អង្គការ Amnesty International បានថ្កោលទោសប្រទេសថៃចំពោះការកាត់ទោសប្រហារជីវិតឧក្រិដ្ឋជនដំបូងបង្អស់របស់ប្រទេសនេះតាំងពីឆ្នាំ ២០០៩ មក។
ក្រសួងអប់រំកែប្រែអ្នកទោសរបស់ប្រទេសថៃបានបញ្ជាក់ថា ជនឈ្មោះ Theerasak Longji អាយុ ២៩ ឆ្នាំ ត្រូវបានប្រហារជីវិតកាលពីថ្ងៃចន្ទម្សិលមិញ ដោយការចាក់ថ្នាំសម្លាប់នៅក្នុងពន្ធនាគារមួយកន្លែងនៅក្រៅទីក្រុងបាងកក។ ជននេះត្រូវបានកាត់ទោសថាបានចាក់សម្លាប់យ៉ាងឃោរឃៅទៅលើក្មេងប្រុសអាយុ ១៧ ឆ្នាំម្នាក់ដើម្បីប្លន់ទូរស័ព្ទ។
ក្រសួងអប់រំកែប្រែអ្នកទោសរបស់ប្រទេសថៃបានចេញសេចក្ដីប្រកាសមួយ ដោយបញ្ជាក់ថា ខ្លួនសង្ឃឹមថា ការកាត់ទោសប្រហារជីវិតទៅលើជននេះនឹងចាត់ទុកជាការព្រមានចំពោះអ្នកដែលគិតថាចង់ប្រព្រឹត្តិអំពើឧក្រិដ្ឋធ្ងន់ធ្ងរ ឬក៏ចង់រំលោភលើច្បាប់។
អ្នកស្រី Katherine Gerson អ្នកតស៊ូមតិរបស់អង្គការ Amnesty International ប្រចាំប្រទេសថៃ បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសជាលាយលក្ខណ៍អក្សរមួយនៅថ្ងៃអង្គារនេះថា៖ «ការប្រហារជីវិតនេះគឺជាការរំលោភដ៏សាហាវបំផុតទៅលើសិទ្ធិរស់រានមានជីវិត»។
អ្នកស្រីបានបន្ថែមថា ប្រទេសថៃ «មិនរក្សាការប្ដេជ្ញារបស់ខ្លួននៅក្នុងការឆ្ពោះទៅកាន់ការលុបបំបាត់ទោសប្រហារជីវិត...ហើយក៏ដើរចេញពីចរន្តសាកលលោកបច្ចុប្បន្នដែលងាកចេញពីការដាក់ទោសប្រហារជីវិត»។
នាពេលបច្ចុប្បន្ននេះ អ្នកទោសជាង ៥ រយនាក់នៅក្នុងប្រទេសថៃកំពុងរង់ចាំការកាត់ទោសប្រហារជីវិត ដែលក្នុងនោះមានស្ត្រី ៩៤ នាក់ផងដែរ។ ជនឈ្មោះTheerasakនេះគឺជាជនទី ៧ ហើយ ដែលត្រូវបានកាត់ទោសប្រហារជីវិតដោយការចាក់ថ្នាំសម្លាប់តាំងពីប្រទេសថៃបានប្ដូរវិធីសាស្ត្រប្រហារជីវិតអ្នកទោសនៅក្នុងឆ្នាំ ២០០៣ ពីការប្រហារជីវិតដោយការបាញ់សម្លាប់៕