នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-ocha បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុន AstraZeneca នៅថ្ងៃអង្គារនេះ ខណៈដែលប្រទេសភាគច្រើននៅទ្វីបអាស៊ីមិនអើពើនឹងការព្រួយកង្វល់អំពីសេចក្តីរាយការណ៍ថាមានការកកឈាមនៅក្នុងសរសៃដែលបានកើតមានចំពោះអ្នកចាក់ខ្លះនៅទ្វីបអឺរ៉ុប ដោយលោកថា រហូតមកទល់ពេលនេះ មិនមានភស្តុតាងថាវ៉ាក់សាំងនេះបណ្តាលឱ្យកកឈាមក្នុងសរសៃទេ។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
ក្រុមហ៊ុន AstraZeneca បានបង្កើតទីតាំងផលិតនៅក្នុងទ្វីបអាស៊ី ហើយវិទ្យាស្ថាន Serum របស់ឥណ្ឌា ដែលជាអ្នកផលិតវ៉ាក់សាំងដ៏ធំបង្អស់នៅក្នុងពិភពលោក បានធ្វើកិច្ចសន្យាផលិតវ៉ាក់សាំង AstraZeneca ១.០០០លានដូសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ វ៉ាក់សាំងនេះរាប់រយលានដូសទៀតនឹងត្រូវផលិតនៅឆ្នាំនេះនៅក្នុងប្រទេសអូស្ត្រាលី ជប៉ុន ថៃនិងកូរ៉េខាងត្បូង។
នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-ochaបាននិយាយបន្ទាប់ពីលោកបានចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនAstraZeneca ថា៖ «មានមនុស្សដែលព្រួយកង្វល់។ ក៏ប៉ុន្តែយើងត្រូវតែជឿលើវេជ្ជបណ្ឌិត ជឿលើអ្នកមានវិជ្ជាជីវៈខាងវេជ្ជសាស្ត្ររបស់យើង»។
កាលពីសប្តាហ៍មុន ថៃក្លាយជាប្រទេសមុនដំបូងនៅក្រៅទ្វីបអឺរ៉ុប ដែលបានផ្អាកវ៉ាក់សាំងAstraZenecaជាបណ្តោះអាសន្ន។ ប្រទេសឥណ្ឌូណេស៊ីបានផ្អាកកាលពីថ្ងៃច័ន្ទ ដោយនិយាយថា ខ្លួនរង់ចាំរបាយការណ៍ពេញលេញពីអង្គការសុខភាពពិភពលោក ចំពោះលទ្ធភាពនៃផលប៉ះពាល់សិន។
នៅពេលនេះ ប្រទេសធំៗមួយចំនួននៅអឺរ៉ុប រួមទាំងអាល្លឺម៉ង់ បារាំង អ៊ីតាលីនិងអេស្ប៉ាញ បានផ្អាកការប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca នេះ កាលពីថ្ងៃច័ន្ទដោយបារម្ភអំពីភាពគ្រោះថ្នាក់នៃការកកឈាមក្នុងសរសៃ ថ្វីបើក្រុមហ៊ុននិងនិយ័តករអន្តរជាតិនិយាយថាមិនមានភ័ស្តុតាងក៏ដោយ៕