រដ្ឋាភិបាល​ថៃ​ចាប់ខ្លួន​បុរស​កម្ពុជា​ម្នាក់ក្រោម​ការ​ចោទ​ប្រកាន់ថា​បាន​ផលិត​ភាព​យ​ន្ត​មិនពិត​អំពី​ការ​ជួញដូរ​ផ្លូវភេទ

ច្បាប់​ណែនាំ​ពី​ការ​ជួញ​ដូរសិទ្ធិមនុស្ស​នៅ​លើតុ​ក្នុង​មជ្ឈមណ្ឌល​សម្រាប់ជនរងគ្រោះ​។

សកម្មជន​សិទ្ធិ​ការងារ​ម្នាក់​ប្រឈម​មុខ​នឹង​ការ​និរទេស​ខ្លួន​ពីប្រទេស​ថៃ​ទាក់ទង​នឹង​តួនាទី​របស់​លោក​ក្នុង​ការធ្វើ​ឯកសារ​អំពី​ការ​ជួញដូរ​ផ្លូវភេទ​ដែល​ធ្វើឱ្យ​រដ្ឋាភិបាល​កម្ពុជា​ខឹង​សម្បា​ហើយ​បាន​បដិសេធ​ថា ​ជាព័ត៌មានមិនពិត។ ​នេះបើ​យោង​តាម​ប្រព័ន្ធ​របស់​សកម្មជន​ដែលបាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ​កាលពី​ថ្ងៃ​សុក្រ។​ គណបក្ស​កាន់​អំណាច​របស់​លោកនាយក​រដ្ឋមន្រ្តី​ហ៊ុនសែន​បាន​ចាប់ផ្តើម​បង្ក្រាប​អ្នករិះគន់​រដ្ឋាភិបាល​ រួមទាំង​អ្នក​តស៊ូ​មតិ​សិទ្ធិ​មនុស្ស​និង​អ្នក​នយោបាយ​ប្រឆាំង។​

លោក​រ័ត្ន រ៉ូតមុន្នី​អាយុ​៤៧​ឆ្នាំត្រូវ​បានចាប់​ខ្លួននៅ​ទីក្រុង​បាងកក​កាលពី​ថ្ងៃសុក្រ​ នៅពេល​លោក​បាន​ព្យាយាម​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ហូឡង់​ជាមួយ​និងគ្រួសារ​របស់​លោក​ បន្ទាប់​ពីលោក​បាន​ជួយផលិត​ខ្សែភាពយន្ត​ឯកសារ​សម្រាប់​បណ្តាញ​ទូរទស្សន៍រុស្ស៊ី​ឈ្មោះ Russia Today ​កាលពីខែ​តុលា។ ភរិយា​របស់​លោក​ឈ្មោះ​ឡុង គឹមហៀង​បានប្រាប់​ Reuters ពី​ទីក្រុង​បាងកក​ថា ​រ័ត្ន រ៉ូតមុន្នី​ខ្លាច​ប៉ូលិស​ថៃ​បញ្ជូន​លោក​ទៅ​ប្រទេស​កម្ពុជា​វិញ។​ អ្នកស្រី​ឡុង គឹមហៀង​បាន​និយាយ​ថា ​«ប៉ូលិស​បានចាប់ខ្លួន​ប្តីរបស់​ខ្ញុំ ​ហើយ​ពួកគេ​បាន​ប្រាប់ខ្ញុំ​ថា ​នគរបាល​កម្ពុជា​បានបញ្ជូន​ឯកសារ​ឲ្យ​ពួកគេ ​ដោយ​ចោទ​ថា ​គាត់​ផលិត​រឿង​មិន​ពិត។​ ខ្ញុំព្រួយ​បារម្ភ​ថា ​នៅពេល​ពួកគេ​បញ្ជូន​ប្តីរបស់​ខ្ញុំទៅវិញ​ ​គាត់នឹងត្រូវ​ជាប់​ពន្ធនាគារ» ។ ​

មន្រ្តី​អន្តោ​ប្រវេសន៍​ថៃ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ភ្លាមៗ​ទេ។ ​

នៅក្នុង​សេចក្តីថ្លែង​ការណ៍​មួយ ​បណ្តញ​ទូរទស្សន៍ ​Russia Today​ បាននិយាយ​ថា​ ខ្លួន​ព្រួយ​បារម្ភយ៉ាង​ខ្លាំង​អំពី​ការ​ឃុំឃាំង​សកម្មជន​នេះ។​ សេចក្តីថ្លែង​ការណ៍​និយាយ​ថា​ «យើង​កំពុង​ធ្វើអ្វីៗ​គ្រប់​យ៉ាង​ដែល​យើង​អាចធ្វើបាន​ ​រួមទាំង​តាម​រយៈ​បណ្តាញ​ការទូត​ដើម្បី​ជួយ​ដោះ​ស្រាយ​ស្ថាន​ការណ៍» ។​

ភាពយន្ត​ឯកសារ​ដែល​មាន​ចំណង​ជើងថា ​«ម្តាយ​ខ្ញុំលក់​ខ្ញុំ» ​នោះ​ និយាយ​អំពី​នារី​ខ្មែរ​វ័យក្មេង​និង​ក្រីក្រ​ត្រូវបាន​លក់ឱ្យ​បម្រើ​ផ្លូវភេទ។ ​បញ្ហានេះ​នាំឲ្យ​អាជ្ញាធរ​កម្ពុជា​សាកសួរ​អ្នក​ពាក់ព័ន្ធ។ ​ក្រោយមកនគរបាល​កម្ពុជា​បាន​អះអាង​ថា ​ម្តាយ​និង​កូនស្រី​ត្រូវ​បាន​គេយក​ឲ្យ​លុយ​និយាយ​កុហក​ក្នុង​ខ្សែភាព​យន្ត​ឯកសារ​នេះ។

លោក​ឆាយ គីមឃឿន​អ្នកនាំពាក្យ​ប៉ូលិស​កម្ពុជា​បាន​បញ្ជាក់​ថា ​នគរបាល​កម្ពុជា​បាន​ស្នើឱ្យ​ថៃ​ធ្វើ​បត្យាបណ្ណ​លោក​រ័ត្ន រ៉ូតមុន្នី ​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា​មក​ប្រទេស​កម្ពុជា​វិញ។

ប៉ូលិស​និយាយ​ថា ​«ភាព​យន្តឯកសារ​នេះ​គឺជា​រឿង​ប្រតិដ្ឋឡើង​ដែល​បំផ្លាញ​វប្បធម៌​និង​កេរ្តិ៍​ឈ្មោះ​របស់​ប្រទេស​កម្ពុជា»៕​