រដ្ឋាភិបាលដែលគាំទ្រយោធានៃប្រទេសថៃ កំពុងស្វះស្វែងធ្វើឲ្យប្រសើរឡើងនូវសេដ្ឋកិច្ចដ៏ទ្រុឌទ្រោមរបស់ប្រទេសនោះដោយមានកម្មវិធីចំណាយលើហេដ្ឋារចនាសម្ព័ន្ធដែលមានទឹកប្រាក់១រយពាន់លានដុល្លា ដែលរួមមានការធ្វើឲ្យប្រសើរឡើងនូវបណ្តាញផ្លូវរទេះភ្លើងជាតិហើយនឹងភ្ជាប់ទៅនឹងតំបន់ខាងត្បូងនៃប្រទេសចិន។
រដ្ឋាភិបាលថៃ មានផែនការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធផ្លូវរទេះភ្លើងជាតិបន្ទាប់ពីការមិនយកចិត្តទុកដាក់ខាងហិរញ្ញវត្ថុអស់រយៈពេលជាច្រើនឆ្នាំ។ គោលដៅ គឺធ្វើឲ្យមានឡើងវិញនូវការរួមចំណែករបស់ប្រទេសថៃនៅក្នុងបណ្តាញផ្លូវរទេះភ្លើងឆ្លងកាត់តំបន់អាស៊ីដែលកាត់ពីតំបន់ខាងត្បូងទៅកាន់តំបន់ខាងជើងចាប់តាំងពីប្រទេសសឹង្ហបូរីទៅកាន់ខេត្ត Kunming ក្នុងតំបន់ខាងត្បូងប្រទេសចិន ហើយពីទិសខាងលិចទៅទិសខាងកើត ចាប់តាំងពីទីក្រុង Yangon នៃប្រទេសភូមាទៅកាន់ទីក្រុងហូជីមិញវៀតណាមខាងត្បូង។
កម្មវិធីចំណាយ ជាផ្នែកមួយនៃការស្វះស្វែងរបស់រដ្ឋាភិបាលដើម្បីងើបចេញពីសេដ្ឋកិច្ចមិនរីកចម្រើន បន្ទាប់ពីគ្មានការរីកចម្រើនសេដ្ឋកិច្ចទាល់តែសោះនៅឆ្នាំ២០១៤។ ពួកអ្នកវិភាគព្យាករណ៍ថា សេដ្ឋកិច្ច បានរីកលូតលាស់ជាង៣ភាគរយនៅឆ្នាំនេះ។
សេដ្ឋកិច្ចក្នុងប្រទេសខ្សោយហើយទីផ្សារអន្តរជាតិមានភាពមិនប្រាកដប្រជា បានធ្វើឲ្យប៉ះពាល់ដល់ការនាំទំនិញចេញទៅក្រៅប្រទេស ជាប្រពៃណីដែលជាកម្លាំងរុញច្រានសេដ្ឋកិច្ចថៃឲ្យជឿនលឿនអស់ជាច្រើនទសវត្ស៍មកហើយ។
រដ្ឋាភិបាលនិយាយថា ខ្លួន ធ្វើផែនការចំណាយជាង១រយពាន់លានដុល្លាក្នុងកម្មវិធីហេដ្ឋារចនាសម្ព័ន្ធសម្រាប់រយៈពេល៧ឆ្នាំដែលចាប់តាំងពីឆ្នាំ២០១៥នេះទៅដោយចាប់ផ្តើមពីការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ថផ្លូវរទេះភ្លើងទៅដល់ការចាត់ចែងទឹក។
ការអូសបន្លាយជម្លោះខាងនយោបាយក្នុងរយៈពេលប៉ុន្មានឆ្នាំនេះរបស់ប្រទេសថៃ បានបណ្តាលឲ្យការចំណាយលើហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ត្រូវពន្យាពេលឬបំភ្លេច។
ក៏ប៉ុន្តែ លោកស្រី Thanomsiri Fongarunrung ជាសេដ្ឋវិទូនៅក្រុមហ៊ុន Phatra Securities ក្នុងទីក្រុងបាងកក និយាយថា ការចំណាយរបស់រដ្ឋាភិបាលឥឡូវនេះ ត្រូវការដើម្បីធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដែលអន់ថយនេះ។
«មានតែរដ្ឋាភិបាលតែមួយគត់ ដែលអាចធ្វើឲ្យសេដ្ឋកិច្ចប្រសើរឡើងតាមរយៈការវិនិយោគទុនផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ យើង ក៏មានសោហ៊ុយដឹកជញ្ជូនខ្ពស់ដែរ។ អស់លោកអ្នក អាចកាត់បន្ថយសោហ៊ុយនេះដោយប្រើប្រាស់រថភ្លើង ជំនួសរថយន្តធំ ៗនិងផ្លូវថ្នល់ ហើយវាអាចធ្វើឲ្យការដឹកជញ្ជូនមានប្រសិទ្ធិភាពកាន់តែខ្លាំងឡើង ហើយជាថ្មីម្តងទៀត ក្រៅពីសោហ៊ុយដឹកជញ្ជូន ប្រទេសជិតខាងរបស់យើង កំពុងរីកចម្រើនហើយយើង ត្រូវការភ្ជាប់ទៅនឹងតំបន់ដែលកំពុងរីកលូតលាស់ទាំងនោះ»។
នៅសប្តាហ៍នេះ រដ្ឋាភិបាល បានជួបជាមួយពួកមន្រ្តីមកពីក្រសួងរថភ្លើងរដ្ឋថៃ (SRT) ដើម្បីធ្វើឲ្យមានរចនាសម្ព័ន្ធហើយនឹងធ្វើកំណែទម្រង់រដ្ឋអំណាចដែលជារឿយៗរួមរិតដោយបំណុល។
ផែនការពីដំបូងសម្រាប់ការអភិវឌ្ឍផ្លូវរថភ្លើងក្នុងតំបន់ មាននៅទសវត្សរ៍១៩៩០។
រដ្ឋាភិបាលមុនរបស់លោកស្រីនាយករដ្ឋមន្រ្តី Yungluck Shinawatra បានស្នើរបណ្តាញរថភ្លើងលឿននេះ។ ក៏ប៉ុន្តែ ផែនការថ្មីរបស់រដ្ឋបាលដែលគាំទ្រដោយពួកយោធា បានប្តូរពីរទេះភ្លើងលឿនទៅផ្លូវរទេះភ្លើង២ ជាប្រព័ន្ធមួយដែលអនុញាតិឲ្យរទេះភ្លើងរត់ក្នុងទិសដៅនិមួយៗនៅលើផ្លូវដាច់ដោយឡែកពីគ្នា។ ប្រព័ន្ធនោះ ក៏នឹងធ្វើឲ្យរទេះភ្លើងអាចមានសមត្ថភាពរត់រហូតដល់១៨០គីឡូម៉ែត្រក្នុងមួយម៉ោង។
លោក Luxmon Attapich សេដ្ឋវិទូជាន់ខ្ពស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងទីក្រុងបាងកក និយាយថា ភាពទន់ខ្សោយនៃសេដ្ឋកិច្ចពេលបច្ចុប្បន្ននេះ ការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ នឹងជួយធ្វើឲ្យសេដ្ឋកិច្ចរីកលូតលាស់។
«ដូច្នេះ ការវិនិយោគទុនក្នុងហេដ្ឋារចនាសម្ព័ន្ធ ជាការល្អ ដូចជាការវិនិយោគទុនផ្លូវរទេះភ្លើង។ ជាថ្មីម្តងទៀត ប្រសិនបើ អស់លោក អ្នក និយាយអំពីផ្លូវរថភ្លើងពីរខ្សែនោះ ការសិក្សាទាំងអស់ បានធ្វើជាយូរយារណាស់មកហើយ។ ផែនការនេះ បានរៀបចំរួចហើយ ប្រសិនបើ ការស្ថាបនា អាចធ្វើឡើងនៅឆ្នាំនេះ វានឹងប្រាកដជួយផលិតផលសរុបក្នុងស្រុក (GDP) នៅឆ្នាំនេះ»។
ការភ្ជាប់ដ៏សំខាន់នៅក្នុងគម្រោងផ្លូវរទេះភ្លើង នឹងភ្ជាប់ពីទីរួមខេត្ត Nong Khaiនៃប្រទេសថៃ តាមបណ្តោយព្រំដែនប្រទេសលាវហើយលាតសន្ធឹងចម្ងាយ៦២០គីឡូម៉ែត្រនៅផ្នែកខាងត្បូងទៅកាន់តំបន់ឧស្សាហកម្មឆ្នេរសមុទ្រ Map Ta Phut នៅក្នុងតំបន់ Rayong ហើយនឹងក្បែរទីក្រុងបាងកក។
បណ្តាញរថភ្លើងដែលមានផ្លូវ៦គូ នឹងមានប្រវែងតែជាង៩រយគីឡូម៉ែត្រដោយមានការវិនិយោគទុនជាង៤ពាន់លានដុល្លារ។
ប្រភពសំខាន់នៃថវិកា គឺប្រទេសចិន។ ចិន ជប៉ុននិងប្រទេសកូរ៉េខាងត្បូង បានដេញថ្លៃកម្មវិធីអភិវឌ្ឍន៍រថភ្លើង។ ក៏ប៉ុន្តែ នៅទីបញ្ចប់ប្រទេសចិន បានចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នាជាមួយប្រទេសថៃ ហើយនឹងផ្តល់ហិរញ្ញវត្ថុដល់រទេះភ្លើងថ្មី។ប្រទេសថៃ នឹងប្រតិបត្តិការបណ្តាញរទេះភ្លើងនេះ ដោយសងប្រាក់ចិនវិញ។
ផ្លូវរទេះភ្លើងនេះ បានស្ថិតនៅក្នុងផែនការជាយូរយារណាស់មកហើយ ដើម្បីភ្ជាប់ប្រទេសចិននិងតំបន់អាស៊ីអាគ្នេយ៍។
លោក Carl Thayer ជាអ្នកវិទ្យាសាស្រ្តនយោបាយនៅឯសាកលវិទ្យាល័យ New South Walesនៃប្រទេសអូស្រ្តាលី និយាយថា ការភ្ជាប់រទេះភ្លើង ជាការពង្រីកការឈោងរបស់ចិនចូលក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN)។
«ប្រទេសថៃ ជាផ្នែកមួយនៃមាគមអាស៊ានដែលកំពុងផ្សព្វផ្សាយពីការភ្ជាប់នេះដែលរួមមានរថភ្លើង ស្ពាន ផ្លូវថ្នល់។ល។ ហើយចិន ជាអ្នកគាំទ្រដ៏សំខាន់នៃគម្រោងនេះ ដូច្នេះ ការភ្ជាប់ទៅខេត្ត Yunnan ទៅបណ្តាខេត្តចិនភាគខាងត្បូង ទៅតំបន់ដីគោកនៃភូមិភាគអាស៊ីអាគ្នេយ៍ ចិន បានអភិវឌ្ឍន៍សមត្ថភាពនេះ»។
ចំណាត់ការនេះ កើតមានឡើងបន្ទាប់ពីការបង្កើតធនាគារវិនិយោគទុនហេដ្ឋារចនាសម្ព័ន្ធអាស៊ានរបស់ចិននៅចុងឆ្នាំ២០១៤ ដែលរួមមានរដ្ឋជាសមាជិកនៃក្រុមប្រទេសអាស៊ានទាំង១០ប្រទេស។ ធនាគារនេះ ត្រូវបានគេមើលឃើញថា ជាការធ្វើឲ្យមានតុល្យភាពទៅនឹងធនាគារអភិវឌ្ឍន៍អាស៊ីនិងធនាគារពិភពលោក។
វិធានការបន្ទាប់ឆ្ពោះទៅកាន់សមាហរណកម្មកាន់តែធំឡើងនៃផ្លូវរថភ្លើងក្នុងតំបន់កើតមាននៅខែក្រោយ នៅពេលលោក Prajin Juntongរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូននៃប្រទេសថៃ ត្រូវធ្វើការចរចានៅក្នុងទីក្រុងវៀនច័ន្ទជាមួយរដ្ឋាភិបាលឡាវដើម្បីជំរុញការអភិវឌ្ឍរថភ្លើងដែលមានផ្លូវ២ដែលភ្ជាប់ពីទីក្រុងបាងកក វៀងច័ន្ទនិងទីក្រុងKunming នៃខេត្តYunnanប្រទេសចិន៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន