រដ្ឋាភិបាល​ថៃ​ថ្មី​ស្បថ​ចូល​កាន់​តំណែង

  • ​Reuters

មជ្ឈមណ្ឌលនាយករដ្ឋមន្ត្រីថៃ អ្នកស្រី Paetongtarn Shinawatra ពិភាក្សាជាមួយសមាជិកគណៈរដ្ឋមន្ត្រីរបស់អ្នកស្រី បន្ទាប់ពីសម័យប្រជុំថតរូបជាក្រុមនៅឯវិមានរដ្ឋាភិបាល មុនពេលចូលស្បថនៅមុខព្រះមហាក្សត្រថៃ Maha Vajiralongkorn ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤។

នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​ថៃ​អ្នកស្រី Paetongtarn Shinawatra និង​រដ្ឋមន្រ្តី ៣៥ រូប​នៃ​គណៈរដ្ឋមន្ត្រី​ថៃ​បាន​ធ្វើ​សច្ចាប្រណិធាន​ជា​ផ្លូវការ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះមហាក្សត្រ Maha Vajiralongkorn ក្នុង​ទីក្រុង​បាងកក​កាលពី​ថ្ងៃ​សុក្រ ក្រោយពី​មាន​ភាព​ចលាចល​នយោបាយ​មួយ​រយៈមក។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

អ្នកស្រី Paetongtarn អាយុ ៣៨ ឆ្នាំ ដែល​ជា​មេដឹកនាំ​គណបក្ស​ភឿ​ថៃ (Pheu Thai) ត្រូវ​បាន​រដ្ឋសភា​បោះឆ្នោត​ជ្រើសរើស​កាលពី​ខែ​មុន​ឱ្យ​ក្លាយជា​នាយករដ្ឋមន្ត្រី​វ័យ​ក្មេង​ជាង​គេ​របស់​ប្រទេស​ថៃ ក្រោយពី​លោក Srettha Thavisin ដែល​កាន់​តំណែង​មុន​អ្នកស្រី ត្រូវបាន​បញ្ឈប់​ពី​មុខតំណែង​តាម​អំណាច​តុលាការ​ដោយសារតែ​ការ​រំលោភ​ក្រម​សីលធម៌។

គណៈរដ្ឋមន្ត្រី​ដែល​ត្រូវ​បាន​ផ្តល់​សុពលភាព​ផ្លូវការ​ដោយ​ព្រះមហាក្សត្រ​កាលពី​ថ្ងៃ​ពុធ​រួមមាន​សមាជិក ១៧ រូប​មកពី​គណបក្ស​ភឿថៃ ដែល​ក្នុង​នោះ​រួម​ទាំង​នាយករដ្ឋមន្ត្រី​ផងដែរ ហើយ​សមាជិក ១៩ រូប​ទៀត​មកពី​គណបក្ស​ដៃគូ​នានា​ក្នុង​បក្ស​សម្ព័ន្ធ។

ក្នុង​សម្លៀកបំពាក់​ឯកសណ្ឋាន​ផ្លូវការ អ្នកស្រី Paetongtarn និង​គណៈរដ្ឋមន្ត្រី​របស់​អ្នកស្រី​បាន​ស្បថ​ចូល​កាន់​តំណែង​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះមហាក្សត្រ Vajiralongkorn និង​ព្រះមហាក្សត្រិយានី Suthida ក្នុង​ពិធី​សច្ចាប្រណិធាន​នៅ​ព្រះបរមរាជវាំង Dusit ក្នុង​ទីក្រុង​បាងកក។

រដ្ឋាភិបាល​របស់​អ្នកស្រី Paetongtarn នឹង​បង្ហាញ​គោលនយោបាយ​របស់​ខ្លួន​ដល់​រដ្ឋសភា​ជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃ​សុក្រ​សប្តាហ៍​ក្រោយ ដែល​ជា​ពេល​ចាប់ផ្តើម​ផ្លូវការ​នៃ​រដ្ឋាភិបាល​ក្រោម​អាណត្តិ​របស់​អ្នកស្រី៕