តុលាការធម្មនុញ្ញនៃប្រទេសថៃបានសម្រេចព្យួរតំណែងសមាជិករដ្ឋសភាគណបក្សប្រឆាំងលោក Pita Limjaroenrat ស្របពេលដែលតុលាការនេះបើកសវនាការអំពីករណីចោទប្រកាន់ដែលថាលោកបានរំលោភច្បាប់បោះឆ្នោត។
ការសម្រេចរបស់តុលាការធម្មនុញ្ញនៅថ្ងៃពុធនេះបានធ្វើឡើងក្នុងថ្ងៃតែមួយដែលរដ្ឋសភាថៃបានបោះឆ្នោតបដិសេធបេក្ខភាពរបស់លោក Pita សម្រាប់តំណែងជានាយករដ្ឋមន្ត្រី និងក្នុងពេលមួយសប្ដាហ៍ក្រោយមកបន្ទាប់ពីគណៈកម្មការបោះឆ្នោតរបស់ប្រទេសថៃបានបញ្ជាក់ថាមានភ័ស្តុតាងដែលថាមេដឹកនាំគណបក្សឆ្ពោះទៅមុខ (Move Forward) រូបនេះមានភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV ដែលនេះគឺជាការបំពានដែលនឹងរារាំងលោកមិនឱ្យឈរឈ្មោះបោះឆ្នោត។
ក្រុមហ៊ុន iTV បានឈប់ដំណើរការអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ លោក Pita បានអះអាងថា កម្មសិទ្ធិនៃភាគហ៊ុនរបស់លោកគឺមិនមែនជាការបំពានលើច្បាប់បោះឆ្នោតនោះទេ។
សភារបស់ថៃក៏បានបោះឆ្នោតបដិសេធការតែងតាំងលោក Pita Limjaroenrat ជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសនេះ។
ការបោះឆ្នោតនៅថ្ងៃពុធនេះគឺជាលើកទី២ក្នុងរយៈពេលមួយសប្តាហ៍ដែល លោកPita បានស្វែងរកមុខតំណែងនេះបន្ទាប់ពីបានដឹកនាំគណបក្សឆ្ពោះទៅមុខ របស់លោក និងគណបក្សចម្រុះទទួលបានជ័យជម្នះដ៏គួរឲ្យខកចិត្តនៅក្នុងការបោះឆ្នោតសភាកាលពីខែឧសភា ដោយផ្តល់ឱ្យក្រុមចម្រុះដែលមានប្រាំបីគណបក្សនូវអាសនៈចំនួន៣១២នៅក្នុងសភាតំណាងរាស្ត្រដែលមានសមាជិកចំនួន ៥០០នាក់ ខណៈដែលអ្នកបោះឆ្នោតបានច្រានចោលបេក្ខជនមកពីគណបក្សដែលគ្រប់គ្រងដោយយោធាជាច្រើនឆ្នាំ។
ប៉ុន្តែ លោកPita ខ្វះសំឡេង៥០ទៀតដើម្បីឈ្នះតំណែងដោយសារតែការប្រឆាំងយ៉ាងខ្លាំងនៅក្នុងព្រឹទ្ធសភាដែលគាំទ្រដោយយោធាអភិរក្សនិយម។
លោក Pita ក៏អាចត្រូវបានហាមឃាត់មិនឱ្យធ្វើនយោបាយផងដែរ និងប្រឈមនឹងការជាប់ពន្ធនាគារជាច្រើនឆ្នាំ ប្រសិនបើលោកត្រូវបានកាត់ទោសនិងផ្តន្ទាទោសពីបទចោទប្រកាន់នេះ៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន Reuters និងទីភ្នាក់ងារសារព័ត៌មាន AFP។