មន្ត្រីប៉ូលិសថៃជិត ៦ ពាន់នាក់នឹងត្រូវដាក់ពង្រាយនៅថ្ងៃពុធស្អែកដើម្បីទប់ទល់នឹងបាតុកម្មដែលគ្រោងនឹងធ្វើឡើងនៅការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិរបស់ព្រះមហាក្សត្រ ដោយអ្នកតវ៉ាបានទាមទារឲ្យព្រះមហាក្សត្រ Maha Vajiralongkorn បោះបង់ចោលសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិទាំងនោះ។
ប៉ូលិសបានឲ្យដឹងនៅថ្ងៃអង្គារនេះថា បាតុករនឹងមិនត្រូវបានអនុញ្ញាតឲ្យចូលជិតការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិរបស់ព្រះមហាក្សត្រនោះទេ ក្នុងចម្ងាយ ១៥០ ម៉ែត្រ។ ចំណែកឯក្រុមអ្នកគាំទ្ររបបរាជានិយមក៏បាននិយាយផងដែរថា ពួកគេនឹងជួបជុំគ្នាដើម្បីការពាររបបរាជានិយម។
លោក Piya Tavichai អនុប្រធានប៉ូលិសក្រុងបាងកក បាននិយាយថា ក្រុមទាំងពីរនេះនឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែកពីគ្នា។
លោក Tavichai បានថ្លែងនៅក្នុងសន្និសីទកាសែតមួយថា៖ «យើងនឹងចាត់វិធានការសមរម្យ អាស្រ័យលើសកម្មភាពរបស់ក្រុមបាតុករ»។
មនុស្សជាង ៥០ នាក់បានរងរបួសកាលពីសប្ដាហ៍មុន នៅពេលដែលប៉ូលិសប្រើកាណុងទឹក និងឧស្ម័នបង្ហូរទឹកភ្នែកបាញ់ទៅលើក្រុមបាតុកររាប់ពាន់នាក់នៅរដ្ឋសភា ក្នុងថ្ងៃដែលមានអំពើហិង្សាខ្លាំងបំផុត ចាប់តំាងពីមានការតវ៉ាប្រមាណជាង ៤ ខែកន្លងមក។
បាតុកម្មកន្លងមកបានធ្វើឡើងដើម្បីទាមទារឲ្យលោកនាយករដ្ឋមន្ត្រី Prayuth Chan Ocha ចុះចេញពីតំណែង ឲ្យមានការតាក់តែងរដ្ឋធម្មនុញ្ញឡើងវិញ និងឲ្យមានការកែទម្រង់របបរាជានិយម៕