កាលពីពេលថ្មីៗនេះ អាជ្ញាធរទេសចរណ៍ថៃ ឬ TAT បានប្រកាសថា ភ្ញៀវទេសចរជាង ៧ លាន ៣ សែននាក់បានធ្វើដំណើរទស្សនាក្នុងប្រទេសថៃ ចាប់ពីខែមករា ដល់ចុងខែតុលា។ គិតត្រឹមថ្ងៃទី ១ ខែតុលា ប្រទេសថៃបានលុបចោលវិធានការពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ដែលនៅសល់ទាំងអស់ រួមទាំងឯកសារបញ្ជាក់ការចាក់វ៉ាក់សាំង ឬលទ្ធភាពធ្វើតេស្តរហ័សផងដែរ។
ប្រធានអាជ្ញាធរ TAT លោក Yuthasak Supasorn លើកឡើងថា ពេលវេលាលំបាកបានឆ្លងផុតហើយ។
លោក Yuthasak Supasorn បានថ្លែងក្នុងសម្តីដើមថា៖ «ប្រទេសថៃទទួលបានរបាយការណ៍ថាបានជោគជ័យលើគ្រប់វិធានការទាំងអស់ រាប់ចាប់ពីការធ្វើទីផ្សារទេសចរណ៍ជាបន្តបន្ទាប់ និងការអនុវត្តស្តង់ដារសុវត្ថិភាព និងសុខមាលភាពរបស់រដ្ឋបាលសុវត្ថិភាព និងសុខមាលភាពថៃ និងទទួលបានភ្ញៀវទេសចរបរទេសជាង ៧ លាននាក់ដែលបានធ្វើដំណើរត្រឡប់មកប្រទេសយើង គិតមកដល់ពេលនេះក្នុងឆ្នាំ២០២២»។
វិស័យទេសចរណ៍
សេដ្ឋកិច្ចថៃពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍។ នៅក្នុងឆ្នាំ ២០១៩ វិស័យទេសចរណ៍បានរួមចំណែកប្រមាណ ១១% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃ ហើយប្រជាជនថៃប្រមាណ ២០% ធ្វើការនៅក្នុងវិស័យនេះ។ នេះបើយោងតាមធនាគារថៃ។
ផលិតផលក្នុងស្រុកសរុប (GDP) ថៃ បានធ្លាក់ចុះ ៦% នៅក្នុងឆ្នាំ ២០២០ ក្នុងអំឡុងការធ្លាក់ចុះសេដ្ឋកិច្ចនៅទូទាំងសកលលោក ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ១៩។ យោងតាមកាសែត The Nation លោកAnucha Burapachaisri អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានថ្លែងដោយសំអាងលើរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិថា ចាប់តាំងពីពេលបើកព្រំដែនឡើងវិញ ផលិតផលក្នុងស្រុកសរុប (GDP) ថៃ បានកើនឡើង ២,៤% បើធៀបនឹងរយៈពេលដូចគ្នាប្រចាំឆ្នាំ សម្រាប់ឆមាសទី ១ ក្នុងឆ្នាំ ២០២២ នេះ។
លោក Gary Bowerman អ្នកវិភាគដែលមានមូលដ្ឋាននៅម៉ាឡេស៊ី បានថ្លែងថា ប្រទេសថៃកំពុងនាំមុខលើវិស័យទេសចរណ៍នៅតំបន់អាស៊ីអាគ្នេយ៍ជាថ្មីម្តងទៀត។
លោក Gary Bowerman បានថ្លែងក្នុងសម្តីដើមថា៖ «មុនពេលមានការរាតត្បាតជំងឺកូវីដ១៩ ប្រទេសថៃជាប្រទេសដែលមានភ្ញៀវទេសចរច្រើនបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសនេះជាប្រទេសដំបូងដែលព្យាយាមបើកព្រំដែនឡើងវិញ ហើយអាជ្ញាធរទេសចរណ៍ថៃតែងតែមានការជឿជាក់ និងតែងតែព្យាករណ៍ចំនួនអ្នកទេសចរដ៏ខ្ពស់មួយ។ ពួកគេធ្វើអ្វីៗគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីឱ្យមានភ្ញៀវទេសចរចូលមកក្នុងប្រទេស។ សម្រាប់ប្រទេសថៃ អ្វីៗគឺដើម្បីការទាញភ្ញៀវទេសចរចូលក្នុងប្រទេស»។
លោក Bowerman បានថ្លែងថា ឆ្នាំ ២០២២ ជាឆ្នាំខុសពីឆ្នាំមុនៗ ដូច្នេះចំនួនភ្ញៀវទេសចរដែលគេរំពឹងមានចំនួនទាបជាងរាល់ដង។ លោកបានពណ៌នាឆ្នាំ ២០២២ ថា «ជាឆ្នាំចម្លែក និងមានរយៈពេលខ្លី»។
លោក Bowerman បានថ្លែងក្នុងសម្តីដើមថា៖ «ប្រទេសភាគច្រើននៅក្នុងតំបន់មិនបើកព្រំដែនឱ្យមានការចូលក្នុងប្រទេស ឬចេញក្រៅប្រទេសទេ រហូតដល់ខែមេសា ឆ្នាំនេះ ដូច្នេះវាជាឆ្នាំមួយដែលមានរយៈពេលតែ ៣/៤ ប៉ុណ្ណោះ សម្រាប់វិស័យទេសចរណ៍»។
កាលពីឆ្នាំ ២០១៩ ភ្ញៀវទេសចរដែលបានទៅប្រទេសថៃមានចំនួនជាង ៣៩ លាននាក់ ដែលនេះជាចំនួនខ្ពស់បំផុតដែលមិនធ្លាប់មានមកដល់ពេលនេះ។
ការសម្លឹងទៅកាន់ឆ្នាំ ២០២៣
មន្ត្រីទេសចរណ៍ថៃកំពុងព្យាករណ៍ថា នឹងមានភ្ញៀវទេសចរត្រឹមតែ ១៨ លាននាក់ប៉ុណ្ណោះសម្រាប់ឆ្នាំ ២០២៣ ជាមួយនឹងក្តីសង្ឃឹមតិចតួចថា ភ្ញៀវទេសចរចិនដែលជាទូទៅរួមចំណែកជិត ៣០% នៃភ្ញៀវទេសចរទាំងអស់របស់ថៃ នឹងកើនឡើង។
លោក Bowerman បានថ្លែងថា ការសម្រេចឱ្យបាននូវតួលេខនេះត្រូវការពេលវេលាខ្លះ ជាពិសេសក្នុងអំឡុងពេលមានភាពមិនច្បាស់លាស់ថា តើនៅពេលណាភ្ញៀវទេសចរចិននឹងចូលទៅប្រទេសថៃក្នុងចំនួនច្រើននោះ។
លោក Bowerman បានថ្លែងក្នុងសម្តីដើមថា៖ «ការរំពឹងថា ពួកគេនឹងទទួលបានភ្ញៀវទេសចរចិនចំនួន ១២ លាននាក់ នៅឆ្នាំក្រោយ នៅពេលពួកគេទទួលបានតែ ១១ លាននាក់នៅក្នុងឆ្នាំ ២០១៩ ដែលជាតួលេខដ៏ខ្ពស់មួយ។ ខ្ញុំគិតថា គ្រប់គ្នាមិនរំពឹងថា ចិននឹងបើកព្រំដែនទេ [រហូតដល់] យ៉ាងហោចណាស់ខែឧសភា... ខ្ញុំគិតថា យើងមិនអាចពឹងផ្អែកខ្លាំងលើការព្យាករណ៍អំពីភ្ញៀវទេសចរចិនបាននោះទេ»។
ប្រទេសចិនកំពុងបន្តអនុវត្តគោលនយោបាយគ្មានកូវីដ ឬ «សូន្យកូវីដ» អស់រយៈពេលជាង ៣ ឆ្នាំមកហើយ បន្ទាប់ពីវីរុសកូរ៉ូណាត្រូវបានរកឃើញដំបូងនៅក្នុងទីក្រុង Wuhan។ ការបិទខ្ទប់ក្នុងទីក្រុងចិននៅតែមានជាទូទៅ ខណៈសកម្មភាពពាណិជ្ជកម្មសេដ្ឋកិច្ចយឺតយ៉ាវ ព្រំដែននៅបន្តបិទសម្រាប់ភ្ញៀវអន្តរជាតិ ហើយវិធានការចត្តាឡីស័កនៅតែបន្តអនុវត្តសម្រាប់ពលរដ្ឋចិនដែលត្រឡប់ចូលប្រទេសវិញក្រោយពីធ្វើដំណើរក្រៅប្រទេស។
រហូតមកដល់ពេលនេះ អាកាសយានដ្ឋាន Suvarnabhumi ក្នុងទីក្រុងបាងកក ទទួលបានភ្ញៀវទេសចរជិត ៣ លាន ៩ សែននាក់ក្នុងឆ្នាំនេះ ហើយចំនួនមនុស្សជាច្រើនបានតម្រង់ជួរដើម្បីឆ្លងកាត់កន្លែងត្រួតពិនិត្យពន្ធគយក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ។ នេះបើយោងតាមមន្ត្រីទេសចរណ៍។
សម្រាប់ម្ចាស់អាជីវកម្មថៃ ចំនួនភ្ញៀវទេសចរច្រើនជាសញ្ញាល្អមួយ។
អ្នកស្រី Chan Holland ជាម្ចាស់ទីភ្នាក់ងារ Canary Travel Thailand ក្នុងទីក្រុងបាងកក បានថ្លែងថា ការកក់បានកើនឡើងចាប់តាំងពីខែតុលា ហើយអតិថិជនភាគច្រើនរបស់អ្នកស្រីមកពីចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប។
អ្នកស្រី Chan Holland បានប្រាប់ VOA ក្នុងសម្តីដើមថា៖ «កាលពីឆ្នាំមុន [យើង] ប្រហែលមានអតិថិជន [ជាធម្មតា] ប្រមាណ ១០%។ ជាការបៀបធៀប ខ្ញុំគិតថា វាល្អប្រសើរជាងឆ្នាំមុន ៨០%។ យើងពិតជាសប្បាយចិត្ត និងអរគុណដល់ភ្ញៀវទេសចរទាំងអស់ ដែលយើងទទួលបាននៅពេលនេះ។ សូមស្វាគមន៍មកកាន់ប្រទេសថៃ»។
លោក Charlee Keardkumsap ប្រធានផ្នែកលក់ និងទីផ្សារនៅសណ្ឋាគារ Bandara Suites ក្នុងទីក្រុងបាងកក បានប្រាប់ VOA ថា អាជីវកម្មបានកើនឡើងក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ។
លោក Charlee Keardkumsap បានថ្លែងក្នុងសម្តីដើមថា៖ «អាជីវកម្មរបស់យើងបានកើនឡើងជាង ៥០% បន្ទាប់ពី [ប្រទេសយើង] បានបើកឡើងវិញ [សម្រាប់វិស័យទេសចរណ៍]»។ លោកបានពន្យល់បន្ថែមថា ឆ្នាំ ២០២៣ អតិថិជនជាច្រើនបានកក់ ក្នុងត្រីមាសទី ១ ហើយចំនួនភ្ញៀវទេសចរមកពីតំបន់អាស៊ីបានកើនឡើងប៉ុន្មានខែថ្មីៗនេះ។
ក្នុងអំឡុងស្ថានភាពដ៏ល្អនេះ ប្រទេសថៃបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឬ APEC ពេញមួយឆ្នាំ។ ហើយកាលពីសប្តាហ៍កន្លងទៅនេះ អនុប្រធានាធិបតីអាមេរិក អ្នកស្រី Kamala Harris រួមជាមួយមេដឹកនាំមកពីប្រទេសផ្សេងៗ រួមមានអូស្ត្រាលី កាណាដា និងចិន បានធ្វើដំណើរទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ដើម្បចូលរួមកិច្ចប្រជុំកំពូល APEC ដោយផ្ទាល់ជាលើកដំបូង ក្នុងរយៈពេល ៤ ឆ្នាំ៕