ប្រទេសថៃ បានដាក់កម្រិតឱ្យមានការធ្វើចត្តាឡីស័កបង្ការជំងឺកូវីដ១៩ឡើងវិញ សម្រាប់ភ្ញៀវទេសចរបរទេស និងបោះបង់ចោលការលើកលែងការធ្វើចត្តាឡីស័កចាប់តាំងពីថ្ងៃអង្គារ ទី២១ ខែធ្នូ ម្សិលមិញនេះទៅ បណ្តាលមកពីការព្រួយបារម្ភអំពីការរាលដាលនៃវីរុសកូរ៉ូណាបំប្លែងខ្លួនអូមីក្រុង (Omicron)។ នេះ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ការសម្រេចដើម្បីបញ្ឈប់កម្មវិធី«ការធ្វើតេស្តរួចហើយទៅ» (Test and Go) របស់ថៃមានន័យថា ភ្ញៀវទេសចរបរទេស នឹងត្រូវធ្វើចត្តាឡីស័កនៅសណ្ឋាគាររយៈពេលពី ៧ថ្ងៃ ទៅ១០ថ្ងៃ។
ក្នុងខណៈនោះដែរ កម្មវិធីសាកល្បងតម្រូវឲ្យភ្ញៀវទេសចរស្ថិតនៅកន្លែងជាក់លាក់មួយ ក៏ប៉ុន្តែ អនុញ្ញាតឲ្យពួកគេធ្វើដំណើរដោយសេរីនៅខាងក្រៅកន្លែងដែលគេស្នាក់នៅនោះ ក៏នឹងត្រូវផ្អាកនៅគ្រប់កន្លែងទាំងអស់ លើកលែងតែកន្លែងលំហែកាយសម្រាប់ទេសចរណ៍នៅកោះ Phuket តែប៉ុណ្ណោះ។
លោកស្រី Rachada Dhanadirek អ្នកនាំពាក្យរងរបស់រដ្ឋាភិបាល បាននិយាយថា «ក្រោយថ្ងៃ២១ ខែធ្នូ នឹងមិនមានការចុះឈ្មោះថ្មីសម្រាប់កម្មវិធី «ធ្វើតេស្តហើយទៅ»នោះទេ មានតែការធ្វើចត្តាឡីស័កឬកម្មវិធីសាកល្បងនៅ Phuket តែប៉ុណ្ណោះ។
ការប្រកាសនេះ បានកើតមានឡើងមួយថ្ងៃ បន្ទាប់ពីប្រទេសថៃ បានរាយការណ៍ករណីដំបូងនៃការឆ្លងក្នុងស្រុកនៃវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង។
ការប្រកាសថ្មីនេះ ក៏បានកើតមានឡើងប៉ុន្មានសប្តាហ៍ បន្ទាប់ពីថៃ បានបើកប្រទេសឡើងវិញដល់ភ្ញៀវទេសចរបរទេសកាលពីខែវិច្ឆិកា ដែលបានបញ្ចប់គោលនយោបាយរឹតត្បិតការចេញចូលដ៏តឹងរ៉ឹងរយៈពេល១៨ខែ ដែលបានធ្វើឲ្យដួលរលំវិស័យទេសចរណ៍ ដែលជាឧស្សាហកម្មដ៏សំខាន់មួយដែលបានទាក់ទាញភ្ញៀវទេសចរចំនួន៤០លាននាក់ ក្នុងឆ្នាំ២០១៩៕