនុញ្ញាតឲ្យដៃគូនានាធ្វើជាអាណាព្យាបាលស្របច្បាប់បានដែរ ប្រសិនបើ នរណាម្នាក់ត្រូវបានគេសន្មតថា អសមត្ថភាព។
ក៏ប៉ុន្តែ លោក Tunyawaj និងសកម្មជនផ្សេងទៀត ជំទាស់ប្រឆាំងនឹងសេចក្តីព្រាងច្បាប់នោះ ពីព្រោះតែអ្វីដែលសេចក្តីព្រាងច្បាប់នោះ មិនបានផ្តល់ឲ្យ គឺ សិទ្ធិរៀបការពេញលេញ រួមមានសិទ្ធិយកកូនចិញ្ចឹមរួមគ្នា។
លោក Pongphorn ជានាយកនៃក្រុមសិទ្ធិមនុស្សស្រឡាញ់ភេទដូចគ្នារបស់អង្គការ Mplus និយាយថា «ប្រសិនបើ យើង រំឮកឡើងវិញពីសំណើច្បាប់នៅពេលបច្ចុប្បន្ននេះ វាមិនបានធ្វើឲ្យយើងជឿនលឿនទេ។ សេចក្តីព្រាងច្បាប់នោះ ព្យាយាមត្រួតត្រានិងចាត់ចែងមនុស្សស្រឡាញ់ភេទគ្នាជាជាងបើកចំហសេរីភាពនៃការរៀបការ»។
លោក និយាយទៀតថា «សេចក្តីព្រាងច្បាប់ចុងក្រោយ បំបែកយើងចេញពីនិន្នាការនេះហើយមិនគាំទ្រយើងឲ្យមានភាពស្មើគ្នានោះទេ»។
ផ្ទុយទៅវិញ ពួកគេចង់ឲ្យសភាធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌរបស់ថៃ ដែលសេចក្តីព្រាងច្បាប់ភាពជាដៃគូក្នុងជីវិត មិនបានទទួលស្គាល់ការរៀបការមនុស្សស្រឡាញ់ភេទដូចគ្នា គឺទទួលស្គាល់តែការរៀបការរវាងបុរសនិងស្ត្រីតែប៉ុណ្ណោះ៕
ប្រែសម្រួលដោយជឹង ប៉ូជីន